ភ្នំពេញៈ តម្លៃ​ពោត​ក្រហម​នៅ​តាម​បណ្តាខេត្ត​ជាប់​ព្រំដែនប្រទេស​ថៃ​នា​ដើម​​រដូវ​​​ប្រមូល​​ផល​ លើក​ទី ​១ ឆ្នាំ​ ២០២២ បាន​កើន​ឡើង​គួរ​ឱ្យ​កត់​សម្គាល់​​​បើ​​ធៀប​នឹង​រយៈ​ពេល​​ឆ្នាំ​មុន ខណៈ​ក្នុង​ឆ្នាំ​នេះ​ក៏​មាន​​​វិនិយោគិន​​ចិន​មួយ​ចំនួនកំពុង​ធ្វើ​ការ​​​​​សិក្សា​ពីលទ្ធភាព​ក្នុង​​ការ​​នាំ​ចេញ​ពោត​ក្រហម​ទៅ​​ទីផ្សារ​ប្រទេស​ចិន​ផង​ដែរ​។ នេះ​បើ​​​តាម​ការ​អះអាង​របស់​​ថ្នាក់​ដឹក​នាំ​​​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​បាត់​ដំបង​។

ពោតក្រហម​ គឺ​ជា​ប្រភេទ​កសិផល​ដែល​គេ​និយម​យក​ទៅ​ប្រើ​ប្រាស់​ធ្វើ​ជា​ចំណី​សត្វ។ ជា​រៀង​រាល់​ឆ្នាំ​ដំណាំ​ពោត​ក្រហម ​ត្រូវ​បាន​គេ​ប្រមូល​ផល​ចំនួន​​ ២ ​​លើក ដោយ​លើក​ទី ១​ ​ចាប់ពី​ចុង​ខែ​មិថុនា ដល់​ខែសីហា និង​លើក​ទី ២ ចាប់ពី​ចុងខែ​តុលា ដល់​ខែកុម្ភៈ​។

លោក គឹម ហួត ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ខេត្តបាត់ដំបង បាន​ប្រាប់​​ភ្នំពេញ​​ប៉ុស្តិ៍​ក្នុង​​ថ្ងៃទី​ ៧ ខែកក្កដា​ថា ពោត​ក្រហម​នា​ដើម​រដូវ​ប្រមូល​ផល​ឆ្នាំ​​នេះ​បាន​កើន​ឡើង​ខ្ពស់​គួរ​ឱ្យ​​កត់​សម្គាល់ ដោយ​ក្នុង​ថ្ងៃ​នេះ ​(ថ្ងៃ​ទី ៧ ខែ​កក្កដា) ពោត​ក្រហម​មាន​​ស្នូល ​មាន​តម្លៃ​ជា​មធ្យម ៧៣០ ​រៀល​ក្នុង​ ១ ​គីឡូក្រាម ខណៈ​​ការ​ប្រមូល​ផល​សម្រេច​បាន​ប្រមាណ​​ ៣០ ​ភាគ​រយ​ហើយ។ លោក​បន្ត​ថា បច្ចុប្បន្ន​ផល​ពោត​ក្រហម​ក្នុង​ខេត្ត​បាត់​ដំបងប្រមាណ ៨០​ ភាគ​រយ​ត្រូវ​បាន​ឈ្មួញ​​នាំ​ចេញ​ទៅ​លក់​នៅ​ប្រទេស​ថៃ​ ខណៈ​សល់​ពី​នោះ​ត្រូវ​បានប្រមូល​ទិញ​ដោយ​ក្រុមហ៊ុន​ក្នុង​​​ស្រុក​យក​ទៅ​កិន​ធ្វើ​ចំណី​សត្វ។​ មួយ​វិញ​ទៀត​​ នៅ​ក្នុង​ពេល​ថ្មីៗ​​​នេះ​​មាន​​​អ្នក​វិនិយោគ​ចិន​មួយ​ចំនួន​​​កំពុង​​ចុះ​មក​សិក្សា​ពី​ការ​ដាំដុះ និង​តម្លៃ​​ពោត​ក្រហម​​​ក្នុង​ខេត្ត​បាត់ដំបង ​​ដើម្បី​ពិនិត្យ​លទ្ធភាព​​​នាំ​ចេញ​ទៅ​ប្រទេស​ចិន​ផង​ដែរ​។​

