ភ្នំពេញៈ អ្នក​សេដ្ឋកិច្ច និង​អ្នក​ជំនួញ​អះអាង​ថា កំណើន​ទឹក​ប្រាក់​ដែល​កម្ពុជា​​​ចំណាយ​លើ​ការ​នាំ​ចូល​ទំនិញ​ពី​ប្រទេស​ចិន ដែល​មាន​រហូត​ដល់​ជាង ១/៣​ នៃ​ចំនួន​ទឹក​ប្រាក់​សរុប​នៃ​​ការ​នាំចូល​​របស់​កម្ពុជា​​ក្នុង​ឆមាស​ទី​១ ឆ្នាំ​ ២០២២ កំពុង​ចូល​រួម​ចំណែក​​​សំខាន់​ក្នុង​​ការ​រក្សា​និរន្តរភាព​ការងារ និង​ជំរុញ​​កំណើន​សេដ្ឋកិច្ច​កម្ពុជា​ឱ្យ​កាន់​តែ​រឹង​មាំ។

តារាង​ស្ថិតិ​ទំនិញ​ពាណិជ្ជកម្ម​នាំចូល​របស់​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​បាន​ឱ្យ​ដឹង​​​ថា ក្នុង​រយៈពេល ៦ ខែ ​ដំបូង​ឆ្នាំ​ ២០២២ កម្ពុជា​បាន​នាំចូល​ទំនិញ​ពី​ក្រៅ​ប្រទេស​សរុប​ចំនួន ១៥ ៨៦៤,៧២ ​លាន​ដុល្លារ ក្នុង​​នោះ​ប្រទេស​ចិន មាន​ចំនួន​ ៥ ៣៧៤,២៨ ​លាន​ដុល្លារ​ កើន​ឡើង​ ២៤,២ ​ភាគរយ ​បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​ឆ្នាំ​ ២០២១ ​ដែល​មាន​ចំនួន ៤ ៣២៧,៩៩ ​លាន​ដុល្លារ។

បើយោង​តាម​តារាង​ខាង​លើ​ទឹក​ប្រាក់​ការ​នាំ​ចូល​ទំនិញ​ពី​ប្រទេស​ចិន គឺ​ស្មើ​នឹង ៣៣,៩ ​ភាគរយ ​នៃ​ទំហំ​ទឹក​ប្រាក់​នាំចូល​​សរុប​របស់​កម្ពុជា​ និង​បាន​នាំមុខ​ប្រទេស​វៀតណាម ដែល​មាន​តម្លៃ​ចំនួន ២ ០៨៦,៤៣ ​លាន​ដុល្លារ​ (១៣,២ ​ភាគរយ), សិង្ហបុរី ២ ០១៦,៧ ​លាន​ដុល្លារ ​(១២,៧ ​ភាគរយ), ​ថៃ ១ ៨០១,៣២​ លាន​ដុល្លារ​ (១១,៤ ​ភាគរយ), ព្រម​ទាំង​ប្រទេស​​ដែនដី​មួយ​ចំនួន​ទៀត​ដូច​ជា ហុងកុង, តៃវ៉ាន់, ជប៉ុន, ម៉ាឡេស៊ី, ឥណ្ឌូនេស៊ី, ស្វ៊ីស, កូរ៉េ, ​និង​អាមេរិក​ជា​ដើម។

ប្រធាន​មជ្ឈមណ្ឌល​សិក្សា​ចិន និង​ជា​អ្នក​ជំនាញ​សេដ្ឋកិច្ច​នៃ​រាជ​បណ្ឌិត្យ​សភា​​កម្ពុជា លោក គី សេរីវឌ្ឍន៍ បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ ក្នុង​ថ្ងៃទី ​១៤ ខែ​កក្កដា​ថា ជា​ធម្មតា​ការ​ធ្វើ​ពាណិជ្ជកម្ម​អន្តរជាតិ​របស់​ប្រទេស​មួយ គឺ​គេ​មិន​អាច​មើល​តែ​​ទៅ​លើ​ការ​នាំ​ចូល​នាំចេញ​ទំនិញ​លក្ខណៈ​ទ្វេភាគី​បាន​ទេ ដោយ​គេ​ត្រូវ​មើល​គ្រប់​ទិដ្ឋភាព​នៃ​ការ​ដោះ​ដូរ​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​ដៃ​គូ​ទាំង​អស់​។​ ចំនួន​ទឹក​ប្រាក់​ដ៏​ច្រើន​ដែល​កម្ពុជា​នាំចូល​ទំនិញ​ (ភាគ​ច្រើន​វត្ថុធាតុ​ដើម) ​ពី​ប្រទេស​ចិន គឺ​ជា​ធាតុ​ផ្សំ​សម្រាប់​ជួយ​ឱ្យ​កម្ពុជា​បង្កើន​សមត្ថភាព​នាំ​ចេញ​ទំនិញ​ពិសេស​វិស័យ​វាយនភណ្ឌ​។​ លោក​​បន្ត​​​ថា ពេល​នេះ​ការ​នាំចូល​ពី​ប្រទេស​ចិន ​មាន​បរិមាណ​ច្រើន ប៉ុន្តែ​កន្លង​មក​កម្ពុជា​ក៏​បាន​នាំ​ចូល​ទំនិញ​ច្រើន​ពី​ប្រទេស​ជិត​ខាង​ដូចជា​ថៃ និង​វៀតណាម​ដែរ​។

