
រូបភាព ហេង ជីវ័ន
ភ្នំពេញៈ ផ្នែកឯកជនក្នុងវិស័យទេសចរណ៍ បានលើកឡើងថា ទោះបីការសម្រេចរបស់រាជរដ្ឋាភិបាលក្នុងការបន្តលើកលែងពន្ធប្រចាំខែគ្រប់ប្រភេទ (លើកលែងអាករលើតម្លៃបន្ថែម)ចំពោះសណ្ឋាគារ ផ្ទះសំណាក់ និងក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ មានរយៈពេលខ្លី ប៉ុន្តែវាពិតជាមានភាពចាំបាច់ក្នុងការរួមចំណែកទ្រទ្រង់ឱ្យវិស័យនេះបន្តនិរន្តរ៍របស់ខ្លួនទៅមុខទៀត។
រាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី ១៥ ខែកក្កដា បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីវិធានការបន្ថែមសម្រាប់បន្តគ្រប់គ្រងផលប៉ះពាល់ និងគាំទ្រការងើបឡើងវិញនៃវិស័យទេសចរណ៍ ដោយបានដាក់ចេញនូវវិធានការសំខាន់ៗចំនួន ៣ រួមមាន ១. បន្តលើកលែងការបង់ពន្ធប្រចាំខែគ្រប់ប្រភេទ (លើកលែងតែអាករលើតម្លៃបន្ថែម) ចំពោះ សណ្ឋាគារ ផ្ទះសំណាក់ និងក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ ដែលចុះបញ្ជីជាមួយអគ្គនាយកដ្ឋានពន្ធដារ និងមានសកម្មភាពអាជីវកម្មក្នុងរាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តព្រះសីហនុ សម្រាប់រយៈពេល ៣ ខែបន្ថែមទៀត គឺចាប់ពីខែកក្កដា ដល់ខែកញ្ញា ឆ្នាំ ២០២២។ ទោះយ៉ាងណា អាជីវកម្មទាំងនេះនៅតែមានកាតព្វកិច្ចដាក់លិខិតប្រកាសពន្ធអាករ និងប្រើប្រាស់ប្រព័ន្ធអនឡាញសម្រាប់ការគ្រប់គ្រងអាករលើតម្លៃបន្ថែម (E-VAT) ជារៀងរាល់ខែក្នុងអំឡុងពេលនេះ, ២. បន្តផ្តល់ការសម្របសម្រួលតាមរយៈការបង្កកតួលេខបំណុលត្រឹមចុងឆ្នាំ ២០១៩ និងមិនគិតការពិន័យសម្រាប់ឆ្នាំ ២០២២ សម្រាប់វិស័យទេសចរណ៍ និងទី ៣. ជំរុញអាជីវកម្មក្នុងវិស័យទេសចរណ៍ រៀបចំកម្មវិធីអភិវឌ្ឍន៍ជំនាញជូនដល់បុគ្គលិករបស់ខ្លួនដោយខ្លួនឯង និងមានលទ្ធភាពស្នើសុំការគាំទ្រហិរញ្ញប្បទានពីសំណាក់គម្រោងមូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) តាមការចាំបាច់។
ប្រធានសមាគមសណ្ឋាគារកម្ពុជា លោក ឌិន សុមេធារិទ្ធិ បានប្រាប់ភ្នំពេញប៉ុស្តិ៍នាថ្ងៃទី ១៧ ខែកក្កដាថា ទោះបីការប្រកាសបន្តលើកលែងការបង់ពន្ធប្រចាំខែគ្រប់ប្រភេទ (លើកលែងតែអាករលើតម្លៃ) ចំពោះសណ្ឋាគារ ផ្ទះសំណាក់ និងក្រុមហ៊ុន/ភ្នាក់ងារទេសចរណ៍ មានរយៈពេលបន្តត្រឹម ៣ ខែ ប៉ុន្តែវិធានការនេះគឺពិតជាបានចូលរួមជួយដល់ម្ចាស់អាជីវកម្មនៅក្នុងវិស័យទេសចរណ៍ ដែលទទួលរងផលប៉ះពាល់ពីការធ្លាក់ចុះអតិថិជនយ៉ាងគំហុកដែលបណ្តាលមកពីការរីករាលដាលជំងឺកូវីដ ១៩ ចាប់តាំងពីដើមឆ្នាំ ២០២០ រហូតមកដល់ពេលនេះ។ លោកបន្តថា ការប្រកាសផ្តល់ឱ្យតែរាជធានី-ខេត្តចំនួន ៣ គឺដោយសារទីតាំងទាំងនេះ គឺជាកន្លែងប្រមូលផ្តុំដោយសណ្ឋាគារធំៗច្រើន និងជាទីតាំងដែលភាគច្រើនពឹងផ្អែកទៅលើអតិថិជនបរទេស ខណៈខេត្តក្រៅពីហ្នឹង ហាក់មិនសូវមានបញ្ហាទេ ដោយសារពួកគាត់ផ្តោតទៅលើអតិថិជនក្នុងស្រុកភាគច្រើន។
