ភ្នំពេញៈ កម្ពុជា​បាន​ចំណាយ​ប្រាក់​ប្រ​មាណ​ជាង ៩៧០​ លាន​ដុល្លារ ​ទៅលើ​ការ​នាំចូល​ប្រេងឥន្ធនៈ​មក​ផ្គត់ផ្គង់​តម្រូវ​-​ការ​ក្នុងស្រុក នា​រយៈពេល ៥​ ខែ ដើមឆ្នាំ ​២០២២ កើន​ជាង ៥៧ ​ភាគរយ ​បើ​ធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២១​។ នេះ​បើតាម​ទិន្នន័យ​ពី​ក្រសួងពាណិជ្ជកម្ម​។​

​ទិន្នន័យ​បង្ហាញថា ចន្លោះ​ពី​ខែមករា​-​ខែឧសភា ឆ្នាំ​ ២០២២ ការ​នាំចូល​ប្រេង​​ឥន្ធនៈ​មានតម្លៃ​សរុប​ជាង ៩៧១ ​លាន​ដុល្លារ កើនឡើង ៥៧,៣៦ ​ភាគរយ ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​២០២១ ដែលមាន​ជាង ៦១៧ ​លាន​ដុល្លារ​។ ក្នុងនោះ​ការនាំ​ចូល​ប្រេងសាំង​មានតម្លៃ​ជាង ៣៤២​ លាន​ដុល្លារ កើន ១០៣,១១​ ភាគរយ ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ ​២០២១ និង​ប្រេងម៉ាស៊ូត តម្លៃ ៦២៩ ​លាន​ដុល្លារ កើន ៤០,២០ ​ភាគរយ​។​

​អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម លោក ប៉ែន សុ​វិជាតិ បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍ ​ក្នុង​ថ្ងៃទី ​៣០ ខែមិថុនាថា បើ​គិតពី​ដើមឆ្នាំ​ ២០២២ មក តម្លៃ​ប្រេង​នៅ​ទីផ្សារ​អន្តរ​ជាតិ​បាន​កើនឡើង​ជាង ២​ដង​រួចហើយ ដូច្នេះ​ប្រេង​នៅ​កម្ពុជា ដែលជា​ប្រទេស​នាំចូល​ប្រេង​ទាំងស្រុង ក៏ត្រូវ​កើនឡើង​ទៅតាម​តម្លៃ​ទីផ្សារ​អន្តរជាតិ​ដែរ​។ តម្លៃ​ប្រេង​នឹង​បន្ត​កើនឡើង​ថែមទៀត​បើ​ផ្អែក​តាម​ស្ថានភាព​នៃ​សង្គ្រាម​រវាង​ប្រទេស​​រុស្ស៊ី និង​អ៊ុយ​ក្រែ​ន​ពេលនេះ ព្រោះ​បរិ​​មាណការ​ផ្គត់ផ្គង់​ប្រេង​លើ​ពិភពលោក​មានការ​ធ្លាក់​ចុះ (​រុស្ស៊ី​ គឺជា​ប្រទេស​នាំ​ចេញ​ប្រេង ​១ ​ក្នុង​ពិភពលោក ប៉ុន្តែ​ដោយ​​សារ​សង្គ្រាម​ឈ្លានពាន​អ៊ុយ​ក្រែ​ន រុស្ស៊ី​ត្រូវបាន​ប្រទេស​ជាច្រើន​ដាក់ទណ្ឌកម្ម​លើ​ការនាំចេញ​ប្រេង និង​ឧស្ម័ន និង​ផលិតផល​ជាច្រើន​ទៀត​)​។​

​ទាក់ទង​ទៅនឹង​បរិមាណ​ប្រេង​នាំចូល លោក សុ​វិជាតិ អះអាងថា មិនបាន​កើន​​ឡើង​ច្រើន​ទេ​។ លោក​ថ្លែងថា​៖ «​ទឹកប្រាក់​នាំចូល​ប្រេង​ពិតជា​បាន​ហក់​ឡើង​ខ្ពស់ ប៉ុន្តែ​សម្រាប់​បរិមាណ​ប្រេង គឺ​កើន​តិច​​តួច​ប៉ុណ្ណោះ ព្រោះ​ចង្វាក់​ផលិតកម្ម​នៅពេលនេះ​ទើប​មាន​សម្ទុះ​ឡើងវិញ​ជា​បណ្តើរៗ​ហើយ បន្ទាប់ពី​ស្ថានភាព​នៃ​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ ​១៩ មាន​ភាពល្អប្រសើរ​។​

