
កម្ពុជាគ្រោងនឹងនាំចេញផ្លែមៀនស្រស់ទៅទីផ្សារប្រទេសចិន ក្នុងពេលដ៏ខ្លីខាងមុខនេះ។ ហុង មិនា
ភ្នំពេញៈ កម្ពុជា គ្រោងនឹងនាំចេញផ្លែមៀនស្រស់ទៅប្រទេសចិននៅក្នុងពេលដ៏ខ្លីខាងមុខនេះ ក្រោយពីការវាយតម្លៃពីអាជ្ញាធរចិនទទួលបានលទ្ធផលជាវិជ្ជមាន។
ក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយ លក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់ការនាំចេញផ្លែមៀនស្រស់ពីប្រទេសកម្ពុជាទៅកាន់ប្រទេសចិននៅខេត្តបាត់ដំបងកាលពីថ្ងៃទី ១៨ ខែកក្កដា លោក ងិន ឆាយ អគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអំពាវនាវដល់ម្ចាស់ចម្ការ សហគមន៍កសិកម្មតាង៉ែន និងម្ចាស់រោងចក្រវេចខ្ចប់ ដែលមានបំណងផលិត និងកែច្នៃវេចខ្ចប់នាំចេញផ្លែតាង៉ែនស្រស់ទៅទីផ្សារប្រទេសចិនរួសរាន់ដាក់ពាក្យស្នើសុំចុះបញ្ជី បន្ទាប់ពីការវាយតម្លៃពីអគ្គរដ្ឋបាលគយចិននៅដំណាក់កាលចុងក្រោយដែលបានធ្វើឡើងកាលពីថ្ងៃទី ១២ ដល់ទី ១៥ ខែកក្កដា ទទួលបានភាពវិជ្ជមានខ្ពស់ ខណៈដែលក្រសួងក៏បានចាប់ផ្តើមផ្សព្វផ្សាយពីគោលការណ៍ណែនាំស្តីពីការនាំចេញផ្លែមៀនប៉ៃលិនពីកម្ពុជាទៅប្រទេសចិន។
លោកបានបន្ថែមថា វិធានការអនាម័យ និងភូតគាមអនាម័យកំពុងដើរតួនាទីមិនអាចខ្វះបានក្នុងការធ្វើជាស្ពានចម្លងផលិតផលកសិកម្មទៅកាន់ទីផ្សារបរទេស ពិសេសផលិតផលកសិកម្មមួយចំនួន ដែលជាប្រភេទផលិតផលជាប់កម្រិតកំណត់ ឬជាក្រុមផលិតផល ដែលមានកម្រិតហានិភ័យខ្ពស់។
លោកបញ្ជាក់ថា៖ «ការនាំចេញទំនិញប្រភេទនេះទាមទារឱ្យសមត្ថកិច្ចភូតគាមអនាម័យកម្ពុជាធ្វើសំណើសុំចរចាបើកទីផ្សារជាមួយសមត្ថកិច្ចភូតគាមអនាម័យនៃប្រទេសនាំចូល តាមរយៈការស្នើសុំវាយតម្លៃហានិភ័យសមាសភាពចង្រៃពាក់ព័ន្ធនឹងការនាំចូលទំនិញដែលបានស្នើសុំក្នុងនោះផ្លែតាង៉ែនស្រស់ក៏ស្ថិតក្នុងក្រុមផលិតផល ដែលមានកម្រិតហានិភ័យខ្ពស់ផងដែរ»។
