ភ្នំពេញៈ ប្រទេស​ចិន ​សន្យានឹង​បង្កើន​ការ​នាំចូល​អង្ករ​របស់​កម្ពុជា​នៅពេល​ខ្លួន​បើក​ព្រំដែន​ពេញលេញ​ឡើងវិញ ខណៈ​ការ​​នាំចេញ​អង្ករ​ទៅ​ចិន​នៅ​ឆមាស​​ទី​១ ឆ្នាំ ​២០២២ នេះ មាន​ចំនួន ​១៦៨ ២៨០ ​តោន​កើន ១៧,៤៤​ ភាគរយ ​បើ​ធៀប​នឹង​ឆមាស​ទី​១ ឆ្នាំ ​២០២១​។​

​បើតាម​ការចេញផ្សាយរ​បស់​គេហទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា ស្តីពីជំនួប​ទ្វេភាគី​រវាង​រដ្ឋមន្ត្រីក្រសួង​​ការបរទេស​កម្ពុជា លោក ប្រាក់ សុខុន និង​រដ្ឋមន្ត្រីការបរទេស​​ចិន លោក Wang Yi នៅក្រៅ​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​នៃ​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង​លើក​ទី​៧ នៅ​ទីក្រុង​​បាកាន ប្រទេស​មី​យ៉ាន់​ម៉ា ភាគី​​ចិន​បាន​លើកឡើងថា ខ្លួន​នឹង​បង្កើន​ការនាំ​ចេញពី​កម្ពុជា​ទៅ​ប្រទេស​ចិន ​បន្ថែមទៀត ខណៈ​ចិន​នៅតែ​បន្ត​ឈរ​ជា​ប្រទេស​ទី​១ ដែល​បាន​ទិញ​អង្ករ​ពី​កម្ពុជា​នៅ​ឆមាស​ទី​១​ នេះ​។​

​លោក ហ៊ុន ឡាក់ ប្រធាន​ក្រុម​ប្រឹក្សា​ភិ​បាល​សហព័ន្ធ​ស្រូវ​អង្ករ​​កម្ពុជា បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ថា ការលើកឡើង​របស់​ភា​គី​​ចិន​ក្នុង​ការបង្កើន​ការទិញ​អង្ករ​ពី​កម្ពុជា គឺជា​ការបើកឱកាស​ប​ន្ថែ​ម​ទៀត​សម្រាប់​ការនាំ​អង្ករ​របស់​កម្ពុជា​ទៅ​ចិន​។​

​លោក​បន្ថែមថា យោងតាម​កិច្ចព្រមព្រៀង​ចុងក្រោយ​នេះ កម្ពុជា​ទទួលបាន​កូតា​នាំចេញ​អង្ករ​ទៅ​ចិន​ចំនួន ៤០ ​ម៉ឺន​តោន ដូច្នេះ​នៅពេល​មាន​ការចរចា​បើកផ្លូវ​បន្ថែម​រវាង​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង ​២ កូតា​នាំចេញ​អង្ករ​ទៅ​ចិន​លើក​ក្រោយ អាច​នឹង​លើស ៤០ ​ម៉ឺន​តោន​។​

​លោក​ប្រាប់ថា​៖ «​ចំនួន​កូតា​នាំ​អង្ករ​ទៅ​ប្រទេស​ចិន ​បាន​កើន​ឡើងជា​បន្តបន្ទាប់ គឺ​ពី ១០ ​ម៉ឺន​តោន​ដល់ ៤០ ​ម៉ឺន​តោន ​សម្រាប់​កិច្ចព្រមព្រៀង​ចុងក្រោយ​នេះ​។ ជំនួប​រវាង​ថ្នាក់​នាំ​ជាន់ខ្ពស់​ប្រ​ទេស​ទាំង ​២ គឺ​បង្ហាញ​ពី​សញ្ញា​វិជ្ជមាន និង​ជា​ឱកាស​សម្រាប់​យើង​នៅក្នុង​បង្កើន​ការផលិត​សម្រាប់​ការនាំចេញ​»​។​

​ទោះយ៉ាងណា​លោក​បន្ថែមថា ការនាំចេញ​អង្ករ​ទៅ​ចិន​នាពេល​បច្ចុប្បន្ន បាន​ជួប​ឧបសគ្គ​មួយចំនួន​ដូចជា ការឡើង​ថ្លៃ​តម្លៃ​ដឹកជញ្ជូន​ដោយសារ​ការ​​បិទ​ខ្ទប់​របស់​ចិន និង​ពិបាក​កក់​នាវា​ដឹកជញ្ជូន​ជាដើម​។​

​លោក លន់ យ៉េ​ង អគ្គលេខា​​ធិ​ការ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជាបាន​ប្រាប់ថា ឆ្នាំនេះ​សហព័ន្ធ​​ស្រូវ​អង្ករ​កម្ពុជា​រំពឹងថា ការនាំ​អង្ករ​ទៅ​ចិន អាចមាន​បរិមាណ​ពី ៣០-៤០​ ម៉ឺន​តោន អាច​គ្រប់​កូតា​ដែល​បានកំណត់​ក្នុង​កិច្ច​ព្រមព្រៀង​ចុងក្រោយ​ស្តីពី​ការ​កំណត់​កូតា​នាំ​អង្ករ​ចេញទៅ​ចិន កាលពី​ចុងឆ្នាំ ​២០២១​។​

​លោក​ថ្លែងថា​៖ «​ដោយសារ​យើង​បាន​អនុវត្ត​កូតា ៤០ ​ម៉ឺន​តោន​តាំងពី​ខែវិច្ឆិកា ឆ្នាំ ​២០២១ ដូច្នេះ​យើង​រំពឹងថា នៅ​ចុង​ឆ្នាំនេះ ការនាំ​អង្ករ​ទៅ​ចិន​អាច​នឹង​ដល់​កូតា​កំណត់​។ បើ​មើល​ទៅលើ​ការប្តេជ្ញាចិត្ត​របស់​ថ្នាក់​ដឹក​​នាំ​ប្រទេស​ទាំង​ ២ ​សម្រាប់​កូតា​លើក​ក្រោយនេះ​អាច​នឹង​បាន ៥០ ​ម៉ឺន​តោន តាម​ការរំពឹងទុករ​បស់​យើង​»៕