
លោក សុខ ចិន្តាសោភា ពន្យល់ពីឱកាសវិនិយោគនៅកម្ពុជា ទៅដល់ក្រុមវិនិយោគិនម៉ាឡេស៊ី។ រូបថត សហការី
ភ្នំពេញៈ អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានធានាដល់សហគមន៍ធុរកិច្ចម៉ាឡេស៊ីថា រាជរដ្ឋាភិបាលកម្ពុជានឹងប្រព្រឹត្តដោយស្មើភាពរវាងវិនិយោគិនក្នុងស្រុក និងបរទេស ខណៈច្បាប់វិនិយោគថ្មីផ្តល់ការលើកទឹកចិត្តផ្នែកពន្ធយ៉ាងច្រើន។
ថ្លែងទៅកាន់ក្រុមហ៊ុនជាច្រើនរបស់ប្រទេសម៉ាឡេស៊ី នៅក្រៅជំនួបមួយក្នុងពិធីពិសាអាហារថ្ងៃត្រង់ ដែលរៀបចំឡើងដោយសមាគមផ្គត់ផ្គង់ការលក់រាយម៉ាឡេស៊ី (MRCA) និងសាជីវកម្មសហគ្រាសធុនតូច និងមធ្យមម៉ាឡេស៊ី(SME Malaysia) កាលពីថ្ងៃទី ៥ ខែ មិថុនា លោក សុខ ចិន្តាសោភា ដែលជារដ្ឋមន្ត្រីអមនាយករដ្ឋមន្ត្រីផងដែរនោះ បានឱ្យដឹងថា មានកត្តាមួយចំនួនដែលរដ្ឋាភិបាលកម្ពុជាកំពុងតែធ្វើប្រកបដោយភាពជោគជ័យក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលជំងឺកូវីដ ១៩ និងបានផ្តល់លទ្ធភាពឱ្យកម្ពុជាអាចបើកដំណើរការសង្គម សេដ្ឋកិច្ចលើគ្រប់វិស័យពេញលេញឡើងវិញ ចាប់តាំងពីថ្ងៃទី ១ ខែ វិច្ឆិកា ឆ្នាំ ២០២១។
លោកថ្លែងថា៖ «ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងនាមស្ថាប័នជំរុញវិនិយោគ ត្រៀមខ្លួនរួចជាស្រេចក្នុងការផ្តល់សេវាថែទាំ និងសម្រួលដល់វិនិយោគិនម៉ាឡេស៊ី និងវិនិយោគិនគ្រប់ជាតិសាសន៍ ហើយច្បាប់ស្តីពីវិនិយោគថ្មីដែលចូលជាធរមាននាចុងឆ្នាំ ២០២១ ទៀតសោត ក៏ជាក្របខ័ណ្ឌគតិយុត្តមួយដ៏រឹងមាំដែលបានផ្តល់ការលើកទឹកចិត្តជាច្រើនដល់ការវិនិយោគក្នុងប្រទេសកម្ពុជាផងដែរ»។
ព្រឹត្តិការណ៍នេះដឹកនាំដោយលោក Sharan Valiram ប្រធានសមាគម MRCA និងលោក Dato Sri Ricky Yaw អនុប្រធានសាជីវកម្ម SME Malaysia និងក្រុមហ៊ុនឈានមុខគេរបស់ប្រទេសម៉ាឡេស៊ីចំនួន ១៥ ផ្សេងទៀត។
តំណាង MRAC និង SME Malaysia បានកត់សម្គាល់ពីការអភិវឌ្ឍយ៉ាងឆាប់រហ័សនៅគ្រប់វិស័យក្នុងប្រទេសកម្ពុជា នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ខណៈពួកគេក៏ពេញចិត្តនឹងការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពនៃការរីករាលដាលជំងឺកូវីដ ១៩ របស់រដ្ឋាភិបាល ដែលជាគន្លឹះក្នុងការបង្កើនការវិនិយោគ និងទំនុកចិត្តធុរកិច្ចឡើងវិញ។
អ្នកតំណាងសមាគមទាំង ២ នេះ បាននិយាយថា៖ «ជាមួយសញ្ញាវិជ្ជមានសម្រាប់ឱកាសវិនិយោគ មានក្រុមហ៊ុនម៉ាឡេស៊ីជាច្រើនគ្រោងនឹងពង្រីកអាជីវកម្មពួកគេមកកម្ពុជាក្នុងពេលឆាប់ៗនេះ»។ ដោយមានការគាំទ្រពីស្ថានទូតម៉ាឡេស៊ីប្រចាំនៅកម្ពុជា MRCA នឹងរៀបចំបេសកកម្មពាណិជ្ជកម្មរយៈពេល ៤ ថ្ងៃ ចន្លោះពីថ្ងៃទី ៣១ ខែសីហា ដល់ថ្ងៃទី ៣ ខែកញ្ញា នៅភ្នំពេញ និងខេត្តកំពង់ស្ពឺ ដើម្បីផ្ដល់ឱ្យនូវឱកាសសន្ទនារវាងក្រុមហ៊ុនម៉ាឡេស៊ី និងក្រុមហ៊ុនកម្ពុជា និងអនុញ្ញាតឱ្យពួកគេស្វែងរកឱកាសភាពជាដៃគូ»។
កាលពីដើមខែឧសភា តំណាងប្រទេសម៉ាឡេស៊ីចំនួន ៥២ រូប មកពីក្រុមហ៊ុនចំនួន ៣៦ ក្នុង «បេសកកម្មពាណិជ្ជកម្ម SME Malaysia មកកាន់កម្ពុជា» កំពុងស្វែងរកការវិនិយោគ និងសក្តានុពលធុរកិច្ច នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
ទិន្នន័យក្រសួងពាណិជ្ជកម្មបង្ហាញថា ក្នុងឆ្នាំ ២០២១ ការនាំចេញរបស់កម្ពុជាទៅម៉ាឡេស៊ី មានតម្លៃជាង ១០១ លានដុល្លារ កើន ២,៦២ ភាគរយ បើធៀបឆ្នាំ ២០២០ ហើយការនាំចូលមានតម្លៃ ៣៩៩ លានដុល្លារ កើន ១៦,១៦ ភាគរយ។
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានរាយការណ៍ថា ម៉ាឡេស៊ីបានវិនិយោគជាង ៣,១៥ ពាន់លានដុល្លារនៅកម្ពុជាគិតត្រឹមចុងឆ្នាំ ២០២១៕