ភ្នំពេញៈ រាជរដ្ឋាភិបាល​កម្ពុជា កំពុង​ព​ន្លឿ​ន​ការរៀបចំ​ផែនទី​បង្ហាញផ្លូវ​ការអភិវឌ្ឍ​វិស័យ​យានយន្ត និង​អេឡិចត្រូនិក​នៅ​កម្ពុជា ដែល​ផែនទី​ទាំង២​នេះ​ត្រូវបាន​វិស័យ​ឯកជន​រំពឹងថា នឹង​ផ្តល់​ការលើកទឹកចិត្ត​ច្រើន​ផ្នែក​ពន្ធ ដើម្បី​ជំរុញ​ការនាំ​ចូល និង​ការប្រើប្រាស់​យានយន្ត​អគ្គិសនី​ (EV)​។​

​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​(​ក​.​អ​.​ក​) បាន​បន្ត​រៀបចំ​កិច្ចប្រជុំ​ពិនិត្យ និង​ពិភាក្សា​លើ​សេចក្តីព្រាង​ផែនទី​បង្ហាញផ្លូវ​ការអភិវឌ្ឍ​វិស័យ​យានយន្ត និង​អេឡិចត្រូនិក​នៅ​កម្ពុជា ដើម្បី​ពិនិត្យ​ពិភាក្សា និង​ប្រមូល​ធាតុ​ចូល​បន្ថែម​ពី​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ​លើ​សេចក្តីព្រាង​ផែនទី​បង្ហាញផ្លូវ​ ដែល​គណៈកម្មាធិការ​ប្រតិបត្តិ​ដឹកនាំ​ដោយ ក​.​អ​.​ក​. បាន​កែសម្រួល និង​រៀបចំ​ជា​ខេមរភាសា​តាម​ការចង្អុលបង្ហាញរ​បស់​គណៈកម្មាធិការ​គោល​នយោបាយ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ (​គ​.​ស​.​ហ​.) នៅក្នុង​កិច្ចប្រជុំ​កាលពី​ថ្ងៃទី​១៩ ខែមេសា ឆ្នាំ ​២០២២ មុននឹង​ដាក់​ឆ្លង​កិច្ចប្រជុំ គ​.​ស​.​ហ សាជាថ្មី​នាពេល​ឆាប់ៗ​ខាងមុខ​។​

​លោក សុខ ចិន្តា​សោភា រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​អគ្គលេខាធិការ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បាន​ថ្លែងថា កន្លងមក តំណាង​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ​បានផ្តល់​កិច្ចសហប្រតិបត្តិកា​រយ៉ា​ង​ល្អ​ក្នុងការ​ចូលរួម​ផ្តល់​ធាតុ​ចូល​ដើម្បី​រៀបចំ​សេចក្តីព្រាង​ផែនទី​បង្ហាញផ្លូវ​ដ៏​មាន​សារៈសំខាន់​នេះ​ឡើង​។ ធាតុ​ចូល​ដែល​ទទួលបាន​នឹង​ក្លាយជា​មូលដ្ឋាន​កាន់តែ​រឹងមាំ​បន្ថែមទៀត​ក្នុងការ​កែសម្រួល​សេចក្តីព្រាង​ផែនទី​បង្ហាញផ្លូវ​នេះ​ឱ្យ​កាន់​តែមាន​ភាព​គ្រប់​ជ្រុងជ្រោយ ក្នុងទិសដៅ​ប្រែក្លាយ​កម្ពុជា​ទៅជា​មជ្ឈមណ្ឌល​ផលិត​គ្រឿង​បង្គំ​យានយន្ត និង​អេឡិចត្រូនិក ដើម្បី​ពង្រីក​ទីផ្សារ​នាំចេញ​ទៅក្នុង​តំបន់ និង​សកលលោក​។​

​លោក​បញ្ជាក់ថា​៖ «​រាជរដ្ឋាភិបាល​បានកំណត់​យក​វិស័យ​យានយន្ត និង​អេឡិចត្រូនិក​ជា​វិស័យ​អាទិភាព​ដែលមាន​សក្តានុពល​សម្រាប់​ការចូលរួម​ទៅក្នុង​ខ្សែ​ច្រវាក់​តម្លៃ​តំបន់ និង​សកល ក៏ដូចជា​ការលើកកម្ពស់​ការធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច​ផងដែរ​»​។​

​លោក តាន់ មុនី​វណ្ណ ប្រធាន​សហព័ន្ធ​ឧស្សាហកម្ម​យានយន្ត​កម្ពុជាបាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា នៅក្នុង​កិច្ចប្រជុំ​ពិភាក្សា​កន្លងមក​វិស័យ​ឯកជន​តែងតែ​ផ្តល់​ធាតុ​ចូល និង​បានស្នើ​ដល់​គណៈកម្មាធិការ ប្រតិបត្តិ​ដឹកនាំ​ដោយ ក​.​អ​.​ក​. ក្នុងការ​ផ្តល់ព័ត៌មាន​ឱ្យបាន​ច្បាស់លាស់​ដល់​វិស័យ​ឯកជន​ឱ្យ​បានដឹង​មុន ដើម្បី​មាន​ភាពងាយស្រួល​ក្នុងការ​ត្រៀមខ្លួន​។​

