The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - តម្លៃ​ប្រេងឥន្ធនៈ​នៅ​កម្ពុជា​បាន​ធ្លាក់ចុះ​គួរឱ្យកត់សម្គាល់ បន្ទាប់ពី​ឥណ្ឌា និងអ៊ី​រ៉ង់​ បង្កើន​ការទិញ​ប្រេង​ពី​រុស្ស៊ី​

តម្លៃ​ប្រេងឥន្ធនៈ​នៅ​កម្ពុជា​បាន​ធ្លាក់ចុះ​គួរឱ្យកត់សម្គាល់ បន្ទាប់ពី​ឥណ្ឌា និងអ៊ី​រ៉ង់​ បង្កើន​ការទិញ​ប្រេង​ពី​រុស្ស៊ី​

Content image - Phnom Penh Post
​តារាង​តម្លៃ​ប្រេងសាំង​និង​ម៉ា​ស៊ូ​ត នៅ​ស្ថានីយ​លក់​ប្រេងឥន្ធនៈ​ ១ ​កន្លែង​នៅ​ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ កាលពី​ម្សិលមិញ​។ ហុង មិនា

តម្លៃ​ប្រេងឥន្ធនៈ​នៅ​កម្ពុជា​បាន​ធ្លាក់ចុះ​គួរឱ្យកត់សម្គាល់ បន្ទាប់ពី​ឥណ្ឌា និងអ៊ី​រ៉ង់​ បង្កើន​ការទិញ​ប្រេង​ពី​រុស្ស៊ី​

​ភ្នំពេញៈ អ្នកវិភាគ​សេដ្ឋកិច្ច​អះអាងថា តម្លៃ​ប្រេងឥន្ធនៈ​អន្តរជាតិ បានចាប់ផ្តើម​ធ្លាក់ចុះ​មកវិញ ក្រោយពី​ប្រទេស​ឥណ្ឌា និង​អ៊ី​រ៉ង់ បង្កើន​ការទិញ​ប្រេង​ពី​ប្រទេស​រុស្ស៊ី ដោយ​និន្នាការ​នៃ​ការធ្លាក់ចុះ​នេះ​អាច​នឹង​បន្ត​នៅក្នុង​ករណី​ដែល​ប្រទេស​ទាំង ​២ ​បន្ត​សហការគ្នា​លើ​ការកាត់បន្ថយ​សម្ពាធ​នៃ​វិបត្តិ​តម្លៃ​ប្រេង​នេះ​។​

​ដោយសារតែ​តម្លៃ​ប្រេង​នៅ​ប្រទេស​កម្ពុជា​ត្រូវ​ពឹង​ផ្អែកលើ​ទីផ្សារ​ប្រេង​អន្តរជាតិ ទើប​នៅ​ថ្ងៃទី​ ១១ ខែ កក្កដា ឆ្នាំ ​២០២២ នេះ​តាម​ការជូនដំណឹង​ពី​ក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា តម្លៃ​ប្រេងឥន្ធនៈ​បាន​ចុះថ្លៃ​មកវិញ ខ្លះ​ដោយ​ប្រេងសាំង​ធម្មតា​មានតម្លៃ ៥ ២៥០ ​រៀល ក្នុង​ ១​ លីត្រ ខណៈ​ប្រេងម៉ាស៊ូត ធ្លាក់​មក​នៅត្រឹម ៥ ៦០០ ​រៀល​ ក្នុង ​១ ​លីត្រ ចាប់ពី​ថ្ងៃទី​ ១១ ដល់​ថ្ងៃទី ​២០ ខែ កក្កដា ឆ្នាំ ​២០២២ សម្រាប់​ទីផ្សារ​លក់រាយ​នៅ​កម្ពុជា​។​

