​ភ្នំពេញៈ តម្លៃ​ទីផ្សារ​សរុប​នៃ​ការធ្វើ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក នៅ​កម្ពុជា​ក្នុង​ឆ្នាំ​ ២០២១ មាន​ចំនួន​ជាង ៩៧០ ​លាន​ដុល្លារ កើន​ជិត ២០ ភាគរយ​ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​ ២០២០​។​

​បើ​យោងតាម​ការចេញផ្សាយរ​បស់​វិទ្យាស្ថាន​បណ្តុះបណ្តាល​ពាណិជ្ជកម្ម និង​ស្រាវជ្រាវ​ (TTRI) នៃ​ក្រសួង​ពា​ណិ​ជ្ជ​កម្ម កាលពី​ថ្ងៃទី​ ៣០ ខែ មិថុនា ឆ្នាំ​ ២០២២ បាន​បង្ហាញថា ទំហំ​ទីផ្សារ​សរុប​នៃ​ការធ្វើ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​នៅ​កម្ពុជា ក្នុង​ឆ្នាំ​ ២០២១ មាន​ទំហំ ៩៧០,១​ លាន​ដុល្លារ កើន​​ជាង ១៩,២​ ភាគរយ​បើ​ធៀប​នឹង​រយៈ​​ពេល​ដូចគ្នា​ឆ្នាំ​ ២០២០ ដែលមាន​ទឹក​ប្រាក់ ៨១៣,២៥​ លាន​ដុល្លារ​។

ចំពោះ​ចំណូល​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក​តាម​វិស័យ​វិញ​រួមមាន សម្លៀក​​បំពាក់​ចំនួន ២៦៣,៣០ ​លាន​ដុល្លារ​, គ្រឿង​អេឡិចត្រូនិក ២៥៤,៤០​ លាន​ដុល្លារ​, គ្រឿងសម្អាង ផលិតផល​សុខ​ភាព និង​សម្ភារ​ប្រើប្រាស់ ២៣០,៥​ លាន​ដុល្លារ​, ម្ហូបអាហារ និង​ភេសជ្ជៈ ១០១,៤៨​ លាន​ដុល្លារ និង​សម្ភារ​ក្មេង​លេង សម្ភារ​កម្សាន្ត សម្ភារ​កែច្នៃ គ្រឿង​​សង្ហារិម និង​ប្រព័ន្ធ​ផ្សព្វផ្សាយ ១២០,៤២​លាន​ដុល្លារ​។​

​ក្នុង​អត្ថបទ​ទស្សនៈ​ផ្សព្វផ្សាយ​កាល​ពីថ្ងៃ​ទី​ ៣០ ខែមិថុនា​ ស្តីពី​ផល​ប៉ះ​ពាល់​នៃ​ច្បាប់​ស្តីពី​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក និង​បទ​ប្បញ្ញត្តិ អនុវត្ត​នានា​លើ​ធុរកិច្ច និង​សេដ្ឋកិច្ចកម្ពុជា​ដែល​រៀបចំ​ដោយ​លោក ហោ អៀង​ឆាយ ប្រធាន​វិទ្យាស្ថាន​បណ្តុះបណ្តាល​ពាណិជ្ជកម្ម និង​ស្រាវជ្រាវ ​(TTRI) នៃ​ក្រសួងពាណិជ្ជកម្ម ឱ្យដឹងថា ទីផ្សារ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​នៅ​កម្ពុជា​មានតម្លៃ​ប្រហែល ១,៥​ ពាន់​លាន​ដុល្លារ ដោយ​ការលក់​ត្រូវ​រំពឹងថា កើនឡើង​ដល់ ២៥១​ លាន​ដុល្លារ​ក្នុងឆ្នាំនេះ និង​កើន​ដល់ ៣៥៤​ លាន​ដុល្លារ​ ក្នុង​ឆ្នាំ​ ២០២៣​។​

