​ការប្រមូល​ទុន​ជា​សាធារណៈ​តាមរយៈ IPO គឺជា​ហេតុផល​ចម្បង​មួយ​ដែល​ទីផ្សារ​ភាគហ៊ុន​ត្រូវបាន​បង្កើតឡើង​។ មាន​ហេតុផល​ជាច្រើន​ដែល​ធ្វើឱ្យ​ក្រុមហ៊ុន​មួយ​កៀរគរ​ទុន​រួមមាន ត្រូវការ​ដើមទុន​ក្នុងការ​ពង្រីក​អាជីវកម្ម​របស់ខ្លួន អនុញ្ញាតឱ្យ​វិនិយោគិន​ដែល​បាន​វិនិយោគ​ក្នុងដំណាក់កាល​ដំបូង​ជាមួយនឹង​ក្រុមហ៊ុន​មានឱកាស​អាច​ទទួលបាន​សាច់ប្រាក់​មួយចំនួន​មកវិញ​ បន្ទាប់ពី​ការវិនិយោគ​របស់ខ្លួន និង​/​ឬក៏​ដើម្បី​ទិញ​ដៃគូ​ប្រជែង​ក្នុង​ទីផ្សារ​ក៏មាន​។

អត្ថប្រយោជន៍​ដែល​បាន​ពី​ការបោះ​ផ្សាយ​លក់​មូល​ប​ត្រ​កម្មសិទ្ធិ​ជា​សាធារណៈ​ គឺ​ក្រុមហ៊ុន​មិន​ត្រឹមតែ​ទទួលបាន​នូវ​ដើមទុន​ប៉ុណ្ណោះ​ទេ ថែមទាំង​ទទួលបាន​ការលើកកម្ពស់​គណ​​នេ​យ្យ​ភាព​នៃ​ការគ្រប់គ្រង និង​ពង្រឹង​វិជ្ជាជីវៈ​ក្នុង​រយៈពេល​វែង​ផងដែរ​។ ថ្នាក់ដឹកនាំ​របស់​ក្រុមហ៊ុន​គឺជា​បុគ្គល​សំខាន់​ដែលមាន​ទំនួល​ខុសត្រូវ​ធំ​លើ​សុខុមាលភាព​របស់​ក្រុមហ៊ុន​។ នៅពេល​ចុះបញ្ជី ក្រុមហ៊ុន​ទទួលបាន​ទំនុកចិត្ត​ពី​វិនិយោគិន ខណៈពេលដែល​ម្ចាស់​ភាគហ៊ុន​ទទួលបាន​អត្ថប្រយោជន៍​ពី​ភាពប្រសើរឡើង​នៃ​ការគ្រប់គ្រង​ក្រុមហ៊ុន រួមមាន​ប្រសិទ្ធភាព និង​ស័ក្តិសិទ្ធិ​ភាព​នៃ​ប្រតិបត្តិការ​រប​ស់​ក្រុមហ៊ុន​។​

ទំនុក​ចិ​ត្ដរបស់​វិនិយោគិន​

​ការចុះបញ្ជី​នៅលើ​ផ្សារ​ហ៊ុន​មិន​ត្រឹមតែ​ជា​ជម្រើស​ហិរញ្ញប្បទាន​សម្រាប់​អាជីវកម្ម​ប៉ុណ្ណោះ​ទេ ថែមទាំង​ជាការ​ប្តេជ្ញាចិត្ត​យ៉ាង​មុតមាំ​ពី​សំណាក់​ថ្នាក់ដឹកនាំ​ក្នុងការ​ពង្រឹង និង​អភិវឌ្ឍ​នូវ​ការគ្រប់គ្រង​ផ្ទៃក្នុង ព្រមទាំង​កំណត់​តួនាទី​ជាក់លាក់​នៃ​ការគ្រប់គ្រងផងដែរ​។ ដូច្នេះហើយ សកម្មភាពទាំងនោះ​ឆ្លុះបញ្ចាំង​ពី​ទំនុកចិត្ត​របស់​វិនិយោគិន​។​

