
ផ្លែទុរេនជាច្រើនដែលដាំដុះដោយក្រុមហ៊ុន TKY Farm នៅក្នុងខេត្តព្រះវិហារ។ រូបថត សហការី
ព្រះវិហារៈ ក្រុមហ៊ុន ធីខេវ៉ាយ ហ្វាម (TKY Farm) ដែលដាំដុះទុរេនក្នុងទឹកដីខេត្តព្រះវិហារ បាននាំចេញទុរេនប្រមាណជាង ១២០ តោន ទៅទីផ្សារប្រទេសចិន ជាលើកដំបូងនាពេលថ្មីៗនេះ តាមរយៈក្រុមហ៊ុនដៃគូក្នុងស្រុកដែលសហការជាមួយក្រុមហ៊ុននៅប្រទេសចិន ខណៈក្រុមហ៊ុនបានកំណត់គោលដៅនឹងពង្រីកការនាំចេញឱ្យដល់ ៥០០ តោន នៅឆ្នាំ ២០២៣។
លោក យី ស៊ីណាត នាយកប្រតិបត្តិក្រុមហ៊ុន TKY Farm បានឱ្យដឹងថា ក្រុមហ៊ុនបានចាប់ផ្តើមដាំដុះទុរេន ៨ ឆ្នាំមកហើយ ក្នុងនាមជាក្រុមហ៊ុនដ៏ធំមួយនៅខេត្តព្រះវិហារ ដោយដាំទុរេនប្រមាណជាង ១,៦ ម៉ឺនដើម លើផ្ទៃដីជិត ២០០ ហិកតា ខណៈក្រុមហ៊ុនគ្រោងនឹងបន្តដាំបន្ថែមទៀត។
លោកបានបន្តថា ដោយសារចម្ការរបស់ក្រុមហ៊ុនមានលទ្ធភាពផលិតទុរេនបានច្រើន និងកើនឡើងជាលំដាប់ (ឆ្នាំនេះបានជាង ៣០០ តោន) និងដោយសម្លឹងមើលឃើញ ប្រទេសចិន ជាទីផ្សារធំសម្រាប់ផលិតផលទុរេនផងនោះ ទើបក្រុមហ៊ុនសម្រេចសហការជាមួយក្រុមហ៊ុនដៃគូទាំងនៅកម្ពុជា និងចិនធ្វើការនាំចេញ សាច់ទុរេនបង្កកជាលើកដំបូង។
ទោះជាយ៉ាងណា លោក ស៊ីណាត ចង់ឱ្យការនាំចេញដោយផ្ទាល់ទៅកាន់ប្រទេសចិន ជាជាងនាំចេញឆ្លងកាត់ប្រទេសជិតខាង ដោយលោកអះអាងថា៖ «យើងចង់ឱ្យមានការនាំចេញផ្ទាល់ទៅប្រទេសចិន ព្រោះយើងឆ្លងកាត់គេ គឺមិនងាយស្រួលនោះទេ។ ឆ្នាំក្រោយយើងនឹងសិក្សាមើលបន្ថែមទៀតថា តើនាំចេញតាមផ្លូវណាដែលងាយស្រួលជាងនេះទៀត?»។
លោកបន្ថែមថា TKY Farm ផលិតទុរេនកើនឡើងជារៀងរាល់ឆ្នាំ ដោយឆ្នាំនេះបានប្រមូលផលទុរេន ៤ ពាន់ដើម និងឆ្នាំក្រោយដើមថ្មី ២ ពាន់ដើម នឹងផ្តល់បន្ថែមទៀត ដែលជំរុញឱ្យ ការផលិតកើនឡើង។ ក្រុមហ៊ុនគ្រោងនឹងនាំចេញឱ្យបាន ៥០០ តោននៅ ឆ្នាំក្រោយ។
ចំពោះតម្លៃទុរេនវិញ មិនត្រូវបានលោក ស៊ីណាត ប្រាប់លម្អិតទេ ដោយលោកប្រាប់ថា ក្រុមហ៊ុនបានលក់ដុំទៅឱ្យឈ្មួញក្នុងស្រុក និងក្រៅស្រុកបន្តទៀត ដូច្នេះតម្លៃ គឺប្រហែលនឹងទុរេននៅខេត្តកំពត ឬកំពង់ចាមដែរ។
លោកបន្តថា ក្រុមហ៊ុនចង់ឱ្យទុរេន ដែលខ្លួនបានដាំក្លាយជាផលិតផលសម្គាល់ភូមិសាស្ត្រ ដោយក្រុមហ៊ុនបានប្រសិទ្ធនាម ទុរេនព្រះវិហារ រសជាតិបែបព្រះវិហារ និងមានការទទួលស្គាល់ពីគុណភាពរសជាតិទាំងក្នុង និងក្រៅប្រទេស។ កន្លងទៅមានក្រុមហ៊ុនចិន និងថៃជាច្រើនបានទាក់ទងមក TKY Farm ដើម្បីនាំទុរេនទៅប្រទេសចិន ប៉ុន្តែដោយសារតែវិបត្តិកូវីដ ១៩ បានធ្វើឱ្យរាំងស្ទះដល់ការដឹកជញ្ជូនខ្លះ ទើបក្រុមហ៊ុនសម្រេចផ្អាកសិន។
ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ លោក ពឹង ទ្រីដា បាននិយាយថា ទុរេន ជាផលិតផលមានសក្តានុពលសេដ្ឋកិច្ចខ្ពស់ណាស់ ដោយប្រជាជននៅក្នុងខេត្តព្រះវិហារ បានងាកមកដាំដុះទុរេនច្រើននាប៉ុន្មានឆ្នាំចុងក្រោយនេះ។
លោកថ្លែងថា៖ «ឆ្នាំនេះមានផ្ទៃដីដាំទុរេនច្រើនជាងឆ្នាំមុន។ ថ្វីដ្បិតទុរេនយើងនៅមិនទាន់អាចនាំចេញដោយផ្ទាល់បានពិតមែន ប៉ុន្តែយ៉ាងហោចការនាំចេញរបស់ TKY Farm នេះ ក៏ជាសញ្ញាវិជ្ជមានមួយសម្រាប់អ្នកដាំទុរេនក្នុងស្រុកយើងដែរ»។
ថ្មីៗនេះ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា បច្ចុប្បន្នភាព ផលិតផលទុរេនកម្ពុជាពុំទាន់មានទីផ្សារនៅក្រៅប្រទេសទេ ជាពិសេសប្រទេសចិន ដោយកម្ពុជាពុំទាន់បានឈានដល់ដំណាក់កាលនៃការចរចាបើករបាំងភូតគាមអនាម័យនៅឡើយទេ។ លោកបន្ថែមថា កម្ពុជានៅមានផលិតផលកសិកម្មជាច្រើនមុខទៀតដែលកំពុងរង់ចាំដើម្បីឱ្យភាគីចិន អនុញ្ញាតឱ្យនាំចូល៕