ភ្នំពេញៈ កម្ពុជា​នាំចេញ​គ្រាប់ពោត​ប្រមាណ​ជាង ៨៤ ​ពាន់​តោន​ក្នុង​ឆមាស​ទី ​១ ឆ្នាំ​ ២០២២ ថយចុះ​ជាង ៣៩ ​ភាគរយ បើ​ធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២១ ខណៈ​បច្ចុប្បន្ន​ការនាំចេញ​តាម​ច្រក​ក្នុង​ខេត្ត​បាត់ដំបង​កំពុង​មាន​ការរាំងស្ទះ​។

យោងតាម​របាយការណ៍​របស់​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ស្តីពី​ស្ថានភាព​នៃ​ការនាំចេញ​កសិផល​ក្នុង​ឆមាស​ទី​ ១ ឆ្នាំ​ ២០២២​ នេះ​ការនាំ​ចេញ​កសិផល​ទៅ​ក្រៅ​ប្រទេស​មាន​បរិមាណ​សរុប ៥ ០៣៥ ៤២៥,២៥ ​តោន​ (​នាំទៅ ៦៥ ​ប្រទេស​) ដោយ​កើនឡើង​ចំនួន ៥៨១ ៣៧៤,៤០ ​តោន ស្មើ ១៣,០៥ ​ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​ ២០២១ ដែល​ទទួល​បាន​ត្រឹមតែ ៤ ៤៥៤ ០៥០,៨៥ ​តោន​។

នៅក្នុង​ចំណោម​ផលិតផល​ដែល​បាន​នាំចេញ​គឺ​គ្រាប់ពោត​មាន​ចំនួន ៨៤ ៨៩៨,៩០ ​តោន​ធ្លាក់ចុះ ៣៩,៦៥ ​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២១​។ ក្នុងនោះ​ការនាំ​ចេញទៅ​ប្រទេស​វៀតណាម​ចំនួន ៧៦ ៥៤០ ​តោន​, ប្រទេស​ថៃ​ចំនួន ៧ ៥០០ ​តោន កោះ​តៃវ៉ាន់ ៨៤៦,៦០ ​តោន និង​កូរ៉េ ១២,៣០​ តោន​។

លោក ឈឹម វជិរា ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​បាត់ដំបង​បាន​ប្រាប់​ភ្នំពេញ​-​ប៉ុស្តិ៍​ក្នុង​សប្តាហ៍​នេះ​ថា ក្នុង​រដូវ​ប្រមូលផល​ពោត​លើក​ទី ​១ ​នេះ ខេត្ត​បាត់ដំបង​បាន​នាំ​ពោត​ទៅ​លក់​ជា​បន្តបន្ទាប់ ដែល​មាន​ប្រមាណ ២ ០០០ ​តោន​ក្នុង​ ១ ​ថ្ងៃ​។

លោក​បន្ថែមថា ការនាំចេញ​កន្លងមក គឺ​ពេល​ខ្លះ​ខាង​ម្ចាស់​សៃឡូ​នៅក្នុង​ស្រុក​នីមួយៗ​ជា​អ្នកប្រមូល​ទិញ និង​យក​ទៅ​លក់​នៅ​ថៃ និង​ពេលខ្លះ​ទៀត​ឈ្មួញ​ថៃ​បាន​ចូលមក​ទិញ​នៅតាម​ព្រំដែន​ដោយ​ខ្លួនឯង ខណៈ​ដែល​តម្លៃ​ហាក់​ប្រសើរ​ជាង​ឆ្នាំមុន ​(២០២១)​។

លោក​បាន​បញ្ជាក់ថា​៖ «​ដោយសារ​តែ​ផលិតផល​ដំឡូងមី​ហាក់​មាន​ទីផ្សារ​ជាង​ពោត មាន​កសិករ​ខ្លះ​បាន​ងាក​មក​ដាំ​ដំឡូងមី​វិញ ដែល​ធ្វើឱ្យ​ផ្ទៃដី​ដាំពោត​មាន​ការថយចុះ​បន្តិច​។ ពោត​មានតម្លៃ​ល្អ​នៅ​ឆ្នាំនេះ ដែល​ថ្លៃ​ប្រមាណ ៧០០ ​រៀល​ក្នុង​ ១ ​គីឡូក្រាម​»​។

លោក ហេង សិទ្ធិ មន្ត្រី​នៃ​ការិយាល័យ​ផែនការ និង​ស្ថិតិ​នៃ​មន្ទីរ​កសិកម្ម​ខេត្ត​បាត់ដំបង​បាន​ឱ្យដឹងថា បច្ចុប្បន្ន​ការប្រមូលផល​ពោត​មាន​ប្រមាណ ២០ ​ភាគរយ​នៃ​ទំហំ​ផ្ទៃដី​ជាង ៥៤ ​ពាន់​ហិកតា ដោយ​ ១​ ហិកតា​អាច​ប្រមូលផល​ជា​មធ្យម​ពី​ ៤ ទៅ ៥ ​តោន​។

