សៀមរាបៈ ជា​មុខរបរ​ដែល​ធ្លាប់​រកចំណូល​បាន​ច្រើន​ម៉ឺន​ដុល្លារ​រៀងរាល់​ឆ្នាំ ក៏ប៉ុន្តែ​សម្រាប់​ពេលបច្ចុប្បន្ន​អ្នក​ចិញ្ចឹម​ក្រពើ​បែរជា​កំពុង​ដង្ហោយ​រក​ការជួយ​ជ្រោមជ្រែង​ពី​រាជរដ្ឋាភិបាល​តាមរយៈ​ការស្វែងរក​ទីផ្សារ​នាំចេញ​ជា​ផ្លូវការ​ទៅ​ទីផ្សារ​អន្តរជាតិ​ឱ្យបាន​ច្រើន និង​ទាក់ទាញ​អ្នកវិនិយោគ​ឱ្យ​ចូលមក​បណ្តាក់ទុន​លើ​ការកែច្នៃ​ផលិតផល​ពី​ស្បែក​ក្រពើ ដើម្បី​បម្រើឱ្យ​តម្រូវការ​ក្នុងស្រុក និង​នាំ​ចេញទៅ​ទីផ្សារ​អន្តរជាតិ​ ខណៈ​ពេល​តម្លៃ​ក្រពើ​បាន​ធ្លាក់ចុះ​យ៉ាងគំហុក ពិសេស​ក្នុង​រយៈពេល​ជាង​ ២ ​ឆ្នាំ​កន្លងមកនេះ​។

ទីផ្សារ​ក្រពើ​នៅ​កម្ពុជា​បាន​ផ្តើម​ធ្លាក់ចុះ​ជា​បន្តបន្ទាប់​ក្នុង​រយៈពេល ៦-៧ ​ឆ្នាំ​មកហើយ ដោយសារ​មិនមាន​ទីផ្សារ​នាំចេញ​ផ្លូវការ​ច្បាស់លាស់ គឺមាន​តែ​ការនាំ​ចេញ​ក្រៅ​ផ្លូវការ​ទៅ​ប្រទេស​វៀតណាម និង​ថៃ​ប៉ុណ្ណោះ​។ ទោះ​យ៉ាងណា​អ្វីដែល​ធ្វើឱ្យ​អ្នក​ចិញ្ចឹម​ទទួលរង​គ្រោះ​ខ្លាំង​រហូតដល់​ចង់​បោះបង់​ចោល​មុខរបរ​នេះ​គឺ​ចាប់តាំងពី​ការផ្ទុះ​ឡើង​នៃ​ជំងឺ​កូវីដ​ ១៩ ដែល​ធ្វើឱ្យ​ទីផ្សារ​ក្រពើ​នៅ​ប្រទេស​កម្ពុជា​ធ្លាក់ចុះ​ស្ទើរតែ​ដល់​ចំណុច​សូន្យ​។

ម្ចាស់​អាង​ចិញ្ចឹម​ក្រពើ​មួយ​កន្លែង​ក្នុង​ខេត្តសៀមរាប​ដែល​បច្ចុប្បន្ន​មាន​ក្រពើ​ធំៗ​ប្រមាណ​ពី​ ១ ៧០០-១ ៨០០ ​ក្បាល លោក លឹម រិទ្ធី បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ចុងខែ​មុន​ថា ទីផ្សារ​ក្រពើ​បាន​ធ្លាក់ចុះ​អស់​រយៈពេល​ប្រមាណ ៦-៧ ​ឆ្នាំ​មកហើយ ប៉ុន្តែ​អ្វីដែល​ធ្វើឱ្យ​អ្នក​ចិញ្ចឹម​ក្រពើ​រូបនេះ​ខកចិត្ត​ខ្លាំង​រហូត​បន់​ឱ្យតែ​មាន​អ្នក​មក​ប្រមូល​ទិញ​ទាំងអស់​នោះ គឺ​តម្លៃ​បាន​ធ្លាក់ចុះ​ខ្លាំង និង​មិនមាន​ទីផ្សារ​អន្តរជាតិ​ច្បាស់លាស់​ក្នុង​ការទទួល​ទិញ​ក្រពើ ឬ​ផលិតផល​ក្រពើ​ពី​កម្ពុជា​។

