​ភ្នំពេញ​៖ វៀតណាម ផ្តល់​ការ​សិក្សា​អំពី​បច្ចេកទេស​ផលិត​កូន​ត្រី​ដល់​វា​រី​វប្បករ​កម្ពុជា ក្រោម​ការគាំទ្រ​ថវិកា​ដោយ​គម្រោង​ខាស់ (CAST) និង​សមាគម​សណ្តែកសៀង​អាមេរិក (ASA) ដើម្បី​ពង្រឹងសមត្ថភាព​ក្នុងការ​បង្កាត់ និង​ផលិត​កូន​ត្រី​ឱ្យ​កាន់តែ​មានគុណ​ភាពល្អ និង​បរិមាណ​ច្រើន ក្នុងតម្លៃ​ប្រកួតប្រជែង​នៅលើ​ទីផ្សារ​។​

​នៅក្នុង​សប្តាហ៍​នេះ ចាប់ពី​ថ្ងៃទី​ ០៤ ​ដល់​ ១០ ខែ កក្កដា សមាគម​វា​រី​វប្បករ​នៅ​កម្ពុជា បាន​ដឹកនាំ​សមាជិក ដែលជាអ្នក​បង្កាត់​ពូជ​ត្រី និង​អ្នក​ផលិត​កូន​ត្រី ទៅធ្វើ​ទស្សនកិច្ច​សិក្សា​នៅ​ប្រទេស​វៀតណាម ពិសេស​ទៅ​រៀនសូត្រ​អំពី​បច្ចេកទេស​ផលិត​កូន​ត្រី​នៅ​សាកលវិទ្យាល័យ​កាន់​ថឺ ទីក្រុង​កាន់​ថឺ តំបន់​ដីសណ្ត​ទន្លេមេគង្គ ភាគខាងត្បូង​ប្រទេស​វៀតណាម​។

​លោក ឡែ​ម ផូ​វរ​រិ​ទ្ធ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា មុន​សមាជិក ដែលជា អ្នក​បង្កាត់​ពូជ​ត្រី និង​អ្នក​ផលិត​កូន​ត្រី ទៅ​ទស្សនកិច្ច​សិក្សា​នៅ​វៀតណាម​នេះ អ្នកជំនាញ​នៃ​សាកលវិទ្យាល័យ​កាន់​ថឺ បានមក​បណ្តុះបណ្តាល​ដ​ល់វា​រី​វប្បករ នៅ​កម្ពុជា ចំនួន ​៦​លើក​រួចមកហើយ ប៉ុន្តែ​ដោយសារ​នៅ​កម្ពុជា​កង្វះខាត​ឧបករណ៍​ និង​គ្រឿង​បរិក្ខា​រទំនើប និង​រៀនសូត្រ​ត្រឹមតែ​ទ្រឹស្តី ទើប​គម្រោង​ខាស់ (CAST) និង ASA ផ្តល់​ការឧបត្ថម្ភ​ដល់​វា​រី​វប្បករ ទៅ​ប្រទេស​វៀតណាម ដើម្បី​មើល និង​សិក្សា​បន្ថែម​ពី​ដំណើរការ​នៃ​ការផលិត​ពូជ​ត្រី​របស់គេ​។​

​លោក​បាន​បញ្ជាក់ថា​៖ «យើង​រំពឹងថា សមាជិក​របស់​យើង ដែលជា​អ្នក​បង្កាត់​ពូជ​ត្រី និង​ផលិត​កូន​ត្រី នឹង​ទទួលបាន​ចំណេះ និង​បទពិសោធ​បន្ថែម​ពី​ដំណើរ​ទស្សនកិច្ច​សិក្សា​នេះ ដោយ​នឹង​អាច​ជំរុញ​ឱ្យ​គាត់​វិនិយោគ​បន្ថែម​លើ​ការផលិត​កូន​ត្រី​ដើម្បី​កាត់បន្ថយ​ការនាំ​ចូល​ពី​វៀតណាម ខណៈដែល​ការផលិត​កូន​ត្រី​នាបច្ចុប្បន្ន​នេះ មាន​ប្រមាណ​តែ​ ១ លានកូនក្នុងសមាជិកម្នាក់​»​។​

​លោក​បាន​បន្ថែមថា ក្នុងការ​បណ្តុះបណ្តាល​ពី​អ្នកជំនាញ​នៃ​សាកលវិទ្យាល័យ​កាន់​ថឺ​កន្លងមក ប្រភេទ​កូន​ត្រី​ដែល​គេ​បាន​បង្រៀន​ពី​របៀប​បង្កាត់​និង​ថែទាំ​រួមមាន កូន​ត្រី​ឆ្តោ កូន​ត្រី​ឆ្ពិន​និង​កូន​ត្រី​ប្រា ដែល​សុទ្ធតែជា​ប្រភេទ​ត្រី​មាន​តម្រូវការ​ច្រើន​នៅលើ​ទីផ្សារ​។​

