The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ការទូទាត់​តាម​ប្រព័ន្ធ​ឌីជីថល​តាមរយៈធនាគារ កាន់តែមានសន្ទុះខ្លាំង

ការទូទាត់​តាម​ប្រព័ន្ធ​ឌីជីថល​តាមរយៈធនាគារ កាន់តែមានសន្ទុះខ្លាំង

Content image - Phnom Penh Post
រូបភាព ហុង មិនា

ការទូទាត់​តាម​ប្រព័ន្ធ​ឌីជីថល​តាមរយៈធនាគារ កាន់តែមានសន្ទុះខ្លាំង

ធនាគារ​អេស៊ីលីដា​ដែលជា​ធនាគារ​គ្រប់គ្រង​ដោយ​វិនិយោគិន​ក្នុងស្រុក​បាន​រាយការណ៍ កំណើន​ដ៏​រឹងមាំ តាមរយៈ​ការទូទាត់​តាម​ប្រព័ន្ធ​ឌីជីថល និង​អេឡិចត្រូនិក ខណៈដែល​ថ្មីៗ​នេះ​ធនាគារ​មួយ​នេះ បាន​ដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវការ​នូវ​មុខងារ​ថ្មី​នៃ​កម្មវិធី​ទូរស័ព្ទ​របស់ខ្លួន​ដែលមាន​ឈ្មោះថា Pay Me ដែល​ធ្វើ​ឱ្យ​វា​កាន់តែ​ងាយស្រួល និង​រហ័ស​ជាង​មុន​សម្រាប់​ប្រតិបត្តិការ​ឌីជីថល​ណាមួយ​។​

​លោកស្រី សូ ផុន​ណា​រី អគ្គនាយករង​ប្រតិបត្តិ​ជាន់ខ្ពស់ បាន​ឱ្យ​​ដឹងថា សម្រាប់​ការទូទាត់​តាម​ប្រព័ន្ធ​ឌីជីថល​របស់​ធនាគារ​អេស៊ីលីដា កាលពី​ឆ្នាំ ២០២១ មាន​ចំនួន​ជិត ១៤៤ ប៊ី​លាន​រៀល ឬ​ស្មើនឹង​ជាង ៣៥ ពាន់​លាន​ដុល្លារ​អាមេរិក ឬ ៣៤ ភាគរយ បើ​ធៀប​នឹង​ឧស្សាហ​កម្មនេះ​សរុប​។ បើ​គិត​ត្រឹម​ខែឧសភា ឆ្នាំ ​២០២២ ចំនួន​អតិថិជន​ទាញយក​កម្មវិធី​ ACLEDA Mobile មាន​ជាង ២,៥​ លាន​នាក់​។​

​លោកស្រី​ថ្លែងថា​៖ «​មូលហេតុ​ចម្បង​ដែល​បណ្តាលឱ្យមាន​ចំនួន​ដ៏​ច្រើន​នេះ ដោយសារតែ​ការរីក​រាលដាល​ជំងឺ​កូ​វីដ ​១៩ បច្ចេកវិទ្យា​តែងតែ​ផ្លាស់ប្តូរ និង​ការទទួលយក ការរីកចម្រើន​នៃ​សេដ្ឋកិច្ចកម្ពុជា​លើ ការទទួលយក​ចំណេះដឹង​របស់​អតិថិជន​អំពី​ឌីជីថល​»​។ លោកស្រី​បន្តថា​៖ «​លើសពីនេះទៅទៀត អតិថិជន និង​ក្រុមហ៊ុន​ផ្គត់ផ្គង់​ត្រូវបាន​លើកទឹកចិត្ត​ដោយ​អង្គភាព​រៀងៗ​ខ្លួន ឱ្យធ្វើ​ប្រតិបត្តិការ​តាមរយៈ​បណ្តាញ​ធនាគារ​ឌីជីថល​តាម​លទ្ធភាព​ដែល​ពួកគេ​អាចធ្វើ​បាន ដែល​ផ្តោតលើ​វិធីសាស្ត្រ​ទូទាត់​ដោយ​គ្មាន​សាច់ប្រាក់ និង​ដើម្បី​ផ្សព្វផ្សាយ​យុទ្ធសាស្ត្រ​បែបនេះ អតិថិជន​ត្រូវ​បានផ្តល់​រង្វាន់​តាមរ​យៈ​មធ្យោបាយ​ជាច្រើន​ដោយ​ការផ្សព្វផ្សាយ​ទីផ្សារ ដូចជា​ការទទួលបាន​សាច់ប្រាក់​ត្រលប់​មកវិញ ការបញ្ចុះ​តម្លៃ ប័ណ្ណ​ចំណាយ​ជាដើម​»​។​

