ភ្នំពេញៈ កម្ពុជាបានប្រកាស​ដាក់ឱ្យ​ប្រើប្រាស់​ឧបករណ៍​ផ្សព្វផ្សាយ​របស់​តុ​វិនិយោគ​ក​សិ​-​ចំណីអាហារ​ (Agri-food Investment Desk) ​នៅ​ក្រុម​​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ​(CDC) ដើម្បី​ជំរុញ​ការវិនិយោគ និង​លើកកម្ពស់​ការ​អភិវឌ្ឍ​វិស័យ​ក​សិ​-​ចំណីអាហារ នៅ​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ និង​កាន់​តែមាន​ភាព​ធន់ ខណៈ​ការវិនិយោគ​ក្នុង​វិស័យនេះ​នៅមានកម្រិត​នៅឡើយ​។​

​ស្ថិតនៅក្រោម​ការគាំទ្ររ​បស់​ក្រសួង​ការបរទេស និង​ពាណិជ្ជកម្ម​អូស្ត្រាលី តាមរយៈ​កម្មវិធី​ខ្សែចង្វាក់​តម្លៃ​កសិកម្ម​កម្ពុជា​-​អូស្ត្រាលី​ (CAVAC)​ សហការ​ជាមួយ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា និង​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេ​សាទ បានរៀបចំ​ពិធី​ប្រកាស​ដាក់ឱ្យ​ប្រើប្រាស់​ឧបករណ៍​ផ្សព្វផ្សាយ​របស់​តុ​វិនិយោគ​ក​សិ​-​ចំណីអាហារ​នៅ CDC នៅក្នុង​គោលបំណង​ព​ន្លឿ​ន​សកម្មភាព​ជំរុញ​វិនិយោគ​ក្នុង​វិស័យ​ក​សិ​-​ចំណី​អាហារ​ជា​អាទិភាព ដើម្បី​រួមចំណែក​រក្សា​នូវ​សុវត្ថិភាព​ម្ហូបអាហារ ការ​កាត់​​បន្ថយ​ភាពក្រីក្រ​តាមរយៈ​ការបង្កើត​ការងារ​បន្ថែម និង​ការជំរុញ​កំណើនសេដ្ឋកិច្ច និង​ចីរភាព​បរិស្ថាន​។​

​លោក សុខ ចិន្តា​សោភា រដ្ឋមន្ត្រី​​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​អគ្គ​លេខាធិការ CDC បាន​ថ្លែងថា តុ​វិ​និ​​យោ​គក​សិ​-​ចំណីអាហារ​ (AFID) ​នៅ CDC នេះ​គឺជា​ថ្នាល​បច្ចេកវិទ្យា​ព័ត៌មាន​តែមួយគត់ ដែល​នឹង​ផ្តល់ព័ត៌មាន និង​ជួយ​វិនិយោគិន​ឱ្យ​ច្បាម​យក​កាលា​នុ​​វត្ត​ន៍​ភាព​មិនទាន់​ច្នៃ​ធនធាន​កសិកម្ម​កម្ពុជា ហើយ​លើសពីនេះ​ទៀត​ គឺ​ការទទួលបាន​នូវ​ការលើកទឹកចិត្ត​ដ៏​ទាក់ទាញ​ពី​ច្បាប់​ស្តីពី​វិនិយោគ​។​

​លោក​បន្ថែមថា ក្រុមការងារ​របស់ ​CDC នឹង​នៅ​ជាមួយ​វិនិយោគិន​គ្រប់ដំណាក់កាល​ដើម្បី​ធានា​នូវ​ការទទួល​បាន​ផលចំណេញ​យ៉ាង​ឆាប់រហ័ស និង​គាំទ្រ​ដល់​ជីវភាព​ដ៏​ល្អប្រសើរ​របស់​កសិករ និង​ក្រុមគ្រួសារ​ពួកគាត់​។​

​លោក​បញ្ជាក់ថា​៖ «​ឧបករណ៍​ចម្បង (www.afid.cdc.gov.kh)​ នេះ​ស័ក្តិ​​សម​នឹង​កាលៈទេសៈ​នាពេល​បច្ចុប្បន្ន ដែល​កំពុងមាន​វិបត្តិ​កូ​វីដ ​១៩​។ យើង​នឹង​ប្រមូលផ្តុំ​ទិសដៅ​របស់​ក្រសួង​​ពាក់ព័ន្ធ​ទាំងអស់​មក​ធ្វើការ​ផ្សព្វផ្សាយ​នៅក្នុង​ស្រុក ក៏​ដូច​ទាក់ទាញ​វិ​និ​យោ​​គិ​ន​ក្រៅ​ស្រុក​ឱ្យមក​វិនិយោគ​លើ​ការកែច្នៃ​ផលិតផល​កសិកម្ម​នេះ​»​។​

​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក វេ​ង សាខុន បាន​និយាយថា វិស័យ​កសិកម្ម​កំពុងមាន​ការអភិវឌ្ឍ​ដោយបាន​ផលិត​ស្បៀង​លើស​សេចក្តីត្រូវការ​ក្នុងស្រុក ហើយ​កំពុង​ជំរុញ​គាំទ្រ និង​លើកទឹកចិត្ត​ដល់​វិស័យ​ឯកជន និង​ដៃគូ​អភិវឌ្ឍន៍​នានា​វិនិយោគ​លើ​ការកែច្នៃ ដើម្បី​ធានា​នូវ​និរន្តរភាព​នៃ​ការប្រើប្រាស់​វត្ថុធាតុដើម​ក្នុងស្រុក បង្កើន​តម្លៃបន្ថែម លើកកម្ពស់​គុណភាព​ស្តង់ដា​អនាម័យ សុវត្ថិភាព និង​បង្កើន​ភាព​ប្រកួតប្រជែង​។