​ក្រុមហ៊ុន​ដែល​ឆ្លងកាត់​ការបោះ​​ផ្សាយ​ជា​សាធារណៈ​ទទួលបាន​ការ​​ទទួលស្គាល់​ជាង​ក្រុមហ៊ុន​ដទៃទៀត ជាមួយនឹង​ការផ្សព្វផ្សាយ​ទៅកាន់​វិនិយោគិន​សក្តានុពល ក៏ដូចជា​ដៃគូ​យុទ្ធសាស្ត្រ​ថ្មីៗ​តាមរយៈ​សារព័ត៌មាន និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ផ្សេងទៀត ដែល​មានន័យថា​ក្រុមហ៊ុន​នឹង​ក្លាយជា​ចំណុច​ទាក់ទាញ​យ៉ាងខ្លាំង​ដែល​ភ្នា​ក់​​ងារ​សារព័ត៌មាន​ជាច្រើន​ចាប់អារម្មណ៍ និង​តាមដាន​ស្វែងរក​ព័ត៌មាន​របស់​ក្រុមហ៊ុន​បន្ថែមទៀត​ ដើម្បី​ទទួលបាន​ព័ត៌មាន​លម្អិត​។​

​ជា​ឧទាហរណ៍ នៅពេលណា​ដែល​ក្រុមហ៊ុន​បង្ហាញ​ព័ត៌មាន​ទាក់ទង​នឹង​ប្រតិបត្តិការ​អាជីវកម្ម ក៏ដូចជា​លទ្ធ​ផល​ហិរញ្ញវត្ថុ ព័ត៌មាន​ទាំងនេះ​នឹង​ទាក់ទាញ​ចំណាប់អារម្មណ៍​សា​ធារ​ណ​ជន វិនិយោគិន​សក្តានុពល និង​/​ឬ​វិនិយោគិន​ស្ថាប័ន​ទៅលើ​ក្រុមហ៊ុន​។ ទាំងនេះហើយ​ដែល​ជួយ​ឱ្យ​ក្រុមហ៊ុន​បង្កើន​ប្រជាប្រិយភាព​របស់ខ្លួន​បាន​យ៉ាង​ទូលំទូលាយ​។

លើសពីនេះ ក្រុមហ៊ុន​ដែល​បាន​ចុះបញ្ជី​មិន​ត្រឹមតែ​ទទួលបាន​ការចាប់អារម្មណ៍​យ៉ាងខ្លាំង​នោះទេ ថែមទាំង​ទទួលបាន​ទំនុកចិត្ត​ខ្ពស់​ផងដែរ​។ ដើម្បី​បញ្ចប់​ដំណើរការ​បោះផ្សាយ ក្រុមហ៊ុន​ត្រូវតែ​ឆ្លងកាត់​ការត្រួត​ពិនិត្យពិច័យ​យ៉ាង​តឹងរ៉ឹង​ដើម្បី​ធានាថា​ អ្វីដែល​ក្រុមហ៊ុន​បាននិងកំពុង​រាយការណ៍​គឺ​ត្រឹមត្រូវ​។ ការត្រួតពិនិត្យ​នេះ បាន​គួបផ្សំ​នឹង​ការជឿទុកចិត្ត​ពី​សំណាក់​សាធារណជន​ជាច្រើន​មក​លើ​ក្រុមហ៊ុន ធ្វើឱ្យ​ក្រុមហ៊ុន​កាន់តែ​ទទួលបាន​ទំនុកចិត្ត​ខ្ពស់ ទាំង​ផលិត​​ផល និង​សេវាកម្ម ។​

ក្រុមហ៊ុនចុះបញ្ជីទទួលបានទំនុកចិត្តកាន់តែខ្លាំងពីវិនិយោគិន។ រូបថត ផមក

​កិត្តិនាម​ដែល​ក្រុមហ៊ុន​ទទួលបាន​ពី​ការចុះបញ្ជី​លើ​ផ្សារ​ហ៊ុន និង​ការប្តេជ្ញា​ចិត្ត​យ៉ាង​មុតមាំ​ពី​ក្រុមហ៊ុន​ផ្ទាល់​អាចបង្កើត​ទំនុកចិត្ត​ដ៏​រឹងមាំ​សម្រាប់​វិ​និ​​យោគិន​មុនពេល​សាធារណជន​ពិនិត្យ​ស៊ីជម្រៅ​ដល់​ដំណើរការ​សំខាន់ៗ​របស់​ក្រុមហ៊ុន​ដែល​ចុះបញ្ជី​នោះ​។​

