ផ្តើម​ចេញ​ពី​អាជីវកម្ម​តូច​មួយ កសិករ​ផលិត​អំបិល​នៅ​ខេត្ត​កំពត កញ្ញា ថូង ធីតា បាន​ប្រែក្លាយ​អាជីវកម្ម​ផលិត​អំបិល​លក្ខណៈ​គ្រួសារ ទៅ​ជា​អាជីវកម្ម​ដ៏​ជោគជ័យ និង​ធ្វើ​ជា​គំរូ​សម្រាប់​ជា​ការ​បំផុស​គំនិត​មួយ​សម្រាប់​សហគ្រិន​ស្ត្រី​ដ៏ទៃ​ទៀត បន្ទាប់​ពី​ការ​ផ្លាស់ប្តូរ​អាជីវកម្ម​បែប​ប្រពៃណី ទៅ​ជា​អាជីវកម្ម​ស្តង់ដា​ថ្មី​ក្នុង​សតវត្ស​ទី​២១ ​នេះ​។

សហគ្រាស ​ថូង អ៊ិនធ័រប្រាយ ​ត្រូវ​បាន​បង្កើត​ក្នុង​ឆ្នាំ​ ២០១៦ គឺ​ជា​ដំណើរ​ដ៏​គួរ​ឱ្យ​កត់សម្គាល់​មួយ​នៃ​ការ​អត់​ធ្មត់ តស៊ូ ព្យាយាម ដែល​ឆ្លុះ​បញ្ចាំង​ពី​ការ​ប្តេជ្ញា​ចិត្ត​ដ៏​រឹងមាំ​របស់​ស្ត្រី​ម្នាក់ ដើម្បី​ជម្នះ​រាល់​បញ្ហា​ប្រឈម និង​ឧបសគ្គ​ទាំងឡាយ​។

ជាមួយ​ប្រព័ន្ធ​អេកូ​ខ្សែ​សង្វាក់​ផ្គត់ផ្គង់​ប្រកប​ដោយ​និរន្តរភាព និង​ការ​ច្នៃ​ប្រឌិត កញ្ញា​ ធីតា​ បាន​ផ្លាស់ប្តូរ​អាជីវកម្ម​ផលិត​អំបិល ដើម្បី​គាំទ្រ​កសិករ​និង​សហគមន៍​មូលដ្ឋាន និង​ផ្លាស់ប្តូរ​ការ​យល់​ឃើញ​អំពី​កម្ពុជា នៅ​លើ​ឆាក​អន្តរជាតិ​។ ដូច្នេះ​ហើយ​ទើប​ធ្វើ​ឱ្យ​ផលិតផល​របស់​សហគ្រាស​ ថូង អ៊ិនធ័រប្រាយ ចូល​ទៅ​ដល់​ទីផ្សារ​នៅ​អឺរ៉ុប អាមេរិក​ខាង​ជើង និង​ជប៉ុន ដែល​ផលិតផល​គុណភាព​ខ្ពស់​ទាំង​នោះ​រួម​មាន​អំបិល​សមុទ្រ​កំពត ផ្កា​អំបិល​ក្រហម អំបិល​ស្លឹក និង​ផ្កា​អំបិល​ធម្មជាតិ​កំពត​ជាដើម។

ការ​ស្រលាញ់ ការ​តាំង​ចិត្ត និង​ការ​ប្តេជ្ញា​ចិត្ត​របស់​កញ្ញា​ ធីតា ចំពោះ​គុណភាព គឺ​ដោយសារ​តែ​កញ្ញា​កើត​នៅ​ក្នុង​គ្រួសារ​ផលិត​អំបិល​តាំង​ពី​ជំនាន់​ជីដូន​ជីតា ហើយ​កញ្ញា​គឺ​ជំនាន់​ទី​៣ ដែល​បន្ត​ធ្វើ​អាជីវកម្ម​វិស័យ​អំបិល​នេះ ចេញ​មកពី​ភូមិតូច​មួយ​ក្នុង​ខេត្ត​កំពត​»។