​លោក​ថ្លែងថា​៖ «​ឧបករណ៍​ផ្សព្វផ្សាយ​របស់​តុ​វិនិយោគ​ក​សិ​-​ចំណីអាហារ​នេះ ​បានបង្ហាញ​នូវ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​យើង​ក្នុង​ការជួយ​សម្រួល និង​ដោះស្រាយ​បញ្ហា​ទាំងឡាយ​ដែល​ពាក់​​ព័ន្ធ​នឹង​ការសម្រួល​ដល់​ការវិនិយោគ​ផ្នែក​ក​សិ​-​ចំណីអាហារ ក៏ដូចជា​ជួយ​ដល់​វិស័យ​ក​សិ​-​ឧស្សាហកម្ម​ផងដែរ​។​ ជា​ប្រាកដ​កិច្ចការ​របស់​យើង​ដែល​នឹង​ត្រូវធ្វើ​ចាប់ពីពេលនេះ​ក៏​នឹង​គាំទ្រ​ដល់​ការអនុវត្ត ​«​ក្របខ័ណ្ឌ​យុទ្ធសាស្ត្រ និង​កម្មវិធី​ស្តារ និង​ជំរុញ​កំណើនសេដ្ឋកិច្ច​កម្ពុជា ក្នុង​ការរស់នៅ​ជាមួយនឹង​កូ​វីដ ​១៩ តាម​គន្លង​ប្រក្រតីភាព​ថ្មី​»​។​

​ទោះជា​យ៉ាងណា លោក​បន្ថែមថា មាន​បញ្ហា​មួយចំនួន​ដែល​វិស័យ​ឯក​​ជន​នៅ​ជួបប្រទះ ហើយ​ដែល​ត្រូវ​រួម​​គ្នា​ដោះស្រាយ​មានដូចជា ប្រព័ន្ធ​ស្តុក​ទុក ឃ្លាំង​ស​ម្ងួ​ត ឃ្លាំង​ត្រជាក់ ទូ​ត្រ​​ជាក់ បញ្ហា​ស្ថិរភាព​ការផ្គត់ផ្គង់​អគ្គិសនី និង​ឡូ​ជី​ស្ទីក ជាដើម​។​

​ឯកអគ្គរាជទូត​អូស្ត្រាលី​ប្រចាំ​កម្ពុជា លោក ប៉ា​ប្លូ កាង បាន​លើកឡើងថា រដ្ឋាភិបាល​អូស្ត្រាលី បាន​ប្តេជ្ញាចិត្ត​ក្នុងការ​គាំទ្រ​ដល់​ដំណើរការ​អភិវឌ្ឍន៍​សេដ្ឋកិច្ចកម្ពុជា ជាពិសេស​ការលើក​​កម្ពស់​ផលិតភាព​ក្នុង​វិស័យ​កសិកម្ម តាមរយៈ​ការរួម​គ្នា​ជំរុញ​ការវិនិយោគ​ក្នុង​វិស័យ​ក​សិ​-​ចំណីអាហារ​។

​លោក​លើកឡើងថា​៖ «​យើង​សង្កេតឃើញថា ការវិនិយោគ​ផ្ទា​ល់ពី​បរទេស លើ​វិស័យ​កសិកម្ម​កម្ពុជា​នៅមានកម្រិត​ទាប ដែល​ប្រមាណ ​៤ ​ភាគរយ​ប៉ុណ្ណោះ​ក្នុង​ ១ ​ឆ្នាំ​។ ដូច្នេះ​ការដាក់ឱ្យ​ប្រើប្រាស់​ឧបករណ៍​ផ្សព្វផ្សាយ​របស់​តុ​វិនិយោគ​ក​សិ​-​ចំណីអាហារ គឺជា​សមិទ្ធផល​ថ្មី​និង​ជា​សក្ខីភាព​មួយ​ដែល​អូស្ត្រាលី​បានរួម​ជួយ​បំពេញបន្ថែម​ដល់​កិច្ច​ខិត​​ខំប្រឹងប្រែង​របស់​រដ្ឋា​ភិ​បាល​កម្ពុជា​ក្នុងការ​ជំរុញ ទាក់ទាញ និង​ថែរក្សា​ការវិនិយោគ​ក្នុង​វិស័យ​កសិកម្ម ក​សិ​- ធុរកិច្ច និង​ក​សិ​-​ចំណីអាហារ​»​។

​ក្នុង​ពិធី​ប្រកាស​ដាក់ឱ្យ​ប្រើប្រាស់​ AFID នេះដែរ លោក ហ៊ុន ឡាក់ អគ្គ​​នាយក​ក្រុមហ៊ុន Rich Farm Asia បានឱ្យដឹងថា កម្ពុជា​នៅមាន​បញ្ហា​លើ​ការចំណាយ​ថ្លៃដើម​ផលិត​ខ្ពស់ និង​កង្វះខាត​ពលកម្ម​ជំនាញ ដែល​ទាម​​ទារ​ឱ្យមាន​គិតគូរ​លើ​បញ្ហា​នេះ​បន្ថែមទៀត​ពី​សំណាក់​រាជរដ្ឋាភិបាល​៕