លោក​​ថ្លែង​ថា៖​ «​កំណើន​ទឹក​ប្រាក់​នាំ​ចូល​ទំនិញ​​ពី​ប្រទេស​ចិន​ នា​ពេល​នេះ គឺ​ជា​ការ​ធ្វើ​ពិពិធកម្ម​ទីផ្សារ​នាំ​ចូល​របស់​កម្ពុជា​តាមរយៈ​​ការ​ស្វែង​រក​ប្រភព​ណា​ដែល​អាច​ផ្គត់ផ្គង់​ទំនិញ​ឱ្យ​កម្ពុជា​ស្រប​តាម​ការ​ចង់​បាន និង​មាន​តម្លៃ​សមរម្យ។ នៅ​ពេល​ថ្លៃ​ដើម​ផលិត​ទាប វា​ក៏​ជួយ​លើក​​កម្ពស់​ភាព​ប្រកួត​ប្រជែង​សម្រាប់​ការ​នាំចេញ​ទំនិញ​ពី​កម្ពុជា​ទៅ​លក់​នៅ​ទីផ្សារ​អន្តរជាតិ​ផង​ដែរ»។

អនុ​ប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា លោក លឹម ហេង បាន​ប្រាប់​​​ថា ​ប្រទេស​ចិន ​កំពុង​ចូល​រួម​ចំណែក​យ៉ាង​ច្រើន​ក្នុង​ការ​ផ្គត់ផ្គង់​វត្ថុធាតុ​ដើម​មក​ឱ្យ​រោងចក្រ​នៅ​កម្ពុជា​សម្រាប់​ផលិត ឬ​កែច្នៃ​ដើម្បី​នាំ​ចេញ​ទៅ​ទីផ្សារអន្តរ​ជាតិ ពិសេស​ក្នុង​វិស័យ​វាយនភណ្ឌ។ វិស័យ​វាយនភណ្ឌ​ត្រូវ​បាន​ចាត់​ទុក​ថា ជា​វិស័យ​អាទិភាព​មួយ​ដែល​បាន​ចូល​រួម​ចំណែក​ក្នុង​ការ​ជួយ​ទ្រទ្រង់​កំណើន​សេដ្ឋកិច្ច​កម្ពុជា និង​រក្សា​និរន្តរ​ភាព​ការងារ​ ពិសេស​ក្នុង​អំឡុង​ពេល​ពិភព​លោក​ជួប​នឹង​វិបត្តិ​នៃ​ការ​ឆ្លង​រាល​ដាល​ជំងឺ​កូវីដ​ ១៩។

លោក​បន្ថែម​ថា ទំនិញ​ដែល​កម្ពុជា​នាំ​ចូល​ពី​ប្រទេស​ចិន ​ភាគ​ច្រើន​ជា​ក្រណាត់ អំបោះ និង​សម្ភារ​ប្រើប្រាស់​មួយ​ចំនួន​ទៀត ដែល​​ភាគ​ច្រើន​បម្រើ​ឱ្យ​វិស័យ​វាយនភណ្ឌ។

លោក​លើក​ឡើង​ថា៖​ «​ទោះបី​ការ​នាំ​មក​ពី​ចិន​មាន​ទឹក​ប្រាក់​ច្រើន​ក៏​ដោយ វា​មិន​មែន​ជា​រឿង​គួរឱ្យ​បារម្ភ​ទេ ព្រោះ​ភាគ​ច្រើន​នៃ​ទំនិញ​ទាំង​នោះ គឺ​ត្រូវ​បាន​ប្រើប្រាស់​សម្រាប់​ផលិត ឬ​កែច្នៃ​យក​ទៅ​លក់​នៅ​ទីផ្សារ​អន្តរជាតិ​វិញ»​។

ក្នុង​ឆ្នាំ​ ២០២១ ​ប្រទេស​កម្ពុជា ​បាន​នាំ​​ចូល​ទំនិញ​ពី​ប្រទេស​ចិន​ ក្នុង​តម្លៃ​សរុប ៩ ៦៨៤,៣៤​ លាន​ដុល្លារ កើន ៣៦,៥ ​ភាគរយ ​បើ​ធៀប​នឹង​ឆ្នាំ​ ២០២០ និង​ការ​នាំ​​ទំនិញ​ពី​កម្ពុជា​ទៅ​ប្រទេស​ចិន មាន ១ ៥១០,៥៣ ​លាន​ដុល្លារ​កើន​​ឡើង ៣៨,៨ ​ភាគ​រយ​។​ នេះ​បើ​តាម​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា៕