
រូបភាព សហការី
ភ្នំពេញ៖ ម្ចាស់អាជីវកម្មជាស្ត្រី មកពី ២០ សហគ្រាស ក្នុងវិស័យសិប្បកម្ម និងកសិកម្ម ដែលជាសមាជិករបស់សមាគមកសិដ្ឋានស្ត្រី នឹងទទួលប្រាក់កម្ចីពីធនាគារសហគ្រាសធុនតូចនិងមធ្យម (SME Bank) ក្នុងអត្រាការប្រាក់ទាប ៥,៥ ភាគរយ ជាមួយនឹងលក្ខខណ្ឌងាយស្រួល ដើម្បីស្តារអាជីវកម្មរបស់ខ្លួនក្រោយវិបត្តិកូវីដ ១៩។
នៅក្នុងពីធីចុះអនុស្សរណៈយោគយល់គ្នា រវាងធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា (SME Bank) និងសមាគមកសិដ្ឋានស្ត្រី កាលពីថ្ងៃទី ០៤ ខែកក្កដា លោក លឹម អូន អគ្គនាយក SME Bank បានថ្លែងថា គម្រោង សហហិរញ្ញប្បទាន សម្រាប់សហគ្រាសធុនតូច និងមធ្យម ដែលក្នុងនោះមានសម្រាប់ដំណាក់កាលទី ១ ក្នុងទំហំទឹកប្រាក់ ១០០ លានដុល្លារ សម្រាប់វិស័យអាទិភាព របស់រាជរដ្ឋាភិបាល និងដំណាក់កាលទី ២ ក្នុងទំហំទឹកប្រាក់ ២៤០ លានដុល្លារ សរុបមានចំនួន ៣៤០ លានដុល្លារ ខណៈដែលដំណាក់កាលទី ៣ ដែលជាគម្រោងជួយដល់វិស័យទេសចរណ៍ និងបានចាប់ផ្តើមក្នុងខែកក្កដានេះ ដែលមានទំហំទឹកប្រាក់ ១៥០ លានដុល្លារ។
លោកបានបញ្ជាក់៖ «គម្រោងទាំង៣ដំណាក់កាលនេះ បូករួមទាំងកម្ចីផ្ទាល់របស់ធនាគារ ប្រមាណជិ ៥០០ លានដុល្លារនេះ បានជួយទៅលើវិស័យជាច្រើន ដោយនៅក្នុងនោះការផ្តល់ហិរញ្ញប្បទានដល់ស្ត្រីត្រូវបានផ្តល់អាទិភាព និងលើកទឹកចិត្តច្រើនតាមរយៈការផ្តល់ជូននូវលក្ខខណ្ឌពិសេសដូចជា ការប្រាក់ទាបជាងសហគ្រិនបុរស ជាដើម»។
លោកស្រី សូ គន្ធី ប្រធានក្រុមប្រឹក្សាភិបាលសមាគមកសិដ្ឋានស្ត្រី បានឱ្យដឹងដែរថា ការចុះអនុស្សរណៈយោគយល់គ្នា នេះ ដើម្បីចូលរួមលើកកម្ពស់ និងគាំទ្រសហគ្រាសដែលភាគច្រើនដឹកនាំដោយស្ត្រី ជាពិសេសសមាជិកនៃសមាគមកសិដ្ឋានស្ត្រី ដែលក្រុមអ្នកផលិត ដោយពួកគាត់នឹងទទួលបានលក្ខខណ្ឌពិសេសពីធនាគារ SME ជាងធនាគារផ្សេងទៀត ដែលធ្លាប់ខ្ចី ដើម្បីអភិវឌ្ឍអាជីវកម្មរបស់ខ្លួនប្រកបដោយប្រសិទ្ធភាព។
លោកស្រី គន្ធី បានបញ្ជាក់ថា ធនាគារ SME គឺជាធនាគារមួយ ដែលមិនត្រឹមតែផ្តល់ប្រាក់កម្ចីដល់សហគ្រិនស្ត្រីប៉ុណ្ណោះទេ ប៉ុន្តែធនាគារនេះ ក៏បានធ្វើការសិក្សាលើផលវិបាក និងស្តាប់ហេតុផលដែលសហគ្រិនស្ត្រីបានជួបប្រទះ និងមិនមានលក្ខខណ្ឌតឹងរ៉ឹងដូចធនាគារទូទៅនោះទេ។
លោកស្រីបានបញ្ជាក់ថា៖ «ធនាគារ SME បានឃើញពីស្ថានភាពរបស់ស្ត្រីជាម្ចាស់អាជីវកម្មនីមួយៗ និងបានយល់ពីការលំបាក ដែលស្ត្រីបានជួបប្រទះ ដូចនេះ កិច្ចសហការរបស់យើងនាពេលនេះ នឹងជួយសម្រួលបានកាន់តែច្រើនទៅលើលក្ខខណ្ឌរបស់ធនាគារ ដែលមានស្រាប់»។
បើតាមប្រធានក្រុមប្រឹក្សាភិបាលសមាគមកសិដ្ឋានស្ត្រីរូបនេះ បច្ចុប្បន្ន សមាគមមានសមាជិក ជាស្ត្រីអ្នកផលិត ដែលមកពីបណ្តា រាជធានីខេត្តក្រុង ក្នុងប្រទេសកម្ពុជា នឹងត្រូវបានបង្កើតឡើងអស់ពេលជាង ៥ ឆ្នាំមកហើយ ដោយសកម្មភាពរបស់ កសិដ្ឋានស្ត្រី បានដើរតួយ៉ាងសំខាន់ កម្លាំងជំរុញនៃស្ថិរភាពសេដ្ឋកិច្ច ការបង្កើតការងារ ការកែច្នៃប្រឌិតថ្មី និងជំរុញឱ្យមានបរិយាកាសប្រកួតប្រជែងវិស័យអាជីវកម្ម៕