​លោកស្រី​បាន​បន្ថែមថា ដើម្បី​ធ្វើ​ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព និង​រហ័ស​ជាង​មុន ធនាគារ​ទើបតែ​ដាក់​ឱ្យ​​ដំណើរការ​កម្មវិធី ​Pay Me ដែលជា​មុខងារ​ថ្មី​មួយទៀត​នៃ​ ACLEDA Mobile ដែល​បាន​បន្ថែម​ទៅលើ​កម្មវិធី​ដែលមាន​ស្រាប់ សម្រាប់​ជួយ​អាជីវករ​កាន់តែ​ងាយស្រួល ក្នុងការ​ស្នើសុំ​ការទូទាត់​ពី​អតិថិជន​តាមរយៈ​កូដ QR (​ចំនួន​ការទូទាត់ និង​គណនី​អ្នកទទួល​ត្រូវបាន​កំណត់​)​។ អត្ថប្រយោជន៍​របស់​ក​ម្ម​វិធី​Pay Me គឺ​ការទូទាត់​រហ័ស និង​សុវត្ថិភាព និង​ភាពត្រឹមត្រូវ​។​

​យោងតាម​របាយការណ៍​ស្ថិរភាព​ហិរញ្ញវត្ថុ​ឆ្នាំ​ ២០២១​ របស់​ធនាគារជាតិ​នៃ​កម្ពុជា​ចេញផ្សាយ​កាលពីពេល​ថ្មីៗ​នេះ ​ការទូទាត់​រាយ​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​បាន​កើនឡើង ៣៤,៥ ​ភាគរយ ដែលមាន​ទឹកប្រាក់ ៤១៥,៥​ ពាន់​ពាន់​លាន​រៀល នៅក្នុង​ឆ្នាំ​២០២១ ខណៈ​ចំនួន​គណនី E-Wallet បាន​កើន​ឡើងដល់ ១៣,៦​ លាន​គណនី ដែល​ស្មើនឹង​ជាង ៨០ ​ភាគរយ នៃ​ចំនួន​ប្រជាជន​សរុប បើ​ធៀប​នឹង​ឆ្នាំ​ ២០២១។

​លោកស្រី ជា សិរី ឧបការី​ទេសាភិបាល និង​ជា​អគ្គនាយក​បច្ចេកទេស​ធ​នាគារ​ជាតិ​នៃ​កម្ពុជា បាន​ថ្លែង​កាលពីពេល​ថ្មីៗ​នេះ​ថា ចំណុច​ដែល​គួរឱ្យកត់សម្គាល់​ចុងក្រោយ ដូច​ដែលមាន​រៀបរាប់​នៅក្នុង​ជំពូក​ថ្មី​ស្តីពី​ហេដ្ឋារចនាសម្ព័ន្ធ​ហិរញ្ញវត្ថុ​(​របាយការណ៍​ស្ថិរភាព​ហិរញ្ញវត្ថុ​ឆ្នាំ ​២០២១) គឺ​ប្រព័ន្ធ​ទូទាត់​ឌីជីថល មានការ​រីកចម្រើន​យ៉ាង​ឆាប់រហ័ស​ព្រមទាំង​បាន​ជួយ​សម្រួល​ដល់​លំហូរ​ប្រតិបត្តិ​ការជួញដូរ​ទំនិញ និង​សេវាកម្ម ទោះបី​ក្នុងអំឡុងពេល​បិទ​ខ្ទប់​ដែល​បណ្តាលមកពី​ការ​រាលដាល​នៃ​ជំងឺ​កូ​វីដ ​១៩ ក៏ដោយ​។​

​លោកស្រី​បាន​បញ្ជាក់ថា​៖ «​ចំនួន​ទឹកប្រាក់​សរុប​នៃ​ការទូទាត់​រាយ​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ជា​ប្រាក់រៀល និង​ដុល្លារ​អាមេរិក​បាន​កើនឡើង ៣៤,៥​ ភាគរយ ស្មើនឹង ៣,៨ ដង​នៃ​ផ​.​ស​.​ស​. ខណៈដែល​ចំនួន​គណនី​កាបូប​អេឡិចត្រូនិក (E-Wallet) បាន​កើន​ឡើងដល់ ១៣,៦​ លាន​គណនី ដែល​ស្មើនឹង​ជាង ៨០ ​ភាគរយ​នៃ​ចំនួន​ប្រជាជន​សរុប​»៕

អត្ថបទគួរចាប់អារម្មណ៍