​ភាគ​ហ៊ុ​និក​ទទួលបាន​អត្ថ​ប្រ​យោ​​ជន៍​ជាច្រើន​ពី​ភាពប្រសើរឡើង​នៃ​ការគ្រប់គ្រង​ក្រុមហ៊ុន​រួមមាន​ប្រសិទ្ធ​​ភាព និង​ស័ក្តិសិទ្ធិ​ភាព​នៃ​ប្រតិបត្តិការ​រប​ស់​ក្រុមហ៊ុន​​ថ្នាក់​គ្រប់គ្រង​របស់​ក្រុមហ៊ុន​សា​​ធារ​ណៈ​ត្រូវតែមាន​ការទទួលខុសត្រូវ​ចំពោះ​ភាគ​ហ៊ុ​និក​របស់ខ្លួន​ដែល​ដើរតួ​យ៉ាងសំខាន់​ក្នុងការ​ធានាថា ក្រុមហ៊ុន​នេះ​ដំណើរការ​ប្រកបដោយ​ប្រសិទ្ធ​ភាព និង​ស័ក្ដិសិទ្ធិ​ភាព​។ ក្រុមការងារ​ល្អ​អាចជួយ​សម្រួល​ដល់​ការគ្រប់គ្រង​អាជីវកម្ម​ដោយមាន​ការចំណាយ​ដើម​ទាប ប៉ុន្តែ​បង្កើន​ប្រាក់ចំណេញ​បាន​ខ្ពស់​តាមរយៈ​យុទ្ធសាស្ត្រ​ប្រកបដោយ​ប្រសិទ្ធភាព និង​ស័ក្ដិសិទ្ធិ​ភាព​។

ក្រុម​​ហ៊ុន​នឹង​ត្រូវបាន​ដឹកនាំ​ដោយមាន​ការទទួលខុសត្រូវ​ខ្ពស់​ដើម្បី​ធានាថា​ ប្រាក់ចំណេញ​កើនឡើង​តាម​ផែនការ​ដែល​បានកំណត់​ទុក​។ ទាំងនេះហើយ​ដែលជា​កាតាលីករ​ក្នុង​ការជំរុញឱ្យ​ក្រុមហ៊ុន​មាន​សមត្ថ​ភាពខ្លាំង​ក្នុងការ​រីកលូតលាស់ និង​ពង្រីក​ខ្លួន​បន្ថែមទៀត​។​

​ការ​មាន​អភិបាលកិច្ច​សាជីវកម្ម​ត្រឹមត្រូវ មិន​ត្រឹមតែ​ផ្តល់​អត្ថប្រយោជន៍​ដល់​អ្នក​វិនិយោគិន​ប៉ុណ្ណោះ​ទេ ថែម​​ទាំង​ផ្ដល់​ទៅដល់​ក្រុមហ៊ុន​ផងដែរ​។ ដើម្បី​ឱ្យមាន​កំណើន​អាជីវកម្ម​ប្រកប​​ដោយ​ចីរភាព និង​ការគ្រប់គ្រង​ក្រុម​ហ៊ុន​បានល្អ ការបោះ​ផ្សាយ​មូល​ប​ត្រ​កម្មសិទ្ធិ​ជា​សាធារណៈ​ គឺជា​ជំហាន​ដ៏​ធំ​មួយ​សម្រាប់​ក្រុមហ៊ុន ដោយសារ​វា​ជួយ​ក្រុមហ៊ុន​ឱ្យទទួល​បាន​ប្រភព​ទុន​ផ្សេងទៀត​រួមមាន ហិរញ្ញប្បទាន​​មូលធន (equity financing) ឬហិរញ្ញប្បទាន​កម្ចី (debt financing)​។ ទាក់ទង​នឹង​ការទទួល​ហិរញ្ញប្បទាន​កម្ចី ក្រុមហ៊ុន​ដែល​ទទួលបាន​ងារ​ជា​ក្រុមហ៊ុន​ចុះបញ្ជី​ក្នុង​ផ្សារ​ហ៊ុន​អាច​​មានលទ្ធភាព​ក្នុង​ទទួលបាន​នូវ​កម្ចី​ងាយស្រួល​ជាង និង​លក្ខខណ្ឌ​ល្អ​ប្រសើរ​ជាង​ក្រុមហ៊ុន​ដទៃ ដោយសារ​ភាពជឿជាក់ តម្លាភាព និង​គណ​​នេ​យ្យ​ភាព​ដែល​ក្រុមហ៊ុន​មាន​ស្រាប់​។ ទន្ទឹមនឹងនេះ ម្ចាស់​ភាគហ៊ុន​ចាស់​និង​ថ្មី​ក៏​នឹង​ទទួលបាន​អត្ថប្រយោជន៍​ពី​ការ​​ចំណេញ​មូលធន​ផងដែរ នៅពេលណា​ដែល​តម្លៃ​ភាគហ៊ុន​កើនឡើង​។ វា​ឆ្លុះ​បញ្ចាំង​ពី​ដំណើរ​ការល្អ​របស់​ក្រុមហ៊ុន​តាមរយៈ​ថ្នាក់​គ្រប់គ្រង​ដ៏​ល្អ និង​ប្រកប​​ដោយ​វិជ្ជាជីវៈ​។​

