
ភ្ញៀវទេសចរងូតទឹកលេងនៅសមុទ្រខេត្តព្រះសីហនុ។ ហេង ជីវ័ន
ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងថា ក្នុងករណីប្រទេសចិនជំរុញការងើបឡើងវិញ និងដកចេញនូវគោលនយោបាយ សេរ៉ូកូវីដ ១៩ របស់ខ្លួន កម្ពុជាអាចនឹងមានកំណើនទេសចរច្រើនដូចការរំពឹងទុក ស្របពេលប្រទសទាំង ២ កំពុងបង្កើនជើងហោះហើរកាន់តែច្រើនជាមួយគ្នា។
នៅក្នុងពិធីបិទសន្និបាតបូកសរុបការងារទេសចរណ៍ ការបូកសរុបផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុង និងក្រោយវិបត្តិនៃជំងឺកូវីដ ១៩ ដំណាក់កាលទី ១ (ឆ្នាំ២០២០-២០២១) និងឆមាស ទី ១ ឆ្នាំ២០២២ និងលើកទិសដៅផែនការស្តារឡើងវិញវិស័យទេសចរណ៍ក្នុងដំណាក់កាលទី ២ (ឆមាសទី ២ ឆ្នាំ២០២២-២០២៣) កាលពីថ្ងៃទី ១៤ ខែកក្កដា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បាននិយាយថា ដូចដឹងហើយថា ប្រទេសជាច្រើន មិនថាតំបន់អាស៊ី និងអឺរ៉ុបទេ គឺសុទ្ធតែត្រូវការទេសចរចិន ប៉ុន្តែនៅពេលដែលចិនអនុវត្តវិធានការសូន្យកូវីដនេះ បានធ្វើឱ្យមានផលប៉ះពាល់លើបញ្ហាការដឹកជញ្ជូន និងការធ្វើដំណើររបស់ប្រជាជនចិន។ ក្នុងនោះកម្ពុជា ក៏ទទួលរងផលប៉ះពាល់ពីនយោបាយគ្មានកូវីដរបស់ចិននេះដែរ។
លោកបន្ថែមទៀតថា ទោះបីយ៉ាងណាការសម្រេចដកចេញនូវគោលនយោបាយសេរ៉ូកូវីដ ១៩ របស់ចិននេះ នៅមិនទាន់ប្រាកដប្រជានោះទេ ដូច្នេះកម្ពុជាត្រូវតាមដាន និងវាយតម្លៃសភាពការណ៍នេះឱ្យបានជាប្រចាំ និងត្រូវបង្វែរទិសដៅមកជំរុញទេសចរណ៍ផ្ទៃក្នុង។
លោកបញ្ជាក់ថា៖«ទេសចរ-ផ្ទៃក្នុងបានរួមចំណែកយ៉ាងធំក្នុងដំណាក់កាលនៃការស្តារឡើងវិញ ក្នុងពេលដែលយើងអនុវត្តវិធានការរស់នៅតាមគន្លងថ្មី ដោយយើងទទួលបានទេសចរក្នុង ១ អាទិត្យប្រមាណ ៣០ ម៉ឺននាក់ ដែលវាបានផ្តល់ឱកាសឱ្យប្រជាពលរដ្ឋកម្ពុជា ស្គាល់ទឹកដីរបស់ខ្លួន ជាជាងទៅស្គាល់នៅប្រទេសក្រៅ»។
លោកនាយករដ្ឋមន្ត្រីបានបន្តថា ដើម្បីជំរុញទេសចរផ្ទៃក្នុងបន្ថែម គឺត្រូវមានហេដ្ឋារចនាសម្ព័ន្ធគាំទ្រវិស័យទេសចរណ៍ផ្ទៃក្នុងឱ្យរីកចម្រើនដែរ ដោយត្រូវការភ្ជាប់ផ្លូវទៅតំបន់ទេសចរណ៍ថ្មី, រៀបចំទឹកស្អាត,អគ្គិ-សនីនិងសេវាទូរស័ព្ទជាដើម។