លោក​បន្តថា មួយរយៈ​ចុងក្រោយ​នេះ​ការនាំចេញ​ពោត​ទៅ​ប្រទេស​ថៃ​កំពុង​ជួប​បញ្ហា​ខ្លះ​ ដោយសារ​ការហាមឃាត់​រថយន្ត​របស់​ឈ្មួញ​ថៃ​ដែល​ដឹក​ពោត​នាំចេញ និង​ការហាមឃាត់​មិនឱ្យ​រថយន្ត​ឈ្មួញ​ថៃ​ចូល​មកវិញ ដោយសារ​រថយន្ត​របស់​ថៃ​អាច​ដឹក​បាន​ចន្លោះ​ពី​ ៣០​ ទៅ​ ៣៥ ​តោន តែ​ច្បាប់​អនុញ្ញាត​ឱ្យ​ដឹក​បាន​ត្រឹមតែ​ ២០ ​ទៅ​ ២៥ ​តោន​ប៉ុណ្ណោះ​។

លោក​បាន​និយាយថា​៖ «​មាន​រថយន្ត​ឈ្មួញ​ថៃ​មួយចំនួន​នៅ​បន្ត​រាំងស្ទះ​នៅតាម​ច្រកព្រំដែន​នៅឡើយ ដោយសារ​តែ​ស្ថានីយ​ថ្លឹង​ជញ្ជីង​នៅ​ព្រំដែន​មិន​អនុញ្ញាត​ឱ្យទៅ ព្រោះ​រថយន្ត​ទាំងនោះ​ដឹក​ធ្ងន់​ប្រមាណ ៣៥ ​តោន​។ យើង​បារម្ភ​ថាបើ​ពោត​មិនអាច​នាំចេញ​ទៅបាន​អាច​ធ្វើឱ្យ​តម្លៃ​ពោត​ធ្លាក់ចុះ និង​មាន​ផលប៉ះពាល់​ដល់​ទីផ្សារ​របស់​កសិករ​»​។

លោក ទឹម ឡាង កសិករ​ដាំពោត​នៅ​ស្រុក​សំពៅលូន ខេត្ត​បាត់ដំបង បានឱ្យ​ដឹងថា លោក​ទើប​បញ្ចប់​ការលក់​ពោត​ថ្មីៗ ដែល​មាន​ប្រមាណ​ជាង ៤០ ​តោន​ពី​ផ្ទៃដី​ ១០ ​ហិកតា និង​លក់បាន​តម្លៃ​ជាង ៦០ ​ម៉ឺន​រៀល​ក្នុង ​១ ​តោន​។

លោក​ប្រាប់ថា​៖ «​តម្លៃ​ពោត​ឆ្នាំនេះ​ល្អ​ជាង​ឆ្នាំមុន ដោយបាន​ជាង ៦០ ​ម៉ឺន​រៀល​ក្នុង​ ១ ​តោន ដែល​តម្លៃ​នេះ​អាច​ទូទាត់​ការចំណាយ​ថ្លៃដើម​បាន ដោយសារ​តែ​ជី ពូជ និង​ប្រេងឥន្ធនៈ​សុទ្ធតែ​ឡើងថ្លៃ​។ ខ្ញុំ​លក់​អស់ហើយ​កាលពី​ខែ​មុន ប៉ុន្តែ​ឮថា​អ្នកលក់​ថ្មីៗ​នេះ​បាន​តម្លៃ​ជាង ៥០ ​ម៉ឺន​រៀល​ទេ ដោយសារ​តែ​ការនាំ​ចេញ​ទៅ​ហាក់​ពិបាក​បន្តិច​»​។

បើតាម​លោក ទឹម ឡាង ចាប់ពី​ខែកក្កដា​-​សីហា ជា​ពេល​ចាប់ផ្តើម​ដាំដុះ​វគ្គ​ទី​ ២ ហើយ​គេ​ត្រូវ​ចំណាយពេល​ជាង ៣ ​ខែ ដើម្បី​ប្រមូល​ផល​។

តាម​របាយការណ៍​ពី​ក្រសួងកសិកម្ម​នៅក្នុង​ឆ្នាំ ​២០២១ ការនាំចេញ​គ្រាប់​ពោត​សម្រេច​បាន ២០១ ៥៨៩,៣៤ ​តោន កើន​ ៣,៥៨​ ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ ​២០២០៕