ព្រះសីហនុៈ ទឹកប្រាក់​នៃ​ការនាំចូល​-​ចេញ​ទំនិញ​នៃ​បណ្តា​រោងចក្រ​/​សហគ្រាស​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​ព្រះសីហនុ ​(SSEZ) មានតម្លៃ​សរុប​ជាង ១,៣ ​ពាន់​លាន​ដុល្លារ​ក្នុង​ឆមាស​ទី​១ ឆ្នាំ​ ២០២២ កើន​ជិត ៤០​ ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២១​។

ទិន្នន័យ​របស់ SSEZ ឱ្យដឹងថា ចាប់ពី​ខែ​មករា​-​ខែមិថុនា ឆ្នាំ​ ២០២២ ក្រុមហ៊ុន​/​សហគ្រាស​នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​ព្រះសីហនុ​បាន​នាំចូល​-​នាំចេញ​ទំនិញ​ក្នុង​តម្លៃ​សរុប ១ ៣៧៤ ​លាន​ដុល្លារ​កើនឡើង ៣៨,២៣ ​ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ ​២០២១ ដែលមាន​ចំនួន ៩៩៤ ​លាន​ដុល្លារ​។ ទោះ​យ៉ាងណា ទិន្នន័យ​មិនបាន​បង្ហាញ​ពី​ចំនួន​ដាច់​ដោយឡែក​នៃ​ទឹកប្រាក់​នាំចូល​និង​នាំចេញ​ទំនិញ​នោះទេ​។

SSEZ ឱ្យ​ដឹងថា​៖ «​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​ព្រះសីហនុ​បាន​រក្សា​ការអភិវឌ្ឍ​ប្រកប​ដោយ​ស្ថិរភាព​ជាមួយ​នឹង​ការខំប្រឹងប្រែង​រួមគ្នា​របស់​បុគ្គលិក​ទាំងអស់ ដែល​ធ្វើឱ្យ​ទឹកប្រាក់​នាំចូល​-​ចេញ​កើន ៣៨,២៣ ​ភាគរយ​ធៀប​រយៈពេល​ដូចគ្នា​ឆ្នាំមុន​»​។

អនុប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា លោក លឹម ហេង បាន​ប្រាប់​ ភ្នំពេញ​ ​ប៉ុស្តិ៍​ថា ភាពរឹងមាំ​នៃ​ទំនុក​ចិត្ត​របស់​អ្នកវិនិយោគ​ចំពោះ​កម្ពុជា ទីផ្សារ​​នាំចូល​នាំចេញ​មាន​ភាព​ធំ​ទូលាយ ច្បាប់​វិនិយោគ​មាន​លក្ខណៈ​អំណោយផល និង​ការគ្រប់គ្រង​ប្រកប​ដោយ​ប្រសិទ្ធភាព​នៃ​ការឆ្លង​រាលដាល​ជំងឺ​កូវីដ​ ១៩ បាន​ធ្វើឱ្យ​សកម្មភាព​ផលិតកម្ម​នៅ​តំបន់​សេដ្ឋកិច្ច​ ពិសេស​ក្រុងព្រះសីហនុ​ដំណើរការ​ទៅមុខ​យ៉ាង​រលូន​។ លោក​បន្តថា ចំនួន​ទឹកប្រាក់​នាំចូល​នាំចេញ​ទំនិញ​របស់ SSEZ នឹង​បន្ត​សញ្ញា​វិជ្ជមាន​ថែមទៀត​នៅពេល​ខាងមុខ ខណៈ​ការធ្វើ​ពាណិជ្ជកម្ម​របស់​កម្ពុជា​ជា​លក្ខណៈ​អន្តរជាតិ​កំពុង​មាន​សម្ទុះ​ឡើងជា​បន្តបន្ទាប់​។

លោក​បាន​ប្រាប់ថា​៖ «​សកម្មភាព​របស់ SSEZ នឹង​កាន់តែ​មមាញឹក​នៅពេល​ខាងមុខ ព្រោះ​ក្រៅពី​លក្ខណៈ​អំណោយផល​ខាងលើ ទីនោះ​ក៏​ស្ថិត​នៅលើ​ទីតាំង​មាន​លក្ខណៈ​អំណោយផល​សម្រាប់​ការដឹកជញ្ជូន​ផងដែរ​»​។

យោងតាម​លោក លឹម ហេង ការវិនិយោគ​នៅក្នុង​តំបន់​សេដ្ឋកិច្ច គឺមាន​ភាពងាយស្រួល​ក្នុង​ការរៀបចំ​ឯកសារ​នាំចេញ និង​នាំចូល​ទំនិញ ហើយ​វា​បាននិង​កំពុង​ក្លាយជា​ឈ្នាន់​ សម្រាប់​ជំរុញ​កំណើន​សេដ្ឋកិច្ច​កម្ពុជា​ឱ្យ​កាន់តែ​លឿន​។ ការចូល​ជាធរមាន​នៃ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​លក្ខណៈ​ទ្វេភាគី និង​ពហុភាគី ដែល​កម្ពុជា​បាន​ចុះហត្ថលេខា និង​គ្រោង​ចុះហត្ថលេខា​នឹង​ជួយ​ធ្វើឱ្យ​សកម្មភាព​ផលិត និង​នាំចូល​នាំចេញ​មាន​កាន់តែ​ច្រើន​។

