​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ក្នុងស្រុក​កំពុង​ពង្រីក​ការផ្តល់​កម្ចី​របស់ខ្លួន​ក្នុង​វិស័យ​កសិកម្ម ដើម្បី​ឆ្លើយតប​ទៅនឹង​សក្តានុពល​ដ៏​ធំ​នៅក្នុង​វិស័យនេះ ក្នុងការ​ចូលរួមចំណែក​ជំរុញ​ការនាំចេញ​កសិផល​ពី​កម្ពុជា​ទៅកាន់​ទីផ្សារ​ពិភពលោក​កាន់តែច្រើន​បន្ថែមទៀត​។

​ក្រុម​វិនិយោគិន​ក្នុងស្រុក និង​បរទេស ដែល​ភាគច្រើន​ជា​ជនជាតិ​ជប៉ុន​បាន​ជួបជុំគ្នា​នៅក្នុង​កិច្ចប្រជុំ ផ្គូផ្គង អាជីវកម្ម ​ដែល​រៀបចំ​ដោយ​ធនាគារ​អេស៊ីលីដា កាលពី​ថ្ងៃទី ២១​ ខែកក្កដា ឆ្នាំ ២០២២​ នៅ​ការិយាល័យ​កណ្តាល​របស់​ធនាគារ ​ដែល​ផ្តោតទៅលើ​កាលានុវត្តភាព​ និង​ឱកាស​វិនិយោគ​ក្នុង​វិស័យ​កសិកម្ម​។​

​លោក អ៊ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ អេស៊ីលីដា ភីអិលស៊ី បាន​ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​ថា គោលបំណង​នៃ​ព្រឹត្តិការណ៍​ផ្គូផ្គង​ធុរកិច្ច​ថ្ងៃនេះ គឺ​ដើម្បី​បង្កើត​ឱកាស​ជាច្រើន​សម្រាប់​វិនិយោគិន​ក្នុងស្រុក និង​ក្រៅ​ស្រុក ជាពិសេស​វិនិយោគិន​ជប៉ុន ដើម្បី​ជួបគ្នា សម្រាប់​ការកសាង​បណ្តាញ​ធុរកិច្ច និង​ការវិនិយោគ​លើ​វិស័យ​កសិកម្ម​នៅ​កម្ពុជា​។​

​លោក​ថ្លែងថា​៖ «​កម្ពុជា​ជា​ប្រទេសមួយ​ក្នុងចំណោម​ប្រទេស​ជាច្រើន ដែលមាន​សេដ្ឋកិច្ច​រីកចម្រើន​រហ័ស​ក្នុង​តំបន់​។ វិស័យ​កសិកម្ម​បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​ជំរុញ និង​ចូលរួមចំណែក​យ៉ាងសំខាន់​ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ចសង្គម ហើយ​វិស័យនេះ​បានផ្តល់​ការងារ​ដល់​កម្លាំង​ពលកម្ម​ភាគច្រើន​នៅក្នុង​ប្រទេស​កម្ពុជា​»​។ លោក​បញ្ជាក់ថា៖ «​ជាមួយគ្នានេះដែរ សព្វថ្ងៃនេះ វិស័យ​កសិកម្ម ដើរតួនាទី​ដ៏​សំខាន់ ក្នុង​ការធានា​សន្ដិសុខ​ស្បៀងអាហារ​ប្រកបដោយ​និរន្តរភាព និង​ផលិតផល​អាហារូបត្ថម្ភ​សម្រាប់​ទាំង​ប្រទេស​កម្ពុជា និង​បណ្ដា​ប្រទេស​ផ្សេងទៀត​លើ​ពិភពលោក​»​។​

