
សកម្មភាពពិនិត្យកន្លែងចិញ្ចឹមត្រីនៅខេត្តព្រះសីហនុកាលពីឆ្នាំមុន។ រូបថត ក្រសួងកសិកម្ម
ភ្នំពេញៈ បើទោះបីរយៈពេល ២-៣ ឆ្នាំចុងក្រោយនេះ រាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានដាក់ចេញនូវយុទ្ធសាស្ត្រថ្មីជាបន្តបន្ទាប់ ដើម្បីលើកកម្ពស់សមត្ថភាពនៃការធ្វើវារីវប្បកម្ម សម្រាប់ផ្គត់ផ្គង់តម្រូវការក្នុងស្រុក និងឈានទៅការនាំចេញទៅក្រៅប្រទេសក៏ដោយ ក៏សកម្មភាពនៃការចិញ្ចឹមត្រីនៅកម្ពុជាក្នុងពេលនេះ ហាក់មិនបង្ហាញសញ្ញាវិជ្ជមាននោះទេ។ នេះបើយោងតាមអ្នកនៅក្នុងវិស័យវារីវប្បកម្មនៅកម្ពុជា។
ដើម្បីរួមចំណែកលើកទឹកចិត្តដល់អ្នកចិញ្ចឹមត្រី លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងអំឡុងពេលចុះទៅពិនិត្យមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ពូជត្រីនៅស្រុកពាមរក៍ ខេត្តព្រៃវែង កាលពីខែកក្កដា ឆ្នាំ ២០២០ បានប្រាប់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុឱ្យបន្ថែមថវិការដ្ឋចំនួន ៥ លានដុល្លារ សម្រាប់ជួយជំរុញឱ្យប្រជាពលរដ្ឋងាកមកប្រកបមុខរបរចិញ្ចឹមត្រី បន្ទាប់ពីកន្លងមករដ្ឋាភិបាលបានបញ្ចេញថវិកាចំនួន ៥០ ម៉ឺនដុល្លាររួចហើយ។
បើតាមលោក ហ៊ុន សែន គិតត្រឹមអំឡុងពាក់កណ្តាលឆ្នាំ ២០២០ នៅកម្ពុជាមានកសិករជាង ៤៦ ០០០ គ្រួសារប្រកបរបរចិញ្ចឹមត្រីក្នុងស្រះ។ ជាមួយគ្នានោះ លោកបានណែនាំឱ្យរដ្ឋមន្ត្រីក្រសួងកសិកម្ម ខិតខំជំរុញឱ្យមានការចិញ្ចឹមត្រីបន្ថែមទៀតឱ្យបានយ៉ាងហោចចំនួន ៥០ ០០០ គ្រួសារ។
ប្រធានសមាគមវារីវប្បករកម្ពុជា លោក សុខ រ៉ាដែន បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា បច្ចុប្បន្នវិស័យវារីវប្បកម្មកម្ពុជាបាននិងកំពុងជួបប្រទះបញ្ហាប្រឈមជាច្រើន ដែលធ្វើឱ្យអ្នកចិញ្ចឹមត្រីមួយចំនួនពិបាកក្នុងការពង្រីក ឬបន្តសកម្មភាពអាជីវកម្មរបស់ខ្លួន។ ប្រសិនបើស្ថានភាពបែបនេះអូសបន្លាយយូរតទៅទៀត វិស័យនេះអាចនឹងឈានដល់ការជាប់គាំង។
លោកបន្ថែមថា ដើម្បីធ្វើឱ្យវិស័យវារីវប្បកម្មមានដំណើរការល្អឡើងវិញ គឺត្រូវទាមទារឱ្យមានការសហការគ្នាពីគ្រប់ផ្នែកពាក់ព័ន្ធទាំងអស់ ទាំងផ្នែកឯកជន និងរដ្ឋាភិបាល ដើម្បីជួបពិភាក្សាគ្នាស្វែងរកដំណោះស្រាយរួមឈានទៅអភិវឌ្ឍវិស័យវារីវប្បកម្មឱ្យរីកចម្រើនឡើងវិញ។