​យោងតាម​សេចក្តីជូនដំណឹង​នេះ​តម្លៃ​ប្រេងសាំង​ធម្មតា គឺ​ចុះថ្លៃ ៥៥០​ រៀល និង​ម៉ា​ស៊ូ​ត​ចុះ ៦០០ ​រៀល ក្នុង​ ១​ លីត្រ ដោយ​កាលពី ១០​ ថ្ងៃមុន​សាំង​ធម្មតា មានតម្លៃ ៥ ៨០០ ​រៀល និង​ប្រេងម៉ាស៊ូត មានតម្លៃ​ ៦ ២០០ ​រៀល​ក្នុង​ ១ ​លីត្រ​។ ដើម្បី​ជួយ​សម្រួល​ប្រជាជន និង​ដោយមាន​ការរួមចំណែក​ពី​ក្រុមហ៊ុន​ចែកចាយ​នៅ​កម្ពុជា លោក​នា​យក​រដ្ឋមន្ត្រី ហ៊ុន សែន សម្រេច​បញ្ចុះតម្លៃ​លក់រាយ​ប្រេងឥន្ធនៈ​នៅ​កម្ពុជា​ចំនួន ៦,៥ ​សេន​ដុ​ល្លារ ក្នុង​ ១​ លីត្រ​។​

​ប្រធាន​មជ្ឈមណ្ឌល​សិក្សា​ចិន និង​ជា​អ្នកជំនាញ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យ​​សភា​កម្ពុជា លោក គី សេរី​វឌ្ឍន៍ បាន​យល់​​ឃើញថា ការធ្លាក់ចុះ​តម្លៃ​ប្រេងឥន្ធនៈ​នៅ​កម្ពុជា គឺ​ស្របពេល​ប្រទេស​ឥណ្ឌា និង​អ៊ី​រ៉ង់ ចាប់​​ផ្តើម​សហការ​ជាមួយ​រុស្ស៊ី​នៅក្នុង​ការទទួល​ប្រេងឥន្ធនៈ ​ដើម្បី​ផ្គត់ផ្គង់​ដោយ​អាមេរិក​ប្រ​-​ហែល​ជា​អាច​នឹង​អន្តរាគមន៍​​ជាមួយ​ឥណ្ឌា ឬអ៊ី​រ៉ង់​ក្នុងការ​​ទិញ​ប្រេង ​ដើម្បី​បន្ធូរ​សម្ពាធ​អតិផរណា​ដែល​កំពុង​កើតមាន​ខ្លាំង​ក្នុងប្រទេស​របស់ខ្លួន​។​

​លោក​បន្ថែមថា ចំពោះ​ការ​​កើនឡើង​នៃ​អតិផរណា ដោយ​​សារ​តម្លៃ​ប្រេងឥន្ធនៈ​ឡើងថ្លៃ​នេះ​នៅមាន​តិចតួច​នោះទេ អ្វីដែល​គួរឱ្យ​បារម្ភ​ជាងនេះទៀត​នោះ គឺ​ការផ្គត់ផ្គង់​អគ្គិសនី​នៅ​កម្ពុជា ដោយសារតែ​រោងចក្រ​អគ្គិសនី​មួយចំនួន​នៅ​ប្រើ​ប្រេងឥន្ធនៈ​នៅឡើយ ដែល​ធ្វើឱ្យ​រដ្ឋាភិបាល​ត្រូវ​ចេញ​ខាត​ថ្លៃ​ប្រេង ដើម្បី​ធ្វើយ៉ាងណា​ឱ្យមាន​ស្តុក​គ្រប់គ្រាន់​សម្រាប់​ការ​​ផលិត​អគ្គិសនី ដើម្បី​រក្សា​ថ្លៃ​អគ្គិសនី​មិនឱ្យ​កើនឡើង​។​

​លោក​បញ្ជាក់ថា​៖ «​បើសិន​ឥណ្ឌា និង​អ៊ី​រ៉ង់ នៅ​បន្ត​ការទិញ​ប្រេង​ពី​រុស្សី ខ្ញុំ​ជឿថា ស្ថានភាព​ថ្លៃ​ប្រេង​អាចមាន​ការ​ថមថយ ដោយ​អាច​វិល​ទៅ​ប្រក្រតីភាព​វិញ​នៅ​ខែកញ្ញា​ខាងមុខ​»​។​