​លោក​បន្ថែមថា រដ្ឋាភិបាល​កម្ពុជា​បានផ្តល់​អាទិភាព​លើ​វិស័យ​កសិកម្ម​ជា​វិស័យ​សំខាន់​សម្រាប់​ការអភិវឌ្ឍ​។ ដើម្បី​ចូលរួម​ជាមួយ​រដ្ឋាភិបាល​ក្នុងការ​លើកកម្ពស់​វិស័យ​កសិកម្ម ដើម្បី​រួមចំណែក​ដល់​កំណើនសេដ្ឋកិច្ច គិត​ត្រឹម​ខែមិថុនា ឆ្នាំ​ ២០២២ ធនាគារ​អេស៊ីលីដា​បានផ្តល់​ប្រាក់កម្ចី​យ៉ាងច្រើន​ដល់​វិស័យ​កសិកម្ម​ ដោយមាន​ទឹកប្រាក់​ចំនួន ១,២១ ពាន់​លាន​ដុល្លារ​អាមេរិក ស្មើនឹង ២០,៧៥ ភាគរយ នៃ​ផលប័ត្រ​ប្រាក់កម្ចី​សរុប​របស់​ធនាគារ​។ សំខាន់​ជាងនេះទៅទៀត គិត​ត្រឹម​ខែមីនា ឆ្នាំ​២០២២ ធនាគារ​អេស៊ីលីដា​បានផ្ដល់​ប្រាក់កម្ចី​ជាង ៣៤ ភាគរយ ដល់​វិស័យ​កសិកម្ម​នៃ​វិស័យ​ធនាគារ​នៅ​កម្ពុជា​។​

​លោក រ័ត្ន សុវណ្ណ​នរៈ អគ្គនាយក​ត្រួតពិនិត្យ នៃ​ធនាគារជាតិ​នៃ​កម្ពុជា​បាន​ថ្លែង​ក្នុង​កម្មវិធី​មួយ​កាលពី​ខែតុលា​ឆ្នាំ ​២០២១​ បញ្ជាក់ថា ឥណទាន​ក្នុង​វិស័យ​កសិកម្ម​ក្នុង​ឆ្នាំ ​២០២០ មាន​ចំនួន ១៩,៣ ​ភាគរយ នៃ​ឥណទាន​សរុប​ក្នុង​វិស័យ​មីក្រូហិរញ្ញវត្ថុ​( ២៧,៥ ​ទ្រី​លាន​រៀល​) ដែល​ស្មើនឹង ៥,៣ ​ទ្រី​លាន​រៀល ឬ​ជិត ១៣០០ ​លាន​ដុល្លា​អាមេរិក​។

​លោក​បាន​បន្តទៀតថា​៖ «​វិស័យ​កសិកម្ម ជា​វិស័យ​ដ៏​មាន​សក្តានុពល និង​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​គាំទ្រ​ដល់​កំណើន​សេដ្ឋកិច្ចជាតិ ហើយ​វិស័យនេះ​បាននិងកំពុង​មានការ​វិ​វត្ត​យ៉ាងខ្លាំង​ពី​ការធ្វើ​កសិកម្ម​បែប​ប្រពៃណី ទៅជា​ការធ្វើ​កសិកម្ម​តាមបែប​ទំនើប ឬ​កសិឧស្សាហកម្ម តាមរយៈ​ការធ្វើ​ពិពិធ​កម្ម ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​ក្នុងស្រុក និង​ការនាំចេញ​។ ការផ្លាស់ប្តូរ​នេះ ទាមទារ​ជា​ចាំបាច់​នូវ​ធនធានមនុស្ស និង​បច្ចេកទេស​ថ្មីៗ ហើយ​ជាពិសេស ស្ថិតនៅក្នុង​បរិបទ​នៃ​ការរីក​រាលដាល​ជាស​កល​នៃ​ជំងឺ​កូ​វីដ​ ១៩ នេះ​ការទទួលបាន​សេវា​ហិរញ្ញវត្ថុ​ សម្រាប់​វិស័យ​កសិកម្ម គឺជា​កម្លាំងចលករ​មួយ​យ៉ាងសំខាន់​ក្នុងការ​លើកកម្ពស់​ផលិតកម្ម​របស់​កសិក​រ សហគមន៍​កសិកម្ម និង​អ្នកផ្គត់ផ្គង់ ក្នុងការ​ស្តារ និង​លើកកម្ពស់​សេដ្ឋកិច្ចជាតិ​»​។​

