ភ្នំពេញៈ រយៈពេល ៥​ ខែ ក្នុង​ឆ្នាំ ​២០២២ កម្ពុជា​ទទួលបាន​ភ្ញៀវទេសចរ​ក្នុង​តំបន់​អាស៊ាន​ប្រមាណ​ជាង ២១​ ម៉ឺន​នាក់​កើន​ជាង ២៨២ ​ភាគរយ ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ ​២០២២ ដែល​ក្នុងនោះ​ភ្ញៀវ​មកពី​ប្រទេស​វៀតណាម មាន​ជិត ៥០ ​ភាគ​រយ​។ នេះ​បើ​យោងតាម​ក្រសួងទេសចរណ៍​។​

​ទិន្នន័យ​បង្ហាញថា ចាប់ពី​ខែមករា​-​ខែឧសភា ឆ្នាំ​ ២០២២ ភ្ញៀវទេសចរ​មកពី​ប្រទេស​សមាជិក​អាស៊ាន​ (​រួម​ទាំង​ទី​ម័​រ​) ដែល​ធ្វើដំណើរ​មក​កម្ពុជា មាន​សរុប ២១៧ ០៣៨​ នាក់ កើន ២៨២,២​ ភាគរយ​ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​២០២១ ដែលមាន ៥៦ ៧៨៩​ នាក់​។ ភ្ញៀវ​តំបន់​អាស៊ាន​គឺ​ស្មើ​នឹង ៦៣,២ ​ភាគរយ​នៃ​ចំនួន​ភ្ញៀវ​បរទេស​ទាំងអស់​ដែល​មក​កម្ពុជា​ចំនួន ៣៤៣ ៤៦៤​ នាក់ ក្នុង​រយៈពេល​ខាងលើ​។​

​យោងតាម​ក្រសួង​ទេសចរ​​ណ៍ ក្នុងចំណោម​ភ្ញៀវ​បរទេស​ទាំង ២១៧ ០៣៨​ នាក់ គឺ​មកពី​វៀតណាម មាន ១០៦ ៦២៨ ​នាក់ កើន ១ ៧២៨​ ភាគរយ ​បើ​ធៀប​រយៈពេល​ដូចគ្នា​ឆ្នាំមុន​, ថៃ ៦៨ ៨៨៧​ នាក់ កើន​ ៤៨,៥​ ភាគរយ​, ឥណ្ឌូនេស៊ី ១៦ ៨៦១​ នាក់ កើន ៤៣៧,៣​ ភាគរយ​, ម៉ាឡេស៊ី ១០ ៨៣០​ នាក់ កើន ១ ៣៤៥,៩​ ភាគរយ​, សិង្ហ​បុរី ៥ ៧៣៧ ​នាក់ កើន ៣ ២៥៥ ​ភាគរយ​, ហ្វីលីពីន ៥ ២៦០ ​នាក់​កើន ១ ៣២៩,៣ ​ភាគរយ​, មី​យ៉ាន់​ម៉ា ១ ៦៥៥ ​នាក់ កើន ១ ៥២២,៥ ​ភាគរយ​, ឡាវ ១ ០១០​ នាក់ កើន ២ ៩៦០​ ភាគ​​រយ​, ចំណែក​ប្រទេស​ប្រ៊ុយណេ ៩៧​ នាក់ និងទី​ម័​រ ៧៣ ​នាក់ កើនឡើង​ពី​សូន្យ​ដូចគ្នា​។​

​លោក ធួន ស៊ីណាន ប្រធាន​សមាគម​ទេសច​រណ៍​អាស៊ី​ប៉ា​-​ស៊ី​ហ្វិ​ក​កម្ពុជា បាន​ប្រាប់ ​ភ្នំពេញ​ ​ប៉ុស្តិ៍ ​ក្នុង​ថ្ងៃទី ​៦ ខែកក្កដាថា ក្នុង​កាលៈទេសៈ​ដ៏​លំបាក​នៃ​វិបត្តិ​បណ្តា​លពី​ជំងឺ​កូ​វីដ ​១៩ គឺ​មានតែ​ភ្ញៀវ​ក្នុង​តំបន់​អាស៊ាន​ប៉ុណ្ណោះ​ដែល​អាច​ដើរតួ​ជួយ​ទ្រទ្រង់ និង​លើកកម្ពស់​វិស័យ​ទេសចរណ៍​តាម​ប្រទេស​នីមួយៗ​នៅក្នុង​តំបន់រួមទាំង​កម្ពុជា​។ ទោះ​អត្រា​នៃ​កំណើន​ភ្ញៀវ​ក្នុង​តំបន់​មក​កម្សាន្ត​នៅ​កម្ពុជា​កើនឡើង​ច្រើន ប៉ុន្តែ​ចំនួន​នេះ​គឺ​នៅ​ទាប​ខ្លាំង​បើ​ធៀប​នឹង​ប្រទេសជិតខាងថៃ និង​វៀតណាម​។​