លោក​បាន​បន្តថា អ្នក​ចិញ្ចឹម​ក្រពើ​នៅពេលនេះ​គឺ​មិនមាន​ទឹកចិត្ត​ចិញ្ចឹម​បន្ត​ទេ ព្រោះ​ការចំណាយ​លើ​ចំណី​ខ្ពស់ ប៉ុន្តែ​នៅពេល​លក់បាន​តម្លៃ​ទាប​ហៅ​មិនឮ​។ នៅពេលនេះ​សាច់​ក្រពើ​មានតម្លៃ​ចន្លោះ​ពី ៣ ០០០-៦ ០០០​ រៀល​ប៉ុណ្ណោះ​ក្នុង ​១​ គីឡូក្រាម​ (​ភាគច្រើន​គេ​យក​ទៅ​ធ្វើ​សាច់​ងៀត​) ​ខណៈ​ស្បែក​ក្រពើ​ពេញវ័យ​ (​ចាប់ពី ១១ ​ឆ្នាំ​ឡើងទៅ​) អាចមាន​តម្លៃ​ប្រហែល​ ១៥​ ដុល្លារ និង​ក្រពើ​អាយុ ៣-៤ ​ឆ្នាំ តម្លៃ​ប្រហែល​ ១០ ​ដុល្លារ​។

លោក​បាន​បញ្ជាក់​ថា​៖ «​អ្នក​ចិញ្ចឹម​ក្រពើ​ពី​មុនគេ​និយម​ហៅថា ថៅកែ​ក្រពើ ប៉ុន្តែ​ពេលនេះ គេ​នាំគ្នា​ហៅថា ទាសករ​ក្រពើ​វិញ​ម្ដង ព្រោះ​ក្រពើ​គ្មាន​តម្លៃ និង​គ្មាន​ទីផ្សារ ហើយ​បែរជា​ត្រូវ​យកលុយ​​ពី​ផ្ទះ​យ៉ាងច្រើន​រៀងរាល់​ខែ​ទៅ​ចំណាយ​លើ​ចំណី​ក្រពើ​ទៅវិញ​»​។

លោក​បាន​បន្ថែមថា​៖ «​ទោះ​ចង់​លក់​ក៏​មិនមាន​អ្នក​ទិញ​ដែរ​នៅពេល​នេះ ពិសេស​ក្រពើ​ធំៗ ដែល​ពីមុន​ (៦-៧​ ឆ្នាំមុន​)​ មាន​តម្លៃ​ជា​មធ្យម​ពី​ ៥០០-៨០០ ​ដុល្លារ ក្នុង​ ១ ​ក្បាល ពេលនេះ​តម្លៃ​នៅសល់​ត្រឹមតែ ៣០-៤០ ​ដុល្លារ​ប៉ុណ្ណោះ ហើយក៏​មិនមាន​អ្នកទិញ​ដែរ​»​។

លោក​បាន​លើកឡើង​ថា កាលពី​ដើម​ខែ​មិថុនា ឆ្នាំ​ ២០២២ កូន​ក្រពើ​ដែល​​ទើបនឹង​ញាស់​មានតម្លៃ​ជា​មធ្យម​ ២ ​ដុល្លារ​ក្នុង​ ១ ​ក្បាល ប៉ុន្តែ​រយៈពេល​ ២-៣ ​សប្តាហ៍​បន្ទាប់ តម្លៃ​កូន​ក្រពើ​បាន​ធ្លាក់​ថ្លៃ​មក​នៅត្រឹម​តែ​ប្រហែល​ ១​ ដុល្លារ​ប៉ុណ្ណោះ​។ ​

លោក​បាន​បញ្ជាក់ថា​៖ «​តម្លៃ​ក្រពើ​នៅពេល​នេះ​គឺ​អាស្រ័យ​លើ​មាត់​ឈ្មួញ​វៀតណាម ពីព្រោះ​ការនាំចេញ​​គឺមាន​តែ​ទៅ​ប្រទេស​វៀតណាម​ប៉ុណ្ណោះ ខណៈ​នៅមុន​មាន​វត្តមាន​ជំងឺ​កូវីដ​ ១៩ កូន​ក្រពើ​មួយចំនួន​ត្រូវបាន​នាំចេញ​ទៅ​ប្រទេស​ថៃ​»​។

បើតាម​លោក រិទ្ធី បច្ចុប្បន្ន​ត្រី​ចំណី​ក្រពើ​ត្រូវបាន​នាំមក​ពី​ប្រទេស​ថៃ​ដោយមាន​តម្លៃ​ក្នុង​ចន្លោះ​ពី ១ ៨០០ ទៅ ២ ០០០ ​រៀល​ ក្នុង​ ១​ គីឡូក្រាម​។ សម្រាប់​ក្រពើ​ជាង ១ ៧០០ ​ក្បាល ដែល​លោក​ចិញ្ចឹម គឺ​ត្រូវ​ចំណាយ​ជិត ៤ ០០០​ ដុល្លារ​ក្នុង​ ១​ ខែ​ទៅលើ​ចំណី ​(២ ​សប្តាហ៍​ឱ្យ​ស៊ី​ម្ដង​)​។

