
ថ្ងៃទី 9 ខែមេសា ត្រូវបានកំណត់ជាថ្ងៃ ដើម្បីអបអរសាទរផលិតផលដែលផលិតពីកម្ពុជា។ ហេង ជីវ័ន
ភ្នំពេញៈ ផ្សារខេមបូឌាត្រេដរបស់ក្រសួងពាណិជ្ជកម្ម នឹងត្រូវតភ្ជាប់ជាមួយប្រព័ន្ធដឹកជញ្ជូនសម្រាប់ទីផ្សារក្រៅប្រទេសរបស់ក្រុមហ៊ុន DHL Cambodia ដើម្បីជួយសម្រួលដល់សហគ្រាសធុនតូច និងមធ្យម (SMEs) ក្នុងការលក់ និងនាំចេញផលិតផលកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ។
ផ្សារខេមបូឌាត្រេដ នៃគម្រោងអភិវឌ្ឍន៍វិស័យពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនៅកម្ពុជា (Go4eCAM) របស់ក្រសួងពាណិជ្ជកម្ម កាលព្រឹកថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ ២០២២ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូ (Partnership Agreement) ក្នុងការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនរបស់ក្រុមហ៊ុន DHL Cambodia ក្នុងកិច្ចសហប្រតិបត្តិការសម្រាប់ការចែករំលែកចំណេះដឹង និងការបណ្ដុះបណ្ដាលសម្រាប់ SMEs ដែលបានចុះឈ្មោះជាមួយផ្សារខេមបូឌាត្រេដទាក់ទងនឹងការដឹកជញ្ជូនទំនិញ។
លោកស្រី តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ថា ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាដៃគូនេះ នឹងក្លាយជាព្រឹត្តិការណ៍ដ៏ពិសេសមួយនៅក្នុងកិច្ចសហប្រតិបត្តិការជាមួយវិស័យឯកជន ជាពិសេស ក្រុមហ៊ុន DHL Cambodia ដើម្បីបង្កើនឱកាសសេដ្ឋកិច្ចជូនដល់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជាតាមរយៈការដាក់លក់ផលិតផលខ្មែរសម្រាប់អតិថិជន និងដៃគូអាជីវកម្មជាមួយប្រព័ន្ធដឹកជញ្ជូនដែលមានទំនុកចិត្តខ្ពស់។
លោកស្រីបានបន្តថា នៅក្រោមកិច្ចព្រមព្រៀងជាដៃគូនេះ ដើម្បីអាចជួយសម្រួលដល់សហគ្រាសធុនតូច និងមធ្យមកម្ពុជា (SMEs) អាចលក់ និងនាំចេញផលិតផលរស់ខ្លួន ទៅកាន់ទីផ្សារអន្តរជាតិបានយ៉ាងងាយស្រួល និងប្រកបដោយសុវត្ថិភាព។
លោកស្រីបានបញ្ជាក់ថា៖ «ការតភ្ជាប់ប្រព័ន្ធទាំង ២ នេះ នឹងជួយដល់សហគ្រិនក្នុងស្រុក ជាពិសេស សហគ្រាសធុនតូចនិងមធ្យមកម្ពុជា ដែលលក់ផលិតខ្មែរ ក្នុងការពង្រីកការលក់ និងទីផ្សាររបស់ខ្លួន និងប្រាក់ចំណូលតាមរយៈការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកក្នុងផ្សារខេមបូឌាត្រេដ ខណៈដែលសកម្មភាពនេះ នឹងជំរុញដល់បរិយាប័ន្នហិរញ្ញវត្ថុ និងវឌ្ឍនភាពឌីជីថលបន្ថែមទៀតរបស់ប្រទេស»។
