
កសិករនៅខេត្តប៉ៃលិន ប្រមូលផលពោតក្រហមដាក់លើរថយន្ត នាពេលកន្លងមក។ ហេង ជីវ័ន
ភ្នំពេញ: ក្រសួងពាណិជ្ជកម្ម ស្នើសុំការសហការពីក្រសួងកសិកម្ម ដើម្បីពិនិត្យលទ្ធភាពចុះផ្សព្វផ្សាយទៅដល់កសិករអំពីអត្ថប្រយោជន៍នៃការចុះបញ្ជីចម្ការសម្រាប់ផលិតផលពោតក្រហម ដែលនឹងជួយទៅដល់ការនាំចេញ និងឱ្យឆ្លើយតបទៅនឹងតម្រូវការទីផ្សារក្នុងស្រុក និងនាំចេញ។
ក្នុងអំឡុងពេលដឹកនាំគណៈប្រតិភូក្រសួងពាណិជ្ជកម្ម ចុះទៅពិនិត្យលំហូរកសិផលពោតក្រហម និងសិក្សាលទ្ធភាពនៃការធ្វើពិពិធកម្មទីផ្សារសម្រាប់ខ្សែចង្វាក់តម្លៃផ្គត់ផ្គង់ពោតក្រហម និងមៀនប៉ៃលិន នៅតាមបណ្តាខេត្តជាប់ព្រំដែនថៃកាលពីថ្ងៃទី ១៩ ខែកក្កដា រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ បានផ្តល់អនុសាសន៍ណែនាំមួយចំនួនទៅដល់អគ្គនាយកពាណិជ្ជកម្មក្នុងប្រទេស ក្នុងការសិក្សា និងដោះស្រាយបញ្ហាប្រឈមជូនដល់សមាគម សហគមន៍ និងសៃឡូ តាមរយៈការសហការជាមួយគ្រប់ស្ថាប័ន និងដៃគូពាក់ព័ន្ធដើម្បីស្វែងរកដំណោះស្រាយល្អប្រសើរមួយប្រកបដោយប្រសិទ្ធភាព។
លោក សូរស័ក្តិ និយាយថា៖ «សូមស្នើក្រសួងកសិកម្ម ដើម្បីពិនិត្យលទ្ធភាពចុះផ្សព្វផ្សាយដល់កសិករអំពីអត្ថប្រយោជន៍ការចុះបញ្ជីចម្ការសម្រាប់ផលិតផលពោតក្រហម សម្របសម្រួល និងពន្លឿនការចេញលិខិតស្នើសុំការបញ្ជាក់ភូតគាមអនាម័យដល់ក្រុមហ៊ុននាំចេញ និងសៃឡូបញ្ជាទិញពោតក្រហម»។
លើសពីនេះលោកក៏ប្រាប់ឱ្យលោកអគ្គនាយកពាណិជ្ជកម្មក្នុងប្រទេសស្នើសុំក្រសួងសាធារណការ និងដឹកជញ្ជូនពិនិត្យលទ្ធភាពធ្វើសុខដុមនីយកម្មលើរថយន្តដឹកទំនិញរបស់ឈ្មួញទិញពោតក្រហមឱ្យស្របតាមស្តង់ដាកំណត់របស់ភាគីថៃនៅរដូវប្រមូលផលពោតក្រហមចន្លោះពីខែកក្កដា-ខែសីហា ដើម្បីសម្រួលដល់ការដឹកជញ្ជូនទំនិញរបស់ក្រុមហ៊ុន ឬឈ្មួញនាំចេញទៅកាន់ប្រទេសថៃ។
នាឱកាសនោះដែរ ក្រុមហ៊ុន ឆាយណា ជិនវ័រយាន អ៊ឹមផត អ៊ិចផត បានចុះកិច្ចសន្យាទិញពោតក្រហមតម្លៃ ៦៣៦,៦៤ រៀល ក្នុង ១ គីឡូក្រាម (៥,៧ បាត) សម្រាប់ពោតស្នូលសំណើម ៣០ ភាគរយ និងតម្លៃ ៦៤៧,៨១ រៀល (៥,៨ បាត) សម្រាប់ពោតស្នូលសំណើម ២៩ ភាគរយ។

កសិករដឹកពោតក្រហមទៅលក់ឱ្យឈ្មួញក្នុងខេត្តបន្ទាយមានជ័យ។ ហេង ជីវ័ន
ទាក់ទងនឹងសំណើនេះ លោករដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា វាមិនមានបញ្ហាអ្វីទេ ដោយការចុះផ្សព្វផ្សាយដល់កសិករអំពីអត្ថប្រយោជន៍នៃការចុះបញ្ជីចម្ការសម្រាប់ពោតក្រហម និងការចេញលិខិតស្នើសុំការបញ្ជាក់ភូតគាមអនាម័យដល់ក្រុមហ៊ុននាំចេញ និងសៃឡូ បញ្ជាទិញពោត។
លោកបញ្ជាក់ថា៖ «មកទល់ម្សិលមិញ (ថ្ងៃទី ១៩) យើងបាននាំចេញពោតក្រហមជាង ១២ ម៉ឺនតោន ទៅប្រទេសវៀតណាម ថៃ តៃវ៉ាន់ និងកូរ៉េ ខណៈចិនក៏មានគម្រោងទិញពោតក្រហមពីយើងដែរ។ ខ្ញុំគិតថា មិនមានបញ្ហាអ្វីទេសម្រាប់ផលិតផលពោតនៅស្រុកខ្មែរ ដោយសារមានក្រុមហ៊ុនស៊ីភី និងក្រុមហ៊ុនផលិតចំណីសត្វមួយចំនួនបានចុះកិច្ចទិញពោតក្រហមក្នុងស្រុកយើងដែរ»។
បើតាមក្រសួងពាណិជ្ជកម្ម បច្ចុប្បន្នផ្ទៃដីដាំពោតក្រហមមានប្រមាណ ១៤៥ ៩៨៣ ហិកតា នៅខេត្តមួយចំនួនដូចជា ខេត្តបាត់ដំបង បន្ទាយមានជ័យ ប៉ៃលិន ពោធិ៍សាត់ ត្បូងឃ្មុំ កំពង់ចាម ព្រះវិហារ ព្រៃវែង ក្រចេះ និងកណ្តាល និងមានទីផ្សារក្រៅប្រទេសដូចជា ថៃ វៀតណាម កូរ៉េ និងបង់ក្លាដែស ដោយនាំចេញតាមច្រករបៀងទៅប្រទេសជិតខាង៕