លោក​បាន​ថ្លែង​​​ថា៖ ​«​​ខ្ញុំ​បាន​ជួប​ជា​មួយ​ក្រុមហ៊ុនមក​ពី​ប្រទេស​​ចិន​ ២-៣​ ហើយ ដោយ​ពួក​គេ​មាន​គម្រោង​ប្រមូល​ទិញ​ពោត​ក្រហម​ពី​កម្ពុជា​ក្នុង​បរិមាណ​ច្រើន ប៉ុន្តែ​វា​នៅ​មាន​បញ្ហា​មួយ​ចំនួន​ដូច​ជា​ចម្ងាយ​ផ្លូវ​នៃ​ការ​ដឹក​ជញ្ជូន​ទៅ​កំពង់​ផែ (ក្រុងព្រះសីនុ) ដែល​​នឹង​ធ្វើ​ឱ្យ​តម្លៃ​ដើម​ខ្ពស់»។​

លោក​ប្រាប់​ទៀត​ថា ដោយ​សារ​តម្លៃ​ពោត​មាន​ភាព​ល្អ​ប្រសើរ​ជា​បន្ត​បន្ទាប់ បាន​ធ្វើ​ឱ្យ​​​ផ្ទៃដី​ដាំពោត​ក្រហម​ក្នុង​ឆ្នាំ ​២០២២ នេះ​កើន​ឡើង​ច្រើន​បើ​ធៀប​នឹង​ឆ្នាំ​មុន​។​

ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​បន្ទាយមាន​ជ័យ លោក ប៊ុក ឡាយជី បាន​និយាយ​ថា តម្លៃ​ពោត​ក្រហម​នៅ​​ខេត្ត​បន្ទាយ​មាន​ជ័យពេល​​​​នេះ​បាន​កើន​​ឡើង​ច្រើន​បើ​ធៀប​នឹង​ឆ្នាំមុន​ ដោយ​ក្នុងពេល​នេះ​​​ពោត​ក្រហមជាប់​​​ស្នូល មាន​តម្លៃ​ចន្លោះ​ពី ៦៨០​-៧៤០ ​​រៀល​ក្នុង​ ១​ គីឡូក្រាម (​អាស្រ័យ​​លើ​កម្រិត​​​សើម ឬ​ស្ងួត​) ដែល​តម្លៃ​នេះ​​​កើន​ពីចន្លោះ​ ៤៥០-​​៥១០ រៀល​​នា​រយៈ​ពេល​ដូច​គ្នា​ឆ្នាំ​ ២០២១​។ ជា​ធម្មតា​ពោត​ក្រហម​ក្នុង​ខេត្ត​បន្ទាយមានជ័យ ​ត្រូវ​បាន​នាំ​ចេញ​ទៅ​លក់​នៅ​​ប្រទេស​ថៃ និង​នាំ​ទៅ​លក់​បន្ត​នៅ​​ខេត្ត​បាត់​ដំបង​។

លោកនិយាយ​ថា៖​ «​តម្លៃ​ពោត​ក្រហម​ក្នុង​ឆ្នាំ​នេះ​មានកើនឡើង​គួរឱ្យ​កត់​សម្គាល់បើ​ធៀប​នឹង​ឆ្នាំ​មុន ខណៈ​ផ្ទៃដីដាំដុះពោតក្រហម​​ ស្ថិត​នៅ​​​ប្រហាក់​ប្រហែល​ឆ្នាំ​មុន គឺ​​ជិត ១​ ម៉ឺនហិក​តា»។

លោក​ប្រាប់ទៀត​ថា ដោយ​សារ​ខេត្ត​បន្ទាយ​មាន​ជ័យ​មិន​មាន​ឡសម្ងួត​គ្រប់​គ្រាន់ និង​ជា​រដូវ​ភ្លៀង​ផងនោះ ​ដូច្នេះពោត​ក្រហម ត្រូវ​បាន​លក់​ទាំង​ស្នូល​តែ​ម្តង​។​

បន្ថែម​លើ​នេះ លោក ឡាយជី ប្រាប់​ទៀត​​​ថា ការ​បង្ក​បង្កើន​ផល​កសិកម្ម​ក្នុង​ឆ្នាំ​នេះ​ក៏​កំពុង​ជួប​ប្រទះ​​នឹង​បញ្ហា​នៃ​​ការ​កើន​ឡើង​តម្លៃជីកសិកម្ម​ផង​ដែរ​។​

