ភ្នំពេញ: មន្ត្រី​ជាន់​ខ្ពស់​សមាគម​រោងចក្រ​កាត់​ដេរ​នៅ​កម្ពុជា (GMAC) និង​វិស័យ​ឯកជន​បាន​ឱ្យ​ដឹង​ថា វិនិយោគិន​រោងចក្រ​កាត់ដេរ និង​សហគមន៍​ធុរកិច្ច​ភាគ​ច្រើន​មិន​បាន​ប្រើប្រាស់ និង​យល់​ច្បាស់​ពី​អត្ថប្រយោជន៍​នៃ​កិច្ច​ព្រមព្រៀង​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​ក្នុង​តំបន់ (RCEP) ដែល​បាន​ចូល​ជា​ធរមាន​តាំង​ពី​ដើម​ខែមករា ​ឆ្នាំ​ ២០២២ ​នោះ​​ទេ​។ ផ្ទុយ​ទៅ​វិញ ពួក​គេ​នៅ​តែ​ប្រើប្រាស់​កិច្ច​ព្រមព្រៀង​​ស្រាប់ និង​ប្រព័ន្ធ​អនុគ្រោះ​ពាណិជ្ជកម្ម​ផ្សេង​ទៀត​ ដើម្បី​ជំរុញ​ការ​នាំចេញ​ដដែល​។​

ថ្លែង​នៅ​ក្នុង​កិច្ចប្រជុំ​អនឡាញ ដែល​ធ្វើ​ឡើង​ដោយ​លេខាធិការដ្ឋាន​អាស៊ាន​កាល​ពី​ថ្ងៃទី​ ២៨ ខែ​មិថុនា លោក កាំង ម៉ូនីកា អគ្គលេខាធិការរង GMAC បាន​ឱ្យ​ដឹង​ថា រហូត​មក​ដល់​ពេល​នេះ នៅ​ពុំ​ទាន់​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ច្រើន​ចំពោះ​កិច្ច​ព្រមព្រៀង​នេះ ដោយសារ​មាន​កត្តា​​មួយ​ចំនួន​ដូចជា​៖ ការ​នាំចេញ​របស់​កម្ពុជា​ភាគ​ច្រើន​ជា​គោលដៅ​សម្រាប់​ទីផ្សារ​ប្រទេស​លោក​ខាង​លិច​។​ ​ទី២ ក្រុមហ៊ុន​ផលិត​នៅ​ទីនេះ​ហាក់​ដូចជា​ពុំ​ទាន់​ដឹង​ច្បាស់​ពី​ RCEP និង​ទី​៣​ ​ពួក​គេ​ភាគ​ច្រើន​មិន​បាន​យក​ចិត្ត​ទុក​ដាក់​គ្រប់គ្រាន់​ ចំពោះ​កំណើន​ប្រកប​ដោយ​សក្តានុពល​នៅ​ក្នុង​ទីផ្សារ​ដែល​មាន​កិច្ច​ព្រមព្រៀង​ RCEP ដែល​មាន​ប្រជាជន​ជិត ២,៣ ពាន់​លាន​នាក់ នៅ​ពេល​អនាគត​ដ៏​ខ្លី​ខាង​មុខ​នេះ​ទេ។

លោក​ថ្លែង​ថា​៖ «​រោងចក្រ​កាត់ដេរ​ភាគ​ច្រើន​នៅ​ក្នុង​ប្រទេស​ជា​សមាជិក​របស់​ RCEP អាច​ទទួល​បាន​អត្ថប្រយោជន៍​ភ្លាមៗ​ពី​កិច្ច​ព្រមព្រៀង​ RCEP ដោយ​មិន​ចាំបាច់​កែ​តម្រូវ​ខ្សែ​ចង្វាក់​ផ្គត់ផ្គង់​បច្ចុប្បន្ន​របស់​ពួក​គេ​ឡើយ»។

លោក សុង សារ៉ន ជា​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន Amru Rice (Cambodia) និង​ជា​ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា បាន​​សរសេរ​មក​កាន់​ ភ្នំពេញ ​ប៉ុស្តិ៍​ កាល​ពី​ខែ​មេសា​ថា ការ​យល់​ដឹង​ RCEP ប្រកប​ដោយ​ប្រសិទ្ធភាព​នឹង​ជួយ​ពង្រីក និង​ធ្វើ​ឱ្យ​​កាន់​តែ​ស៊ី​ជម្រៅ​នូវ​ទំនាក់ទំនង​សេដ្ឋកិច្ច​ជាមួយ​នឹង​ភាព​អនុគ្រោះ​បន្ថែម លទ្ធភាព​ចូល​ទីផ្សារ​ពាណិជ្ជកម្ម​ទំនិញ ដែល​ភាគ​ច្រើន​នាំចូល​ទីផ្សារ​ប្រទេស​ចិន ជប៉ុន និង​កូរ៉េខាងត្បូង ដែល​លុប​ចោល​ពន្ធ​នាំចូល និង​ការ​រៀបចំ​ឯកសារ​បញ្ចេញ​ទំនិញ​ពី​គយ​ឆាប់​រហ័ស ហើយ​សម្បទាន​នេះ អាច​កាត់​បន្ថយ​ការ​ចំណាយ​សម្រាប់​វិស័យ​ផ្គត់ផ្គង់​ដល់​ទីផ្សារ​ទាំង​នេះ​។

លោក​បាន​គូស​បញ្ជាក់​ថា​៖ «​នៅ​ពេល​ផ្តល់​សច្ចាប័ន​ដោយ​បណ្ដា​ប្រទេស​ដែល​ចូលរួម​ក្នុង​កិច្ច​ព្រមព្រៀង RCEP ឱកាស​មួយ​នឹង​ត្រូវ​បាន​ដាក់​ឱ្យ​ដំណើរការ សម្រាប់​ការ​ចរចា​រវាង​អាជីវកម្ម​ និង​អាជីវកម្ម​នានា​។ ហើយ​សម្រាប់​ប្រទេស​កម្ពុជា កិច្ច​ព្រមព្រៀង RCEP នេះ​នឹង​ជួយ​ផ្តល់​មូលដ្ឋានគ្រឹះ​ដ៏​រឹងមាំ​សម្រាប់​​​ប្រទេស​មួយ​នេះ ក្នុង​ការ​ជំរុញ​សេដ្ឋកិច្ច​របស់​ខ្លួន និង​ជួយ​ជម្នះ​បញ្ហា​ប្រឈម​ដែល​បណ្តាល​មក​ពី​ការ​រីក​រាលដាល​ជំងឺ​កូវីដ​១៩»៕