លោក រុន សុផាន់ណារ៉ា អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យបានប្រាប់ភ្នំពេញ-ប៉ុស្តិ៍ថា កាលពីថ្ងៃទី ១៣ ខែកក្កដា ក្រុមការងាររបស់មន្ទីរបានចុះសម្របសម្រួលអគ្គនាយកដ្ឋានរដ្ឋបាលគយចិន អធិការកិច្ចចម្ការមៀនរបស់កសិករស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ តាមរយៈប្រព័ន្ធបញ្ជូនរូបភាព និងសំឡេង ក្រោមការសម្របសម្រួលពីតំណាងឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជានៅចម្ការមៀន សហគមន៍មៀនម៉ាឡៃក្នុងការនាំផ្លែមៀនស្រស់ទៅកាន់ប្រទេសចិន។
លោកបានបន្ថែមថា នៅក្នុងខេត្តបន្ទាយមានជ័យមានផ្ទៃដីដាំមៀនប៉ៃលិនប្រមាណជិត ១ ពាន់ហិកតា និងមានចម្ការចំនួន ៤៣ ដោយនាពេលកន្លងទៅផ្លែ-មៀនស្រស់អាចនាំចេញទៅខាងប្រទេសថៃតែប៉ុណ្ណោះ។ មន្ទីរកំពុងសម្របសម្រួលដល់ចម្ការទាំងនេះក្នុងការស្នើសុំចុះបញ្ជី ដើម្បីទទួលវិញ្ញាបនបត្រ GAP។
លោកបានបញ្ជាក់ថា៖ «កាលពីប៉ុន្មានឆ្នាំមុននេះ កសិករបានបាក់ទឹកចិត្តយ៉ាងខ្លាំង ដោយសារតែឈ្មួញថៃបានផ្អាកទិញមៀនប៉ៃលិនពីកម្ពុជា។ តែយើងរំពឹងថា នៅពេលដែលយើងអាចនាំចេញមៀនទៅចិនជាផ្លូវការហើយ កសិករយើងលែងបារម្ភពីរឿងតម្លៃ និងទីផ្សារទៀតហើយ»។
លោក សួស ស៊ីយ៉ាត ប្រធានសហគមន៍កសិកម្មផលិតផលមៀនប៉ៃលិនបានប្រាប់ឱ្យដឹងថា កសិករបានត្រៀមខ្លួនរួចជាស្រេច រង់ចាំតែការសម្រេចរបស់ក្រសួងកសិកម្មថាឱ្យនាំចេញពេលណា នោះកសិករនឹងអាចប្រមូលបានតាមការកំណត់របស់អ្នកបញ្ជាទិញ ដោយបច្ចុប្បន្នមានក្រុមហ៊ុនរបស់ថៃមួយ ដែលបានសហការជាមួយសហគមន៍ដើម្បីអាចនាំចេញផ្លែមៀនស្រស់ទៅចិននាពេលខាងមុខ។
ទោះជាយ៉ាងណាក៏ដោយ មានកសិករតិចតួចប៉ុណ្ណោះដែលបានចុះបញ្ជី និងអនុវត្តតាមកសិកម្មល្អ ដោយលោកបានបញ្ជាក់ថា៖ «យើងមានការព្រួយបារម្ភខ្លះដែរ ព្រោះមកទល់នឹងបច្ចុប្បន្ននេះ កសិករដាំដុះមៀនប៉ៃលិនមិនទាន់បានទៅចុះបញ្ជី ដើម្បីរៀនសូត្រពីការអនុវត្តកសិកម្មល្អបានច្រើននៅឡើយទេ។»។
បើតាមក្រសួងកសិកម្ម បច្ចុប្បន្នការដាំមៀនប៉ៃលិនមានផ្ទៃដីដាំជាង ១៣ ៦០៨ ហិកតានៅទូទាំងប្រទេស ហើយភាគច្រើនដាំនៅខេត្តបាត់ដំបង ប៉ៃលិន និងបន្ទាយមានជ័យ។ ក្នុងនោះផ្ទៃដីប្រមូលផលមានប្រមាណ ៨ ពាន់ហិកតា ដោយក្នុង ១ ហិកតាទទួលបានផលចន្លោះពី ១៥ ទៅ ២០ តោន ក្នុង ១ ឆ្នាំៗ៕