ភ្នំពេញៈ ក្រសួង​កិ​សកម្ម អះអាងថា កម្ពុជាអាចមាន​លទ្ធភាព​ក្នុងការ​ផ្គ​ត់​ផ្គង់​សាច់ជ្រូក​នៅក្នុង​ស្រុក ដោយ​មិនចាំបាច់​នាំចូល​ពី​ប្រទេសជិតខាង​រហូតដល់​ដំណាច់ឆ្នាំ ​២០២២ នេះ។​

​នៅក្នុង​សន្និសីទ​សារព័ត៌មាន​ស្តីពី សមិទ្ធផល​សម្រេចបាន​រយៈពេល​៥​ឆ្នាំកន្លងមក របស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក តាន់ ផាន់​ណា​រ៉ា អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ បាន​ថ្លែងថា ក្រសួងកសិកម្ម​មិនបាន​អនុញ្ញាតឱ្យ​នាំចូល​ជ្រូក​រយៈពេល​ ៩​ ខែ មកហើយ ពោលគឺ​ចាប់ពី​តាំងពី​អំឡុង​ចុងឆ្នាំ ​២០២១ ដោយសារតែ​ផលិតកម្ម​ជ្រូក​ក្នុងស្រុក មានលទ្ធភាព​ផ្គត់ផ្គង់​បាន​គ្រប់គ្រាន់​ហើយ​។​

​លោក​បាន​បន្ថែមថា កន្លងទៅ​អគ្គនាយដ្ឋាន​បាន​សហការ​ជាមួយនឹង​ភាគី​ពាក់ព័ន្ធ ដើម្បី​ទប់ស្កាត់​ការនាំ​ចូល ដោយ​នៅក្នុង​រយៈពេល​កន្លងមក​នេះ​បង្ក្រាបបាន​ជាច្រើន​ករណី ដោយ​ថ្មីៗ​នេះ បង្ក្រាប​១៦​ករណី​ចំពោះ​ការ​លួច​នាំចូល​ជ្រូក​ដោយ​ខុសច្បាប់​នេះ ខណៈដែល​សប្តាហ៍​មុន​មន្ត្រី​ជំនាញ​បាន​ដុត​កម្ទេច​ជ្រូក​ចំនួន ​៨០ ​ក្បាល ដែល​បាន​នាំចូល​ពី​ប្រទេស​វៀតណាម​តាម​ខេត្តព្រៃវែង និង​សង្ស័យថា មាន​ផ្ទុក​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក ក្រោយ​បានធ្វើ​ច​ត្តា​ឡី​ស័ក។​

​លោក​បាន​បញ្ជាក់ថា​៖ «ពាក់ព័ន្ធ​នឹង​ជ្រូក ខ្ញុំ​ធានាថា យើង​អាច​ផ្គត់ផ្គង់​បាន​គ្រប់គ្រាន់ រហូតដល់​បំណាច់​ឆ្នាំ ដោយ​មិន​ត្រូវការ​នាំចូល​ឡើយ​។​បន្ទាប់​បានទទួល​អនុសាសន៍រ​បស់​សម្តេច​តេ​ជោ ឱ្យ​កាត់បន្ថយ​ការនាំ​ចូល និង​ជំរុញ​ការផលិត​ក្នុងស្រុក យើង​បាន​បន្ត​ចុះ​ផ្សព្វផ្សាយ និង​ជំរុញ​ដល់​កសិករ​ក្នុងការ​ចិញ្ចឹមសត្វ​បន្ថែមទៀត ដោយ​សង្កេតឃើញថា ការចិញ្ចឹម​របស់​កសិក​រ​មានការ​កើនឡើង​ចាប់ពី​ឆ្នាំ​ ២០២០ ​មក​»​។​