លោក រិទ្ធី បាន​ឱ្យដឹង​ទៀតថា បើតាម​ព័ត៌មាន​តម្រូវការ​ស្បែក​ក្រពើ​នៅលើ​ទីផ្សារ​អន្តរជាតិ​នៅតែ​មាន ប៉ុន្តែ​ការជាប់គាំង​ទីផ្សារ​នៅ​កម្ពុជា​គឺ​ដោយសារ​តែ​ការនាំចេញ​ក្រពើ​មានតែ​ច្រក​ទៅកាន់​​ប្រទេស​វៀតណាម​មួយគត់ ដែល​ធ្វើឱ្យ​ក្រុម​ឈ្មួញ​វៀតណាម​កំណត់​តម្លៃ​ស្រេច​តែ​ចិត្ត​។

លោក​បាន​សង្កត់ធ្ងន់​ថា​៖ «​បើ​យើង​មិន​ព្រម​លក់​ក្នុង​តម្លៃ​ទាប គឺ​យើង​មិនមាន​កន្លែង​ឱ្យ​ក្រពើ​នៅ ហើយ​ក៏​ត្រូវ​ចំណាយ​ទៅលើ​ចំណី​បន្ថែម​ទៀត​។

នៅពេលនេះ​បើ​មាន​អ្នក​ព្រម​ទទួល​ទិញ​ក្រពើ និង​ឱ្យ​តម្លៃ​សមរម្យ ខ្ញុំ​នឹង​លក់​ទាំងអស់​តែម្តង​»​។

លោក​បាន​លើកឡើង​ថា​៖ «​ខ្ញុំ​សូម​ស្នើឱ្យ​រដ្ឋាភិបាល​ជួយ​អន្តរាគមន៍​ដល់​អ្នក​ចិញ្ចឹម​ក្រពើ​តាមរយៈ​ការជួយ​រក​ទីផ្សារ និង​ទាក់ទាញ​អ្នកវិនិយោគ​ឱ្យ​មក​បណ្តាក់ទុន​លើ​ការកែច្នៃ​វត្ថុ​ប្រើប្រាស់ ឬ​វត្ថុអនុស្សាវរីយ៍​ធ្វើ​ពី​ស្បែក​ក្រពើ​ឱ្យបាន​ច្រើន ព្រោះ​វា​មិន​ត្រឹមតែ​ជួយ​ដល់​អ្នកចិញ្ចឹម​ក្រពើ និង​វិស័យ​ទេសចរណ៍​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​នឹង​ជួយ​ដល់​កំណើន​សេដ្ឋកិច្ច​កម្ពុជា​ផងដែរ​»​។

ជាធម្មតា​ក្រពើ​មេ​តែង​ពង​កូន​ចាប់ពី​ចុងខែ​កុម្ភៈ​រហូត​ដល់​ខែ​ឧសភា និង​ចាប់ផ្តើម​ញាស់​ពី​ខែ​មេសា​រហូត​ដល់​ខែ​កក្កដា​រៀងរាល់​ឆ្នាំ​។

លោក សាន ហាក់ ដែល​ចិញ្ចឹម​ក្រពើ​ក្នុង​ខេត្ត​សៀមរាប​ចាប់តាំងពី​ឆ្នាំ​ ១៩៩៣ ក៏បាន​និយាយ​ដែរ​ថា ទីផ្សារ​ក្រពើ​នៅ​កម្ពុជា​បាន​ធ្លាក់ចុះ​ដល់​កម្រិត​សូន្យ​រួចទៅ​ហើយ​នៅក្នុង​រយៈពេល​ប្រមាណ​ ២ ​ឆ្នាំ​កន្លងមកនេះ​។ រីឯ​ចំនួន​អ្នក​ចិញ្ចឹម​ថយចុះ ហើយ​ចំពោះ​តម្លៃ​វិញ​ក៏មាន​​ការធ្លាក់ចុះ​យ៉ាងខ្លាំង​ផងដែរ ដោយ​កូន​ក្រពើ​ទើប​ញាស់​នៅក្នុង​ពេលនេះ ​(​ចុង​ខែ​មិថុនា​) ​មានតម្លៃ​ចន្លោះ​ពី ១-១,៥​ ដុល្លារ​។ តម្លៃ​នេះ​អាច​នឹង​បន្ត​ធ្លាក់ចុះ​បន្ថែមទៀត​ នៅពេល​ដែល​ចំនួន​កូន​ក្រពើ​ញាស់​កាន់តែ​ច្រើន​។

