ភ្នំពេញៈ រដ្ឋាភិបាល​កម្ពុជា​បាន​អនុម័ត​នូវ​គម្រោង​វិនិយោគ​បង្កើត​រោងចក្រ​ផលិត​បន្ទះ​សូឡា​ដែល​មាន​ទុនវិនិយោគ​ជាង ៨៤ ​លាន​ដុល្លារ​របស់​ក្រុមហ៊ុន​ចិន L-Q New Energy ស្របពេល​ដែល​រដ្ឋាភិបាល​អាមេរិក​ថ្មីៗ​នេះ​បាន​ប្រកាស​លើកលែង​ពន្ធគយ​លើ​ការ​នាំចូល​បន្ទះ​សូឡា​ពី​ប្រទេស​ចំនួន ៤ នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍​រួមទាំង​ប្រទេស​កម្ពុជា​ផងដែរ​។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ​(CDC)​ កាលពី​ល្ងាច​ថ្ងៃទី​ ១៨ ខែកក្កដា បានឱ្យ​ដឹងថា CDC បាន​សម្រេច​ចេញ​វិញ្ញាបនបត្រ​ចុះបញ្ជី​វិនិយោគ​ឱ្យ​ក្រុមហ៊ុន L-Q New Energy សម្រាប់​គម្រោង​បង្កើត​រោងចក្រ​ផលិត​បន្ទះ​សូឡា ដែល​មាន​ទីតាំង​នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស យូ ប៊ី អ៊ី ស្នួល ខេត្តក្រចេះ ក្រោម​ទុនវិនិយោគ ៨៤,៥​ លាន​ដុល្លារ និង​បង្កើត​ការងារ​បាន ១ ០០០ ​នាក់​។

រដ្ឋបាល​របស់​ប្រធានាធិបតី​អាមេរិក លោក Joe Biden កាលពីដើម​ខែ​មិថុនា ឆ្នាំ​ ២០២២ បាន​ប្រកាស​លើកលែង​ពន្ធគយ​លើ​ការ​នាំចូល​បន្ទះ​សូឡា​ពី​ប្រទេស​ចំនួន ៤ ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​រួមមាន កម្ពុជា ម៉ាឡេស៊ី ថៃ និង​វៀតណាម​។ ការលើកលែង​ពន្ធ​នេះ គឺ​ក្នុង​គោលបំណង​ដើម្បី​ធានាថា​អាមេរិក​មាន​លទ្ធភាព​ទទួល​បាន​ការផ្គត់ផ្គង់​ម៉ូឌុល​ថាមពល​ពន្លឺព្រះអាទិត្យ​គ្រប់គ្រាន់ ដើម្បី​បំពេញ​តម្រូវការ​ផលិត​អគ្គិសនី ខណៈ​តម្រូវការ​ប្រើប្រាស់​ថាមពល​កំពុង​កើនឡើង​។

យោងតាម​ក្រសួង​ពាណិជ្ជកម្ម​បាន​ឱ្យដឹងថា ក្រុមហ៊ុន L-Q New Energy CO., Ltd. បាន​ចុះបញ្ជី​កាលពី​ថ្ងៃទី​ ២៧ ខែមករា ឆ្នាំ​ ២០២២ ដោយ​មាន​វិនិយោគិន​មកពី​ខេត្ត Jiangsu និង​ខេត្ត Shandong ប្រទេស​ចិន​។

អនុប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា លោក លឹម ហេង បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃទី​ ១៩ ខែកក្កដា ថា ការវិនិយោគ​លើ​រោងចក្រ​ផលិត​បន្ទះ​សូឡា គឺមាន​ជា​បណ្តើរៗ​ចាប់​តាំងពី​ជម្លោះ​ពាណិជ្ជកម្ម​រវាង​អាមេរិក និង​ចិន​កើតឡើង​។ និន្នាការ​នៃ​វិនិយោគ​លើ​រោងចក្រ​ផលិត​បន្ទះ​សូឡា​នៅ​កម្ពុជា​មាន​កំណើន​បន្ថែមទៀត​នៅពេល​អាមេរិក​ប្រកាស​លើកលែង​ពន្ធគយ​នាំចូល​បន្ទះ​សូឡា​ផលិត​នៅ​កម្ពុជា និង​ប្រទេស​ក្នុង​តំបន់​ចំនួន ៣​ ផ្សេងទៀត​។

លោក​ថ្លែងថា​៖ «​បញ្ហា​តម្លៃ​ប្រេងឥន្ធនៈ​ឡើងថ្លៃ​ជា​សកល និង​ការគិតគូរ​ពី​បរិស្ថាន​នឹង​ជំរុញ​ឱ្យ​មាន​រោងចក្រ​ផលិត​បន្ទះ​សូឡា​កាន់តែ​ច្រើន​ចូល​មក​បើក​ដំណើរការ​នៅ​កម្ពុជា ដែល​ជា​ប្រទេស​មាន​លក្ខខណ្ឌ​អំណោយផល​ច្រើន​សម្រាប់​ការវិនិយោគ​គ្រប់​វិស័យ​»​។

