
សកម្មភាពលើកទូកុងតឺន័រ នៅកំពង់ផែស្វយ័តភ្នំពេញ នាពេលកន្លងទៅ។ ហេង ជីវ័ន
ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាល អ្នកតំណាងវិស័យឯកជន និងអ្នកជំនាញសេដ្ឋកិច្ចបានអះអាងថា ការអនុវត្តផែនការ Silk Road E-Commerce របស់ចិននឹងក្លាយជាចំណែកមួយជួយជំរុញឱ្យការដោះដូរទំនិញរវាងកម្ពុជា និងចិន មានទឹកប្រាក់កាន់តែច្រើន ហើយក៏នឹងជួយទាក់ទាញវិនិយោគិនចិនឱ្យចូលមកបណ្តាក់ទុននៅកម្ពុជាផងដែរ។
វេទិកា China(Jiangsu)-Cambodia«Silk Road E-Commerce» ត្រូវធ្វើឡើងនៅប្រទេសចិនកាលពីថ្ងៃទី ២៦ ខែមិថុនា ថ្មីៗនេះ។ ជាមួយគ្នានេះដែរ លោក សុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មកម្ពុជាបានថ្លែងបើកវេទិកានេះតាមប្រព័ន្ធវីដេអូថា កម្ពុជា និងចិន គឺជាដៃគូពាណិជ្ជកម្មដ៏ល្អទាំងលក្ខណៈទ្វេភាគី តំបន់ និងកម្រិតពិភពលោក ដោយទំហំទឹកប្រាក់ពីការផ្លាស់ប្តូរពាណិជ្ជកម្មទ្វេភាគី នកើនជារៀងរាល់ឆ្នាំ។ លោកបានបន្តថា ក្នុងនោះប្រាក់ដែលកម្ពុជានាំទំនិញទៅចិនបានកើនជាមធ្យមចន្លោះពី ៦-១០ ភាគរយជារៀងរាល់ឆ្នាំ។
លោកបានថ្លែង៖ «Silk Road E-Commerce ជាវេទិកាមួយសម្រាប់បង្កើនភាពជិតស្និទ្ធ សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងកម្ពុជា-ចិនថែមទៀត ដែលនឹងជួយផ្តល់ឱកាសដល់សហគ្រាសធុនតូច និងមធ្យមក្នុងការបង្កើនការផលិត និងលក់ផលិតផលកសិកម្មដែលមានគុណភាព និងសុវត្ថិភាពរបស់ខ្លួនទៅក្នុងទីផ្សារសក្តានុពលរបស់ចិន។ វេទិកានេះក៏នឹងជួយជំរុញពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំង ២ ថែមមួយកម្រិតទៀត តាមរយៈការទាញយកប្រយោជន៍ពីការពង្រីកវិសាលភាព ការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន»។
លោកបន្តថា ភាពវិជ្ជមានទាំងអស់នេះ គឺកើនចេញពីកិច្ចសហប្រតិបត្តិការល្អរវាងកម្ពុជា និងចិនលើកគ្រប់ផ្នែក និងគ្រប់កម្រិត។ ជាមួយគ្នានេះដែរកម្ពុជា-ចិន ក៏បានចុះហត្ថលេខាលើពិធីសារ អនុស្សរណៈ និងកិច្ចព្រមព្រៀងជាច្រើន ដើម្បីបើកផ្លូវជំរុញកិច្ចសហប្រតិបត្តិការផ្នែកពាណិជ្ជកម្ម ទេសចរណ៍ និងវិនិយោគ នារយៈពេល ១០ ឆ្នាំចុងក្រោយនេះ។ កិច្ចព្រមព្រៀងទាំងនោះមានដូចជា ការនាំចេញអង្ករ ដំឡូងមី ចេក និងស្វាយ ជាដើម។
លោកបញ្ជាក់ថា៖ «ខ្ញុំមានជំនឿថា វេទិកា Silk Road E-Commerce គឺជាការបង្ហាញពីចំណងមិត្តភាពរវាងប្រទេសទាំង ២ ដែលនឹងផ្តល់នូវកាលានុវត្តភាពដ៏ធំធេងសម្រាប់កម្ពុជាក្នុងការនាំចេញផលិតផលកសិកម្មដែលមានគុណភាព និងសុវត្ថិភាព។ Silk Road E-Commerce ក៏ជាកូននៃការសម្រេចបាននូវសមិទ្ធផល និងដំណើរការនៃទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា និងចិនផងដែរ»។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោក លឹម ហេង បាននិយាយថា នេះជាផ្នែកមួយនៃ Silk Road ដែលនឹងជួយធ្វើឱ្យការវិនិយោគរបស់ចិននៅកម្ពុជាមានចំនួនកាន់តែច្រើន ពីព្រោះកម្ពុជាមានលក្ខណៈអំណោយផលច្រើន ទាំងកត្តាភូមិសាស្ត្រ និងច្បាប់វិនិយោគផ្សេងៗ ហើយប្រទេសទាំង ២ ក៏មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី (CKFTA) ជាមួយគ្នាដែរ។
លោកបញ្ជាក់ថា៖ «តាមរយៈវេទិកា Silk Road នឹងផ្តល់ផលវិជ្ជមានច្រើនសម្រាប់ជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ពិសេសការនាំចេញទៅចិន»។
លោក ហុង វណ្ណៈ អ្នកស្រាវជ្រាវសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជាបានប្រាប់ថា វេទិកានេះគឺយន្តការមួយនៃកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាល-កម្ពុជា និងចិន ដើម្បីធ្វើការផ្សព្វផ្សាយពីសក្តានុពលវិនិយោគកម្ពុជាទៅដល់អ្នកវិនិយោគចិន តាមរយៈ One Belt one Road។
លោកនិយាយថា៖ «ខ្ញុំគិតថា វេទិកានេះនឹងរួមចំណែកឱ្យវិនិយោគិនចិនយល់កាន់តែច្បាស់ពីភាពអំណោយផលនៃការវិនិយោគនៅកម្ពុជា ខណៈកម្ពុជាកំពុងអភិវឌ្ឍនូវហេដ្ឋារចនាសម្ព័ន្ធថ្មីៗជាច្រើន»។
ទោះយ៉ាងណា លោកបញ្ជាក់ថា កម្ពុជាត្រូវតែគិតគូរឱ្យបានខ្លាំងបន្ថែមទៀត ដើម្បីកាត់បន្ថយឱនភាពជញ្ជីងពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ចិន។
ទិន្នន័យអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាឱ្យដឹងថា ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ចិន ក្នុងរយៈពេល ៥ ខែដំបូង ឆ្នាំ ២០២២ មានទឹកប្រាក់សរុប ៤ ៩៩០,២៦ លានដុល្លារ កើនឡើង ២៦,១ ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នាំ ២០២១។ ក្នុងនោះកម្ពុជានាំចេញទំនិញក្នុងទឹកប្រាក់ ៥១៩,៨២ លានដុល្លារ ធ្លាក់ចុះ -៦,៩ ភាគរយ និងការនាំទំនិញមកកម្ពុជា មានទឹកប្រាក់ ៤ ៤៧០,៤៤ លានដុល្លារ កើនឡើង ៣១,៥ ភាគរយ៕