ភ្នំពេញៈ ចំណូល​ពី​ការលក់​សំបុត្រ​ឱ្យ​ភ្ញៀវទេសចរ​បរទេស​ទៅកាន់​រមណីយដ្ឋាន​អង្គរ ក្នុង​ឆមាស​ទី​១ ឆ្នាំ​ ២០២២ មាន​ទឹកប្រាក់​ជាង ២,៤​ លាន​ដុល្លារ កើន​ជាង ១ ០០០ ​ភាគរយ​ បើ​ធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២១ ខណៈ​មន្ត្រី​អះអាងថា​ ជាស​ញ្ញា​វិជ្ជមាន​នៃ​ការ​ត្រឡប់មកវិញ​នៃ​ភ្ញៀវ​បរទេស បើទោះបីជា​ចំនួន​នៅមានកម្រិត​ទាប​ក៏ដោយ​។​

​សេចក្តីប្រកាស​ព័ត៌មាន​របស់​គ្រឹះស្ថាន​អង្គរ​ចេញផ្សាយ​ក្នុង​ថ្ងៃទី​ ១ ខែ កក្កដា បង្ហាញថា ចាប់ពី​ខែមករា ដល់​ខែឧសភា ​ឆ្នាំ​ ២០២១ ទេសចរ​បរទេស​ចូលមក​ទស្សនា​រមណីយ​ដ្ឋា​ន​អង្គរ​មាន​ចំនួន​សរុប ៥៩ ៩៨៣​ នាក់ កើន​ជាង ១ ០០០​ ភាគរយ ខណៈ​ចំណូល​ទទួលបាន​សរុប ២ ៤២០ ០៨១​ ដុល្លារ​ កើន​ជាង ១ ០០០ ​ភាគរយ​ បើ​ធៀប​រយៈ​ពេល​ដូចគ្នា​នៅក្នុង​ឆ្នាំ​ ២០២១​។ ដោយឡែក​ចំណូល​បាន​ពី​ការលក់​សំបុត្រ​ចូល​ទស្សនា​ប្រា​សាទ​កោះ​កេរ​វិញ បាន​សរុប ១៥ ៩៩០​ ដុល្លារ ស្មើ​ទេសចរ​ចំនួន ១ ០៦៦​ នាក់​។​

​លោក ឡុង កុសល អ្នក​នាំ​ពាក្យ​អាជ្ញាធរ​ជាតិ​អប្សរា បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ថា ថ្វីដ្បិតតែ​ចំណូល និង​ចំនួន​ទេសចរ​នៅមាន​ចំនួន​តិចតួច​បើ​ធៀប​នឹង​មុនពេល​មាន​ជំងឺ​កូ​វីដ​ ១៩ ប៉ុន្តែ​កំណើន​នេះ​ជាស​ញ្ញា​នៃ​ការវិល​​ត្រឡប់​របស់​ភ្ញៀវទេសចរ បន្ទាប់ពី​វិបត្តិ​កូ​វីដ​ ១៩​។ លោក​បន្ថែមថា នេះ​ជាស​ញ្ញា​វិជ្ជមាន​សម្រាប់​ទេសចរណ៍​ក្នុង​ខេត្តសៀមរាប ដែល​បង្ហាញថា អង្គរ​នៅតែ​ជា​តំបន់​មាន​សក្តានុពល​ក្នុងការ​ទាក់ទាញ​ភ្ញៀវទេសចរ​។​

​លោក​បញ្ជាក់ថា​៖ «​អ្វីដែល​សំខាន់ ​គឺ​ការបង្កើន​នូវ​ទំនុកចិត្ត​ក្នុងការ​មក​ទស្សនា​រប​ស់​ភ្ញៀវ ដែល​នេះ​ជា​ចំណុច​សំខាន់​នៅក្នុង​ការគ្រប់គ្រង​រៀបចំ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​។ ការបង្កើន​ទំនុកចិត្ត​នេះ គឺ​តាមរយៈ​ការ​រក្សា​សុវត្ថិភាព​, ការផ្តល់​នូវ​ការ​ទស្សនា​កម្សាន្ត​ដោយ​ភាព​រីក​រាយ និង​ប្លែក​ភ្នែក​, ការរៀបចំ​វង់​ទស្សនាចរ និង​លំហូរ​នៃ​ភ្ញៀវ​​ទេសចរ​ពី​កន្លែង​មួយ​ទៅមួយ​កាន់​តែមាន​ប្រសិទ្ធភាព​»៕

វីដេអូ៖