លោក​លើកឡើង​ទៀតថា និន្នាការ​នៃ​ការប្រើប្រាស់​សូឡា គឺ​មិន​ត្រឹមតែ​សម្រាប់​បង្កើតជា​ថាមពល​អគ្គិសនី​ប្រើប្រាស់​ក្នុង​អគារ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏មាន​កាន់តែច្រើន​សម្រាប់​ឧស្សាហកម្ម​យានយន្ត​ផងដែរ​។

អ្នកស្រាវជ្រាវ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា លោក ហុង វណ្ណៈ បាន​និយាយ​ថា ការកើនឡើង​នៃ​តម្រូវការ​ថាមពល​ប្រើប្រាស់​លើ​ពិភពលោក ស្រប​ពេល​មាន​ការយក​ចិត្ត​ទុកដាក់​កាន់តែខ្លាំង​ទៅលើ​ការថែរក្សា​បរិស្ថាន និង​វិបត្តិ​កង្វះ​ការផ្គត់ផ្គង់​ប្រភព​ថាមពល​បណ្តាល​មកពី​វិបត្តិ​សង្គ្រាម​ឈ្លានពាន​របស់​ប្រទេស​រុស្ស៊ី​នៅ​ប្រទេស​អ៊ុយក្រែន​បាន​ជំរុញ​ឱ្យ​មាន​ការវិនិយោគ​កាន់តែ​ច្រើន​ថែមទៀត​ទៅលើ​ថាមពល​កកើត​ឡើងវិញ ជាពិសេស​ថាមពល​ពន្លឺ​ព្រះអាទិត្យ (​សូឡា​)​។

លោក​បាន​ថ្លែង​បន្តថា ការទទួល​បាន​ភាពអនុគ្រោះ​ពន្ធគយ​ពី​អាមេរិក គឺជា​ឱកាស​សម្រាប់​កម្ពុជា​ក្នុង​ការទាក់ទាញ​ក្រុមហ៊ុន​វិនិយោគ​ឱ្យ​ចូលមក​បណ្តាក់ទុន​លើ​ការផលិត​បន្ទះ​សូឡា ដើម្បី​នាំចេញ​ទៅ​ទីផ្សារ​អាមេរិក​វិញ​។

លោក​បាន​បញ្ជាក់ថា​៖ «​ការអនុម័ត​របស់ CDC ចំពោះ​គម្រោង​វិនិយោគ​រោងចក្រ​ផលិត​បន្ទះ​សូឡា​ដែលមាន​តម្លៃ​ជាង ៨៤ ​លាន​ដុល្លារ​នេះ​នឹង​ផ្តល់​ផលប្រយោជន៍​ច្រើន​ដល់​សេដ្ឋកិច្ច​កម្ពុជា ក៏ដូចជា​បង្កើត​ការងារ​ក្នុងស្រុក​ផងដែរ​។

លោក​បាន​ថ្លែង​បញ្ជាក់ថា បន្ទះ​សូឡា​ដែល​ផលិត​បាន វា​មិន​ត្រឹមតែ​ជួយ​លើកកម្ពស់​សមត្ថភាព​នៃ​ការនាំចេញ​របស់​កម្ពុជា​ទៅកាន់​ទីផ្សារ​អន្តរជាតិ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​នឹង​ធ្វើឱ្យ​ប្រទេស​កម្ពុជា​ឈាន​ឆ្ពោះទៅ​ការប្រើប្រាស់​ថាមពល​កកើត​ឡើងវិញ​បាន​កាន់តែច្រើន​ផងដែរ​»​។

កាលពី​ឆ្នាំ​ ២០២១ កម្ពុជា បាន​នាំចេញ​បន្ទះ​សូឡា​ទៅ​ក្រៅ​ប្រទេស​ជិត ៥៤ ៣២០ តោន កើនឡើង​ជាង ២៧ ​ភាគរយ​បើ​ធៀប​នឹង​ឆ្នាំ​ ២០២០ ដែល​ស្មើនឹង​ទឹកប្រាក់​ជិត ២៧៤ លាន​ដុល្លារ​។ នៅក្នុង​នោះ​ការនាំ​ចេញ​ទៅ​អាមេរិក​មាន​ប្រមាណ ៥៣ ១៨៨,១៩ ​តោន កើនឡើង​ជាង ៣៣ ​ភាគរយ ដោយ​គិត​ជា​ទឹកប្រាក់​សរុប ២៥៦,៨៨ ​លាន​ដុល្លារ​។ នេះ​បើ​យោងតាម​របាយការណ៍​របស់​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​៕