​ភ្នំពេញៈ សភាពាណិជ្ជកម្ម​កម្ពុជា​ (CCC) បាន​ជំរុញ​ម្ចាស់​សហគ្រាស​ក្នុង​វិស័យ​សហ​​គ្រាស​ធុន​តូច និង​មធ្យម ​(SME) កម្ពុជា គោរព និង​អនុវត្តតាម​នីតិវិធី​ច្បាប់​ដែល​កំណត់ ដើម្បី​កាត់បន្ថយ​ភាពស្មុគស្មាញ និង​បញ្ហា​ប្រឈម​ក្នុង​ការនាំចេញ​។​

​អគ្គនាយក​សភាពាណិជ្ជកម្ម​កម្ពុជា លោក ងួន ម៉េង​តិច បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ថា កាលពី​ថ្ងៃ​ទី​ ៨ ខែកក្កដា CCC បាន​បើក​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​មួយ​ស្តីពី​ «​ការនាំចេញ​របស់​សហ​គ្រាស​ធុន​តូច និង​មធ្យម​នៅ​កម្ពុជា​» ក្រោម​យន្តការ​ភាពជា​ដៃគូ​វិស័យ​សាធារណៈ ​និង​ឯក​ជន ដើម្បី​គាំទ្រ និង​ធ្វើឱ្យ​ប្រសើរឡើង​នៃ​សកម្មភាព​នាំចេញ​និង​ប្រមូល​ធាតុ​ចូល ដែលជា​បញ្ហា​ប្រឈម​របស់ SME ក្នុងការ​អនុវត្ត​ឱ្យ​កាន់តែ​មាន​ភាព​ងាយ​ស្រួល ប្រសិទ្ធភាព ស័ក្តិសិទ្ធិ​ភាព​សម្រាប់​វិស័យ​ឯកជន​។​

​លោក​បន្ថែមថា ភាគី​ពាក់ព័ន្ធ​បាន​ពិភាក្សា​ស្វែងយល់​បន្ថែម​ពី​មតិយោបល់ និង​កង្វល់​របស់​វិស័យ​សហគ្រាស​ធុន​តូច និង​មធ្យម​ផ្នែក​ឯកជន ពិសេស​ការ​​ចែករំលែក​បទពិសោធ​របស់​សមាជិក​ដែលជា​ម្ចាស់​សហ​គ្រាស​ធុន​តូច និង​មធ្យម​។​

​លោក​បញ្ជាក់ថា​៖ «​មាន​ម្ចាស់​សហគ្រាស​ធុន​តូច និង​មធ្យម​នៅ​កម្ពុជា​ភាគច្រើន បាន​លើក​​ឡើង​អំពី​បញ្ហា​ទាក់ទង​នឹង​នីតិ​-​វិធី​ពន្ធ​ផ្សេងៗ នៅពេល​ដែលមាន​ប្រតិបត្តិ​ការនាំចេញ​ម្តងៗ​។ កន្លងមក​ព្រោះតែ​ពួកគាត់ មិនសូវ​បានដឹង​គ្រប់​ជ្រុងជ្រោយ ដែល​ធ្វើឱ្យ​ពួកគាត់​មានការ​យល់ច្រឡំ​ថា​ការធ្វើ​តាមផ្លូវ​ច្បាប់​បែរ​ជាមាន​គំនាប​ទៅវិញ​»​។​

​លោកស្រី កែវ មុំ ម្ចាស់​សហ​គ្រាស​ផលិត​នំ​ស្រួយ​លី​លីឱ្យដឹងថា បញ្ហា​របស់​ម្ចាស់ SME ភាគច្រើន គឺ​ការដែល​មិនទាន់​យល់ច្បាស់​អំពី​លំហូរ​ការងារ ឬ​របៀបរបប​នីតិវិធី​ច្បាប់ ដែល​វា​នឹង​នាំឱ្យមាន​ការរាំងស្ទះ​ក្នុងការ​នាំចេញ​ផលិតផល​។​

​លោកស្រី​បញ្ជាក់ថា​៖ «​ជុំវិញ​ការ​អនុវត្តតាម​នីតិវិធី​ច្បាប់​នេះ ដោយសារ​កម្រិត​នៃ​ការយល់​របស់ SME នៅមានកម្រិត ដូចនេះ​តែងតែ​ជួប​ការលំបាក​មួយចំនួន​ក្នុងការ​នាំចេញ​»​។​

​ប្រធាន​សម្ព័ន្ធ​សមាគម​សហ​គ្រាស​ធុន​តូច និង​មធ្យម​កម្ពុជា លោក តែ តាំង​ប៉ លើកឡើងថា ការដោះស្រាយ​បញ្ហា​ប្រឈម​ទាក់ទង​ការអនុវត្ត​នីតិវិធី​ច្បាប់​ក្នុងស្រុក សមាគម​អាច​ដោះ​ស្រាយ​បាន ប៉ុន្តែ​បញ្ហា SME ដែល​កំពុង​ប្រឈម និង​ពិបាក​ដោះស្រាយ គឺ​កង្វះ​ទូ​កុងតឺន័រ​សម្រាប់​ផ្ទុកទំនិញ និង​ការ​ឡើងថ្លៃ​នៃ​តម្លៃ​ប្រេងឥន្ធនៈ​។​

​លោក​ប្រាប់ថា​៖ «​នៅ​សប្តាហ៍​ក្រោយ យើង​នឹង​បើក​កិច្ចប្រជុំ​ជាមួយ​ភាគី​ពាក់ព័ន្ធ​លើ​បញ្ហា​ប្រេង​ឡើងថ្លៃ ដែល​ធ្វើឱ្យ​ការ​ដឹកជញ្ជូន​ឡើងថ្លៃ​»៕