​សរុបមក ការបោះ​ផ្សាយ​មូល​ប​ត្រ​កម្ម​សិ​ទិ្ធ​ជា​សាធារណៈ​ គឺជា​ជម្រើស​ដ៏​ល្អ​បំផុត​មួយ​ក្នុងចំណោម​ប្រភព​ទុន​ផ្សេងទៀត ដែល​វា​ផ្ដល់​ជា​ប្រភព​ទុន​រយៈពេល​វែង​ ដើម្បី​គាំទ្រ​ដល់​ប្រតិបត្តិ​ការ​អាជីវកម្ម​។ លើសពីនេះ វា​ផ្តល់​អត្ថប្រយោជន៍​ដល់​ក្រុមហ៊ុន រួមទាំង​ការលើកកម្ពស់​អភិបាលកិច្ច​សាជីវកម្ម ការផ្តល់​ភាពងាយស្រួល​ក្នុងការ​ស្វែង​​រក​ដៃគូ​យុទ្ធសាស្ត្រ ការទាក់ទាញ​ធន​ធាន​មនុស្ស​ដែលមាន​សមត្ថភាព​ខ្ពស់ ព្រមទាំង​ការផ្តល់​ប្រភព​ទុន​គ្មាន​ដែន​កំណត់ ខណៈពេលដែល​វិនិយោគិន​អាច​ទទួលបាន​អត្ថប្រយោជន៍​ពី​សុខុមាលភាព​នៃ​អាជីវកម្ម​ដែល​ប្រកបដោយ​ចីរភាព ជាមួយនឹង​គណនេយ្យភាព និង​វិជ្ជាជីវៈ​ក្នុងការ​​គ្រប់គ្រង​៕

​រៀបរៀង​ដោយ​៖ ផ្សា​រមូល​ប​ត្រ​កម្ពុជា នាយកដ្ឋានចុះបញ្ជី និង​ផ្តល់ព័ត៌មាន

អ៊ី​មែ​ល​៖ listing@csx.com.kh

​ទូរស័ព្ទ​៖ 023 95 88 88/ 023 95 88 85

សេចក្តីប្រកាស​៖ អត្ថបទ​នេះ​ត្រូវបាន​ចងក្រង​ក្នុង​គោលបំណង​ផ្តល់​ជា​ព័ត៌មាន និង​ការអប់រំ​ប៉ុណ្ណោះ​ដោយ​មិន​ផ្តល់​អនុ​សាសន៍​ណាមួយ​ទាក់ទង​នឹង​ការវិនិយោគ​ទេ​។ ផ្សា​រមូល​ប​ត្រ​កម្ពុជា​មិន​ទទួលខុស​​ត្រូវ​រាល់​ការបាត់បង់ ឬ​ខូចខាត​ណាមួយ​ដែល​កើតឡើង​ពី​ការប្រើប្រាស់​អត្ថបទ​នេះឡើយ​។