ក្រចេះ: ផែនការមេ​ដើម្បី​អភិវឌ្ឍ​សហគមន៍​អេកូ​ទេសចរណ៍​កោះ​សាមសិប (២០២២-២០២៦) ប្រកាស​ដាក់ឱ្យ​ប្រើប្រាស់​ ដើម្បី​ជំរុញ​កំណើន​ទេសចរណ៍​ទៅកាន់​ខេត្ត​នេះ ក៏ដូចជា​លើក​កម្ពស់​វប្បធម៌​ជនជាតិ​ដើម​ភាគតិច និង​ចូលរួម​ពង្រឹង​ការអភិរក្ស​ធនធាន​ធម្មជាតិ​ឱ្យ​កាន់តែ​ប្រសើរឡើង​។

ក្រោម​កិច្ចសហការ​ជាមួយ​អង្គការ NTFP-EP និង​រដ្ឋបាល​ខេត្ត​ក្រចេះ មន្ទីរ​ទេសចរណ៍​ខេត្ត​ក្រចេះ​បាន​សិក្សា និង​រៀបចំ​ផែនការមេ​ ដើម្បី​អភិវឌ្ឍ​សហគមន៍​អេកូ​ទេសចរណ៍​កោះ​នេះ ដែលមាន​ទីតាំង​ស្ថិត​នៅក្នុង​ស្រុក​សំបូរ ខេត្តក្រចេះ​។

លោក ប៉ែន លីណាត អភិបាលរង​ខេត្តក្រចេះ​បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ថា ផែនការ​មេនេះ​នឹង​មិន​ត្រឹមតែ​ជំរុញ​ការអភិវឌ្ឍ​តំបន់​នេះ​នោះទេ ប៉ុន្តែ​ផែនការ​នេះ​ធ្វើឱ្យ​វិស័យ​ទេសចរណ៍​ក្នុង​ខេត្ត​ទាំងមូល​រីកចម្រើន​ផងដែរ​។

លោក​បាន​ថ្លែងថា​៖ «​តំបន់​នេះ យើង​ទើបតែ​រកឃើញ ដែល​ជា​តំបន់​អាងទឹក​ដ៏ធំ​មួយ និង​ត្រូវបាន​បង្កើតជា​សហគមន៍​ឡើង​ ដើម្បី​បង្កើន​ប្រាក់ចំណូល​របស់​ពលរដ្ឋ ជាពិសេស​លើក​កម្ពស់​ជនជាតិ​ដើម​ភាគតិច​ព្នង និង​កួយ​»​។

លោកស្រី ឆាយ ស៊ីវលីន ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា បានឱ្យ​ដឹងថា តំបន់​អេកូ​ទេសចរណ៍ គឺជា​សសរស្តម្ភ​មួយ​ដ៏សំខាន់​ក្នុង​ចំណោម​សសរស្តម្ភ​ទាំង​ ៤​ ក្នុង​វិស័យ​ទេសចរណ៍​។

លោកស្រី​បាន​បញ្ជាក់ថា​៖ «​តំបន់​អេកូ​ទេសចរណ៍​បាន​ដើរតួនាទី​សំខាន់​ណាស់​ក្នុង​ការ​ទាក់ទាញ​ទេសចរ ជាពិសេស​ទេសចរ​អន្តរជាតិ​។ តំបន់​អេកូ​ទេសចរណ៍ គឺជា​និរន្តរភាព​ទេសចរ ដែល​អាចជួយ​ដល់​សហគមន៍​ទេសចរណ៍ តាមរយៈ​ការបង្កើត​ការងារ ដើម្បី​លើកកម្ពស់​ជីវភាព​ពលរដ្ឋ​ក្នុង​តំបន់​»​។

សហគមន៍​អេកូ​ទេសចរណ៍​កោះ​សាមសិប​ជា​តំបន់​ទាក់ទាញ​ទេសចរណ៍​ធម្មជាតិ​មួយ​កន្លែង ដែល​ស្ថិត​នៅតាម​បណ្តោយ​ដង​ទន្លេមេគង្គ​លើ​ស្ថិតនៅ​ក្នុងភូមិ​ខ្សាច់​ឡាវ ឃុំ​អូរគ្រៀង ស្រុក​សំបូរ ខេត្តក្រចេះ​។ ថ្វីដ្បិតតែ​មាន​ឈ្មោះ​ថា កោះ​សាមសិប តែ​តាម​ការពិត​តំបន់​នេះ​មាន​កោះ​រាប់រយ​គ្របដណ្តប់​ដោយ​ព្រៃឈើ​បៃតង ជីវចម្រុះ​សម្បូរបែប ដូចជា ព្រៃ​លិចទឹក អន្លង់​ត្រី​មេពូជ​ដ៏កម្រ​រួមទាំង​សត្វ​ស្លាប​ជាង​ ២០០​ ប្រភេទ​។ ផែនការ​នេះ​រំពឹងថា នឹង​ជំរុញ​កំណើន​ភ្ញៀវទេសចរ​ ១០ ​ភាគរយ​ក្នុង​ ១ ​ឆ្នាំ​, ចំណូល​ ១០​ ភាគរយ​ក្នុង​ ១ ​ឆ្នាំ សម្រាប់​សហគមន៍​៕