ភ្នំពេញៈ ចក្ខុវិស័យ​សំខាន់ៗ​ចំនួន ៤ ត្រូវ​បានកំណត់​សម្រាប់​ការអនុវត្ត​រយៈពេល​វែង (​ឆ្នាំ​២០២១-២០៣៥) ​ក្នុង​ផែន​ការ​មេ​អភិវឌ្ឍន៍​ទេសចរណ៍​ខេត្ត​​មណ្ឌលគិរី ​ដើម្បី​ប្រែក្លាយ​ទីនោះ​ទៅជា​គោលដៅ​អេកូ​ទេសចរ​​ណ៍​លំដាប់​អន្តរជាតិ និង​ជា​ខេត្ត​ដ៏​សំខាន់​ក្នុងការ​ផ្គត់ផ្គង់​ផ្កា បន្លែ ផ្លែឈើ និង​សាច់ សម្រាប់​បំពេញតម្រូវការ​ក្នុងស្រុក និង​ឈានដល់​ការនាំចេញ​។ នេះ​បើ​យោងតាម លោក ជុក ជំនោរ ប្រធាន​នាយកដ្ឋាន​អភិវឌ្ឍន៍​ផលិតផល​ទេសចរណ៍​នៃ​ក្រ​​សួង​ទេសចរណ៍​។​

​ការលើកឡើង​របស់ លោក ជុក ជំនោរ ប្រធាន​នាយកដ្ឋាន​អភិវឌ្ឍន៍​ផលិតផល​ទេសចរ​​ណ៍ និង​ជា​ប្រធាន​លេខាធិការ​​ដ្ឋា​ន​គណៈកម្មាធិការ​ដឹកនាំ​ផែនការមេ​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​ខេត្តមណ្ឌលគិរី (​គ​.​ដ​.​ផ​.​ម​) ​ត្រូវបាន​ធ្វើឡើង​ក្នុង​ពិធី​ផ្សព្វផ្សាយ​សមាសភាព​នៃ​គណៈកម្មាធិការ​ដឹកនាំ​ផែនការមេ​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​ខេត្តមណ្ឌលគិរី ​(​គ​.​ដ​.​ផ​.​ម​) អម​ជាមួយ​ការប្រកាស​ផែនការ​សកម្មភាព​នៃ​ផែនការមេ​អភិ​​វឌ្ឍន៍​ទេសចរណ៍​ខេត្ត​មណ្ឌល​​គិរី កាលពី​ថ្ងៃទី​៤ ខែ កក្កដា ឆ្នាំ ​២០២២ នៅ​ខេត្តមណ្ឌលគិរី​។​

​លោក​បញ្ជាក់ថា​៖ «​ផែនការ​​មេ​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​ខេត្តមណ្ឌលគិរី ត្រូវ​បានកំណត់​ចក្ខុវិស័យ​ក្របខ័ណ្ឌ​អនុវត្ត​រយៈ​​ពេល​វែង (២០២១-២០៣៥) ដោយ​ឈរលើ​ចក្ខុវិស័យ​សំខាន់​ចំនួន​ ៤»​។​

​យោងតាម​លោក ជំនោរ ចក្ខុ​វិស័យ​សំខាន់​ទាំង ​៤ រួមមាន ខេត្តមណ្ឌលគិរី​ ត្រូវបាន​កំណត់​ជា​គោលដៅ​អេកូ​ទេសចរណ៍​លំដាប់​អន្តរជាតិ និង​ជា​ខេត្ត​ដ៏​សំខាន់​ក្នុងការ​ផ្គត់ផ្គង់​ផ្កា បន្លែ ផ្លែឈើ និង​សាច់​សម្រាប់​បំពេញតម្រូវការ​ក្នុងប្រទេស និង​ឈានដល់​ការនាំចេញ​, ឆ្នាំ ​២០៣៥ ចំនួន​ភ្ញៀវទេសចរ​អន្តរជាតិ​មកកាន់​ខេត្តមណ្ឌលគិរី​នឹង​កើន​ឡើងដល់ ៩០​ ម៉ឺន​នាក់ ខណៈ​ចំនួន​ភ្ញៀវទេសចរ​ក្នុងស្រុក​នឹង​កើន​ដល់​ប្រមាណ ២​ លាន​នាក់ បង្កើត​ការងារ​បាន ៨​ម៉ឺន​កន្លែង និង​បង្កើត​ចំណូល​ដោយផ្ទាល់​ប្រមាណ ៥០០ ​លាន​ដុល្លារ និង​ដោយ​ប្រយោល​ ១ ០០០ ​លាន​ដុល្លារ​, ការរួមចំណែក​ធ្វើឱ្យ​ភូមិ​​ភាគ​ឦសាន ដែលមាន​ខេត្ត​​មណ្ឌលគិរី​ជា​ស្នូល ក្លាយជា​ប៉ូល​សេដ្ឋកិច្ច​ទី​៤ និង​ធ្វើ​សមា​ហ​រណកម្ម​ខេត្តមណ្ឌលគិរី​ជា​មួយ​តំបន់​ផ្សេង​ក្នុងប្រទេស និង​ក្នុង​តំបន់​, និង​រក្សា​តុល្យភាព​ឱ្យបាន​ម៉ឺងម៉ាត់​រវាង​ការអភិវឌ្ឍ​សេដ្ឋកិច្ច ទេសចរណ៍ និង​អន្តរ​​វិស័យ​គាំទ្រ ជាមួយ​ការអភិរក្ស​ធនធានធម្មជាតិ បេតិកភណ្ឌ​​វប្បធម៌ ជនជាតិដើម​ភាគតិច ធានាបាន​ផ្លែផ្កា​នៃ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម​ជា​អតិបរមា​។​

