
ការដ្ឋានកសាងផ្លូវហោះហើរ នៅអាកាសយានដ្ឋានសៀមរាប (ថ្មី)។ សហការី
ភ្នំពេញៈ ក្រុមហ៊ុន Angkor International Airport Investment (Cambodia) (AIAI) ដែលទទួលខុសត្រូវលើការសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ប្តេជ្ញាសម្រេចឱ្យបាន ៥០ ភាគរយគម្រោងនៃការសាងសង់ទាំងមូលនៅដំណាច់ត្រីមាសទី៣ និង ៧០ ភាគរយ នៅដំណាច់ឆ្នាំ ២០២២។
ក្នុងកិច្ចប្រជុំប្រចាំត្រីមាសទី៣ ដើម្បីពិនិត្យតាមដានជំរុញការអនុវត្តគម្រោងអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរកាលពីថ្ងៃទី ១១ កក្កដា លោក តឹក រ៉េតសំរេច រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា អង្គរអ៊ែរ បានឱ្យដឹងថា គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ នៅតែបន្តបោះជំហានទៅមុខដោយសម្រេចបានជិត ៣៤ ភាគរយ នៃគម្រោងទាំងមូលគិតត្រឹមដំណាច់ត្រីមាសទី២ ឆ្នាំ ២០២២ នេះ។
លោកបញ្ជាក់ថា៖ «ផ្នែកមួយចំនួនដូចជាអនុស្ថានីយអគ្គិសនី ស្ថានីយស្តុកប្រេងឥន្ធន: និងអគារបញ្ជាផ្លូវហោះហើរ ពេលនេះសម្រេចបានលើសពី ៧០ ភាគរយ ចំណែកផ្លូវរត់ ត្រូវបានតភ្ជាប់ជាស្ថាពររួចហើយ។ ក្រុមហ៊ុន (AIAI) ប្តេជ្ញាសម្រេចឱ្យបាន ៥០ ភាគរយ នៃគម្រោងទាំងមូលនៅដំណាច់ត្រីមាសទី៣ និង ៧០ ភាគរយ នៅដំណាច់ឆ្នាំ ២០២២»។
លោក ស៊ីន ចាន់សិរីវុត្ថា អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា គម្រោងសាងសង់ព្រលានយន្តហោះអន្ដរជាតិសៀមរាបអង្គរថ្មី កំពុងជួបឧបសគ្គក្នុងការសាងសង់ ដោយសារតែគោលនយោបាយសូន្យកូវីដ ១៩ របស់រដ្ឋាភិបាលចិន។
លោកបន្តថា បើគិតត្រឹមចុងខែមិថុនា ឆ្នាំ ២០២២ ការសាងសង់ព្រលានយន្តហោះអន្ដរជាតិសៀមរាបអង្គរថ្មីសម្រេចបាន ៣៣,៨៥ ភាគរយហើយ ដោយរំពឹងថានៅខែកញ្ញា ខាងមុខនេះ វឌ្ឍនភាពនៃការសាងសង់ព្រលានយន្តហោះនេះនឹងឈានទៅដល់ ៥០ ភាគរយ។
លោកបញ្ជាក់ថា៖ «ទោះជាយ៉ាងនេះក្តី ក៏មានការបារម្ភថា ការសាងសង់ព្រលានយន្តហោះនេះអាចនឹងយឺតជាងផែនការដោយសារគោលនយោបាយសូន្យកូវីដរបស់ចិន ដែលបង្កជាឧបសគ្គដល់ការផ្គត់ផ្គង់សម្ភារបរិក្ខារសាងសង់ តម្លៃដឹកជញ្ជូនឡើងខ្ពស់ និងការឡើងថ្លៃនៃសម្ភារមួយចំនួន។
ហេតុនេះក្រុមហ៊ុនចិនថា នឹងមានសម្ពាធដើម្បីឱ្យបញ្ចប់តាមផែនការ។ ប៉ុន្តែទោះយ៉ាងណាក៏គាត់ខិតខំបង្កើនល្បឿនយ៉ាងណាឱ្យចប់ទៅតាមផែនការ»។
លោកបន្ថែមថា ចំពោះបញ្ហាប្រឈម និងកង្វល់របស់ក្រុមហ៊ុន គឺទី១ ដោយសារគោលនយោបាយសូន្យកូវីដរបស់ចិនធ្វើឱ្យក្រុមហ៊ុនចិនពិបាកនៅក្នុងការធ្វើដំណើរចេញចូល និងទី២ ការដឹកជញ្ជូនទំនិញ បរិក្ខារ សម្ភារដែលផលិតនៅទីក្រុងធំៗនៅប្រទេសចិន។
ទីប្រឹក្សាសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា លោក ហូ វណ្ឌី និយាយថា អាកាសយានដ្ឋានថ្មីនេះមានទំហំធំជាងអាកាសយានដ្ឋានចាស់ ដែលនេះជាកិត្យានុភាពមួយក្នុងការទាក់ទាញស្ទើរគ្រប់វិស័យ ជាពិសេសវិស័យទេសចរណ៍។
លោកបញ្ជាក់ថា៖ «នៅពេលដែលអាកាសយានដ្ឋានទៅដល់តំបន់ណាមួយវានឹងនាំភាពទាក់ទាញបន្ថែមទៀតដល់តំបន់នោះ។ ជាក់ស្តែងអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរនេះ នឹងបង្កើនសក្តានុពលទេសចរណ៍ក្នុងខេត្តសៀមរាបបន្ថែមទៀត នៅពេលការសាងសង់ត្រូវបានបញ្ចប់»។
អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ សាងសង់លើផ្ទៃដីទំហំ ៧០០,០៦ ហិកតា ដែលមានទុនវិនិយោគចំនួន ៨៨០ លានដុល្លារ៕