ភ្នំពេញៈ ក្រុមហ៊ុនប្រេងកាតប្រទេសថៃ ភីធីធី (PTT) និងក្រុមហ៊ុន Cambodia Natural Gas Corp កំពុងសហការគ្នាជំរុញការវិនិយោគឧស្ម័នធម្មជាតិពង្រាវ (LNG) នៅកម្ពុជា ដែលជាថាមពលល្អសម្រាប់ការប្រើប្រាស់មិនបំពុលបរិស្ថាន និងផ្តល់ផលប្រយោជន៍សម្រាប់ពេលអនាគតយូរអង្វែង។
លោក ជៀប សួរ អ្នកនាំពាក្យ និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានប្រេងកាត នៃក្រសួងរ៉ែ និងថាមពល បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា ក្នុងកិច្ចប្រជុំក្រុមការងារបច្ចេកទេសលើកទី៣ នៃការអនុវត្តកិច្ចសហប្រតិបត្តិការលើវិស័យប្រេង និងឧស្ម័ន ជាមួយក្រុមហ៊ុនប្រេងកាតជាតិថៃ PTT បានផ្តោតលើចំណុចសំខាន់ៗមួយចំនួនដូចជា ការចែករំលែកអំពីបច្ចុប្បន្នភាពតម្រូវការ និងផែនការថាមពលរយៈពេលវែងនៃប្រទេសទាំង ២, អាជីវកម្មរបស់ក្រុមហ៊ុន PTT នៅកម្ពុជា និងបទប្បញ្ញត្តិបច្ចេកទេសពាក់ព័ន្ធ, ការវិនិយោគលើឧស្ម័នធម្មជាតិពង្រាវ (LNG) ជាថាមពលនាពេលអនាគត និងយូរអង្វែង ក៏ដូចជាការស្វែងរកសក្តានុពលនៃកិច្ចសហប្រតិបត្តិការលើធុរកិច្ចនៅកម្ពុជា។
លោកបានបន្ថែមថា ភាគីទាំង ២ នឹងបន្តកិច្ចសហការឱ្យបានល្អ ជាពិសេសការរំលែកបទពិសោធ បច្ចេកវិទ្យាចំណេះដឹងក្នុងវិស័យប្រេង និងជំរុញឱ្យការវិនិយោគពីក្រុមហ៊ុនមកកម្ពុជាបន្ថែមទៀតលើវិស័យឧស្ម័នធម្មជាតិពង្រាវ ឬហៅថា Liquefied natural gas (LNG)។
លោកបានបន្ថែមថា៖ «ក្រុមហ៊ុន ភីធីធី បានវិនិយោគលើស្ថានីយប្រេងឥន្ធនៈ និងហាងកាហ្វេអាម៉ាហ្សូន ជាយូរណាស់មកហើយ។ ជាមួយគ្នានេះក្រុមហ៊ុនក៏បានសហការជាមួយក្រុមហ៊ុន Cambodia Natural Gas Corp ដែលជាក្រុមហ៊ុនចិន ក្នុងការនាំចូលមកកម្ពុជា ដោយបច្ចុប្បន្នក្រុមហ៊ុនទាំង ២ កំពុងតែជំរុញទីផ្សារឧស្ម័នធម្មជាតិពង្រាវ (LNG) នេះបណ្តើរៗដែរ»។
ក្រុមហ៊ុន Cambodia Natural Gas Corp គឺជាប្រតិបត្តិករឧស្ម័នធម្មជាតិតែ ១ គត់នៅប្រទេសកម្ពុជា ក្នុងការផ្គត់ផ្គង់ថាមពលឧស្ម័នធម្មជាតិនៅកម្ពុជា ដោយបានចាប់ផ្ដើមនាំចូល LNG មកប្រទេសកម្ពុជា នាដើមឆ្នាំ២០២០។