​ជាមួយនឹង​ភាព​សុទិដ្ឋិនិយម​លោក ស៊ីណាន បាន​បញ្ជាក់ថា​៖ «​ភ្ញៀវទេសចរ​បណ្តា​ប្រទេស​អាស៊ាន​នឹង​បន្ត​នាំមុខ​ភ្ញៀវ​ពី​ប្រ​ទេស​ដទៃ​សម្រាប់​រយៈពេល​យូរ​ថែមទៀត ខណៈ​សង្គ្រាម​រវាង​រុស្ស៊ី​-​អ៊ុយ​ក្រែ​ន ​នឹង​ក្លាយ​ជាការ​​បន្ទច់បង្អាក់​មួយ​សម្រាប់​ភ្ញៀវ​មកពី​ប្រទេស ឬ​តំបន់​ឆ្ងាយៗ​ចូលមក​ទស្សនា​កម្ពុជា​»​។​

​អ្នកស្រាវជ្រាវ​សេដ្ឋកិច្ច​នៃ​រាជ​បណ្ឌិត្យសភា​កម្ពុជា លោក ហុង​ វណ្ណៈ ប្រាប់ថា នេះ​ជា​ចំណុច​ចាប់ផ្តើម​ឡើងវិញ​នៃ​វិស័យ​ទេសចរណ៍ ខណៈ​កម្ពុជា និង​ប្រទេស​នានា​លើ​ពិភពលោក​កំពុងស្ថិត​ក្នុង​អន្តរកាល​នៃ​ការ​​បន្ត​រង​ផលប៉ះពាល់​ពី​វិបត្តិ​កូ​វីដ ១៩ និង​ការធ្លាក់ចុះ​កំណើនសេដ្ឋកិច្ច​។ នៅក្នុង​បរិបទ​ដែល​កំពុង​រង​ការគំរាមកំហែង​ពី​វិបត្តិ​ជំងឺ​សកល និង​សង្គ្រាម​នៅក្នុង​តំបន់​អឺរ៉ុប​ (​រុស្ស៊ី​-​អ៊ុយ​ក្រែ​ន​) ​គឺមាន​តែ​ការធ្វើដំណើរ​ទេស​​ចរណ៍​ក្នុង​តំបន់​ប៉ុណ្ណោះ​ដែលមាន​សុវត្ថិ​ភាពល្អ​ជាងគេ​។​

​លោក​ថ្លែងថា​៖ «​ពេល​ស្ថាន​ភាព​កូ​វីដ ​១៩ មាន​ភាពប្រសើរ ហើយ​សង្គ្រាម​រុស្ស៊ី​-​អ៊ុយ​ក្រែ​ន ធូរស្រាល​ចំនួន​ការធ្វើដំណើរ​ឆ្លង​ប្រទេស​របស់​ប្រជាជន​លើ​ពិភពលោក​នឹងមាន​សម្ទុះ​ឡើងវិញ​ជាមិនខាន​»​។​

​វិបត្តិ​នៃ​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ ​១៩ លើ​ពិភពលោក​បានធ្វើឱ្យ​ចំនួន​ទេសចរ​បរទេស​ធ្វើដំណើរ​ចូលមក​កម្ពុជា​កាលពី​ឆ្នាំ ​២០២១ ធ្លាក់ចុះ​យ៉ាងគំហុក​ដោយមាន​ចំនួន ១៩៦ ៤៩៥ ​នាក់ ថយចុះ ៨០,២ ​ភាគរយ ​បើ​ធៀប​ឆ្នាំ​២០២០ ដែលមាន​ចំនួន ១ ៣០៦ ១៤៣​ នាក់​។ ក្នុង​ឆ្នាំ ​២០១៩ កម្ពុជា​ទទួលបាន​ភ្ញៀវទេសចរ​បរទេស​ជាង ៦,៦១​ លាន​នាក់​។ នេះ​បើតាម​ក្រសួងទេសចរណ៍​៕