លោក ជា ចាន់ដារ៉ា ប្រធាន​សមាគម​ពាណិជ្ជករ​ដឹកជញ្ជូន និង​ខ្សែ​ច្រវាក់​ផ្គត់ផ្គង់​នៅ​កម្ពុជា​បាន​លើកឡើងថា បច្ចុប្បន្ន​ចំនួន​រោងចក្រ​/​សហគ្រាស​នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ​បាន​កើន​ជា​លំដាប់ ដោយ​ភាគច្រើន​នៃ​រោងចក្រ​/​សហគ្រាស​នៅ​ទីនោះ​មាន​ម្ចាស់​ជា​វិនិយោគិន​មកពី​ប្រទេស​ចិន​។ លោក​បន្តថា ភាគច្រើន​នៃ​រោងចក្រ​នៅ SSEZ គឺជា​រោងចក្រ​ផលិត​កែច្នៃ​គ្រឿងសង្ហារិម​, គ្រឿង​អេឡិចត្រូនិក​, កាត់ដេរ​សម្លៀកបំពាក់ និង​ស្បែកជើង ជាដើម​។

លោក​បាន​និយាយ​ថា​៖ «​តាមរយៈ​សកម្មភាព​នៅ​ទីនោះ ចំនួន​ទឹកប្រាក់​នៃ​ការនាំចូល​-​នាំចេញ​ប្រាកដ​ជា​នឹង​បន្ត​កើនឡើង​ថែមទៀត ព្រោះ​ការដឹកជញ្ជូន​ទំនិញ និង​ចំនួន​រោងចក្រ​បើក​ថ្មី​បាន​កើនឡើង​ជាប្រចាំ​»​។

បន្ថែម​ពីលើ​នេះ លោក ស៊ិន ចន្ធី ប្រធាន​សមាគម​ភ័ស្តុភារកម្ម​កម្ពុជា​បាន​ប្រាប់ថា ជា​ការពិត​សកម្មភាព​នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​នៅ​ទូទាំង​ប្រទេស​កម្ពុជា រួមទាំង​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ គឺ​ពិតជា​កើនឡើង​ច្រើន​នា​ដើមឆ្នាំ​ ២០២២ នេះ​បើ​ធៀប​នឹង​ឆ្នាំ​ ២០២១ ដោយ​ចំនួន​នៃ​ការបញ្ជាទិញ​ទំនិញ​ពី​កម្ពុជា​ក៏​កើនឡើង​ជា​បន្តបន្ទាប់​ដែរ​។

លោក​អះអាង​ថា​៖ «​សម្រាប់​ផលិតផល​ដែល​កម្ពុជា​នាំចេញ​នាពេល​បច្ចុប្បន្ន គឺមាន​ផលិតផល​ចម្រុះ​ជាច្រើន​មុខទំនិញ ដោយ​មាន​ទីផ្សារ​ប្រទេស​ទទួល​ទិញ​ធំៗ​ដូចជា អាមេរិក អឺរ៉ុប ជប៉ុន ជាដើម​»​។

កាលពី​ឆ្នាំ​ ២០២១ ការនាំ​ចូលនាំ​- ចេញ​ទំនិញ​របស់​ក្រុមហ៊ុន​/​សហគ្រាស​ SSEZ មាន​ទឹកប្រាក់​សរុប ២ ២៣៤ ​លាន​ដុល្លារ កើន ៤២,៧៥ ​ភាគរយ បើ​ធៀប​នឹង​ឆ្នាំ​ ២០២០​។ នេះ​បើតាម​ទិន្នន័យ​របស់ SSEZ​។

ទិន្នន័យ​ពី​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​បង្ហាញ​ថា ក្នុង​ឆមាស​ទី​ ១ ឆ្នាំ​ ២០២២ ពាណិជ្ជកម្ម​អន្តរជាតិ​កម្ពុជា​មាន​តម្លៃ​សរុប ២៧ ២៤៣,៨៤ ​លាន​ដុល្លារ កើនឡើង ២០,២ ​ភាគរយ​បើ​ធៀប​ឆមាស​ទី​ ១ ឆ្នាំ​ ២០២១ ក្នុងនោះ​ការនាំ​ចូល​ទំនិញ​មាន​តម្លៃ ១៥ ៨៦៤,៧២ ​លាន​ដុល្លារ កើន ១១,៩ ​ភាគរយ និង​ការនាំចេញ​មាន​តម្លៃ ១១ ៣៧៩,១២​ លាន​ដុល្លារ កើនឡើង ៣៣,៩​ ភាគរយ​៕