ភ្នំពេញៈ កម្ពុជាកំពុង​ព​ន្លឿ​ន​ការសិក្សា​គម្រោង​អភិវឌ្ឍន៍​ផ្លូវ​នាវាចរណ៍ និង​ប្រព័ន្ធ​ភ័ស្តុភារ​​កម្ម​ទន្លេបាសាក់​នៅត្រង់​ចំណុច​ព្រែក​អំបិល ក្នុង​ខេត្តកណ្តាល ដើម្បី​សម្រួល​ដល់​ការដឹកជញ្ជូន​តាមផ្លូវ​ទឹក និង​អាចជួយ​កាត់​​បន្ថយ​ការចំណាយ​លើ​ការដឹក​​ជញ្ជូន និង​ភ័ស្តុភា​រកម្ម និង​មាន​ប្រសិទ្ធភាព​ជាង​មុន​។​

​គម្រោង​ផ្លូវ​នាវាចរណ៍ និង​ប្រ​ព័ន្ធ​ភ័ស្តុភារ​កម្ម​ទន្លេបាសាក់​នេះ នឹងត្រូវ​ភ្ជាប់​ការដឹកជញ្ជូន​តាមផ្លូវ​ទឹក​ពី​ទន្លេបាសាក់​ទៅ​សមុទ្រ​ខេត្ត​កែប តាមរយៈ​ការដឹកជញ្ជូន​ទំនិញ និង​ធ្វើ​ទេសចរណ៍​តាមផ្លូវ​​ទឹក ដោយ​មិនចាំបាច់​ឆ្លងកាត់​តាម​ប្រទេស​វៀតណាម​។ ប​ច្ចុ​ប្បន្ន​ក្រុមការងារ​ជំនាញ​របស់​ក្រសួង​សាធារណការ និង​ក្រុម​​ហ៊ុន​សាជីវកម្ម​ស្ពាន​ថ្នល់​ចិន ​(CRBC) កំពុង​សិក្សា​លម្អិត ដើម្បី​ឈានដល់​ការវាយតម្លៃ​លើ​គម្រោង​នេះ មុននឹង​រាយ​ការណ៍​ជូន​រាជរដ្ឋាភិបាល​។​

​ក្នុងជំនួប​ពិភាក្សា​ការងារ​អំពី​គម្រោង​អភិវឌ្ឍន៍​ផ្លូវ​នាវាចរណ៍ និង​ប្រព័ន្ធ​ភ័ស្តុភារ​កម្ម​ទន្លេ​បា​​សាក់ ជាមួយនឹង​គណៈប្រតិភូ​ក្រុមហ៊ុន​សាជីវកម្ម​ស្ពាន​ថ្នល់​ចិន ​(CRBC) កាលពី​ថ្ងៃទី​ ១៥ ខែកក្កដា លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​និយាយថា គម្រោង​អភិវឌ្ឍន៍​ផ្លូវ​នាវាចរណ៍ និង​ប្រព័ន្ធ​ភ័ស្តុភារ​កម្ម​ទន្លេ​បា​​សាក់ ពិត​ជាមាន​សារៈសំខាន់​ណាស់​សម្រាប់​ការដឹកជញ្ជូន​តាមផ្លូវ​ទឹក​នៅ​កម្ពុជា​ដោយ​អាចជួយ​កាត់បន្ថយ​ការចំណាយ​លើ​ការដឹកជញ្ជូន និង​ភ័ស្តុភារ​​កម្ម និង​មាន​ប្រសិទ្ធភាព​ជាង​មុន ព្រមទាំង​ងាយស្រួល​ធ្វើ​សមា​​ហ​រណកម្ម​ផ្ទៃក្នុង​ក្នុង​វិស័យ​ដឹក​​ជញ្ជូន​តាមផ្លូវ​ទឹក​ផងដែរ​។​

​លោក​បន្ថែមថា ការសិក្សា​ពី​សមិទ្ធិ​លទ្ធភាព​នៃ​គម្រោង​នេះ​ចាំបាច់​ត្រូវតែ​ធ្វើឱ្យបាន​គ្រប់​ជ្រុងជ្រោយ ដាក់ជូនទៅ​គណ​:​ក​ម្មា​ធិ​ការ​អន្តរក្រសួង​ពិភាក្សា​មុននឹង​រាយការណ៍​ជូន​រដ្ឋា​ភិ​​បាល​ពិនិត្យ និង​ពិចារណា​។​

​លោក​រដ្ឋមន្ត្រី​បាន​បញ្ជាក់ថា​៖ «​ការសិក្សា​ខ្នាត​អន្តរជាតិ​នេះ​ត្រូវធ្វើឡើង​ដើម្បី​ស្វែងរក​ដៃគូ​វិនិយោគ​ពី​ដៃគូ​អភិវឌ្ឍន៍ និង​ពី​ក្រុមហ៊ុន​នានា ព្រោះ​គម្រោង​នេះ​មិន​ត្រឹម​តែ​ផ្ដល់​ប្រ​យោ​​ជន៍​ដល់​ប្រជាជន​ខ្មែរ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​នឹង​ផ្ដល់​ប្រយោជន៍​ដល់​ប្រទេស​នៅក្នុង​តំបន់ និង​ពិភពលោក​ផងដែរ​»​។​