លោកអះអាងថា៖ «ដោយសារទីផ្សារមិនសូវអំណោយផល និងការចំណាយកាន់តែខ្ពស់នោះ វាបានធ្វើឱ្យវារីវប្បករ-កម្ពុជាជួបនឹងបញ្ហាប្រឈមជាច្រើនខណៈពេលនេះក៏មានអ្នកចិញ្ចឹមមួយចំនួនបានផ្អាកសកម្មភាពចិញ្ចឹមដែរ»។
បើតាមលោក រ៉ាដែន បញ្ហាប្រឈមដែលអ្នកចិញ្ចឹមត្រីនៅកម្ពុជាកំពុងជួបប្រទះមានដូចជា បញ្ហាកង្វះទីផ្សាររបស់ផលិតផលក្នុងស្រុក ដែលបណ្តាលមកពីការហូរចូលត្រីដ៏ច្រើនតាមព្រំដែន (វៀតណាម) និងមិនមានការត្រួតពិនិត្យលើប្រភព និងគុណភាព ពូជត្រីជាច្រើនត្រូវបាននាំចូលដោយមិនមានការត្រួតពិនិត្យ,តម្លៃផលិតកម្ម ពិសេសចំណីកើនឡើងខ្ពស់ អត្រាការប្រាក់របស់ធនាគារខ្ពស់ និងតម្លៃអគ្គិសនី និងតម្លៃដឹកជញ្ជូនក៏ខ្ពស់ផងដែរ បើធៀបនឹងប្រទេសជិតខាង។
ទាក់ទងនឹងផែនការដែលរដ្ឋាភិបាលជំរុញឱ្យវិស័យវារីវប្បកម្មកាន់តែមានភាពផុលផុស ដើម្បីអាចបំពេញតម្រូវការក្នុងស្រុក និងនាំចេញទៅទីផ្សារអន្តរជាតិ លោក រ៉ាដែន បានលើកឡើងថា សូម្បីតែត្រីប្រាដែលកម្ពុជាគ្រោងនាំចេញទៅទីផ្សារប្រទេសចិនក្នុងពេលឆាប់ៗ (អាចក្នុងខែកក្កដា ឬសីហា) ក៏អ្នកចិញ្ចឹមមិនសូវទទួលបានប្រាក់ចំណេញដែរ ព្រោះតែការចំណាយលើការចិញ្ចឹមខ្ពស់ ហើយលក់បានក្នុងតម្លៃទាប។
លោក ផន រ៉ានី ម្ចាស់កសិដ្ឋានចិញ្ចឹមត្រី និងផ្គត់ផ្គង់ពូជត្រី ស៊ីអេអិន (PhornRany, owner of C.A.N) ដែលស្ថិតក្នុងស្រុកមេសាង ខេត្តព្រៃវែង បានថ្លែងថា ដោយសារតែអាជីវកម្មចិញ្ចឹមត្រីប្រឈមនឹងបញ្ហាជាច្រើន លោកបានផ្អាកចិញ្ចឹមត្រីរយៈពេល ៣-៤ ខែមកហើយ ព្រោះមិនមានប្រាក់ សម្រាប់បន្តសកម្មភាពបាន។ បញ្ហាប្រឈមសំខាន់ៗដែលលោកលើកឡើងរួមមាន កង្វះទីផ្សារដែលបណ្តាលមកពីមានការនាំចូលត្រីដ៏ច្រើនពីប្រទេសវៀតណាម តម្លៃត្រីក្នុងស្រុកមិនអាចប្រកួតប្រជែងជាមួយត្រីនាំចូល តម្លៃអគ្គិសនីខ្ពស់ និងចំណីមានតម្លៃខ្ពស់ ជាដើម។
លោកប្រាប់ថា៖ «បច្ចុប្បន្នមានអ្នកចិញ្ចឹមត្រីជាច្រើនបានបោះបង់មុខរបរនេះចោល វាមានបញ្ហាច្រើនមុខណាស់ដែលខ្ញុំពិបាកនិយាយ ប៉ុន្តែក្នុងនោះបញ្ហាទីផ្សារ និងតម្លៃ គឺជាមូលហេតុចម្បង»។
លោកបានបញ្ជាក់ថា ដោយសារតែមានបញ្ហាច្រើនដូច្នេះ លោកនៅមិនទាន់គិតថា ពេលណានឹងអាចបន្តអាជីវកម្មនេះបានឡើងវិញនោះទេ។
ទោះយ៉ាងណា លោកបញ្ជាក់ថា៖ «ប្រសិនបើមានការគ្រប់គ្រងល្អ និងធ្វើតាមច្បាប់កំណត់ចំពោះការនាំចូលត្រីពីក្រៅប្រទេសនោះ វិស័យវារីវប្បកម្មនៅកម្ពុជាប្រាកដជាមានដំណើរការល្អឡើងវិញ»។