​លោក​ប្រាប់ទៀតថា ក្រសួង​ពាណិជ្ជ​​កម្ម​តែងតែ​តាមដាន និង​ជួយ​សម្រប​សម្រួល​ក្នុង​ការកំណត់​តម្លៃ​ប្រេង​ដាក់លក់​នៅលើ​ទីផ្សារ​ ដើម្បី​ជួយ​សម្រួល​ការចំណាយ​ប្រចាំថ្ងៃ​របស់​ប្រជាជន​។​

​ជាធម្មតា ៣-៤ ​ថ្ងៃ ​តែងមាន​កប៉ាល់​ដឹក​ប្រេង​ចូលមក​កម្ពុជា ដោយ​តម្លៃ​តែងតែ​កើនឡើង​ជាប្រចាំ​។ ប្រេងឥន្ធនៈ​ប្រើប្រាស់​នៅ​កម្ពុជា ត្រូវបាន​នាំចូល​ពី​ប្រទេស​សិង្ហ​បុរី ថៃ និង​វៀតណាម​។ នេះ​បើតាម​លោក សុ​វិជាតិ​។​

​យោងតាម​អ្នកនាំពាក្យ​ខាងលើ ទោះ​តម្លៃ​ប្រេងឥន្ធនៈ​បាន​កើន​ឡើងជា​បន្ត​​បន្ទាប់ ប៉ុន្តែ​កម្ពុជា​មិនទាន់​ប្រឈម​នឹង​កង្វះខាត​ប្រេង​សម្រាប់​ប្រើប្រាស់​ក្នុងប្រទេស​ឡើយ ដោយ​ក្រសួង​សហការ​ជាមួយ​ក្រុមហ៊ុន​នាំចូល​រក្សា​ប្រេង​ក្នុង​ស្តុក​ឱ្យបាន​យ៉ាងតិច ២០​ ថ្ងៃ ​សម្រាប់​បំពេញតម្រូវការ​ប្រើប្រាស់​ក្នុងស្រុក​។​

​អ្នកជំនាញ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា លោក ហុង វណ្ណៈ បាន​និយាយថា ការ​កើន​ចំនួន​ទឹកប្រាក់​នាំ​​ចូល​ប្រេង គឺ​ដោយសារតែ​តម្លៃ​ប្រេង​នៅ​ទីផ្សារ​អន្តរជាតិ​កើនឡើង ពិសេស​ចាប់​​ពី​ចុងខែ​កុម្ភៈ ឆ្នាំ ​២០២២ ដែល​ប្រទេស​​រុស្ស៊ី ​ចូលលុកលុយ​ប្រទេស​អ៊ុយ​ក្រែ​ន​។ ចំនួន​ទឹកប្រាក់​នាំចូល​ប្រេង​របស់​កម្ពុជា នឹង​កើនឡើង​ខ្ពស់​ថែមទៀត ព្រោះ​តម្លៃ​ប្រេង​លើ​ទីផ្សារ​អន្តរជាតិ​នឹង​បន្ត​ឡើង ព្រោះតែ​អតុល្យភាព​រវាង​ការផ្គត់ផ្គង់ និង​តម្រូវការ​។​

​លោក​ប្រាប់ថា​៖ «​បើ​មើល​ស្ថានភាព​ពេលនេះ គឺ​តម្លៃ​ប្រេងឥន្ធនៈ​នឹង​នៅ​បន្ត​ឡើង​ទៀត ហើយ​ចំនួន​ទឹកប្រាក់​ដែល​កម្ពុជា​នាំចូល ក៏​ឡើង​តាម​នោះដែរ​»​។​

​លោក​បន្ថែមថា ដោយសារ​ប្រេងឥន្ធនៈ​ចូលរួម​នៅក្នុង​គ្រប់​ខ្សែចង្វាក់​ផលិតកម្ម​ចាប់តាំងពី​ការដាំដុះ កែច្នៃ វេច​ខ្ចប់ និង​ដឹកជញ្ជូន ដូច្នេះ​បើ​តម្លៃ​ប្រេង​បន្ត​កើន វា​នឹង​អាច​បង្កឱ្យមាន​បញ្ហា​ច្រើន​ដល់​ប្រាក់ចំណូល​របស់​ប្រជាជន និង​សេដ្ឋកិច្ច​ប្រទេសជាតិ​ផងដែរ​៕