​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ លោក ថោង ខុន បាន​និយាយថា ផែនការ​មេនេះ​នឹង​ក្លាយជា​ឯកសារ​យុទ្ធសាស្ត្រ​ដ៏​សំខាន់​ក្នុង​ការជំរុញ​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍​ខេត្តមណ្ឌលគិរី ក៏ដូចជា​តំបន់​ភាគ​ឦសាន​ទាំង​​មូល ពិសេស​រួមចំណែក​ធ្វើឱ្យ​តំបន់​ភាគ​ឦសាន​ក្លាយជា​ប៉ូល​សេដ្ឋកិច្ច​ទី​៤ របស់​កម្ពុជា​។​

​លោក​ថ្លែងថា​៖ «​ដើម្បី​ជំរុញ​ការអនុវត្ត​ផែនការមេ​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​ខេត្ត​មណ្ឌល​​គិរី ​ប្រកបដោយ​ប្រសិទ្ធភាព និង​ប្រសិទ្ធ​ផល ខ្ញុំ​សូមឱ្យ​ក្រសួង​​ស្ថាប័ន​ពាក់ព័ន្ធ​យក​ខ្លឹមសារ និង​ផែនការ​សកម្មភាព​រយៈ​​ពេល​ខ្លី មធ្យម និង​វែង​ដែល​បានកំណត់​ក្នុង​ផែនការ​មេនេះ​បញ្ចូល​ទៅក្នុង​ផែនការ​សកម្ម​​ភាព​របស់ខ្លួន ដើម្បី​រួមចំណែក​សម្រេច​ឱ្យបាន​លទ្ធផល​ដូច​បានកំណត់​នៅក្នុង​ផែនការមេ ដោយ​ឈរលើ​ស្មារតី​បុ​រេ​សកម្ម និង​ការទទួលខុសត្រូវ​ខ្ពស់ ព្រោះ​ក្រសួងទេសចរណ៍ ពិតជា​មិន​​មានលទ្ធភាព​គ្រប់គ្រាន់​ក្នុងការ​​សម្រេច​ឱ្យបាន​លទ្ធផល​តាម​ផែនការ​ដែលមាន​លក្ខណៈ​សមាហរណកម្ម​នេះ​ទេ​»​។​

​លោកស្រី ឆាយ ស៊ីវ​លីន ប្រ​​ធាន​សមាគម​ទីភ្នាក់ងារ​ទេស​​ចរណ៍​កម្ពុជា បាន​ប្រាប់ ​ភ្នំពេញ​ ​ប៉ុ​ស្ត៍​ថា តាមរយៈ​ផែនការ​មេនេះ ខេត្តមណ្ឌលគិរី​នឹង​ក្លាយជា​កន្លែង​កម្សាន្ត​ថ្មី​មួយ​បន្ថែមទៀត​ដែល​នឹង​ជួយ​ធ្វើឱ្យ​រយៈពេល​ការ​ស្នាក់នៅ​របស់​ភ្ញៀវ​បរទេស​នៅ​កម្ពុជា​យូរ​ជាង​មុន​។​

​លោកស្រី​ថ្លែងថា​៖ «​ផែនការ​មេនេះ​ នឹង​ជួយ​ឱ្យ​កម្ពុជា​ទាក់​​ទាញ​ភ្ញៀវ​ដែល​និយម​ចូលចិត្ត​ធម្មជាតិ​ចូលមក​កម្សាន្ត​កាន់តែច្រើន បន្ថែម​លើ​តំបន់​ប្រា​សាទ និង​សមុទ្រ​»​។​

​បច្ចុប្បន្ន​ក្រៅពី​កិច្ចការ​ខាង​លើ​រដ្ឋាភិបាល​ក៏បាន​អនុញ្ញាតឱ្យ​កសាង​ព្រលានយន្តហោះ​ខេត្តមណ្ឌលគិរី​ ដើម្បី​ទាក់ទាញ​ទេសចរ និង​ការតភ្ជាប់​ពី​គោល​​ដៅ​ទេសចរណ៍​នានា​នៅក្នុង​ប្រទេស​ទៅ​ទីនោះ​ផងដែរ​៕