​ភ្នំពេញៈ ក្រុមហ៊ុន GVT Motor Co., Ltd ដែលមាន​មូលដ្ឋាន​នៅ​អឺរ៉ុប បាន​បណ្តាក់ទុន​ប្រមាណ ១៥,៦​ លាន​ដុ​ល្លារ ​បង្កើត​រោងចក្រ​ដំឡើងរថយន្ត​នៅ​កម្ពុជា ដែលជា​ការពង្រីក​វត្តមាន​របស់ខ្លួន និង​ទាញយក​សក្តានុពល​ដ៏​ធំ​នៅក្នុង​ប្រទេស​អាស៊ីអាគ្នេយ៍​មួយ​នេះ​។​

​គម្រោង​វិនិយោគ​នេះ​ត្រូវបាន​អនុ​ម័ត​ដោយ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) កាលពី​ថ្ងៃទី​ ១៧ ខែមិថុនា​។ រោងចក្រ​ដំឡើងរថយន្ត​នេះ​ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​ ៣ ក្នុងស្រុក​គងពិសី ខេត្តកំពង់ស្ពឺ​ ​និង​បង្កើត​ការ​​ងារ​ថ្មី​ចំនួន ៧៣៨​ កន្លែង​។​

​លោក លឹម ហេង អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា​បានឱ្យដឹងថា ការវិនិយោគ​នេះ​បង្ហាញ​ពី​ទំនុកចិត្ត និង​ការជឿជាក់​របស់​វិនិយោគិន​ក្នុងស្រុក និង​បរទេស ជាពិសេស​ពួកគេ​យល់​អំពី​អត្ថ​ប្រយោជន៍​ដែល​កម្ពុជា​បានធ្វើ​កំណែទម្រង់ និង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី និង​ពហុភាគី​កាន់តែច្រើន​។​

​លោក​ថ្លែងថា​៖ «​ខ្ញុំ​បាន​កត់​សម្គាល់​ឃើញថា យើង​ទទួល​​បាន​រំហូរ​វិនិយោគ​ក្នុង​វិស័យ​ថ្មីៗ​ជាច្រើន​ក្រៅពី​ឧស្សាហកម្ម​បែប​ប្រពៃណី គឺ​វិស័យ​កាត់ដេរ និង​វាយ​ន​ភណ្ឌ​។ នេះ​បញ្ជាក់​ពី​ការជឿជាក់ និង​ទំនុកចិត្ត​របស់​វិនិយោគិន​លើ​កំណើនសេដ្ឋកិច្ច ស្ថិរភាព​នយោបាយ និង​កំណែ​​ទម្រង់​ស៊ីជម្រៅ​របស់​រាជ​រដ្ឋា​ភិ​បាល ព្រមទាំង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ផ្សេងៗ​ទៀត​ ដែល​យើង​បាន​កំពុង​ធ្វើ​ហើយ​នឹងមាន​បន្ថែមទៀត​»​។​

​លោក​បន្តថា​៖ «​ការវិនិយោគ​នេះ​នឹង​ជួយ​ជំរុញ​ការធ្វើ​ពិពិធ​​កម្ម​ផ្នែក​សេដ្ឋកិច្ច និង​ធ្វើឱ្យ​កំ​ណើ​ន​សេដ្ឋកិច្ច​យើង​កាន់​តែមាន​និរន្តរភាព​»​។​

​លោក ហុង វណ្ណៈ អ្នក​ស្រាវ​​ជ្រាវ​សេដ្ឋកិច្ច​អន្តរជាតិ​នៃ​រាជ​បណ្ឌិត្យសភា​កម្ពុជាក៏​និយាយថា ជាមួយនឹង​កំណែទម្រង់​ស៊ី​​ជម្រៅ​របស់​រដ្ឋាភិបាល ពិសេស​ច្បាប់​វិនិយោគ​ថ្មី​ល្អប្រសើរ​នៃ​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត ក៏​ដូច​​ជា FTAs ក្នុង​តំបន់ និង​សកល​​លោក ជា​កត្តា​ដ៏​សំខាន់​ក្នុងការ​ទាក់ទាញ​ការវិនិយោគ​។​

​លោក​ថ្លែងថា​៖ «​ការសម្រេច​​ចិត្ត​វិនិយោគ​របស់​ក្រុមហ៊ុន​នេះ គឺ​ឆ្លុះបញ្ចាំង​ពី​កិច្ចខិតខំ​របស់​រដ្ឋាភិបាល​។ ការវិនិយោគ​លើ​ឧស្សាហកម្ម​ថ្មី​បន្ថែម​លើ​វិស័យ​កាត់ដេរ គឺជា​ដំណាក់កាល​ដ៏​សំខាន់​បង្ហាញ​អំពី​ការអភិវឌ្ឍ​បន្តិច​ម្តងៗ​នៃ​ឧស្សាហកម្ម​រថ​​យន្ត​នៅ​កម្ពុជា ដោយ​ក្រុមហ៊ុន​នេះ​មិន​ត្រឹមតែ​ផ្គត់ផ្គង់​ក្នុងស្រុក​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ខ្ញុំ​គិតថា​អាច​នឹង​នាំចេញ​ផងដែរ​»​។​

​លោក​បន្ថែមថា​៖ «​សម្រាប់​ការវិនិយោគ​លើ​វិស័យ​យាន​​យន្ត ​គឺជា​ការវិនិយោគ​រយៈពេល​វែង ដែល​នឹង​ជួយ​សេដ្ឋកិច្ច​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ និង​អាច​បង្កើន​ចំណូល​ពន្ធ​ជូន​រដ្ឋ និង​ជា​​ពិសេស​បង្កើត​ការងារ​កាន់តែច្រើន​សម្រាប់​ប្រជាពលរដ្ឋ​»​។​

GTV គឺជា​ក្រុមហ៊ុន​ដ៏​រឹងមាំ​បំផុត​មួយ​នៅ​អឺរ៉ុប​ខាងកើត​។ រយៈពេល​ជាង ១៥ ​ឆ្នាំ​មកហើយ ដែល GTV បាន​រក្សា​តំណែង​ឈានមុខ​គេ​ក្នុង​វិស័យ​ផ្គត់ផ្គង់​គ្រឿងបន្លាស់​សម្រាប់​រថយន្ត​ថ្មី និង​រថយន្ត​ជជុះ និង​សេវាកម្ម​ពាក់ព័ន្ធ​ដោយ​ផ្តល់ជូន​នូវ​ទំនិញ និង​សេវាកម្ម​ដ៏​ធំ​ទូលាយ​។ នេះ​បើ​យោងតាម​ក្រុមហ៊ុន​។​

​កាលពី​ថ្ងៃទី​ ១៦ ខែមិថុនា Ford ដែលជា​ក្រុមហ៊ុន​រថយន្ត​ឈានមុខ​គេ​របស់​អាមេរិក​បា​នស​ម្ពោ​ធ​រោងចក្រ​ដំឡើងរថយន្ត​នៅ​ខេត្តពោធិ៍សាត់​។ រោងចក្រ​នេះ​អាច​ដំឡើងរថយន្ត​បាន ៩ ០០០​ គ្រឿង ក្នុង ​១ ​ឆ្នាំៗ​៕