ភ្នំពេញៈ កម្ពុជា​គ្រោង​ដាក់ឱ្យអនុវត្ត​គោលនយោបាយ​ជាតិ​ស្តីពី​ប្រសិទ្ធភាព​ថាមពល​នៅ​ចុងឆ្នាំ ​២០២២ ​នេះ​ ដោយ​រំពឹងថា នឹង​អាច​កាត់បន្ថយ​ការប្រើ​ប្រាស់​ថាមពល​ឱ្យបាន​ក្នុង​កម្រិត ២០ ​ភាគរយ ​នៅ​ឆ្នាំ ​២០៣៥​។​

​លោក ហេង គុណ​លាង អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ថាមពល ក្រសួង​រ៉ែ និង​ថាមពល បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ថា ក្រសួង​បានរៀបចំ​សេចក្តីព្រាង​គោល​​នយោបាយ​ជាតិ​ស្តីពី​ប្រសិទ្ធភាព​ថា​ម​​ពល​រួចរាល់​ហើយ ដោយបាន​បញ្ជូន​សេចក្តីព្រាង​នេះ​ទៅ​គណៈកម្មាធិការ​គោលនយោបាយ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ដើម្បី​ពិនិត្យ​បន្ត មុននឹង​ដាក់ជូន​​រាជរដ្ឋាភិបាល​អនុម័ត​។​

​លោក​បន្ថែមថា ខ្លឹមសារ​សំខាន់​នៃ​សេចក្តីព្រាង​គោលនយោបាយ​ជាតិ​នេះ សំដៅ​ដល់​ការជំរុញ​ឱ្យមាន​ការប្រើ​ប្រាស់​ថាមពល​ឱ្យមាន​ប្រសិទ្ធភាព និង​សន្សំសំចៃ ពិសេស​សម្រាប់​វិស័យ​អគារ ឧស្សាហកម្ម ពាណិជ្ជកម្ម និងវិស័យ​ដឹកជញ្ជូន​។​

​លោក​បញ្ជាក់ថា​៖ «​តាម​ការសិក្សា​កន្លងមក ទីតាំង​អាជីវកម្ម​ខ្លះ​នៅក្នុង​វិស័យ​ទាំងនេះ យើង​សង្កេតឃើញថា ការប្រើប្រាស់​ថាមពល​របស់​ពួកគេ​មិនទាន់​ទទួលបាន​ប្រសិទ្ធភាព​នៅឡើយ​ទេ​។ ការប្រើប្រាស់​ថាមពល​ប្រ​កប​ដោយ​ប្រសិទ្ធភាព​នេះ យើង​ផ្តោត​សំខាន់​លើ​ការបំពាក់​គ្រឿង​បរិក្ខារ​នានា ដោយ​គោលនយោបាយ​នេះ​នឹង​ធ្វើឱ្យ​ការប្រើប្រាស់​ថាមពល​ថយចុះ​»​។

​លោក​បាន​បន្ថែមថា ក្រសួង​នឹង​បន្ត​ជំរុញ​ដល់​ពលរដ្ឋ ជាពិសេស​អ្នក​នៅក្នុង​វិស័យ​ដែល​ពាក់ព័ន្ធ​ឱ្យមាន​ការប្រើ​​ប្រាស់​ឧបករណ៍ ឬ​គ្រឿង​បរិក្ខារ​នានា នាំចូល​ពី​ប្រទេសជិតខាង ដែលមាន​សញ្ញា​បញ្ជាក់​ពី​ប្រសិទ្ធភាព​ថាមពល និង​ការ​សន្សំសំចៃ​ថាមពល​ជាដើម​។​

​លោក លន់ យ៉េ​ង អគ្គលេខាធិការនៃ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជាបាន​ប្រាប់ថា បច្ចុប្បន្ន​ថាមពល​ដែល​ប្រើប្រាស់​សម្រាប់​វិស័យ​ស្រូវ​អង្ករ​មិនទាន់មាន​គ្រប់គ្រាន់​ទេ ពិសេស​នៅ​អំឡុងពេល​ស​ម្ងួ​ត​ស្រូវ​នៅតាម​រោង​ម៉ាស៊ីន​កិន​​ស្រូវ​មួយចំនួន​មាន​ថាមពល​មិន​គ្រប់ ដែលនាំឱ្យ​ខូចគុណភាព​ស្រូវ និង​ខូច​​ខាត​គ្រឿង​បរិក្ខារ​សម្រាប់​ប្រើប្រាស់​ក្នុង​ចង្វាក់​ផលិតកម្ម​ស្រូវ​នេះដែរ​។​

