
បុគ្គលិកស្ថានីយ៍ប្រេងឥន្ធនៈ ១ កន្លែងក្នុងរាជធានីភ្នំពេញ ចាក់សាំងជូនអតិថិជន នាពេលកន្លងទៅ។ ហេង ជីវ័ន
ភ្នំពេញៈ តម្លៃប្រេងឥន្ធនៈលក់រាយនៅតាមស្ថានីយនៅកម្ពុជា ចាប់ពីថ្ងៃទី ២១ ដល់ថ្ងៃទី ៣១ ខែកក្កដានេះ បានបន្តធ្លាក់ចុះថែមទៀត ដោយប្រេងសាំងធម្មតាមានតម្លៃ ៤ ៨០០ រៀល ក្នុង ១ លីត្រ និងប្រេងម៉ាស៊ូតមានតម្លៃ ៥ ៣០០ រៀល។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម។
យោងតាមការជូនដំណឹងនេះ តម្លៃប្រេងសាំងធម្មតា គឺបានចុះ ៤៥០ រៀល និងប្រេងម៉ាស៊ូតចុះ ៣០០ រៀល ក្នុង ១ លីត្រ បើធៀបនឹងរយៈពេល ១០ ថ្ងៃមុន (ថ្ងៃទី ១១-២០ ខែកក្កដា) ដែលអំឡុងពេលនោះ ប្រេងសាំងធម្មតាមានតម្លៃ ៥ ២៥០ រៀល និងប្រេងម៉ាស៊ូតមានតម្លៃ ៥ ៦០០ រៀល ក្នុង ១ លីត្រ។
តម្លៃប្រេងឥន្ធនៈនៅទីផ្សារអន្តរជាតិបានចាប់ផ្តើមធ្លាក់ថ្លៃជាបន្តបន្ទាប់ចាប់ពីដើមខែកក្កដានេះមក ក្រោយពីប្រទេសឥណ្ឌា និងអ៊ីរ៉ង់ បានបង្កើនការទិញប្រេងពីប្រទេសរុស្ស៊ី ដោយនិន្នាការនៃការធ្លាក់ចុះនេះអាចនឹងបន្តនៅក្នុងករណីដែលប្រទេសទាំងនេះបន្តសហការគ្នាលើការកាត់បន្ថយសម្ពាធនៃវិបត្តិតម្លៃប្រេងនេះ។
កម្ពុជាជាប្រទេសដែលពឹងផ្អែកទាំងស្រុងលើការនាំចូលប្រេងពីទីផ្សារអន្តរជាតិ ដូច្នេះនៅពេលតម្លៃប្រេងឥន្ធនៈអន្តរជាតិធ្លាក់ចុះ តម្លៃប្រេងឥន្ធនៈនៅកម្ពុជាក៏ចុះទៅតាមនោះដែរ។
តម្លៃប្រេងឥន្ធនៈលក់រាយនៅកម្ពុជា បានកើនឡើងខ្ពស់បំផុតកាលពីចុងខែមិថុនា ឆ្នាំ ២០២២ ដោយប្រេងសាំងធម្មតាមានតម្លៃ ៥ ៨០០ រៀល ក្នុង ១ លីត្រ និងប្រេងម៉ាស៊ូតមានតម្លៃ ៦ ៣០០ រៀល៕