​លោក ជា ចាន់​ដា​រ៉ា ប្រធាន​សមាគម​ពាណិជ្ជករ​ដឹកជញ្ជូន និង​ខ្សែ​ច្រវាក់​ផ្គត់ផ្គង់​នៅ​កម្ពុជានិយាយថា ការធ្លាក់ចុះ​នៃ​តម្លៃ​ប្រេងឥន្ធនៈ​នេះ គឺ​រឿង​ប្រសើរ​សម្រាប់​ពាណិជ្ជករ​ក្នុង​វិស័យ​ដឹកជញ្ជូន ក៏ដូចជា​ប្រជា​ពល​​រដ្ឋ​ទូទៅ​ទាំងអស់ ដែល​អាច​កាត់បន្ថយ​ការចំណាយ​មួយចំនួន​ទៅលើ​តម្លៃ​ប្រេង​។​

​លោក​អះអាងថា​៖ «​នៅពេល​ប្រេងឥន្ធនៈ​ឡើងថ្លៃ​វា​នឹង​ជំរុញ​ឱ្យ​ទំនិញ​សព្វ​មុខ​កើនឡើង​ទៅតាម​នោះដែរ​។ ថ្វី​ដ្បិត​តម្លៃ​ប្រេង​មានការ​ថមថយ​បន្តិច ​ប៉ុន្តែ​មិនទាន់​ដល់​កម្រិត​មួយ​ដែលមាន​តម្លៃ​ជាង ៣ ០០០​ រៀល​ ក្នុង ​១ ​លីត្រ​នោះទេ​។ បើ​តម្លៃ​ជាង ៣ ០០០ ​រៀល​ ទើប​កាន់តែ​ប្រ​​សើរ​សម្រាប់​វិស័យ​ដឹកជញ្ជូន ដោយ​តម្លៃ​ដឹកជញ្ជូន​នឹង​ធ្លាក់​​ចុះ​ទៅតាម​នោះដែរ​»​។​ ​

​ក្នុងអំឡុងពេល​ផ្សព្វផ្សាយ​ពី​របាយការណ៍​បច្ចុប្បន្ន​ភាព​ស្តីពី​ស្ថានភាព​សេដ្ឋកិច្ច​នៅ​កម្ពុជា កាលពី​ចុងខែ​មិថុនា លោកស្រី ម៉ា​រី​យ៉ា​ម សា​លីម ប្រធាន​គ្រប់​គ្រង​ការិយាល័យ​ធនាគារ​ពិភព​លោក​ប្រចាំ​នៅ​កម្ពុជាបាន​ប្រាប់ថា ការឡើង​ថ្លៃ​ឥត​ស្រាក​​ស្រាន្ត​នៃ​ប្រេងឥន្ធនៈ និង​ស្បៀងអាហារ​លើ​ទីផ្សារ​ពិភពលោក កំពុង​រុញ​អតិផរណា​ឱ្យ​កាន់តែ​ធំ ហើយ​នៅ​កម្ពុជា គ្រួសារ​ក្រី​​ក្រ និង​ងាយ​រងគ្រោះ​ដែល​មិន សូវ​មាន​ប្រាក់​សន្សំ​ទំនងជា​ត្រូវ​រង​ទម្ងន់​នៃ​ផល​លំបាក​ធ្ងន់​ជាងគេ​ពី​សំណាក់​វិបត្តិ​ប្រេង​នេះ​។​

​លោកស្រី​ថ្លែងថា​៖ «​ការឡើង​​ថ្លៃ​ប្រេងឥន្ធនៈ និង​ថ្លៃ​ស្បៀងអាហារ​ពិភពលោក​ដោយសារ​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន កំពុងតែ​ថែម​ទម្ងន់​នៃ​ការលំបាក​ទៅលើ​ជនក្រីក្រ ហើយ​វា​ក៏​នឹង​ធ្វើឱ្យ​ការកាត់បន្ថយ​ភាពក្រីក្រ ថម​​ថយ​ល្បឿន​»៕

វីដេអូ៖

អត្ថបទគួរចាប់អារម្មណ៍