លោក ហង់ ហ៊ាង ម្ចាស់កសិដ្ឋានបង្កាត់ពូជត្រីនៅក្នុងក្រុងដូនកែវ ខេត្តតាកែវ លើផ្ទៃដី ២,៥ ហិកតា បានថ្លែងថា កាលពីឆ្នាំមុន ក្នុងអំឡុងពេលនេះ កន្លែងរបស់លោកលក់កូនត្រីមានជិត ៣ លានកូនហើយ ប៉ុន្តែពេលនេះទើបតែបានប្រមាណជាង ១ លានប៉ុណ្ណោះ។ ការធ្លាក់ចុះនេះ លោកមិនដឹងពីមូលហេតុច្បាស់ទេ ប៉ុន្តែវាអាចបណ្តាលមកពីកត្តាចំណីអាហារឡើងថ្លៃ (ចាប់តាំងពីមានវិបត្តិសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន) និងតម្លៃត្រីលក់លើទីផ្សារ ក៏បានថោកដែរ គឺមិនរួចនឹងការចំណាយ។ ម្យ៉ាងទៀតបើតាមលោកដឹង បច្ចុប្បន្ននេះការនាំចូលកូនត្រីពីប្រទេសវៀតណាម មកចែកចាយនៅកម្ពុជាក៏មានច្រើនផងដែរ។
លោកអះអាងថា៖ «ដោយសារទីផ្សារមិនច្បាស់លាស់ តម្លៃលក់ចេញទាប និងចំណីមានតម្លៃខ្ពស់ ដូច្នេះខ្ញុំមិនដឹងថា ការចិញ្ចឹមត្រីនៅពេលខាងមុនអាចនឹងមានដំណើរការបែបណាទៀតទេ»។
បើយោងតាមម្ចាស់កសិដ្ឋានបង្កាត់ពូជត្រីនៅខេត្តតាកែវខាងលើ កន្លែងរបស់លោកមានបង្កាត់ពូជកូនត្រីមួយចំនួនដូចជា ត្រីប្រា ត្រីអណ្តែង និងត្រីឆ្ពិន ជាដើម។
រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន កន្លងមកបានប្រាប់ភ្នំពេញប៉ុស្តិ៍ថា រដ្ឋាភិបាលកំពុងខិតខំជំរុញវារីវប្បកម្ម ដើម្បីបង្កើនសមត្ថភាពផ្គត់ផ្គង់ក្នុងស្រុក និងឈានទៅការនាំចេញផលនេសាទពីកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិនៅពេលអនាគត។ លោកបន្តថា រដ្ឋាភិបាលមានផែនការជំរុញប្រជាពលរដ្ឋពី ៥ ម៉ឺនគ្រួសារដល់ ១០ ម៉ឺនគ្រួសារចិញ្ចឹមត្រី និងកង្កែបក្នុងតង់ប្លាស្ទិក ដែលក្នុងរយៈពេលត្រឹម ៣ ខែនឹងអាចប្រមូលផលបាន។
លោកបានបញ្ជាក់ថា៖ «ខ្ញុំជឿថា តាមរយៈការខំប្រឹងប្រែងនេះ វិស័យឯកជននឹងមើលឃើញថា កម្ពុជាអាចឈានដល់ការនាំចេញផលនេសាទទៅទីផ្សារអន្តរជាតិដោយការចិញ្ចឹមសម្រាប់នាំចេញតាមបែបផែនផលិតកម្ម យើងឆ្លើយតបនឹងតម្រូវការទីផ្សារ។ យើងត្រូវមានការកែលម្អក្នុងការចិញ្ចឹម ដើម្បីឆ្លើយតបនឹងស្តង់ដារបស់គេស្របពេលប្រមុខរដ្ឋាភិបាលកំពុងធ្វើការកែលម្អការដឹកជញ្ជូនទំនិញ»។
របាយការណ៍ក្រសួងកសិកម្មបានឱ្យដឹងថា ក្នុងឆ្នាំ ២០២១ ការចិញ្ចឹមត្រីបង្គាអនុវត្តបានចំនួន ៣៤៨ ៣៥០ តោន ស្មើនឹង ៧២,៤២ ភាគរយនៃផែនការ ៤៨១ ០០០ តោន បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២០ មានការថយចុះ ៥២,០៥ តោន៕