កញ្ញាថូង ធីតា គឺជំនាន់ទី៣នៃអាជីវកម្មផលិតអំបិលនៅក្នុងគ្រួសាររបស់គាត់។

កញ្ញា​ ធីតា​ បាន​ថ្លែង​ថា​៖ «​បំណង​ប្រាថ្នា​របស់​ខ្ញុំ​ គឺ​បង្កើត​ប្រព័ន្ធ​អេកូ​ខ្សែ​សង្វាក់​ផ្គត់ផ្គង់ ពី​ព្រោះ​ខ្ញុំ​បាន​មើលឃើញ​វិស័យ​អំបិល​នៅ​កម្ពុជា​ប្រឈម​មុខ​នឹង​ហានិភ័យ​ជាច្រើន ដែល​អ្នក​ខ្លះ​ចង់​លក់​ដី​ហើយ​ឈប់​ផលិត​អំបិល​»​។ ប៉ុន្តែ​បើ​យើង​ឈប់​ផលិត នោះ​នឹង​ធ្វើ​ឱ្យ​បាត់បង់​វប្បធម៌​ប្រពៃណី​ទំនៀម​ទម្លាប់​តាំង​ពី​បុរាណ​មក​។ ខ្ញុំ​ចង់​ជួយ​កសិករ​​ និង​សហគមន៍ តាមរយៈ​ការ​បង្កើន​ប្រាក់​ចំណូល​ និង​លើក​កម្ពស់​ជីវភាព​​របស់​ពួក​គាត់»។

«ខ្ញុំ​ក៏​ចង់​លើក​មុខ​មាត់​ប្រទេស​កម្ពុជា ឱ្យ​គេ​ស្គាល់​នៅ​លើ​ឆាក​អន្តរជាតិ ដោយ​ពី​មុន​គេ​ស្គាល់​ប្រទេស​កម្ពុជា​ តែ​តាម​រយៈ​ប្រាសាទ​អង្គរវត្ត ឬ​តាមរយៈ​សម័យ​ ប៉ុល ពត ដូច្នេះ​ពេល​នេះ​ខ្ញុំ​ចង់​ឱ្យ​គេ​ស្គាល់​ប្រទេស​កម្ពុជា តាមរយៈ​ផលិតផល​ដែល​ផលិត​នៅ​កម្ពុជា​»។

កញ្ញា​ ធីតា​ លើក​ឡើង​ថា​ ប្រព័ន្ធ​អេកូ​ខ្សែ​សង្វាក់​ផ្គត់ផ្គង់​របស់​កញ្ញា​ គឺ​ប្រើប្រាស់​ការ​រួមបញ្ចូល​គ្នា​នៃ​អាជីវកម្ម​បែប​ប្រពៃណី​ និង​សម័យ​ទំនើប ដើម្បី​ធានា​នូវ​ផលិតផល​កម្ពុជា​ដែល​ល្អ​បំផុត​នៅ​លើ​ឆាក​អន្តរជាតិ។

«យើង​នៅ​តែ​ផ្តោត​លើ​វិធីសាស្ត្រ​បែប​ប្រពៃណី ប៉ុន្តែ​យើង​គាំទ្រ​កសិករ​​តាមរយៈ​បច្ចេកទេស ដើម្បី​ផលិត​ផលិតផល​ឱ្យ​កាន់​តែ​ល្អ ទាំង​គុណភាព បរិមាណ និង​អនាម័យ ដើម្បី​ធានា​បាន​នូវ​តម្រូវការ​ទីផ្សារ។

«វិធីសាស្ត្រ​មួយចំនួន​ក៏​អនុវត្ត​ចំពោះ​កសិកម្ម​ផង​ដែរ ដោយ​ជួយ​កាត់​បន្ថយ​ថ្លៃ​ដើម​ផលិតកម្ម ដើម្បី​ទទួល​បាន​លទ្ធផល​ល្អ​ប្រសើរ​»។

«សម្រាប់​ដំណើរការ​ផលិត ពិត​ណាស់​គំរូ​របស់​យើង​ គឺ​ផ្តោត​លើ​បច្ចេកវិទ្យា ជាមួយ​នឹង​ម៉ាស៊ីន​សម្ងួត និង​ម៉ាស៊ីន​បែងចែក​ចំណាត់​ថ្នាក់ ព្រមទាំង​ឆ្លង​កាត់​មន្ទីរ​ពិសោធន៍ ដើម្បី​ធានា​គុណភាព​ និង​សុវត្ថិភាព​នៃ​ផលិតផល​សម្រេច រាប់​ចាប់​ពី​វត្ថុធាតុ​ដើម​រហូត​ដល់​ការ​វេច​ខ្ចប់​ចុង​ក្រោយ»។

កញ្ញា​ ធីតា​ បាន​បន្ថែម​ថា​៖ «​ស្រប​ជាមួយ​ទីផ្សារ ម៉ាក​យីហោ ការ​រចនា និង​ការ​ផ្សារ​ភ្ជាប់​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ ទាំង​នេះ​យើង​ជឿជាក់​ថា​ ជា​គំរូ​ខ្សែ​សង្វាក់​ផ្គត់ផ្គង់​ល្អ​បំផុត​របស់​យើង»។