លោក​បាន​បន្ថែមថា ការធ្លាក់ចុះ​តម្លៃ​ក្រពើ​នៅ​កម្ពុជា​នៅក្នុង​ពេលនេះ​អាច​បណ្តាល​មកពី​កត្តា​ចម្បងៗ​ចំនួន​ ២ ​គឺ​កត្តា​ខាងក្នុង ដោយសារ​អ្នក​ចិញ្ចឹម​ក្រពើ​មិនមាន​ការស្រុះស្រួល​គ្នា​ក្នុង​ការបង្កើត​សមាគម​ ឬ​សហគមន៍​ដើម្បី​ការពារ​ផលប្រយោជន៍​រួម និង​កត្តា​ខាងក្រៅ ដែល​បណ្តាល​មកពី​ក្រពើ​កម្ពុជា​មិនមាន​ទីផ្សារ​នាំចេញ​ក្រៅតែ​ពី​ប្រទេស​វៀតណាម​។

លោក​បាន​និយាយ​ថា​៖ «​ដោយសារ​ទីផ្សារ​ក្រៅប្រទេស​មិនមាន​ភាពច្បាស់​លាស់ ហើយ​ត្រូវ​ពឹង​លើ​ប្រទេស​គេ ដូច្នេះ​ប្រសិន​បើ​កម្ពុជា​អាច​មាន​រោងចក្រ​ ឬ​កន្លែង​កែច្នៃ​ផលិតផល​ពី​ស្បែក​ក្រពើ​ទៅជា​វត្ថុ​ប្រើប្រាស់​ ឬ​វត្ថុ​អនុស្សាវរីយ៍​នោះ​គឺជា​ការល្អ​ណាស់ ព្រោះ​តាមរយៈ​ផលិតផល​ទាំងអស់​នោះ វា​ក៏​ចូលរួម​ចំណែក​ក្នុងការ​ទាក់ទាញ​ភ្ញៀវទេសចរ​បរទេស​ឱ្យមក​កម្សាន្ត​នៅ​កម្ពុជា​កាន់តែ​ច្រើន​ផងដែរ​»​។

បើតាម​លោក សាន ហាក់ ផលិតផល​ធ្វើ​ពី​ស្បែក​ក្រពើ​មាន​ការពេញនិយម​ប្រើប្រាស់​ច្រើន​នៅ​ប្រទេស​ចិន ហេតុនេះ បើ​រដ្ឋាភិបាល​អាច​ជួយ​រក​ទីផ្សារ​នាំចេញ​ផ្ទាល់​ទៅ​ប្រទេស​ចិន​ដោយ​មិន​ឆ្លងកាត់​តាម​ប្រទេស​វៀតណាម​នោះ វា​នឹង​ជួយ​ឱ្យ​ទីផ្សារ និង​ការចិញ្ចឹម​ក្រពើ​នៅ​កម្ពុជា​ល្អ​ឡើងវិញ​ជាមិនខាន​។

រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក វេង សាខុន ធ្លាប់បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ថា ក្រសួង​មិន​ដែល​ព្រងើយ​កន្តើយ​នៅក្នុង​ការស្វែងរក​ទីផ្សារ​អន្តរជាតិ ដើម្បី​នាំចេញ​សត្វ​ក្រពើ​ដោយ​ផ្ទាល់​ពី​កម្ពុជា​ទេ ប៉ុន្តែ​បញ្ហា​នៅត្រង់​ផលិតផល​នេះ​មិនមាន​ការបញ្ជា​ទិញ​។

លោក​បន្តថា ការធ្លាក់​ចុះ​តម្លៃ និង​គ្មាន​ទីផ្សារ​អាច​បណ្តាល​មកពី​កត្តា​មួយចំនួន​ដូចជា ភាពស្ងប់ស្ងាត់​នៅ​ទីផ្សារ​អន្តរជាតិ គុណភាព​ស្បែក​ក្រពើ​កម្ពុជា​មិនត្រូវ​តាម​ស្តង់ដា និង​ការចិញ្ចឹម​ក្រពើ​មាន​ច្រើន​នៅ​ស្ទើរ​គ្រប់​ប្រទេស​ក្នុង​ពិភពលោក​។

