ភ្នំពេញ៖ រដ្ឋាភិបាលកម្ពុជាបានទុកឱសានវាទម្ចាស់អាជីវកម្មតាមអនឡាញឱ្យបានមុនថ្ងៃទី ១ កក្កដា ឆ្នាំ ២០២២ នេះ ដើម្បីធ្វើការចុះបញ្ជីពាណិជ្ជកម្មឱ្យបានត្រឹមត្រូវ ដើម្បីចៀសវាងការផាកពិន័យ ខណៈដែលប្រភេទអាជីវកម្មតាមអនឡាញចំនួន ៦ ប្រភេទត្រូវបានលើកលែង ដោយមិនចាំបាច់ទៅចុះបញ្ជីឡើយ។
លោក ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានប្រាប់ឱ្យដឹងថា ក្រសួងពាណិជ្ជកម្មនឹងចាប់ផ្ដើមផាកពិន័យអាជីវកម្មអនឡាញដែលមិនមានការអនុញ្ញាតពីក្រសួងពាណិជ្ជកម្ម អាជីវកម្មនោះនឹងត្រូវទទួលការផាកពិន័យជាប្រាក់ និងអាចមានការផ្ដន្ទាទោស ដូចមានចែងក្នុងច្បាប់ ស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក។
លោក សុវិជាតិ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «យើងចង់ឱ្យធុរជនទាំងអស់មានការយល់ដឹងថា ការចុះបញ្ជីពាណិជ្ជកម្មនេះ គឺកាតព្វកិច្ចដែលត្រូវតែបំពេញ សម្រាប់សង្គមយើងពាក់ព័ន្ធនឹងការអនុវត្តច្បាប់ និងកាតព្វកិច្ចរបស់ពលរដ្ឋចំពោះការបង់ពន្ធ»។
លោកបានបន្ថែមថា ក្រសួងបានពន្យារពេល ២ ដងរួចទៅហើយ ហើយទល់នឹងពេលនេះមិនទាន់មានការណែនាំពីថ្នាក់ដឹកនាំថា ឱ្យបន្តពន្យារពេលទៀតនោះទេ ដូចនេះការអនុវត្តការផាកពិន័យ ចំពោះអ្នកដែលមិនទាន់បានចុះបញ្ជី នឹងត្រូវធ្វើឡើងចាប់ពីថ្ងៃទី ០១ ខែកក្កដា ឆ្នាំ ២០២២ នេះហើយ។
លោកថា៖ «ក្រសួងពាណិជ្ជកម្មមានកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយនឹងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ក្នុងការពិនិត្យឃ្លាំមើលសកម្មភាពនៃការលក់ ឬក៏ប្រើប្រាស់បណ្ដាញអនឡាញ ដើម្បីធ្វើអាជីវកម្ម ដោយមកដល់ពេលនេះក្រសួងទើបតែទទួលបានការដាក់ពាក្យស្នើសុំអាជ្ញាបណ្ណប្រមាណជាង ៣០០ ពាក្យស្នើសុំដោយមុននឹងអាចស្នើសុំអាជ្ញាបណ្ណនេះបាន ធុរជនទាំងអស់ត្រូវចុះបញ្ជីពាណិជ្ជកម្មជាមុនសិន»។
លោក ម៉ាក ចំរើន អនុប្រធាន និងក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុនស្មាលយ៍សប (Smile Shop e-commerce ) បានឱ្យដឹងថា ការចុះបញ្ជីពាណិជ្ជកម្ម និងការស្នើសុំអាជ្ញាបណ្ណសម្រាប់អាជីវកម្មអនឡាញប្រៀបដូចជាតម្រង់ទិសដល់ធុរជនតាមអនឡាញទាំងអស់ ដើម្បីឱ្យគាត់ចាប់យកវិជ្ជាជីវៈស្តង់ដាមួយ ដោយអាចពង្រីកសក្តានុពលទៅកាន់ទីផ្សារផ្សេងទៀត ក្រៅពីកម្ពុជា។
បែបនេះក្តី លោកយល់ថា ក្រសួងគួរតែទុកពេលវេលាសមស្របមួយ សម្រាប់អាជីវកម្មអនឡាញថ្មីៗ ដែលទើបចាប់ផ្តើមដំណើរការ ដើម្បីឱ្យម្ចាស់អាជីវកម្មអនឡាញទាំងនោះមានភាពរឹងមាំសិន និងជួយគាំទ្របន្ថែមទៀត ដើម្បីអាជីវកម្មទាំងនោះមានដំណើរការល្អ។
លោកបានបញ្ជាក់ថា៖ «សម្រាប់អ្នករកស៊ីថ្មីថ្មោង រដ្ឋគួរតែមានការលើកលែងសិន ដោយគួរតែទុកពេលសមរម្យណាមួយ ដើម្បីឱ្យគាត់អាចអភិវឌ្ឍន៍ស្ថាប័នមុខរបររបស់គាត់ឱ្យបានប្រសើរសិន ចាំជំរុញឱ្យគាត់ចុះបញ្ជីក៏បាន។ នៅពេលដែលដល់ដំណាក់កាលមួយដែលធុរកិច្ចអនឡាញរបស់ពួកគាត់បានប្រសើរជាការចុះបញ្ជីអាជីវកម្ម និងស្នើសុំអាជ្ញាបណ្ណ គឺជារឿងចាំបាច់ណាស់សម្រាប់ពួកគាត់»។
ទោះជាយ៉ាងណាក៏ដោយ មិនមែនសុទ្ធតែអាជីវកម្មតាមប្រព័ន្ធអេឡិចត្រូនិក សុទ្ធតែត្រូវចុះបញ្ជីពាណិជ្ជកម្មនោះទេ។ នៅក្នុងនោះក៏មានប្រភេទអាជីវកម្ម តាមអនឡាញចំនួន ៦ ប្រភេទ ដែលត្រូវលើកលែង ដោយមិនចាំបាច់ទៅចុះបញ្ជីនោះទេ ដែលសកម្មភាពអាជីវកម្មទាំងនោះរួមមាន៖ ផ្សព្វផ្សាយពាណិជ្ជកម្មអំពីទំនិញ ឬសេវារបស់ខ្លួន ដែលមិនបានផ្ដល់សេវាពាណិជ្ជកម្មទិញ-លក់ទេ,ការកក់បម្រុងទុកនូវសេវា ដែលមិនមានការកក់ប្រាក់,ទី ៣៖ ការលក់ទំនិញ ឬសេវារបស់រូបវន្តបុគ្គល ដែលមានផលរបបក្រោមកម្រិតផលរបបជាអ្នកជាប់ពន្ធតូច (ក្រោម ២៥០ លានរៀលក្នុង ១ ឆ្នាំ), ការលក់ទំនិញ ឬផ្ដល់សេវា ដែលមានលក្ខណៈគ្រួសារតាមរដូវកាល, ការលក់ទំនិញជាស្នាដៃសិល្បៈ និង,ការបង្ហាត់បង្រៀនសិស្សតាមប្រព័ន្ធអនឡាញជាឯកជន ឬការបង្ហាត់បង្រៀនជាសិក្ខាសាលា៕