​លោក ស្រ៊ុន ពៅ ប្រធាន​សមាគម​អ្នក​ចិញ្ចឹមសត្វ​កម្ពុជា បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា បច្ចុប្បន្ននេះ ការផ្គត់ផ្គង់​ជ្រូក​ចិញ្ចឹម​​នៅលើ​ទីផ្សារ មិន​ត្រឹមតែ​គ្រប់គ្រាន់​ទេ ថែមទាំង​លើស​តម្រូវការ​ថែម​ទៀតផង ដែល​បានធ្វើឱ្យ​តម្លៃ​ជ្រូក​បាន​ធ្លាក់​ថ្លៃ​បន្តិច​មកវិញ​នា​រយៈពេល​ចុងក្រោយ​នេះ​។​

​លោក​បាន​បន្ថែមថា តម្លៃ​ជ្រូក​រស់ នៅ​ប្រទេសជិតខាង ថ្លៃ​ជាង​តម្លៃ​ជ្រូក​កម្ពុជា ដូចនេះ គេ​មិនអាច​នាំ​ចូលមក​កម្ពុជា​បានឡើយ​។​ម្យ៉ាង​បញ្ហា​តម្លៃ​ជ្រូក​ចុះថ្លៃ​នេះ ជាទូទៅ​នៅ​រដូវវស្សា ជ្រូក​តែង​ចុះថ្លៃ ដោយសារតែ​ជា​រដូវ​ដែល​សម្បូរ​ត្រី​ច្រើន ទើប​តម្រូវការ​សាច់ជ្រូក​មានការ​​ចុះថ្លៃ​បែបនេះ​។​

​លោក​បាន​បញ្ជាក់ថា​៖ «​តម្លៃ​ជ្រូក​រស់​បច្ចុប្បន្ន គឺ​ ១១ ០០០ ​រៀល​ក្នុង​មួយ​គីឡូក្រាម ខណៈដែល​ការចំណាយ​របស់​កសិក​រ​លើស​នេះ ដែលនាំឱ្យ​កសិករ​ខ្លះ​បាន​ដកថយ​។​ការចុះ​ថ្លៃ​នេះ អាចមកពី​កសិករ​សម្រុក​ចិញ្ចឹម​ច្រើន ស្របពេល​កសិដ្ឋាន​ក្នុងស្រុក​ធំៗ​ក៏​ចាប់ផ្តើម​ពង្រីក​ដូចគ្នា​»​។​

​លោក ម៉ុង ឬ​ទ្ធី អគ្គនាយក​ក្រុមហ៊ុន​ម៉ុង ឬ​ទ្ធី គ្រុប បាន​ប្រាប់ថា បច្ចុប្បន្ននេះ កសិករ និង អ្នកវិនិយោគទុន អាច​ផលិត ជ្រូក​បាន ជា​មធ្យម ៣​ លាន​ក្បាល នៅក្នុង​មួយឆ្នាំ​។​

​លោក​បាន​បញ្ជាក់ថា​៖ «ការផលិត​ជ្រូក​មានការ​កើនឡើង​គួរឱ្យកត់សម្គាល់ ដោយ​មួយថ្ងៃ ផ្គត់ផ្គង់​លើ​ទីផ្សារ​ក្នុងស្រុក​ចំនួន ៨ ៣០០ ​ក្បាល ដែល​នេះ វា​លើសពី​សេចក្ដីត្រូវការបន្តិច​ទៅហើយ»​។​

​តាម​ការកត់សម្គាល់រ​បស់​ប្រធាន​សមាគម​អ្នក​ចិញ្ចឹមសត្វ​រូបនេះ តម្លៃ​ជ្រូក​រស់ នឹង​វិល​ត្រលប់​មករក​ភាពប្រក្រតី​វិញ នៅ​ពាក់កណ្តាល​ខែសីហា​ខាងមុខនេះ​។ ​បើតាម​ការ​ឱ្យដឹងពី​ខាង​សមាគម កម្ពុ​ជាមាន​តម្រូវការ​សាច់ជ្រូក​ប្រមាណ ​៨ ០០០​ ក្បាល ក្នុង​មួយថ្ងៃ ខណៈដែល​ការផលិត​ក្នុងស្រុក​លើសពី​តម្រូវការ​នេះ​៕