ភ្នំពេញៈ​ ការនាំចេញ​ស្រូវ​-​អង្ករ​ពី​កម្ពុជា​ទៅ​ទីផ្សារ​អន្តរជាតិ​ក្នុង​ឆមាស​ទី​១ ឆ្នាំ​ ២០២២ មាន​បរិមាណ​សរុប​ជាង ២ ​លាន​តោន ដោយ​ប្រមូល​បាន​ប្រាក់​ជាង ៦១៥ ​លាន​ដុល្លារ កើន​ជិត ១០០ ​លាន​ដុល្លារ​បើ​ធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២១​។ នេះ​បើ​យោងតាម​ទិន្នន័យ​ពី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់​ និង​នេសាទ​។

ទិន្នន័យ​នាំចេញ​កសិផល​ទៅ​ក្រៅ​ប្រទេស​ផ្អែកលើ​ប្រព័ន្ធ​ទិន្នន័យ​គ្រឹះ​ភូតគាម​អនាម័យ​ជាតិ​នៃ​ក្រសួង​កសិកម្ម​ឱ្យដឹងថា ក្នុង​រយៈពេល​ ៦​ ខែ​ដើមឆ្នាំ​ ២០២២ ការនាំចេញ​អង្ករ​មាន​ចំនួន ៣២៧ ២០០​ តោន​កើនឡើង ១៦,៦៧ ​ភាគរយ​បើ​ធៀប​ទៅនឹង​ឆមាស​ទី​១ ឆ្នាំ​ ២០២១ ដែលមាន​ចំនួន ២៨០ ៤៥០ ​តោន​។ ចំណែក​ការនាំចេញ​ស្រូវ​ (​ទៅ​វៀតណាម​) មាន​ចំនួន ១ ៧៣៣ ១៥៧​ តោន ​(​មាន​វិញ្ញាបនបត្រ​ភូតគាម​អនាម័យ​ចំនួន ១ ១៤២ ១៧៥​ តោន​) កើនឡើង ២,៣៨ ​ភាគរយ​ពី​ចំនួន ១ ៦៩២ ៨១៣ ​តោន​។

ដោយឡែក​តាម​ទិន្នន័យ​ខាងលើ ប្រាក់​ដែល​កម្ពុជា​បាន​ពី​ការនាំចេញ​ស្រូវ​-​អង្ករ នៅក្នុង​ឆមាស​ទី​១ ឆ្នាំ​ ២០២២ គឺមាន​ចំនួន​សរុប ៦១៥ ៩៨៨ ៤៥៨ ​ដុល្លារ ​(​ទឹកប្រាក់​នាំចេញ​ស្រូវ ៣៣៦ ២៣២ ៤៥៨ ​ដុល្លារ និង​អង្ករ ២៧៩ ៧៥៦ ០០០ ​ដុល្លារ​) កើន ១៩,១៨ ​ភាគរយ បើ​ធៀប​ឆមាស​ទី​ ១ ឆ្នាំ​ ២០២១ ដែលមាន​ចំនួន​សរុប ៥១៦ ៨៥៥ ២៩៥​ ដុល្លារ​ (​ទឹកប្រាក់​នាំចេញ​ស្រូវ ២៧៩ ៣១៤ ១៤៥ ​ដុល្លា និង​អង្ករ​ចំនួន ២៣៧ ៥៤១ ១៥០ ​ដុល្លារ​)​។

បើ​យោង​តាម​ក្រសួង​កសិកម្ម អង្ករ​ដែល​កម្ពុជា​នាំទៅ​ទីផ្សារ​អន្តរជាតិ​ក្នុង​ឆមាស​ទី​១ ឆ្នាំ​ ២០២២ រួមមាន​អង្ករ​ក្រអូប​គ្រប់​ប្រភេទ ២០៧ ២៧១ ​តោន ស្មើនឹង ៦៣,៣៥ ​ភាគរយ​នៃ​បរិមាណ​នាំចេញ​សរុប​, អង្ករស ១១៣ ៦១៧ ​តោន ស្មើ ៣៤,៧២ ​ភាគរយ និង​អង្ករ​ចំហុយ​គ្រប់​ប្រភេទ ៦ ៣១២ ​តោន ស្មើនឹង ១,៩៣ ​ភាគរយ​។

ប្រទេស​ចិន គឺជា​ទីផ្សារ​ទទួល​ទិញ​អង្ករ​ពី​កម្ពុជា​ច្រើន​ជាងគេ ដោយមាន​បរិមាណ ១៦៨ ២៨០ ​តោន កើនឡើង ១៧,៤៤ ​ភាគរយ​, សហភាព​អឺរ៉ុប​ (២៣ ​ប្រទេស​) ៩៨ ៦២៤ ​តោន កើនឡើង ៤៦,៩០​ ភាគរយ​, តំបន់​អាស៊ាន (៤ ​ប្រទេស​) ២៨ ៦៨០ ​តោន កើន ៥,៦៩ ​ភាគរយ និង​ទិសដៅ​ដទៃទៀត​ (២៣ ​ប្រទេស​) ៣១ ៦១៦ ​តោន ថយចុះ ២៦,២៨ ​ភាគរយ​។ នេះ​បើ​យោងតាម​ទិន្នន័យ​ខាងលើ​។

រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក វេង សាខុន បានឱ្យ​ដឹងថា ការនាំចេញ​កសិផល​សរុប​ក្នុង​ឆមាស​ទី១ ឆ្នាំ​ ២០២២ មាន​កំណើន ១៣,០៥​ ភាគរយ ក្នុងនោះ​ការនាំចេញ​អង្ករ​កើនឡើង ១៦,៦៧ ​ភាគរយ និង​ស្រូវ​កើនឡើង​តិចតួច​។

លោក​ថ្លែងថា​៖ «​ទន្ទឹមនឹង​កំណើន​នាំចេញ​នេះ យើង​ក៏​សង្កេតឃើញ​ថា ការនាំចេញ​កសិផល​ស្រស់​មួយចំនួន​មាន​ការថយចុះ​បន្តិចបន្តួច ពិសេស​ការនាំចេញ​ទៅ​កាន់​ប្រទេស​ចិន​»​។

យោង​តាម​ក្រសួង​កសិកម្ម បញ្ហា​ដែល​វិស័យ​កសិកម្ម​កម្ពុជា​កំពុង​ជួប​ប្រទះ​សម្រាប់​ការនាំចេញ មាន​ដូចជា កង្វះ​ទូ​ត្រជាក់​សម្រាប់​ផ្ទុក​កសិផល​, ការរឹតបន្តឹង​ការត្រួតពិនិត្យ​ទំនិញ​ ដើម្បី​ទប់ស្កាត់​ការ​រាលដាល​កូវីដ​ ១៩, ការនាំ​ចេញទៅ​ប្រទេស​វៀតណាម​បាន​ថយចុះ​ ដោយសារ​ការនាំចេញ​របស់​វៀតណាម​ទៅ​ប្រទេស​ចិន​, និង​ការរឹតបន្តឹង​លក្ខខណ្ឌ​អនាម័យ និង​ភូតគាម​អនាម័យ ជាដើម​។

លោក លន់ យ៉េង ​អគ្គលេខាធិការ​នៃ​លេខាធិការដ្ឋាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ (CRF) បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ ក្នុង​ថ្ងៃទី ​១០ ខែកក្កដា​ថា កំណើន​នៃ​បរិមាណ​នាំចេញ​អង្ករ​ក្នុង​ឆមាស​ទី​១ គឺ​បាន​ពី​ការខិតខំ​របស់​ផ្នែក​ពាក់ព័ន្ធ​ទាំង​រដ្ឋ និង​ឯកជន ដើម្បី​ធ្វើយ៉ាងណា​ជំរុញ​ការនាំចេញ​អង្ករ​ទៅ​ក្រៅប្រទេស​ឱ្យបាន​ច្រើន ខណៈ​ CRF​ ដាក់​ផែនការ​នាំចេញ​អង្ករ​ឱ្យបាន​ពី ៧០-៧៥​ ម៉ឺន​តោន​ក្នុង​ឆ្នាំ​ ២០២២ នេះ​។

លោក​ថ្លែងថា​៖ «​យើង​មិនអាច​វាយតម្លៃ​បែបណា​ចំពោះ​បរិមាណ​នៃ​ការនាំចេញ​សរុប​ក្នុង​ឆ្នាំនេះ​នៅឡើយ​ទេ ដោយ​យើង​ត្រូវ​រង់ចាំ​មើល​ស្ថានភាព​នៃ​ការប្រមូល​ផល​ស្រូវ​ជាមុនសិន​»​។

ទាក់ទង​នឹង​តម្លៃ​អង្ករ​លើ​ទីផ្សា​អន្តរជាតិ លោក លន់ យ៉េង បាន​ប្រាប់ថា តម្លៃ​អង្ករ​ក្នុង​ឆ្នាំ ​២០២២ គឺ​ប្រហាក់​ប្រហែល​នឹង​ឆ្នាំ​ ២០២១​។

ក្នុង​ឆ្នាំ ​២០២១ កម្ពុជា​នាំចេញ​អង្ករ​ទៅ​ក្រៅ​ប្រទេស​ចំនួន ៦១៧ ០៦៩ ​តោន ថយចុះ ១០,៦៧​ ភាគរយ​បើ​ធៀប​នឹង​ឆ្នាំ​ ២០២០ ដែលមាន​បរិមាណ ៦៩០ ៨២៩ តោន​។ នេះ​បើ​តាម​ក្រសួង​កសិកម្ម​៕