The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - យុទ្ធសាស្ត្រ​ការទូត​សេដ្ឋកិច្ច​កំពុង​ជួយ​ទាក់ទាញ​លំហូរ​វិនិយោគ

យុទ្ធសាស្ត្រ​ការទូត​សេដ្ឋកិច្ច​កំពុង​ជួយ​ទាក់ទាញ​លំហូរ​វិនិយោគ

Content image - Phnom Penh Post
សិក្ខាសាលា​ពិគ្រោះ​យោបល់​ថ្នាក់ជាតិ​ស្តីពី​ «​ការទូត​សេដ្ឋកិច្ច​ក្នុង​គន្លង​ប្រក្រតីភាព​ថ្មី​» ​កាលពី​ថ្ងៃទី​ ២៧ ខែមិថុនា ដែល​រៀបចំ​ដោយ​ក្រុមការងារ​សម្រប​សម្រួល​ការទូត​សេដ្ឋកិច្ច​នៃ​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ក្រោម​ការគាំទ្រ​ពី​មូលនិធិ​ពិសេស​នៃ​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​ឡានឆាង។ ហេង ជីវ័ន

យុទ្ធសាស្ត្រ​ការទូត​សេដ្ឋកិច្ច​កំពុង​ជួយ​ទាក់ទាញ​លំហូរ​វិនិយោគ

ភ្នំពេញៈ កម្ពុជា​កំពុង​បន្ត​ពង្រឹង​ការអនុវត្ត យុទ្ធសាស្ត្រ​ការទូត​សេដ្ឋកិច្ច​ឆ្នាំ​ ២០២១-២០២៣ ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​រវាង​បណ្តា​ប្រទេស​មេគង្គ ខណៈ​ការអនុវត្ត​យុទ្ធសាស្ត្រ​នេះ​ជាង​ ១ ​ឆ្នាំ​បាន​ទទួល​លទ្ធផល​គួរឱ្យ​កត់សម្គាល់​។

នៅក្នុង​សិក្ខាសាលា​ពិគ្រោះ​យោបល់​ថ្នាក់ជាតិ​ស្តីពី​ «​ការទូត​សេដ្ឋកិច្ច​ក្នុង​គន្លង​ប្រក្រតីភាព​ថ្មី​» ​កាលពី​ថ្ងៃទី​ ២៧ ខែមិថុនា ដែល​រៀបចំ​ដោយ​ក្រុមការងារ​សម្រប​សម្រួល​ការទូត​សេដ្ឋកិច្ច​នៃ​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ក្រោម​ការគាំទ្រ​ពី​មូលនិធិ​ពិសេស​នៃ​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​ឡានឆាង លោក ញឹម ខេមរា រដ្ឋលេខាធិការ និង​ជា​ប្រធាន​ក្រុម​សម្របសម្រួល​ការទូត​សេដ្ឋកិច្ច ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​បាន​លើកឡើង​ថា ក្នុងអំឡុង​ពេល​ជាង​ ១ ​ឆ្នាំ​នៃ​ការដាក់ចេញ​នូវ​យុទ្ធសាស្ត្រ​ការទូត​សេដ្ឋកិច្ច ២០២១-២០២៣ ក្រុម​ការងារ​សម្របសម្រួល​ការទូត​សេដ្ឋកិច្ច សម្រេច​បាន​សមិទ្ធផល​សំខាន់ៗ ដូចជា ការ​ចងក្រង និង​បោះពុម្ពផ្សាយ​សៀវភៅ​ម្ហូប​កេរដំណែល​ស្នាដៃ​ម្ហូប​ខ្មែរ​ដែល​បានទទួល​ពានរង្វាន់​ជា «​សៀវភៅ​ម្ហូប​អាស៊ី​ល្អ​ដាច់​គេ​» ២ ​ឆ្នាំ​ជាប់​គ្នា ក្នុង​ឆ្នាំ​ ២០២១ និង​ ២០២២ ពី​កម្មវិធី Gourmand World Cookbook Awards, ការអភិវឌ្ឍ​សមត្ថភាព​អ្នកការទូត និង​មន្ត្រី​ពាក់ព័ន្ធ​ក្នុង​ការ​អនុវត្ត​ការងារ​ការទូត​សេដ្ឋកិច្ច​, ការរៀបចំ​វេទិកា​ធុរកិច្ច​ជាមួយ​ប្រទេស​ជា​ដៃគូ​សំខាន់ៗ​ជាដើម​។