​យោងតាម​របាយការណ៍​របស់​ក្រសួងកសិកម្ម ដែល​បាន​ផ្សព្វផ្សាយ​ក្នុង​សន្និសីទ​នេះ​ថា កំណើន​វិស័យ​កសិកម្ម​ក្នុង​បរិបទ​កូ​វីដ​ ១៩ កសិកម្ម​នៅតែ​រឹងមាំ​ក្នុងការ​ទ្រទ្រង់​កំណើនសេដ្ឋកិច្ច​កម្ពុជា​។ ក្នុងនោះ​កំណើន​តម្លៃបន្ថែម​កសិកម្ម (​ថ្លៃ​បច្ចុប្បន្ន​) ឆ្នាំ ២០១៩ ៤% ឆ្នាំ ២០២០ ៣,៧% និង​ឆ្នាំ ២០២១ ៤,៧%​។

​នៅក្នុង​ឆ្នាំ ២០២១ វិស័យ​កសិកម្ម​បាន​ចូលរួមចំណែក​ប្រមាណ ២៤,៤% (​គិត​តាម​ថ្លៃ​បច្ចុប្បន្ន​) នៃ​ផលិតផល​សរុប​ក្នុងស្រុក (២៤,៩% នៅ​ឆ្នាំ ២០១៧)​។ ចំណែក​ស្ថានភាព​វិស័យ​កសិកម្ម​តម្លៃបន្ថែម​សរុប​នៃ​វិស័យ​កសិកម្ម​បាន​កើន​ពី ១៨ ៩៩៩ ពាន់​លាន​រៀល​នៅ​ឆ្នាំ ២០១២ ដល់ ២០ ៩៨៦ ពាន់​លាន​រៀល​នៅ​ឆ្នាំ ២០១៧ និង​បាន​បន្ត​កើន​ដល់ ២៤ ៧៥៥ ពាន់​លាន​រៀល​នៅ​ឆ្នាំ ២០២១ (​កំណើន​ប្រចាំ​ឆ្នាំមាន​ប្រមាណ​ជា ៤% ក្នុង ១ ឆ្នាំៗ​)​។​

​នៅ​ឆ្នាំ ២០២១ ការចូលរួមចំណែក​នៃ​អនុវិស័យ​ក្នុង​ផលិតផល​ក្នុងស្រុក​សរុប​របស់​វិស័យ​កសិកម្ម​រួមមាន ផ្នែក​ដំណាំ ៥៧,៤% ផ្នែក​កៅស៊ូ ៥,៧% ផ្នែក​ផលិតកម្ម​សត្វ ១១,៤% ផ្នែក​ជលផល ២៤,៤% និង​ផ្នែក​ព្រៃឈើ ៧,៤%​។ នេះ​បើតាម​របាយការណ៍​ដដែល​។​ ​ដោយឡែក​ចំពោះ​ផលិតផល​ស្រូវ​មាន​កំណើន​ជា​មធ្យម​ប្រចាំឆ្នាំ​ប្រមាណ ៣% ក្នុង​រយៈពេល ១០ ឆ្នាំ​កន្លងទៅ​។​

​នៅក្នុង​ឆ្នាំ ២០២១ ផ្ទៃដី​ដាំ​ដុះ​ដំណាំ​ស្រូវ​សរុប​ទូទាំងប្រទេស​សម្រេចបាន​ចំនួន ៣,៥៥ លាន​ហិកតា (+ ៤,៤១% ធៀប​ឆ្នាំមុន​)​។ បរិមាណ​ផល​ស្រូវ​សរុប​ទទួលបាន​ចំនួន ១២,២១ លាន​តោន​(+ ១១,៦% ធៀប​ឆ្នាំមុន​)​។ អតិរេក​ស្រូវ​បាន​កើន​ពី ៣,៩ លាន​តោន​នា​ឆ្នាំ ២០១០ ដល់ ៥,៧៥ លាន​តោន​នា​ឆ្នាំ ២០១៩ និង​ឆ្នាំ ២០២១ មាន​ចំនួន ៦,៩ លាន​តោន​៕