​លោក​បាន​បន្ថែមថា ខាង​សហព័ន្ធ ក៏បាន​ស្នើ​ដល់​រាជ​ដ្ឋា​ភិ​បាល​ផ្តល់​ការលើកទឹកចិត្ត​ដល់​អ្នក​ផលិត​យានយន្ត​នៅក្នុង​ស្រុកលើ​ផ្នែក​សារពើពន្ធ ដើម្បី​គាំទ្រ​ដល់​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​ដែល​គ្រោង​នឹង​ជំរុញឱ្យមាន​ការប្រើប្រាស់​យានយន្ត​អគ្គិសនី ​(EV)​ ឱ្យ​បានជា​អតិបរមា​នៅ​ឆ្នាំ ​២០៣​០។​

​លោក​បញ្ជាក់ថា​៖ «​សម្រាប់​កម្ពុជា​វិស័យ​យានយន្ត​ជា​វិស័យ​មួយ​ដែល​រក​ចំណូល​ឱ្យ​រដ្ឋ​បាន​ច្រើនណាស់ ប៉ុន្តែ​បើ​អនុគ្រោះ​ពន្ធ​ខ្លាំងពេក​ធ្វើឱ្យប៉ះពាល់​ដល់​ចំណូល​រដ្ឋ​។ វិស័យ​ឯកជន​យើង​ចង់ឱ្យមាន​ការលើកទឹកចិត្ត ឬ​ការបន្ធូរបន្ថយ​ពន្ធ​ដល់​អ្នក​ផលិត​រថយន្ត​ថ្មី​នៅក្នុង​ស្រុក និង​អ្នក​នាំចូល​រថយន្ត​ថ្មី​មក​»​។​

​លោក ង​ន សាំង អគ្គនាយក​ក្រុមហ៊ុន RMA Cambodia បានឱ្យដឹង​ដែរ​ថា សម្រាប់​ទីផ្សារ​រថយន្ត EV នៅ​កម្ពុជា​នៅមានកម្រិតនៅឡើយ ប៉ុន្តែ​ចំណាប់អារម្មណ៍​របស់​ប្រជាជន​ខ្មែរ​ចំពោះ​រថយន្ត EV មាន​ច្រើន ដោយសារ​រថយន្ត​ប្រភេទ​នេះ​ងាយស្រួល​ក្នុងការ​ប្រើប្រាស់​។ លោក​បន្ថែមថា ក្រុមហ៊ុន​បាន​នាំចូល​រថយន្ត EV នេះ​ចំនួន ៤​គ្រឿង និង​បាន​លក់​ចេញ​អស់​ហើយដោយ​ត្រូវ​ចំណាយ​រយៈពេល ២ ​ឆ្នាំ ដោយ​រថយន្ត ១ ​គ្រឿង​មានតម្លៃ​ចន្លោះ​ពី ១៣-១៧ ​ម៉ឺន​ដុល្លារ​។​

​លោក​បាន​បញ្ជាក់ថា​៖ «​នៅពេល​យើង​នាំ​រថយន្ត EV ចូលមក គឺមាន​ការចាប់អារម្មណ៍​ខ្លាំង​មែនទែន​ពី​អតិថិជន ប៉ុន្តែ​ពួកគេ​នៅមាន​ភាពស្ទាក់ស្ទើរ​ក្នុង​ការទិញ​ ដោយសារ​ភាគច្រើន​អ្នក​ចង់​ទិញ​គិតដល់​ទីផ្សារ​លក់​វិញ​បន្ទាប់ពី​ការប្រើប្រាស់​រួច​។ ម្យ៉ាងវិញទៀត​ស្ថានីយ​បញ្ចូល​អគ្គិសនី ក៏​មិនទាន់​ច្រើន​នៅឡើយ​ដែល​ធ្វើឱ្យ​ពួកគាត់​មាន​ភាពស្ទាក់ស្ទើរ​ក្នុង​ការទិញ​រថយន្ត​នេះ​»​។​

​ទោះយ៉ាងណា អគ្គនាយក​ក្រុមហ៊ុន RMA Cambodia អះអាងថា ក្រុមហ៊ុន​នៅតែ​បន្ត​នាំចូល​រថយន្ត​ប្រភេទ​នេះ​ជា​បន្តទៀត ខណៈ​បច្ចុប្បន្ន​ក្រុមហ៊ុន​បានរៀបចំ​ជា​ស្ថានីយ​បញ្ចូល​អគ្គិសនី ២ កន្លែង​រួចហើយ គឺ​នៅ​រាជធានី​ភ្នំពេញ និង​សៀមរាប​៕