លោកស្រី ចាន់ មួយ ម្ចាស់​សៃ​ឡូមួយ​កន្លែង​ នៅ​ស្រុក​​សំពៅ​លូន ខេត្ត​បាត់ដំបង បាន​ប្រាប់​​​ថា តម្លៃ​ពោត​ក្រហម​នា​ដើម​​ដៃ​នេះ​ បាន​​កើន​ឡើង​ច្រើន​បើ​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​ឆ្នាំ​មុន ដោយ​ពោត​ជាប់​ស្នូល​ក្នុង​ថ្ងៃ​​​ទី ​៧ ខែ​កក្កដា មានតម្លៃ​​ចន្លោះ​ពី​ ៦៨០-៧៤០ ​រៀល​​​ក្នុង​១​គីឡូក្រាម និង​​ពោត​ស្ងួត (ពោតគ្រាប់) មាន​តម្លៃ​ ១ ៣០០​ រៀល​ ដោយ​​​កើនឡើង​ពី ៥១០-៥៧០​រៀល​ និង​ ៨១០-១០ ៣០ ​រៀល​​រៀង​គ្នា​។​ ម្យ៉ាង​ទៀត​ផល​ដែល​ប្រមូល​បាន​ក្នុង​ឆ្នាំ​នេះ ក៏​មាន​ចំនួន​ច្រើន​ជាង​ឆ្នាំ​មុន​ផង​ដែរ​។

លោកស្រី​​​និយាយ​ថា៖​ «សម្រាប់​តម្លៃ​នៅ​ពេល​ដំបូង​នេះ គឺ​កើន​ឡើង​ខ្ពស់​គួរ​ឱ្យ​កត់​សម្គាល់ ប៉ុន្តែ​វា​អាច​នឹងប្រែ​ប្រួល​វិញ​ ព្រោះ​​​ការ​ប្រមូល​ផល​ទើបចាប់​ផ្តើម​បាន​ជាង​១​សប្តាហ៍ប៉ុណ្ណោះ​»។

​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តបាត់ដំបង លោក ឈឹម វ​ជិ​រ៉ាបាននិយាយ​​ថា ​ទោះ​បី​​​ការ​ប្រមូល​ផល​ពោត​ក្រហម​រហូត​មក​ដល់​ពេលនេះ​​ទើប​សម្រេច​បាន​ប្រហែល​ ១០ ​ភាគ​រយ ប៉ុន្តែជា​ទូទៅ​ទិន្នផលគឺ​មាន​ភាព​ល្អ​ប្រសើរ​ជាង​ឆ្នាំ​មុន បើ​ទោះ​បី​​​ពោត​ក្រហម​ក្នុង​ឆ្នាំនេះ​មាន​​​ការ​បំផ្លាញ​មួយ​ចំនួន​ពី​ដង្កូវ​​ក៏​ដោយ​។​ លោក​បន្ត​ថា ក្នុង​នាម​ជា​មន្ទីរជំនាញ លោក​ និងក្រុមការងារ​តែងចុះ​ជា​ប្រចាំ​ដើម្បី​ធ្វើ​ការ​ផ្សព្វផ្សាយ​ពី​បច្ចេក​ទេស​ដាំដុះ ពូជ និង​ទីផ្សារ​ដើម្បី​ឱ្យ​ប្រជាកសិករ​​ទទួល​បាន​ចំណូល​កាន់​តែ​ប្រសើរ​ពី​មួយ​ឆ្នាំ​ ទៅ​មួយ​ឆ្នាំ​។​

យោង​តាម​តួលេខមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ក្នុង​​ខេត្ត​បាត់​ដំបង ផ្ទៃដី​ដាំពោត​ក្រហម​​នា​រដូវ​ប្រមូល​ផល​​​​ឆ្នាំ ​២០២២ នេះ​ មានចំនួន ៥៥ ១៨៣​ ហិកតា កើន​​​ពី​ចំនួន ៣០ ៣៩៧​ ហិកតានា​​រយៈ​ពេល​ដូច​គ្នា​ឆ្នាំ​មុន។

លោក វ​ជិ​រ៉ា បាន​និយាយ​ថា៖ ​«​ផ្ទៃដី​ដាំពោតក្រហម និង​ផ្ទៃដី​ដាំ​ដំឡូងមី តែ​ងប្រែប្រួល​ជា​រៀងរាល់​ឆ្នាំ គឺ​ពេល​ណា​ ពោត​ក្រហម​បានតម្លៃ​ខ្ពស់​​ប្រជាជននាំ​គ្នា​មក​ដាំ​ពោតក្រហម​ និង​នៅ​ពេល​​ដំឡូងមីបាន​ថ្លៃ​ គេ​នាំ​គ្នា​ដាំ​ដំឡូងមីវិញ​»៕​