លោក​បញ្ជាក់ថា​៖ «​ក្រុមការងារ​ក៏បាន​រៀបចំ​ផ្ទាំង​ព័ត៌មាន​ស្តីពី​សេដ្ឋកិច្ច​សង្គម វិនិយោគ ពាណិជ្ជកម្ម និង​ទេសចរណ៍​, ការជំរុញ​ការផ្សព្វផ្សាយ​ផលិតផល​ខ្មែរ​នៅ​បរទេស​តាមរយៈ​ការយក​ផលិតផល​ខ្មែរ​ទៅ​ចូលរួម​តាំងពិព័រណ៍​នានា​នៅ​បរទេស និង​បង្កើត​ក្រុមការងារ​អន្តរក្រសួង និង​វិស័យ​ឯកជន ដើម្បី​សម្រប​សម្រួលការ​អនុវត្ត​យុទ្ធសាស្ត្រ​ការទូត​សេដ្ឋកិច្ច​»​។

លោក​ អ៊ុច បូររិទ្ធ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​រដ្ឋលេខាធិការ​ប្រចាំការ​នៃ​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​បាន​ថ្លែងថា ការអនុវត្ត​គោលនយោបាយ ការទូត​សេដ្ឋកិច្ច​ប្រកប​ដោយ​ភាពបត់បែន និង​ប៉ិនប្រសប់​បាន​ប្រែក្លាយ​ជា​ការងារ​អាទិភាព​មួយ​នៃ​ការងារ​អាទិភាព​ទាំង ៥ នៃ​ការដ្ឋាន​កំណែទម្រង់​ដែល​ត្រូវ​បានទទួល​ការគាំទ្រ​ពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​។

លោក​បាន​បញ្ជាក់​ថា​៖ «​ក្របខ័ណ្ឌ​យុទ្ធសាស្ត្រ​នេះ​បាន​ដើរតួនាទី​ចម្បង​ចំនួន ២ គឺជា​អ្នកសម្រប​សម្រួល និង​ជំរុញ​យន្តការ​ដែលមាន​ស្រាប់ ​ដើម្បី​ទាក់ទាញ​ការវិនិយោគ​ផ្ទាល់​ពី​បរទេស​ជំរុញ​ឱ្យ​មាន​កំណើន​ពាណិជ្ជកម្ម​ទ្វេភាគី និង​ពហុភាគី និង​ទាក់ទាញ​ភ្ញៀវទេសចរ​តាមរយៈ​ការលើក​កម្ពស់​តម្លៃ​វប្បធម៌​ខ្មែរ​នៅក្រៅ​ប្រទេស និង​ជា​អ្នក​អភិវឌ្ឍន៍​ធនធាន​អ្នកការទូត​ជំនាន់​ថ្មី​ប្រកប​ដោយ​វិជ្ជាជីវៈ​សមត្ថភាព​ខ្ពស់​សកម្ម​ក្នុង​ការ​ការពារ និង​លើកស្ទួយ​ផលប្រយោជន៍​ជាតិ​គ្រប់​វិស័យ​»​។

លោក សុខ សូកេន អនុប្រធាន​លេខាធិការដ្ឋាន​ជាតិ​កម្ពុជា​ទទួល​បន្ទុក​សហប្រតិបត្តិការ​មេគង្គ​-​ឡានឆាង​បាន​ថ្លែងថា ប្រទេស​ចិន​បាន​ដើរ​តួនាទី​យ៉ាងសំខាន់​ក្នុង​ការ​ជំរុញ​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​ឡានឆាង ដែល​កិច្ចសហប្រតិបត្តិការ​នេះ​បាន​រួម​ចំណែក​យ៉ាងសំខាន់​ក្នុង​ដំណើរការ​អនុវត្ត​យុទ្ធសាស្ត្រ​ការទូត​សេដ្ឋកិច្ច ​២០២១-២០២៣​។

ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា លោក វ៉ាង វិនធាន ឱ្យដឹងថា គម្រោង​មូលនិធិ​ពិសេស​នៃ​កិច្ចសហប្រតិបត្តិការ​ឡានឆាង​-​មេគង្គ បាន​ផ្តល់​ការគាំទ្រ​យ៉ាងខ្លាំង​ក្នុងការ​កសាង​សមត្ថភាព​ការទូត​សេដ្ឋកិច្ច​នៅក្នុង​យុគសម័យ​ ក្រោយ​ជំងឺ​កូវីដ​ ១៩ គឺជា​ឱកាស​ដ៏មានតម្លៃ​ក្នុងការ​ផ្តល់ជូន​សម្រាប់​ការអនុវត្ត​យុទ្ធសាស្ត្រ​ការទូត​សេដ្ឋកិច្ច​ឆ្នាំ​ ២០២១-២០២៣ ឱ្យ​កាន់តែ​ប្រសើរ សម្រាប់​ការស្តារ​សេដ្ឋកិច្ច​ឡើងវិញ​ឱ្យ​កាន់តែ​ល្អ និង​កាន់តែ​ឆាប់រហ័ស​។

លោក​បន្ថែមថា ចាប់តាំងពី​ដើមឆ្នាំ ​២០២២ មក​លទ្ធផល​នៃ​កិច្ចសហប្រតិបត្តិការ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ ២ ​មាន​លក្ខណៈ​លេចធ្លោ ដោយ​ពាណិជ្ជកម្ម​ទ្វេភាគី​រយៈពេល ៥​ ខែ​ដំបូង​មាន ៤,៩៩​ ពាន់​លាន​ដុល្លារ​។

លោក​បញ្ជាក់ថា​៖ «​កិច្ចសហប្រតិបត្តិការ​ល្អ​នេះ បាន​ឆ្លុះបញ្ចាំង​ពី​ភាពធន់​ដ៏​រឹងមាំ និង​ការបំពេញ​ឱ្យ​គ្នា​ទៅវិញ​ទៅមក​លើ​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ ២​ បាន​ក្លាយជា​ផ្នែក​ដ៏សំខាន់ និង​ជា​ប្រភព​កម្លាំង​រស់​រវើក​ក្នុងការ​ស្តារ​សេដ្ឋកិច្ច​ឡើងវិញ និង​កំណើន​សេដ្ឋកិច្ច​នៅក្នុង​តំបន់​»​។

លោក ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​ថ្លែងថា មន្ត្រីការទូត​គួរ​ខិតខំ​ចូលរួម​ផ្សព្វផ្សាយ​អំពី​ច្បាប់ ច្បាប់​វិនិយោគ​ថ្មី ពិសេស​វិនិយោគិន​បរទេស​ឱ្យបាន​កាន់តែ​ទូលំទូលាយ​។ លោក​បាន​បន្ថែមថា ផ្អែកលើ​យន្តការ​ដែល​បាន​បង្កើតឡើង​ដោយ​ក្រុមការងារ​សម្របសម្រួល​ការទូត​សេដ្ឋកិច្ច គួរ​បន្ត​សម្របសម្រួល ផ្គូផ្គង និង​តភ្ជាប់​វិនិយោគិន​ក្នុងស្រុក និង​បរទេស តាម​លទ្ធភាព​ដែល​អាច​ធ្វើ​ទៅ​បាន​។

លោក​បញ្ជាក់ថា​៖ «​ជាក់ស្តែង​នៅតាម​ស្ថាន​តំណាង​កម្ពុជា​នៅ​បរទេស​នីមួយៗ យើង​គួរ​បង្កើត និង​ពង្រឹង​ការប្រឹក្សា​យោបល់ និង​ការផ្លាស់ប្តូរ​ទំនាក់ទំនង​វិនិយោគិន ដែលមាន​ចំណាប់​អារម្មណ៍​មក​វិនិយោគ​នៅ​កម្ពុជា​។ យើង​នឹង​បន្ត​ជំរុញឱ្យមាន​ព្រឹត្តិការណ៍​តាំងពិព័រណ៍​ផលិតផល​ខ្មែរ​នៅ​បរទេស និង​វេទិកា​ធុរកិច្ច​រវាង​ពាណិជ្ជករ​ក្នុងស្រុក និង​ក្រៅប្រទេស​ឱ្យ​កាន់តែ​ញឹកញាប់​ជាង​មុន​»៕

អត្ថបទគួរចាប់អារម្មណ៍