លោក ស៊ឺន នីត ម្ចាស់ស្ថានីយប្រេងឥន្ធនៈ ភីធីធី ព្រែកកំពឹស នៅខណ្ឌដង្កោ រាជធានីភ្នំពេញបានប្រាប់ថា ស្ថានីយរបស់លោកមិនទាន់មានលក់ផលិតផលឧស្ម័នធម្មជាតិ (LNG) ដែលជាផលិតផលថ្មីរបស់ក្រុមហ៊ុន ភីធីធី នៅឡើយទេ។
លោកបន្ថែមថា បើសិនជានៅកម្ពុជា មានការជំរុញឱ្យប្រើប្រាស់ឧស្ម័នធម្មជាតិ (LNG) កាន់តែទូលំទូលាយ លោកនឹងពិចារណាដំឡើងគ្រឿងបរិក្ខារ ដើម្បីបន្ថែមផលិតផលថ្មីនេះបន្ថែមទៀត។
លោកបញ្ជាក់ថា៖ «ក្នុងនាមជាអ្នកចែកចាយប្រេងឥន្ធនៈនៅកម្ពុជា ខ្ញុំចង់ឱ្យមានការប្រើប្រាស់ឧស្ម័នធម្មជាតិនេះកាន់តែច្រើន ព្រោះសព្វថ្ងៃការប្រើប្រាស់ប្រេងឥន្ធនៈកាន់តែមានផលប៉ះពាល់ចំពោះបរិស្ថាន។ យើងមិនត្រឹមតែចង់ចំណេញប្រាក់ទេ ប៉ុន្តែយើងក៏ចង់រួមកាត់បន្ថយការបំពុលបរិស្ថានដែរ»។
ការផ្សព្វផ្សាយរបស់ក្រុមហ៊ុន Cambodia Natural Gas Corp បានឱ្យដឹងថា LNG គឺជាឧស្ម័នធម្មជាតិក្នុងទម្រង់រាវ ដែលត្រូវបានផលិតដោយការបន្ថយឧស្ម័នធម្មជាតិចុះដល់ប្រមាណ -១៦២ អង្សាសេ។ ក្នុងដំណើរការនេះមិនត្រឹមតែសីតុណ្ហភាព និងទម្រង់នៃការផ្លាស់ប្តូរឧស្ម័នធម្មជាតិប៉ុណ្ណោះទេបរិមាណរបស់វាក៏ប្រែតូចជាងមុន ៦០០ ដង ហើយវាគ្មានពណ៌ គ្មានក្លិន គ្មានជាតិពុល និងមិនរលួយ ហើយឧស្ម័ននេះមិនអាចដុតឆេះបានទេ។
ក្រុមហ៊ុន នេះក៏ទទួលបានសិទ្ធិផ្តាច់មុខរយៈពេល ៣០ ឆ្នាំ ក្នុងការនាំចូលឧស្ម័នធម្មជាតិនៅក្នុងប្រទេសកម្ពុជា រួមទាំងមិនបានកំណត់ចំពោះសិទ្ធិនាំចូលផ្តាច់មុខរបស់ LNG10, សិទ្ធិសាងសង់ស្ថានីយ LNG, សិទ្ធិក្នុងប្រតិបត្តិការបំពាក់បំពង់បង្ហូរឧស្ម័នធម្មជាតិ, សិទ្ធិដឹកជញ្ជូន LNG តាមរថយន្ត, សិទ្ធិផ្គត់ផ្គង់ហ្គាស និងទីតាំងផលិតហ្គាសទាំង ២៥ ខេត្ត-ក្រុងក្នុងប្រទេសកម្ពុជា។
ក្រុមហ៊ុនមានគោលដៅរយៈពេលមធ្យម គឺត្រូវសាងសង់ស្ថានីយទទួល LNG សម្រាប់ទទួលកប៉ាល់ LNG និងការផ្គត់ផ្គង់ថាមពលចំនួនច្រើន ខណៈគោលដៅរយៈពេលវែង គឺត្រូវកសាងបណ្តាញបំពង់ជាដើម៕