លោក Prayag Chitrakar នាយកប្រចាំប្រទេសនៃក្រុមហ៊ុន DHL Cambodia បានមានប្រសាសន៍ថា ភាពជាដៃគូនេះ អនុញ្ញាតឱ្យក្រុមហ៊ុនផ្ដល់ជូនសហគ្រាសធុនតូច និងមធ្យមនូវឱកាសធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកតាមរយៈផ្សារខេមបូឌាត្រេដរបស់ក្រសួងពាណិជ្ជកម្ម។
លោកបានបញ្ជាក់ថា៖ «ក្រុមហ៊ុន DHL Cambodia បានត្រៀមខ្លួនរួចជាស្រេចក្នុងការបន្តកិច្ចសហប្រតិបត្តិការជាមួយក្រសួងពាណិជ្ជកម្ម ដើម្បីសម្រេចបាននូវគោលដៅ និងលទ្ធផលនៃកិច្ចព្រមព្រៀងជាដៃគូនេះ»។
លោក ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបានប្រាប់ភ្នំពេញប៉ុស្តិ៍បន្ថែមថា មុនពេលដែលមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូនេះ ផ្សារខេមបូឌាត្រេដនិងក្រុមហ៊ុន DHL Cambodia បានសហការគ្នាមួយរយៈមកហើយលើការប្រតិបត្តិការដឹកជញ្ជូនទំនិញទាំងក្នុង និងក្រៅប្រទេស។
លោកបានបន្ថែម គោលដៅរបស់ក្រសួងពាណិជ្ជកម្មភាគច្រើន ចង់ជំរុញការនាំចេញផលិតផលខ្មែរទៅក្រៅប្រទេស ទើបក្រសួងជ្រើសរើសសហការជាមួយក្រុមហ៊ុន DHL Cambodia ដែលជាក្រុមហ៊ុនលំដាប់ថ្នាក់អន្តរជាតិមួយ ផ្តល់សេវាកម្មលើការដឹកជញ្ជូនទំនិញរហ័ស ទាំងនៅតំបន់អាស៊ី និងលើពិភពលោក។
លោកបានបញ្ជាក់ថា៖ «បើសិនជាមានតម្រូវការច្រើន យើងចាំបាច់ត្រូវតែចុះហត្ថលេខាជាមួយក្រុមហ៊ុនផ្សេងៗទៀត ដើម្បីធ្វើការដឹកជញ្ជូនក្នុងប្រទេស និងជំរុញការនាំចេញផលិតផលខ្មែរទៅក្រៅប្រទេសឱ្យបានច្រើន។ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូនេះ នឹងជួយសម្រួលដល់លក្ខខណ្ឌមួយចំនួនរវាងភាគីទាំង២ »។
លោកស្រី កែវ មុំ ម្ចាស់សិប្បកម្មផលិតនំស្រួយលីលី ដែលបានដាក់ផលិតផលនំស្រួយលីលីនៅលើផ្សារខេមបូឌាត្រេដរបស់ក្រសួងពាណិជ្ជកម្មដែរនោះ បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា ផលិតផលនំស្រួលីលី បានដាក់លក់នៅលើផ្សារខេមបូឌាត្រេដតាំងពីផ្សារនេះចាប់ផ្តើមដំណើរមកម្ល៉េះ ខណៈដែលកន្លងទៅផលិតនេះបាននាំចេញទៅចំនួន ១៣ ប្រទេសរួចមកហើយ។
លោកស្រីបានបញ្ជាក់ថា៖ «កិច្ចសហការរវាងផ្សារខេមបូឌាត្រេដ និងក្រុមហ៊ុនដឹកជញ្ជូនអន្តរជាតិ DHL នឹងកាន់តែបង្កលក្ខណៈងាយស្រួលថែមទៀតដល់ការដឹកជញ្ជូនផលិតផលរបស់ខ្មែរដល់ដៃអតិថិជនទាំងក្នុង និងក្រៅប្រទេស ជាពិសេសការដឹកជញ្ជូនជាកញ្ចប់តូចៗ»។
ផ្សារខេមបូឌាត្រេដ (Cambodiatrade) គឺជាទីផ្សារអនឡាញសម្រាប់សហគ្រាសធុនតូច និងមធ្យម (SME) ដែលបានបើកឱ្យដំណើរការជាផ្លូវការ កាលអំឡុងខែកញ្ញាឆ្នាំ ២០២១ ដោយមានសហគ្រាសរាប់រយបាននិងកំពុងដំណើរការនិងមានប្រតិបត្តិការទិញទំនិញជាច្រើនផងដែរ នាពេលបច្ចុប្បន្ននេះ៕