​លោក​បន្តថា សម្រាប់​គ្រឿង​បរិក្ខារ និង​ប្រព័ន្ធ​ផ្សេងៗ​ដែល​ប្រើប្រាស់​ក្នុង​រោង​ម៉ាស៊ីនកិនស្រូវ​ភាគច្រើន សុទ្ធ​តែមាន​គុណភាព​ខ្ពស់​។​

​លោក​បញ្ជាក់ថា​៖ «​វិស័យ​ឯកជន ចង់​បំពាក់​ថាមពល​សូ​ឡា​សម្រាប់​ប្រើ​ក្នុង​ចង្វាក់​ផលិតកម្ម​ដែរ ប៉ុន្តែ​មានតម្លៃ​ថ្លៃ​ពេក ដែល​បានធ្វើឱ្យ​រោង​ម៉ាស៊ីនកិនស្រូវ​មួយចំនួន​ប្រឈម​នឹង​បញ្ហា​កង្វះ​ថាមពល​។ បើ​មាន​គោ​លន​យោ​​បាយ​នេះ យើង​រំពឹងថា ​ការប្រើ​ថាមពល​នឹង​កាន់​តែមាន​ប្រសិទ្ធភាព​»​។​

​លោក កាំ​ង ម៉ូ​នី​កា អគ្គលេខាធិការ​​រង​នៃ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​​កម្ពុជានិយាយថា វិស័យ​ថាមពល​ដើរតួនាទី​យ៉ាងសំខាន់​សម្រាប់​វិស័យ​ឧស្សាហកម្ម ​គឺ​មិន​សម្រាប់តែ​វិស័យ​កាត់ដេរ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​សម្រាប់​ការ​ជំរុញ​ឧត្តមភាព​នៃ​វិស័យ​ផលិតកម្ម​។ ទោះជា​យ៉ាងណា បញ្ហា​តម្លៃ​ថាមពល​នៅ​កម្ពុជា​នៅតែ​ខ្ពស់​។​

​លោក​ប្រាប់ថា​៖ «​វិស័យ​ថាមពល​ គឺជា​កត្តា​សំខាន់​សម្រាប់​ការអភិវឌ្ឍ​សេដ្ឋកិច្ច ដោយ​មិន​សម្រាប់តែ​វិស័យ​រោងចក្រ​កាត់ដេរ​នោះទេ​។ មែនទែនទៅ​យើង​មាន​ថាមពល​គ្រប់គ្រាន់ ប៉ុន្តែ​បញ្ហា​តម្លៃ​គឺ​នៅតែ​ធ្វើឱ្យ​យើង​មិនអាច​ប្រកួតប្រជែង​ជាមួយ​ប្រទេស​នានា​នៅក្នុង​តំបន់និយាយ​ជារួម​ គឺ​ដៃគូ​ប្រកួត​​ប្រជែង​សំខាន់​របស់​យើង​តែម្តង​»​។

​រដ្ឋាភិបាល​កម្ពុជា​បានរៀបចំ​សេចក្តី​​ព្រាង​គោលនយោបាយ​ប្រសិទ្ធភាព​ថាមពល​នេះ​ ក្នុង​ឆ្នាំ ​២០២១ ក្រោម​ការគាំទ្រ​ពី​ធនាគារ​អភិវឌ្ឍ​អាស៊ី ADB ដែលជា​សសរស្តម្ភ​ដ៏​សំខាន់​នៃ​អនាគត​ថាមពល​របស់​កម្ពុជា ដោយ​ជំរុញ​ឱ្យប្រើ​ថាមពល​តិចជាង​មុន​។

សក្តានុពល​នៃ​ការ​សន្សំសំចៃ​ថាមពល​សម្រាប់​កម្ពុជា គឺ​ការជំរុញការផ្ទេរ និង​ការប្រើ​​ប្រាស់​បច្ចេកវិទ្យា​ថាមពល​ដែលមាន​ប្រសិទ្ធភាព​ខ្ពស់ ​ដើម្បី​កាត់បន្ថយ​ការ​​ប្រើប្រាស់​ថាមពល​ឱ្យ​ស្ថិតក្នុង​កម្រិត ២០ ​ភាគរយ ​នៅ​ឆ្នាំ ​២០៣៥ ដោយ​ធៀប​មូលដ្ឋាន​គោល​ឆ្នាំ​ ២០១៤ ​ដែល​ក្នុងនោះ ២៥​ ភាគរយ​ សម្រាប់​វិស័យ​អគារ និង​ ២៥ ​ភាគរយ​ សម្រាប់​វិស័យ​ឧស្សាហកម្ម ព្រមទាំង ​១៥ ​ភាគរយ សម្រាប់​វិស័យ​ដឹកជញ្ជូន​៕