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន បានឱ្យដឹងថា ចំពោះតំបន់អាស៊ានសកម្មភាពទេសចរណ៍អន្តរជាតិបានចាប់ផ្តើមមានសម្ទុះឡើងវិញនៅឆ្នាំ ២០២២ នេះដោយប្រទេសក្នុងតំបន់អាស៊ានបានបើកទទួលទេសចរអន្តរជាតិឡើងវិញជាបណ្តើរៗ ដែលក្នុងនោះកម្ពុជាជាប្រទេសដំបូងគេក្នុងអាស៊ាន ដែលបើកប្រទេសទទួលទេសចរអន្តរជាតិឡើងវិញ។
លោកបន្ថែមថា តាមការប៉ាន់ស្មានពេញ ១ ឆ្នាំ ២០២២ នេះ កម្ពុជាអាចទទួលបានទេសចរអន្តរជាតិប្រមាណ ១ លាននាក់ ឬច្រើនជាងនេះ និងប្រមាណ ២ លាននាក់ក្នុងឆ្នាំ ២០២៣។ ដោយផ្អែកលើការវិវត្តនៃចរន្តទេសចរណ៍អន្តរជាតិ នៅកម្រិតសកលលោក និងកម្រិតតំបន់ ក្នុងនោះកំណើននៃការមកដល់របស់ភ្ញៀវទេសចរអន្តរជាតិនៅកម្ពុជានឹងត្រូវពឹងផ្អែកខ្លាំងលើកត្តាខាងក្រៅ ពិសេសទិន្នាការនៃការធ្វើដំណើរចេញក្រៅប្រទេសនៃប្រភពទីផ្សារ ទេសចរណ៍សំខាន់ៗរបស់កម្ពុជា និងកត្តាខាងក្នុងផងដែរ។
លោកលើកឡើងថា៖ «ករណីសភាពការណ៍ទេសចរណ៍ក្នុងតំបន់ និងសកលលោកកាន់តែមានភាពល្អប្រសើរ ដោយមានការសម្រួលការធ្វើដំណើរបន្ថែមទៀត (ពិសេសការដកចេញនូវគោលនយោបាយគ្មានកូវីដ ១៩ [Zero-Covid Policy] របស់ប្រទេសចិន នៅក្នុងឆ្នាំ ២០២៣ ខាងមុខ) វិស័យទេសចរណ៍ នៅកម្ពុជារំពឹងថាអាចនឹងងើបឡើងវិញ និងទទួលបានទេសចរអន្តរជាតិ ប្រមាណ ៧ លាននាក់នៅឆ្នាំ ២០២៧»។
វិស័យឯកជនរំពឹងថា បើសិនចិនអាចដកចេញគោលនយោបាយគ្មានកូវីដ និងបង្កើនជើងហោះមកកម្ពុជាថែមទៀតនោះ នឹងជំរុញលំហូរទេសចរ និងវិនិយោគិនចិនកាន់តែច្រើន ដោយ លោក ឌិន សុមេធារិទ្ធិ ប្រធានសមាគមសណ្ឋាគារកម្ពុជា បាននិយាយថា ទេសចរចិន គឺជាទីផ្សារដ៏ធំសម្រាប់កម្ពុជា ដែលស្មើនឹងមួយភាគបីនៃទេសចរអន្តរជាតិសរុបដែលមកកម្សាន្តនៅកម្ពុជា។
លោកបានបញ្ជាក់ថា៖«ការ រឹតបន្តឹងការចេញចូលរបស់ប្រទេសចិន បានធ្វើឱ្យកម្ពុជានៅបន្តជួបការលំបាក ទោះជាកម្ពុជាខ្លួនឯងបានបើកទូលាយហើយក៏ដោយ។ ប្រសិនបើចិនបើកទូលាយឡើងវិញយើងចំណេញច្រើន ទាំងទេសចរណ៍ ទាំងការវិនិយោគ»៕