​លោក ម៉ក់ ស៊ី​ដេ​ត អ្នក​នាំ​​ពាក្យ និង​ជា​អគ្គនាយក​នៃ​អគ្គ​​នាយកដ្ឋាន​ដឹកជញ្ជូន​ផ្លូវទឹក ផ្លូវ​សមុទ្រ និង​កំពង់ផែ បាន​ប្រាប់ ភ្នំពេញ ​ប៉ុស្តិ៍​ថា គម្រោង​អភិវឌ្ឍន៍​ផ្លូវ​នាវាចរណ៍ និង​ប្រព័ន្ធ​ភ័ស្តុ​​ភារ​កម្ម​ទន្លេបាសាក់​នេះ​ ត្រូវបាន​សិក្សា​ក្នុងដំណាក់កាល​ទី​២​ ហើយ ដែលមាន​ទីតាំង​ព្រែក​​អំបិល ​ស្ថិតនៅ​ឃុំ​ព្រែក​អំបិល ស្រុក​ស្អាង ខេត្តកណ្តាល​។​

​លោក​បន្ថែមថា ដោយសារតែ​គម្រោង​ស្ថិតនៅក្នុង​ដំណាក់​​កាល​សិក្សា​នៅឡើយ ដូច្នេះ​មិនទាន់​អាច​វាយតម្លៃ​អំពី​ទំហំ​ទឹក​​ប្រាក់​ដែល​ត្រូវ​ចំណាយ​ឱ្យបាន​ច្បាស់លាស់​នៅឡើយ​ទេ ម្យ៉ាង​មុននឹង​អនុវត្ត​គម្រោង​នីមួយៗ ក្រសួង​ត្រូវ​សិក្សា​ឱ្យបាន​លម្អិត មុន​ដាក់ជូន​រដ្ឋាភិបាល​។​

​លោក​ថ្លែងថា​៖ «​ប្រយោជន៍​ដ៏​ធំធេង ដែល​កម្ពុជា​នឹង​ទទួល​​បាន​ពី​គម្រោង​ផ្លូវ​នាវាចរណ៍ និង​ប្រព័ន្ធ​ភ័ស្តុភារ​កម្ម​ទន្លេបាសាក់​នេះ​គឺ​កាត់បន្ថយ​ការចំណាយ​របស់​ធុរជន​ក្នុង​វិស័យ​ដឹកជញ្ជូន​របស់​យើង​។ កន្លងទៅ​ការដឹក​​ជញ្ជូន​ទំនិញ និង​ទេសចរណ៍​តាមផ្លូវ​ទឹក​ត្រូវ​ឆ្លងកាត់​ប្រទេស​​វៀតណាម ដោយ​ត្រូវ​ចំណាយ​ថវិកា ១០០​ ដុល្លារ ​សម្រាប់​កុង​​តឺ​ន័​រ​កម្ពស់ ២០ ​ហ្វ៊ី​ត និង​ ២០០​ ដុល្លារ ​សម្រាប់​កម្ពស់ ៤០ ​ហ្វ៊ី​ត ដូចនេះ​យើង​ចំណាយ​ច្រើនណាស់​ទៅឱ្យ​វៀតណាម​»​។​

​ប្រធាន​សមាគម​ពាណិជ្ជករ​ដឹកជញ្ជូន និង​ខ្សែចង្វាក់​ផ្គត់ផ្គង់​នៅ​កម្ពុជា លោក ជា ចាន់​ដា​រ៉ា បានឱ្យដឹងថា ក្នុងករណី​ដែល​ក្រសួង​សាធារណការ​បាន​ជោគ​​ជ័យ​លើ​ផែនការ​ពង្រីក​កំពង់ផែ ដែល​ឈានដល់​ការជីក​ព្រែក​ភ្ជាប់​ទៅកាន់​ខេត្ត​កែប​នេះ គឺជា​រឿង​ល្អ​បំផុត និង​ជា​សមិទ្ធផល​ដ៏​ធំធេង​មួយ​ក្នុង​ប្រវត្តិសាស្ត្រ​វិស័យ​ដឹកជញ្ជូន​កម្ពុជា​។​

​លោក​អះអាងថា​៖ «​នេះ​ គឺជា​ការបើក​ច្រក​ដ៏​ធំ​ទូលំទូលាយ​មួយ​សម្រាប់​ការដឹកជញ្ជូន​របស់​យើង ដោយសារតែ​សព្វថ្ងៃនេះ​យើង​មាន​ទំនិញ​មួយចំនួន​មកពី​ខាងក្រៅ​ប្រទេស ជាពិសេស​ប្រទេស​ចិន ដែល​រំហូរ​ទៅខាង​ផែ​ខាត់​ឡៃ និង​ខៃ​មេ​ប ប្រទេស​វៀតណាម ហើយ​ទើប​ដឹកជញ្ជូន​តាម​រថយន្ត​មក​កម្ពុជា​។ ដូច្នេះ​ប្រសិនបើ​យើង​មាន​ផែ​ខ្លួនឯង ពី​ទន្លេបាសាក់​ទៅដល់​កែប ឬ​កំពត​នោះ ច្បាស់​ណាស់​យើង​នាំចេញ​ដោយ​មិនចាំបាច់​ឆ្លង​កាត់​ផែ​វៀតណាម​ឡើយ​»៕