​លោក អៀង​ឆាយ បញ្ជាក់ថា ដោយមាន​ការគាំទ្រ​យ៉ាងរឹងមាំ​ពី​ច្បាប់​ស្តីពី​ពាណិជ្ជកម្ម​តាម​ប្រ​​ព័ន្ធ​អេឡិចត្រូនិក ប្រជាជន​កាន់តែ​មាន​ទំនុកចិត្ត​លើ​ពាណិជ្ជ​កម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក ដោយ​ការលក់ និង​អន្ត​រកម្ម​អន​​ឡាញ​រវាង​អ្នកលក់ និង​អ្នកទិញ កើតឡើង​កាន់តែច្រើន ដែល​នេះ​មានន័យថា មនុស្ស​កាន់តែ​មាន​សម​ត្ថ​ភាព​ក្នុងការ​ទាក់​​ទង និង​ធ្វើ​ជំនួញ​គ្រប់​ទីកន្លែង​និង​គ្រប់ពេលវេលា​។​

​ម្ចាស់​ផលិតផល ថែរក្សា​សក់ ភារ​ព្រី​មៀម លោក រិ​ន សុ​ក្រិ​ត្យ ដែល​បាន​ប្រតិបត្តិ​អាជីវកម្ម​ភាគ​​ច្រើន​បំផុត​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក​បាន​ប្រាប់​ឱ្យដឹងថា ការ​ធ្វើ​ពាណិជ្ជកម្ម​តាម​អន​ឡាញ​នៅ​កម្ពុជា​នៅ​ថ្មី​នៅឡើយ ដែល​ធ្វើឱ្យ​ឱកាស​នៃ​ការរីកចម្រើន​មាន​ខ្ពស់ ខណៈ​ពលរដ្ឋ​ខ្មែរ​ភាគ​​ច្រើន​មានការ​យល់ដឹង​កាន់តែ​ទូលំទូលាយ​លើ​ការប្រើប្រាស់​បច្ចេកវិទ្យា​ឌីជីថល​នេះ​។​

​លោក​បន្តថា បណ្តាញ​សង្គម​នៅ​កម្ពុជា កាន់តែ​មាន​ភាព​ទូលំ​ទូលាយ​ខ្ពស់ ស្របពេល​ការរួម​ចំណែក​ពី​ស្ថាប័ន​ពាក់ព័ន្ធ​ដូចជា ក្រសួងពាណិជ្ជកម្ម​ជាដើម ក្នុងការ​បង្កើត​ច្បាប់​គ្រប់គ្រង និង​ការ​តម្រូវឱ្យ​ចុះបញ្ជី​ពា​ណិ​​ជ្ជ​កម្ម​ជាដើម បាន​ជំរុញ​ការធ្វើ​អាជីវកម្ម​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក​នេះ​កាន់​តែមាន​ទំនុកចិត្ត​រវាង​អ្នកលក់ និង​អ្នកទិញ​។​

​លោក​បញ្ជាក់ថា​៖ «​បច្ចុប្បន្ន​យើង​ឃើញថា​មិនមែន​តែ​គ្រឿងសម្អាង​នោះទេ គឺមាន​ទំនិញ​គ្រប់យ៉ាង​ដែល​ត្រូវបាន​ដាក់លក់​តាម​ប្រព័ន្ធ​អេឡិចត្រូនិក ឬ​អន​ឡាញ​នេះ​។ យើង​ចង់ឱ្យ​ក្រសួង​ពាក់ព័ន្ធ​ផ្តល់ព័ត៌មាន​ឱ្យបាន​ច្បាស់​ដើម្បីឱ្យ​អ្នករកស៊ី​នៅ​ផ្នែក​នេះ​មាន​ភាព​ប្រាកដ​ប្រជា ជាពិសេស​ពាក់ព័ន្ធ​នឹង​កាតព្វកិច្ច​ពន្ធ​ផ្សេង​»​។​

​ទំហំ​ទីផ្សារ​សរុប​នៃ​ការធ្វើ​ពា​​ណិ​ជ្ជ​កម្ម​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក ក្នុង​ឆ្នាំ ​២០២២ ត្រូវ​រំពឹងថា នឹង​កើន​ដល់ ១ ១១៧,២៩ ​លាន​ដុល្លារ​,​ កើន​ដល់ ​១ ២៨៧,២៣ ​លាន​ដុល្លារ​ក្នុង​ឆ្នាំ​ ២០២៣ កើន​ដល់ ១ ៥០៩,៨៦​ លាន​ដុល្លារ ក្នុង​ឆ្នាំ​ ២០២៤ និង​ដល់ ១ ៧៨២,៣៤ ​លាន​ដុល្លារ​ក្នុង​ឆ្នាំ​ ២០២៥៕