​ភ្នំពេញៈ Swire Coca-Cola Limited ជា​ក្រុមហ៊ុន​បុត្រ​​សម្ព័ន្ធ​របស់​ក្រុមហ៊ុនមេ Swire Pacific Limited សម្រេចបាន​កិច្ចព្រមព្រៀង​ទិញ​ភាគហ៊ុន​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ Coca-Cola ក្នុងប្រទេស​កម្ពុជា និង​វៀតណាម ដែលជា​វិធាន​ការពង្រីក​អាជីវកម្ម​របស់ខ្លួន​ទៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍​។​

​យោងតាម​ការប្រកាសរ​បស់​ក្រុមហ៊ុន ក្នុង​ថ្ងៃទី ​១៨ ខែកក្កដា ប្រតិបត្តិ​ការទិញ​នេះ គឺជា​ការវិនិយោគ​ដំបូង​របស់​ក្រុមហ៊ុន Swire Coca-Cola ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​​ដែល​នឹង​ផ្តល់ឱ្យ Swire Coca-Cola នូវ​តួ​​នាទី​ឈានមុខ​គេ​នៅក្នុង​ទីផ្សារ​ភេសជ្ជៈ​ដែល​រីកចម្រើន​រហ័ស​​បំផុត​មួយ​របស់​ពិភពលោក​។​

​បន្ទាប់ពី​ការបញ្ចប់​កិច្ច​ព្រម​​ព្រៀង​ទិញ​នេះ Swire Coca-Cola នឹង​គ្រប់គ្រង និង​ដំណើរ​​ការ​របស់​ក្រុមហ៊ុន Coca-Cola Beverages Vietnam Ltd​ ដែលមាន​រោងចក្រ​ផលិត​ដប​ចំនួន ៣ នៅ​ប្រទេស​វៀតណាម និង​ក្រុមហ៊ុន Cambodia Beverage Company Ltd. ដែលមាន​រោងចក្រ​នៅ​កម្ពុជា​។ នៅពេល​បញ្ចប់​ការទិញ​ភាគ​​ហ៊ុន​នេះ​ចំនួន​អតិថិជន​របស់​ក្រុមហ៊ុន Swire Coca-Cola នឹង​កើនឡើង​ចំនួន ១៥ ភាគ​​រយ ដល់ ៨៧៦ ​លាន​នាក់​។​

​លោក Patrick Healy ប្រ​​ធាន Swire Coca-Cola បានឱ្យដឹងថា ការទិញ​ភាគហ៊ុន​នេះ​ គឺជា​ព្រឹត្តិការណ៍​ដ៏​សំខាន់​មួយ​សម្រាប់​ក្រុមហ៊ុន Swire Coca-Cola ដោយ​ពង្រីក​ទីតាំង​ប្រតិបត្តិការ​យ៉ាងសំខាន់រ​បស់​ខ្លួន និង​ចំនួន​ប្រជាជន​ដែល​បាន​បម្រើ​ដល់​តំបន់​ថ្មី​មួយ​។​

​លោក Patrick និយាយថា​៖ «​យើង​វិនិយោគ​លើ​ការកសាង​ប្រព័ន្ធ​គ្រឿង​ភេសជ្ជៈ​ដប​លំដាប់​​ពិភពលោក​ក្នុង​រយៈពេល ៥៧ ​ឆ្នាំ​មកហើយ​។ ការពង្រីក​នេះ​គឺជា​ផ្នែក​មួយ​នៃ​យុទ្ធសាស្ត្រ​ដ៏​ទូ​​លំ​ទូលាយ ដើម្បី​ពង្រីក​វិសាល​​ភាព បរិមាណ និង​ប្រាក់ចំណូល​នៃ​អាជីវកម្ម​ភេសជ្ជៈ​យើង​»​។​

​លោកស្រី Karen So នាយក​​គ្រប់គ្រង​ក្រុមហ៊ុន Swire Coca-Cola បាន​ប្រាប់ថា ក្នុងនាម​ដៃគូ​យុទ្ធសាស្ត្រ​រយៈពេល​វែង​ជាមួយ​ក្រុមហ៊ុន Coca-Cola លោកស្រី​មាន​ក្តី​រីករាយ​ក្នុងការ​​បង្កើន​ទំនាក់ទំនង​តាមរយៈ​ការ​​ទិញ​ភាគហ៊ុន​នេះ និង​ក្តីរំភើប​ចំពោះ​សក្តានុពល​កំណើន​នៃ​ទីផ្សារ​ភេសជ្ជៈ​គ្មាន​ជាតិ​ស្រវឹង​នៅ​កម្ពុជា និង​វៀតណាម​ដែលមាន​តម្លៃ​ជាង​ ៦​ ពាន់​លាន​ដុ​ល្លារ ហើយ​ព្យាករ​ថា ​នឹង​កើន​ជាង ​៦ ​ភាគរយ ​នៃ​អត្រាកំណើន​រួម​ត្រឹម​ឆ្នាំ ​២០៣៦​។​

​លោកស្រី Karen លើកឡើងថា​៖ «​ជាមួយនឹង​បទពិសោធ​ជោគជ័យ​ក្នុង​សិទ្ធិ​ធ្វើ​អាជីវកម្ម​បន្ត​នៅ​អាមេរិក និង​ចិន​ចន្លោះ​ពី​ឆ្នាំ​ ២០១៤ និង​ឆ្នាំ​ ២០១៧ ខ្ញុំ​មាន​ទំនុកចិត្ត​ថា​ការប្តេជ្ញា​ជា​បន្តបន្ទាប់​របស់​យើង​ចំពោះ​ឧត្តមភាព​នឹង​នាំយក​ឱកាស​ទីផ្សារ​ប្រកបដោយ​សក្ដានុពល​ទាំងនេះ​ជាមិនខាន​»​។​

​ទាំង​លោក Vicky Tse ប្រ​ធាន​ផ្នែក​ទំនាក់ទំនង​សាជីវកម្ម​ក្រុមហ៊ុន Swire Coca-Cola Limited និង​លោក David Wigglesworth នាយក​ប្រតិ​​ប​ត្តិ Coca-Cola Cambodia មិនបាន​ឆ្លើយតបអ៊ី​មែ​លរបស់​កាសែត​ភ្នំពេញ ​ប៉ុស្តិ៍​ទេ កាលពី​ថ្ងៃទី ​២០ ខែកក្កដា​៕