
អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។ ហុង មិនា
ភ្នំពេញៈ អគ្គនាយកដ្ឋានពន្ធដាររកចំណូលបានជាង ១៩៧០ លានដុល្លារ នៅឆមាសទី ១ ឆ្នាំ ២០២២ នេះ កើនឡើងជិត ៣០ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២១។
យោងតាមសេចក្តីប្រកាសព័ត៌មានស្តីពី កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រមូលចំណូលពន្ធប្រចាំខែមិថុនា និងប្រចាំឆមាសទី ១ ឆ្នាំ ២០២២ នេះបង្ហាញថា អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប្រមូលចំណូលពន្ធ-អាករ បានចំនួន ១ ៩៧០,៥១ លានដុល្លារ កើនឡើង ប្រមាណជា ៤៥២,៧៤ លានដុល្លារ ស្មើនឹង ២៩,៨៧ ភាគរយ ធៀបនឹងចំណូលពន្ធ-អាករក្នុងរយៈពេលដូចគ្នា ឆ្នាំ ២០២១ ហើយស្មើនឹង ៦៩,៨៩ ភាគរយ នៃផែនការច្បាប់ហិរញ្ញវត្ថុប្រចាំឆ្នាំ។
នៅក្នុងនោះដែរ ប្រភពចំណូលពីប្រភេទពន្ធសំខាន់ៗ បានរក្សាកំណើនធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២១ ក្នុងនោះ ពន្ធលើប្រាក់ចំណូល ២៧,១៩ ភាគរយ អាករលើតម្លៃបន្ថែម ៣៣,៣៧ ភាគរយ ពន្ធលើប្រាក់បៀវត្ស ២៥,១៦ ភាគរយអាករពិសេស ៣៤,០១ ភាគរយ ពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិអចលនទ្រព្យ ៤៤,៣៨ ភាគរយ, និងពន្ធលើឈ្នួលផ្ទះ និងដី ១០,១២ ភាគរយ។
លោក គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានចាត់ទុកលទ្ធផលដែលប្រមូលចំណូលពន្ធនេះ គឺជាទីមោទនៈមួយ ជាពិសេសការគ្រប់គ្រងស្ថានការណ៍នៃជំងឺកូវីដ ១៩ បានពេញលេញ និងមានប្រសិទ្ធភាពខ្ពស់ តាមរយៈការចាត់វិធានការជាយុទ្ធសាស្ត្រក្នុងការចាក់វ៉ាក់សាំង ជូនប្រជាជនកម្ពុជាប្រកបដោយស្មារតីបុរេសកម្ម និងទាន់ពេលវេលា ដែលអាចកសាងភាពស៊ាំ ក្នុងសហគមន៍ទៅនឹងជំងឺរាតត្បាតនេះ ហើយឈានទៅបើកប្រទេសជាតិ ឱ្យដំណើរការសេដ្ឋកិច្ច-សង្គមឡើងវិញកាលពីខែវិច្ឆិកា ឆ្នាំ ២០២១ កន្លងទៅនេះ ហើយបាននិងកំពុងអនុវត្តការរស់នៅ តាមគន្លងប្រក្រតីភាពថ្មីក្នុបរិបទនៃជំងឺកូវីដ ១៩។
លោកបន្តថា ការដឹកនាំចង្អុលបង្ហាញប្រកបដោយភាពឈ្លាសវៃ និងការដាក់ផែនការយ៉ាងមុតស្រួច របស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ លើការអនុវត្តកំណែទម្រង់សំខាន់ៗ និងវិធានការជាយុទ្ធសាស្ត្រនាពេលកន្លងមក ដែលបានជំរុញ និងលើកកម្ពស់អនុលោមភាពសារពើពន្ធ និងធានាបាននូវការប្រកួតប្រជែង ដោយស្មើភាពក្នុងចំណោមមជ្ឈដ្ឋានវិនិយោគ។
លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានបង្ហាញពីការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងមន្ត្រីទាំងអស់នៃអគ្គនាយកដ្ឋានពន្ធដារទាំងអស់ ក្នុងការចូលរួមចំណែកបំពេញភារកិច្ច សម្រេចបានលទ្ធផលការងារគ្រប់គ្រង ប្រមូលចំណូលពន្ធយ៉ាងល្អប្រសើរ ទោះបីជាស្ថិតក្នុងសភាពការណ៍លំបាកក៏ដោយ។
លោកបានបន្តជំរុញអគ្គនាយកដ្ឋានពន្ធដារយកចិត្តទុកដាក់ កៀរគរប្រមូលឱ្យអ្នកជាប់ពន្ធចូលក្នុងប្រព័ន្ធរួមមួយ ធ្វើឱ្យអ្នកជាប់ពន្ធងាយស្រួលក្នុងការបង់ពន្ធ ចៀសវាងការគេចវេះពន្ធ និងធានាឱ្យបាននូវការប្រកួតប្រជែងដោយស្មើភាព សមធម៌ក្នុងការបង់ពន្ធ៕