
ផលិតផលម្សៅទឹកដោះគោទារករបស់ក្រុមហ៊ុន Meiji ។ MEIJI
ភ្នំពេញៈ Meiji ជាក្រុមហ៊ុនផលិតទឹកដោះគោឈានមុខគេមួយរបស់ប្រទេសជប៉ុនបាននិងកំពុងពង្រីកការលក់នៅកម្ពុជា ដើម្បីចាប់យកកំណើនតម្រូវការម្សៅទឹកដោះគោក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ។ ក្រុមហ៊ុនដាក់ផែនការលក់ឱ្យបាន ១០ ពាន់លានយ៉េន ឬជាង ៧៤ លានដុល្លារនៅកម្ពុជាត្រឹមឆ្នាំ ២០៣០។
បើយោងតាមព័ត៌មានរបស់ Nikkie Asia បានរាយការណ៍កាលពីសប្តាហ៍មុនថា ក្រុមហ៊ុន Meiji បានដឹកជញ្ជូនផលិតផលដែលបានវេចខ្ចប់មានប្រភពដើមពីជប៉ុន ដោយផ្ទាល់មកកាន់ប្រទេសកម្ពុជាក្នុងខែនេះ ដែលបន្ថែមស្លាកជាភាសាខ្មែរ ព្រមទាំងរួមបញ្ចូលព័ត៌មានសំខាន់ៗដូចជា ការណែនាំ និងកាលបរិច្ឆេទផុតកំណត់។ ផលិតផលផលិតឡើងសម្រាប់កុមាររហូតដល់អាយុ ៣ ឆ្នាំនឹងមានតម្លៃចាប់ពី ២៥-២៨ ដុល្លារ សម្រាប់ប្រអប់ចំណុះ ៨០០ ក្រាមដែលជាតម្លៃខ្ពស់មួយសម្រាប់កម្ពុជា។
ក្រុមហ៊ុននេះត្រូវបានដកស្រង់សម្ដីដោយលើកឡើងថា៖ «ក្រុមហ៊ុនកំពុងចាប់ផ្តើមដំណើរការហាងលក់ផលិតផលទារកក្នុងទីក្រុងភ្នំពេញ។ ក្រុមហ៊ុន Meiji នឹងត្រូវប្រកួតប្រជែងជាមួយក្រុមហ៊ុន Nestle ក្រុមហ៊ុន Danone របស់ប្រទេសបារាំង និងក្រុមហ៊ុន Abbott Laboratories ដែលមានមូលដ្ឋាននៅអាមេរិក ដែលក្រុមហ៊ុនទាំងអស់នេះផ្តល់ជូននូវផលិតផលប្រកួតប្រជែងនៅក្នុងប្រទេសកម្ពុជាក្នុងតម្លៃដូចគ្នា។ Asahi Group Holdings ជាក្រុមហ៊ុនផលិតភេសជ្ជៈឈានមុខគេរបស់ជប៉ុន ក៏បានបង្ហាញម្សៅទឹកដោះគោយីហោទារក Wakodo នៅលើទីផ្សារនេះផងដែរ»។
ក្រុមហ៊ុនបានបន្ថែមថា៖ «ក្រុមហ៊ុន Meiji រំពឹងថា ទីផ្សារផលិតផលម្សៅទឹកដោះគោទារករបស់កម្ពុជានឹងមានតម្លៃប្រហែល ១០ ពាន់លានយ៉េនត្រឹមឆ្នាំ ២០៣០។ ក្រុមហ៊ុនសង្ឃឹមថានឹងចាប់យកចំណែកទីផ្សារប្រហែល ១០ ភាគរយ»។
ការរៀបចំការនាំចេញគឺជាលើកដំបូងសម្រាប់ក្រុមហ៊ុន Meiji។ ផលិតផលម្សៅទឹកដោះគោទារកមានលក់នៅកោះតៃវ៉ាន់ ទីក្រុងហុងកុង ប្រទេសវៀតណាម និងទីកន្លែងជាច្រើនផ្សេងទៀត ប៉ុន្តែផលិតផលទាំងនេះត្រូវបានបង្កើតឡើងខុសៗគ្នា ដើម្បីបំពេញតាមស្តង់ដានៃទីផ្សារនីមួយៗ។ ផលិតផលជប៉ុនត្រូវបានបង្កើតឡើង ដើម្បីបំពេញតាមស្តង់ដារបស់ប្រទេសកម្ពុជា ដែលអនុញ្ញាតឱ្យផលិតផលទាំងនេះដាក់លក់ដោយផ្ទាល់នៅទីនោះ។ នេះបើយោងតាមក្រុមហ៊ុន FA។
ផែនការពង្រីករបស់ក្រុមហ៊ុន Meiji បានធ្វើឡើងបន្ទាប់ពី Nestle ក៏គ្រោងនឹងវិនិយោគក្នុងប្រទេសកម្ពុជានាពេលខាងមុខ ដើម្បីឆ្លើយតបនឹងការកើនឡើងនៃផលិតផលទឹកដោះគោក្នុងស្រុក។
អគ្គនាយកក្រុមហ៊ុន Khmer Fresh Milk លោក ឆ រិទ្ធី បានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីពេលថ្មីៗនេះថា បច្ចុប្បន្ននេះការផ្គត់ផ្គង់ទឹកដោះគោស្រស់ពីកសិដ្ឋានក្នុងស្រុកមិនគ្រប់គ្រាន់សម្រាប់តម្រូវការនោះទេ។ លោកបន្ថែមថា ក្រុមហ៊ុនKhmer Fresh Milk Co Ltd អាចបំពេញតម្រូវការទីផ្សារបានប្រហែល ១/៥ នៃតម្រូវការទីផ្សារ។ បច្ចុប្បន្នកសិដ្ឋានរបស់លោកអាចផលិតបានតែ ១០ ០០០ លីត្រក្នុង ១ ថ្ងៃ ដែលស្មើនឹងប្រហែល ២០ ភាគរយនៃទីផ្សារទឹកដោះគោស្រស់ក្នុងស្រុក។
យោងតាមលោក រិទ្ធី ការផលិតទឹកដោះគោស្រស់របស់ Khmer Fresh Milk កំពុងកើនឡើងជារៀងរាល់ថ្ងៃ គឺកើនពី ២ ០០០ លីត្រនៅពេលបើកលក់ដំបូង ដល់ ១០ ០០០ លីត្រក្នុង ១ ថ្ងៃ ខណៈចំនួនគោសរុបក្នុងកសិដ្ឋានបានកើនដល់ជិត ១ ០០០ ក្បាល៕