លោកអះអាងថា៖ «សម្រាប់រយៈពេល ៣ ខែនេះខ្ញុំគិតថាខ្លីបន្តិច ប៉ុន្តែវាមិនចោទជាបញ្ហាអ្វីខ្លាំងទេ ព្រោះរដ្ឋាភិបាលនឹងបន្តពិនិត្យមើលបន្ថែមទៀត បើផលប៉ះពាល់បន្តមានរដ្ឋាភិបាលប្រាកដជាបន្តការលើកលែងពន្ធ»។
ទោះយ៉ាងណាលោកបញ្ជាក់ថា ដោយសារមុនពេលមានវិបត្តិនៃការឆ្លងរាលដាលជំងឺកូវីដ ១៩ ចំនួនភ្ញៀវទេសចរបរទេសដែលចូលមកទស្សនាកម្ពុជាមានជនជាតិចិនប្រមាណ ១/៣ (ជាង ២,៣ លាននាក់ក្នុងចំណោមភ្ញៀវប្រមាណជាង ៦,៦ លាននាក់ក្នុងឆ្នាំ ២០១៩) ដូច្នេះប្រសិនសួរពេលណាទើបកម្ពុជាអាចទទួលបានភ្ញៀវទេសចរបរទេសកើនឡើងវិញនោះ គឺគេត្រូវរង់ចាំមើលស្ថានភាពភ្ញៀវទេសចរប្រទេសចិនផងដែរ។
ចំណែក លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា បានប្រាប់ថា ទោះកម្ពុជាប្រកាសបើកប្រទេសពេញលេញវិញហើយក៏ដោយ ក៏វិស័យទេសចរណ៍នៅមិនទាន់អាចស្ទុះងើបឡើងវិញបានភ្លាមៗទេ ដោយវាត្រូវការពេលយូរបន្ថែមទៀត ដូច្នេះការពន្យារពេលនេះគួរតែវែងជាងនេះ។ ក្រៅពីវិបត្តិជំងឺកូវីដ ១៩ បច្ចុប្បន្នពិភពលោកក៏កំពុងជួបវិបត្តិនៃសង្គ្រាមឈ្លានពានរបស់រុស្ស៊ី ចូលប្រទេសអ៊ុនក្រែន និងបញ្ហាការកើនឡើងនៃតម្លៃប្រេងឥន្ធនៈផងដែរ។
លោក ស៊ីណាន បញ្ជាក់ថា ការប្រកាសមិនយកពន្ធនៅពេលនេះ គឺជាក្តីអនុគ្រោះដ៏ធំរបស់រដ្ឋាភិបាល ខណៈផ្នែកឯកជនក្នុងវិស័យទេសចរណ៍ពិតជាចង់បានខ្លាំងណាស់ ដើម្បីឱ្យអាចបន្តវត្តមាននៅពេលខាងមុខ។
លោកបានថ្លែងថា៖ «រដ្ឋាភិបាលគួរពិចារណាបន្តការអនុគ្រោះទៅលើការពន្យារពេលយកពន្ធឱ្យបានច្រើនខែ តាមដែលអាចធ្វើបាន ព្រោះបច្ចុប្បន្នវិស័យទេសចរណ៍យើងទើបតែចាប់ផ្តើមឡើងវិញប៉ុណ្ណោះ។ ដោយសារស្ថានភាពមិនទាន់ល្អ នៅពេលនេះម្ចាស់ក្រុមហ៊ុនទេសចរណ៍ភាគច្រើននៅមិនទាន់ហ៊ានរើសបុគ្គលិកឱ្យចូលធ្វើការទេ ព្រោះបារម្ភមិនមានប្រាក់ខែបើកឱ្យបុគ្គលិក»។
កាលពីថ្ងៃទី ១៧ ខែឧសភា រដ្ឋាភិបាលកម្ពុជា បានប្រកាសដាក់ឱ្យអនុវត្តគម្រោងសហហិរញ្ញប្បទានស្តារ និងជំរុញកំណើនក្នុងវិស័យទេសចរណ៍ ដែលមានទំហំទឹកប្រាក់ ១៥០ លានដុល្លារ តាមរយៈធនាគារ SME និងគ្រឹះស្ថានហិរញ្ញវត្ថុចំនួន ១៩ ដោយថវិកានេះ គឺ ៧៥ លានដុល្លារ គឺជាថវិកាបដិភាគរបស់រាជរដ្ឋាភិបាល និង ៧៥ លានដុល្លារទៀតជាថវិការបស់គ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ។ គម្រោងសហហិរញ្ញប្បទានអាជីវកម្មគោលដៅ មាន ៤ គឺ សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និងការផ្គត់ផ្គង់ផលិតផល និងសេវាកម្មដទៃទៀត ដែលគាំទ្រវិស័យទេសចរណ៍៕