
កសិករប្រមូលផលដំឡូងមីនៅចម្ការមួយក្នុងខេត្តប៉ៃលិន។ ហេង ជីវ័ន
ភ្នំពេញៈ ផលិតផលដំឡូងមីប្រមាណជាង ២,៣ លានតោនត្រូវបានកម្ពុជានាំចេញទៅលក់នៅក្រៅប្រទេសនៅក្នុងអំឡុងឆមាសទី១ ឆ្នាំ ២០២២ កើនឡើងជិត ៤៣ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២២ ក្នុងនោះប្រទេសថៃ ទទួលទិញជាង ១,៣ លានតោន។ នេះបើតាមទិន្នន័យពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ផលិតផលដំឡូងមី ដែលនាំចេញទៅទីផ្សារក្រៅប្រទេសរួមមាន ចំណិតដំឡូងមីក្រៀម, ដំឡូងមីស្រស់, ម្ស៉ៅដំឡូងមី និងកាកសំណល់ដំឡូងមី។
ទិន្នន័យអគ្គនាយកដ្ឋានកសិកម្មដែលផ្អែកលើប្រព័ន្ធទិន្នន័យគ្រឹះភូតគាមអនាម័យជាតិនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឱ្យដឹងថា ខែមករាដល់ខែមិថុនា ឆ្នាំ ២០២២ កម្ពុជានាំចេញផលិតផលដំឡូងមី សរុប ២ ៣០០ ៩១៩,៣៩ តោនកើនឡើង ៤២,៥៥ ភាគរយបើធៀបនឹងឆមាសទី ១ ឆ្នាំ ២០២១ ដែលមានបរិមាណសរុប ១ ៦១៤ ១២៩,៧៦ តោន។
បើយោងតាមទិន្នន័យខាងលើ ការនាំចេញចំណិតដំឡូងមីក្រៀមក្នុងឆមាសទី ១ ឆ្នាំនេះមាន ១ ៥៣៤ ៥៩០ តោនកើន ២៤,២៥ ភាគរយ ដោយនាំទៅប្រទេសថៃ ១ ១៣៣ ៥៥០ តោន និងទៅវៀតណាម ៤០១ ០៤០ តោន, ផលិតផលដំឡូងមីស្រស់ ៧១០ ៣០០ តោន កើន ៩៧,៩៧ ភាគរយ ក្នុងនោះទៅប្រទេសវៀតណាម ៤៧៥ ១០០ តោន និងថៃ ២៣៥ ២០០ តោន។
ចំណែកការនាំម្ស៉ៅដំឡូងមីចេញមានចំនួន ៤៨ ៩៤៨ តោន កើនឡើង ២០៧,៧៨ ភាគរយ នាំទៅចិន ៤៧ ៤០៥ តោន, អាមេរិក ៦៦៦ តោន, អ៊ីតាលី ៣៧៨ តោន, វៀតណាម ២១០ តោន, ហូឡង់ ១៥២ តោន, ថៃ ៩៨,៦០ តោន និងប្រទេសម៉ាឡេស៊ី ៣៨,៤០ តោន។ រីឯកាកសំណល់ដំឡូងមីនាំចេញមានចំនួន ៧ ០៨១,៣៩ តោន កើន ៦៣,៨១ ភាគរយ ដោយនាំទៅចិន ៦ ៥៨១,៣៩ តោន និងវៀតណាម ៥០០ តោន។
រដ្ឋមន្ត្រីក្រសួងកសិកម្មលោក វេង សាខុន បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា ការនាំចេញកសិផលនៅក្នុងឆមាសទី ១ ឆ្នាំ ២០២២ មានកំណើន ១៣,០៥ ភាគរយក្នុងនោះកសិផលក្រៅពីអង្ករបានកើន ១២,៨១ ភាគរយ។ ទោះយ៉ាងណាអំឡុងឆមាសទី១ ការនាំចេញកសិផលស្រស់មួយចំនួនក៏បានថយចុះបន្តិចបន្តួចផងដែរ ពិសេសការនាំចេញទៅកាន់ប្រទេសចិន។
លោក គឹម ហួត ប្រធានមន្ទីរពាណិជ្ជកម្មខេត្តបាត់ដំបងដែលជាទីតាំងនាំចេញដំឡូងមីទៅប្រទេសថៃច្រើនជាងគេ បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ក្នុងថ្ងៃទី ១០ ខែកក្កដាថា ដំឡូងមី ជាផលិតផលមានសក្តានុពលខ្ពស់នៅក្នុងវិស័យកសិកម្មកម្ពុជា ហើយវាក៏ជាផលិតផលមានតម្រូវការខ្ពស់ សម្រាប់ទីផ្សារក្នុងស្រុក និងអន្តរជាតិ។ ដោយសារអត្ថប្រយោជន៍ដ៏ធំធេងនេះទើបរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងពាណិជ្ជកម្មបានរៀបចំឱ្យមាន «គោលនយោបាយជាតិស្តីពីដំឡូងមី»។ លោកបន្តថា ដំណាំដំឡូងមីដើរតួនាទីសំខាន់សម្រាប់ប្រជាកសិករ ពិសេសនៅតាមបណ្តាស្រុកជាប់ព្រំដែនជាមួយប្រទេសថៃ។
លោកនិយាយថា៖ «ដំឡូងមី កំពុងចូលរួមចំណែកយ៉ាងច្រើនក្នុងការបង្កើតការងារ និងប្រាក់ចំណូលសម្រាប់កសិករ ហើយវាក៏រួមចំណែកសម្រាប់ចំណូលសេដ្ឋកិច្ចជាតិផងដែរ»។
លោកប្រាប់ទៀតថា ក្រៅពីទិន្នផលដែលបានពីការដាំដុះក្នុងខេត្តបាត់ដំបងក៏ជាកន្លែងក្រុមឈ្មួញប្រមូលទិញពីតំបន់នានា សម្រាប់នាំចេញទៅកាន់ប្រទេសថៃផងដែរ។
ដំឡូងមី ជាដំណាំកសិឧស្សាហកម្មឈានមុខគេមួយរបស់កម្ពុជា។ ដើមឆ្នាំ ២០២១ កម្ពុជាបានប្រកាសដាក់ចេញជាផ្លូវការនូវ «គោលនយោបាយជាតិស្តីពីដំឡូងមី ២០២០-២០២៥» ក្នុងគោលបំណងដើម្បីបង្កើនផលិតកម្ម និងធ្វើឱ្យវាកាន់តែមានលក្ខណៈពាណិជ្ជកម្មនាំចេញទៅទីផ្សារអន្តរជាតិ។
លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មធ្លាប់ប្រាប់ឱ្យដឹងថា ដំឡូងមី គឺជាដំណាំកសិឧស្សាហកម្ម និងជាផលិតផលនាំចេញសំខាន់មួយរបស់កម្ពុជាដែលរួមចំណែក ៣-៤% នៃ GDP ក្នុង ១ ឆ្នាំៗ៕