កញ្ញា​ក៏​បាន​បញ្ជាក់​បន្ថែម​ថា ​បញ្ហា​ប្រឈម​​ដំបូង​ដែល​កញ្ញា​បាន​ជួប​ គឺ​ការ​បញ្ចុះបញ្ចូល​កសិករ​ផលិត​អំបិល​​ឱ្យ​យល់​អំពី​អត្ថប្រយោជន៍​នៃ​ការ​បម្លែង​ពី​អាជីវកម្ម​បែប​គ្រួសារ​បែប​ប្រពៃណី ទៅ​ជា​​អាជីវកម្ម​បែប​សម័យ​ទំនើប។

«​នៅ​ពេល​ចាប់​ផ្តើម​ដំបូង មាន​បញ្ហា​ប្រឈម​ច្រើន ពី​ព្រោះ​វា​ជា​គំរូ​អាជីវកម្ម​ថ្មី ដែល​យើង​បម្លែង​ពី​អាជីវកម្ម​លក្ខណៈ​គ្រួសារ បែប​ប្រពៃណី​ទៅ​អាជីវកម្ម​ដែល​មាន​រចនាសម្ព័ន្ធ​ថ្មី បែបបទ​ថ្មី និង​ស្តង់ដារ​ថ្មី​»។

«ដូច្នេះ​ខ្ញុំ​ត្រូវ​ពន្យល់​ពី​ប្រតិបត្តិការ​ថ្មី​នេះ​ដល់​កសិករ ដើម្បី​ឱ្យ​ពួក​គាត់​សហការ​ជាមួយ​យើង ឱ្យ​ពួក​គាត់​យល់ដឹង​អំពី​ផលិត​មួយ​ដែល​មាន​គុណភាព ស្រប​តាម​ស្តង់ដារ​ទំនើប​»។

កញ្ញា​ ធីតា​ ពន្យល់​ថា​៖ «​វា​ត្រូវ​ការ​ពេលវេលា ប៉ុន្តែ​ឥឡូវ​នេះ​សហគ្រាស​​ ថូង អ៊ិនធ័រប្រាយ បាន​ពង្រីក​ និង​បញ្ចូល​សមាជិក​ប្រហែល ៣០ ​នាក់ ដែល​ធ្វើ​ការ​រួម​គ្នា​ជា​អ្នក​ផលិត​អំបិល​ធម្មជាតិ​នៅ​ក្នុង​ខេត្ត​កំពត»។

នៅ​ក្នុង​ដំណើរ​នៃ​ការ​ផ្លាស់ប្តូរ ​និង​ការ​រីក​ចម្រើន​នេះ ការ​ប្តេជ្ញា​ចិត្ត​របស់​កញ្ញា​ ធីតា​ ដើម្បី​ភាព​ជោគជ័យ​បាន​ធ្វើ​ឱ្យ​គាត់​ទទួល​បាន​ការ​ទទួល​ស្គាល់​ជាច្រើន មុន​ពេល​ក្លាយ​ជា​សាស្ត្រាចារ្យ​មួយ​រូប និង​ជា​សហគ្រិន​ស្ត្រី​ដ៏​រឹងមាំ​ដូច​សព្វថ្ងៃ។

«ខ្ញុំ​មិនមែន​មក​ពី​គ្រួសារ​ធូធារ​ទេ ដូច្នេះ​ខ្ញុំ​ត្រូវ​សិក្សា​ និង​បណ្តុះ​ផ្នត់​គំនិត​អំពី​ការ​រកស៊ី រៀនសូត្រ​ពី​បទ​ពិសោធន៍ និង​មាន​ការ​លើក​ទឹក​ចិត្ត​ខ្លួន​ឯង​ឱ្យ​ខ្ពស់​»។

ផលិតកម្មផលិតអំបិល​បែបប្រពៃណីនៅកម្ពុជាភាគច្រើន គឺនៅក្នុងខេត្តកំពត។ Supplied ​

ជា​លទ្ធផល​កញ្ញា​បាន​បញ្ចប់​ថ្នាក់​អនុបណ្ឌិត​ផ្នែក​រដ្ឋបាល​សាធារណៈ​នៅ​សកល​វិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ​ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច និង​ថ្នាក់ Diploma ពី Ecole Nationale d''Administration ប្រទេស​បារាំង​។​ ​កញ្ញា​ក៏​ជា​សាស្ត្រាចារ្យ​នៅ NUMIC សម្រាប់​ថ្នាក់​ធុរកិច្ច​អន្តរជាតិ ហើយ​កញ្ញា​ក៏​ជា​ប្រតិភូ Terramadre សម្រាប់​ប្រទេស​កម្ពុជា ក្រោម​មូលនិធិ Slow Food Foundation ផង​ដែរ​។