លោក​បាន​បញ្ជាក់ថា​៖ «​តម្លៃ​ក្រពើ​នៅ​កម្ពុជា គឺ​អាស្រ័យ​លើ​ទីផ្សារ​អន្តរជាតិ ហេតុនេះ ប្រសិនបើ​មិនមាន​ការបញ្ជា​ទិញ​ពី​អន្តរជាតិ តម្លៃ​ក៏​ធ្លាក់ចុះ​ទៅតាម​នោះដែរ​»​។

លោក​ប្រាប់​ទៀតថា លោក​តែង​ខិតខំ​ផ្សព្វផ្សាយ​ពី​សក្តានុពល​របស់​កម្ពុជា​ទៅកាន់​អ្នកវិនិយោគ ដើម្បី​ទាក់ទាញ​ពួកគេ​ឱ្យ​ចូល​មក​បណ្តាក់ទុន​ ឬក៏​រៀបចំ​ការចិញ្ចឹម​ក្រពើ​ដែលមាន​លក្ខណៈ​ស្តង់ដា ស្របតាម​ការចង់​បាន​របស់​អ្នកបញ្ជា​ទិញ ខណៈ​ការចិញ្ចឹម​ក្រពើ​នៅ​កម្ពុជា​ភាគច្រើន​ជាការ​អនុវត្ត​តៗ​គ្នា​​ដែល​ធ្វើឱ្យ​ស្បែក​ក្រពើ​មិនមាន​លក្ខណៈ​ល្អ​គ្រប់គ្រាន់​។

លោក​បន្ថែមថា​៖ «​ការចិញ្ចឹម​បែប​នេះ​បាន​ធ្វើឱ្យ​ស្បែក​ក្រពើ​យើង​មិនត្រូវ​តាម​ស្តង់ដា​ដែល​គេ​ចង់បាន​»​។

លោក អ៊ិន ហ៊ុល អនុប្រធាន​នាយកដ្ឋាន​អភិរក្ស​ជលផល​នៃ​រដ្ឋបាល​ជលផល បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ កាលពី​ចុងខែ​មិថុនា​ថា ទីផ្សារ​ក្រពើ និង​ផលិតផល​​ពី​ក្រពើ​នៅ​កម្ពុជា និង​គ្រប់​ប្រទេស​លើ​ពិភពលោក​បាន​ធ្លាក់ចុះ​ដូចៗ​គ្នា ចាប់​តាំងពី​មាន​វត្តមាន​ជំងឺ​កូវីដ ​១៩ ព្រោះ​នៅក្នុង​អំឡុងពេល​ជាង​ ២ ​ឆ្នាំ​កន្លងមកនេះ មិនសូវ​មាន​ការធ្វើ​ដំណើរ និង​ការប្រើប្រាស់​ផលិតផល​ទាំងអស់​នេះ​ទេ​។ ​ទោះយ៉ាងណា ក្រសួង​កសិកម្ម​តែងតែ​ផ្សព្វផ្សាយ​ជាប្រចាំ​ពី​ផលិតផល​ដែល​កម្ពុជា​មាន​ទៅដល់​អ្នកវិនិយោគ​គ្រប់​ជាតិសាសន៍ ដើម្បី​ទាក់ទាញ​ឱ្យ​ពួកគេ​មក​វិនិយោគ​នៅ​កម្ពុជា​។

លោក​បាន​ថ្លែងថា​៖ «​យើង​តែងតែ​ធ្វើ​ទំនាក់ទំនង​ជាមួយ​បរទេស​ ដើម្បី​ផ្សព្វផ្សាយ​ពី​ផលិតផល​របស់​កម្ពុជា ប៉ុន្តែ​ជាក់ស្តែង​តម្រូវការ​ផលិតផល​ពី​ស្បែក​ក្រពើ​នៅ​ប្រទេស​គេ ក៏​ធ្លាក់​ចុះ​ដែរ​នាពេល​ជាង​ ២ ​ឆ្នាំ​មកនេះ​»​។

តាម​របាយការណ៍​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ឱ្យដឹងថា គិត​ត្រឹម​ដំណាច់​ឆ្នាំ ២០២១ ក្រពើ​ដែល​ចិញ្ចឹម​នៅ​កម្ពុជា​មាន​ចំនួន ២៩២ ១០០​ ក្បាល​​ ស្មើនឹង​ ៨៨,៥២​ ភាគរយ​នៃ​ផែនការ ៣៣០ ០០០​ ក្បាល បើ​ធៀប​នឹង​ឆ្នាំ​ ២០២០ មានការ​ថយចុះ ២១ ០០ ​ក្បាល​៕