​លោក ហាវ វិសិដ្ឋ អនុប្រធាន​រដ្ឋបាល​ជ​ល​ផល នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ បាន​ប្រាប់ឱ្យដឹង​ដែរ​ថា ការអភិវឌ្ឍ​ផ្នែក​វារីវប្បកម្ម​របស់​ប្រទេសជិតខាង​កម្ពុជា ប្រទេស​ផ្សេងទៀត​ក៏ដូចជា​ក្នុង​តំបន់​អាស៊ាន បាន​ដើរ​មុន​កម្ពុជា​ពី​ ១០​ ទៅ​ ២០ ​ឆ្នាំ ដូចនេះ​ការសិក្សា​រៀនសូត្រ​បន្ថែម​ពី​ប្រទេស​ទាំងនេះ គឺជា​ឱកាសល្អ សម្រាប់​ពង្រឹង​អនុវិស័យ​ជលផល​របស់​កម្ពុជា​។​

​លោក​បាន​បន្ថែមថា ការផលិត​កូន​ត្រី​របស់​កម្ពុជា មានការ​កើន​ឡើងជា​លំដាប់ ប៉ុន្តែ​មិនទាន់​គ្រប់គ្រាន់​តាម​តម្រូវការ​នៅឡើយ ដែល​ទាមទារ​ឱ្យ​ជំរុញ​ការផលិត​បន្ថែមទៀត ដោយ​រដ្ឋ​ជលផល ក្រោម​ជំនួយ​ពី​សហភាព​អឺរ៉ុប នឹង​ទទួលបាន​ការបណ្តុះបណ្តាល​បន្ថែមទៀត​ពី​អ្នកជំនាញ​ពី​ក្រៅប្រទេស ជុំវិញ​បច្ចេកទេស​ផលិត​កូន​ត្រី នៅ​អំឡុង​ខែសីហា ខាងមុខនេះ​។​

​លោក​បាន​គូសបញ្ជាក់ថា​៖ «ក្រោយ​ទទួលបាន​ការបណ្តុះបណ្តាល​បច្ចេកទេស​ពី​អ្នកជំនាញ​ហើយ យើង​បន្ត​បណ្តុះបណ្តាល​ចំណេះដឹង​ដល់​អ្នក​ផលិត​កូន​ត្រី​នៅក្នុង​ស្រុក​។​ដាច់ខាត យើង​ត្រូវតែ​ពង្រីក​ការផលិត​កូន​ត្រី ដើម្បី​បង្កើន​ផល​វារីវប្បកម្ម សំដៅ​កាត់បន្ថយ​ការនាំ​ចូល​ពី​ក្រៅប្រទេស​»​។​

​ថ្លែង​នៅក្នុង​ទិវា​មច្ឆា​ជាតិ កាលពី​ថ្ងៃទី ​០១ ខែកក្កដា ឆ្នាំ ២០២២ លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម និង​នេសាទ បានឱ្យដឹងថា ក្រសួង​បាន​ជំរុញ​ការអភិវឌ្ឍ​វារីវប្បកម្ម តាម​គ្រប់​រូបភាព​ដល់​ប្រជាកសិករ​និង​អ្នកវិនិយោគ ដើម្បី​ធានាបាន​នូវ​ការផ្គត់ផ្គង់​ត្រី កាត់បន្ថយ​ការនាំ​ចូល រក្សាបាន​តុល្យភាព​តម្លៃ​ទីផ្សារ ធានាបាន​នូវ​គុណភាព​ន​និង​សុវត្ថិភាព​ដល់​អ្នក​បរិ​ភោគ​។​

​លោក​បាន​បញ្ជាក់ថា​៖ «ក្រសួង​បានផ្តល់​ការគាំទ្រ​ផ្នែក​បច្ចេកទេស​ដល់​ផ្នែក​វារីវប្បកម្ម ដើម្បី​បង្កើន​ប្រាក់ចំណូល​ផងដែរ​។​ជា​ទិសដៅ គោលនយោបាយ​របស់​ក្រសួង គឺ​បង្កើន​ការគ្រប់គ្រង​ធនធាន​ជលផល​ឱ្យមាន​ប្រសិទ្ធភាព និង​និរន្តរ​ភាព តាមរយៈ​ការពង្រឹង​ការអនុវត្ត​ច្បាប់​ស្តីពី​ជលផល ជំរុញ​វារីវប្បកម្ម ឱ្យ​កើនឡើង ​២០ ​ភាគរយ​នៅក្នុង​មួយឆ្នាំ​»​។

​ស្ថិតិ​ពី​រដ្ឋបាល​ជលផល​បាន​បង្ហាញ​ថា កាលពី​ឆ្នាំ ​២០២១ ការផលិត​កូន​ត្រី​នៅតាម​ស្ថានីយនិង​មជ្ឈមណ្ឌល​វារីវប្បកម្ម​ទូទាំងប្រទេស បូករួម​ទាំង​ការផលិត​របស់​កសិក​រ មាន​សរុប​ប្រមាណ​ជាង ៣២៤​ លាន​កូន កើនឡើង​ជាង​ ៣៧​ ភាគរយ បើ​ធៀប​នឹង​ការផលិត​ក្នុង​ឆ្នាំ ​២០២០ ខណៈដែល​តម្រូវការ​សរុប​មាន​ប្រមាណ​ជាង​ ៥០០​ លាន​កូន​៕