ភាព​ប៉ិនប្រសប់​ក្នុង​អាជីវកម្ម​នេះ​ បាន​ធ្វើ​ឱ្យ​កញ្ញា​ទទួល​បាន​ពាន​រង្វាន់​ជាច្រើន ក្នុង​នោះ​កញ្ញា​ឈ្នះ​ពាន​រង្វាន់​សហគ្រិន​ស្ត្រី​វ័យ​ក្មេង​កម្ពុជា​ដំបូង​ក្រោម CYEA ក្នុង​ឆ្នាំ​ ២០១៨ និង​ពាន​រង្វាន់​សហគ្រិន​ជាតិ​កម្ពុជា​ដំបូង​គេ​ក្នុង​ឆ្នាំ​ ២០២០។

កញ្ញា​ ធីតា​ បាន​លើក​ឡើង​ថា​ កញ្ញា​ចង់​ឱ្យ​ដំណើរ​នៃ​សហគ្រាស​ ថូង អ៊ិនធ័រប្រាយ កា្លយ​ជា​ការ​លើក​ទឹកចិត្ត​មួយ​ដល់​សហគ្រិន​វ័យ​ក្មេង​ដ៏ទៃ​ទៀត ឱ្យ​គេចេះ​ចាប់​យក​ឱកាស​ដើម្បី​ការ​អភិវឌ្ឍ​ខ្លួន​ឱ្យ​កាន់​តែ​រីក​ចម្រើន​ស្រាប់​ខ្លួន​ឯង ក៏​ដូចជា​សង្គម​ជាតិ​។

«យើង​បាន​កសាង​សហគមន៍​មួយ​ដែល​កសិករ​របស់​យើង​ត្រូវ​បាន​លើក​ទឹក​ចិត្ត​ក្នុង​ការ​បង្កើត​ផលិតផល​ដែល​មាន​គុណភាព​ខ្ពស់​បំផុត មិន​ត្រឹមតែ​សម្រាប់​លក់​នៅ​ក្នុង​ស្រុក​ប៉ុណ្ណោះ​ទេ ថែម​ទាំង​នៅ​ទីផ្សារ​អន្តរជាតិ​ទៀត​ផង​។ នេះ​ផ្តល់​ឱ្យ​ពួក​គាត់​នូវ​ប្រាក់​ចំណូល​កាន់​តែ​ខ្ពស់ ដើម្បី​ចិញ្ចឹម​គ្រួសារ​របស់​ពួក​គាត់​ឱ្យ​មាន​ជីវភាព​រស់នៅ​កាន់​តែ​ប្រសើរ និង​លើក​កម្ពស់​ផលិតផល​ផលិត​នៅ​កម្ពុជា​»។

«ក្រៅ​ពី​ជួយ​លើក​កម្ពស់​ជីវភាព​របស់​ប្រជាកសិករ យើង​ក៏​ចង់​លើក​ទឹកចិត្ត​ដល់​អ្នក​ដទៃ ជា​ពិសេស​សហគ្រិន​ស្ត្រី​វ័យ​ក្មេង ឱ្យ​ពួក​គាត់​ខិតខំ​អភិវឌ្ឍន៍​ខ្លួន​ឯង​ឱ្យ​កាន់តែ​ប្រសើរ ដើម្បី​ភាព​ជោគជ័យ ក៏​ដូច​ជា​លើក​កម្ពស់​មុខមាត់​ប្រទេស​ជាតិ​របស់​យើង​ផង​ដែរ»។

កញ្ញា​ ធីតា​ បាន​បន្ថែមថា​៖ «​បេសកកម្ម​របស់​យើង​ គឺ​ជំរុញ​អ្នក​ផលិត​ក្នុង​ស្រុក ដូចជា​កសិករ និង​ក្មេង​ជំនាន់​ក្រោយ​ឱ្យ​ចេះ​ចាប់​យក​ឱកាស និង​ធ្វើ​អ្វី​ដែល​ពួក​គាត់​អាច​ធ្វើ​បាន ដើម្បី​រួម​ចំណែក​ដល់​សហគមន៍ និង​ប្រទេសជាតិ​ឱ្យ​កាន់​តែ​ទូលំទូលាយ និង​រួម​ចំណែក​ដល់​ការ​រីកចម្រើន​នៃ​សេដ្ឋកិច្ច និង​វឌ្ឍនៈភាព​របស់​ប្រទេស​ជាតិ​»៕