
ទិដ្ឋភាពអគារខ្ពស់ៗនៅទីក្រុងភ្នំពេញ។ Standard & Poor: កំណើនសេដ្ឋកិច្ចកម្ពុជានឹងកើនឡើងប្រមាណ ៦,៣ ភាគរយនៅឆ្នាំ ២០២២ នេះ។ រូបថត រ៉ាហ៊ីម
ភ្នំពេញៈ ក្រុមហ៊ុន Standard & Poor(S&P)ដែលជាទីភ្នាក់ងារវាយតម្លៃសកលបានព្យាករថា ផលិតផលក្នុងស្រុកសរុប (GDP) របស់កម្ពុជា នឹងមានកំណើន ៦,៣ ភាគរយនៅឆ្នាំនេះ ដែលខ្ពស់ជាងការព្យាកររបស់ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិផ្សេងទៀត ដូចជាធនាគារពិភពលោក, មូលនិធិរូបិយវត្ថុ អន្តរជាតិនិងធនាគារអភិវឌ្ឍន៍អាស៊ី ដែលកន្លងមកថាស្ថិតនៅត្រឹមចន្លោះពី ៤,៥ ភាគរយ ទៅ ៥ ភាគរយប៉ុណ្ណោះដោយបានលើកឡើងអំពីការកើនឡើងនៃតម្លៃទំនិញ និងតម្លៃប្រេងពិភពលោក នៅពេលបច្ចុប្បន្នដែលបណ្តាលមកពីសង្គ្រាមនៅប្រទេសអ៊ុយក្រែន និងភាពមិនច្បាស់លាស់នៃជំងឺកូវីដ ១៩។
យោងតាមចក្ខុវិស័យធនាគារពិភពលោកពាក់កណ្ដាលឆ្នាំ ២០២២ របស់ក្រុមហ៊ុន S&P ដែលបានចេញផ្សាយកាលពីថ្ងៃទី ២១ ខែកក្កដា ឆ្នាំ ២០២២ សេដ្ឋកិច្ចកម្ពុជាកំពុងស្ទុះងើបឡើងវិញ។ ការស្ទង់មតិទីផ្សារគឺថា សេដ្ឋកិច្ចកម្ពុជាបានស្ទុះងើបឡើងវិញដល់ ៣ ភាគរយនៃកំណើនផលិតផលក្នុងស្រុកសរុប (GDP) ក្នុងឆ្នាំ ២០២១ បន្ទាប់ពីធ្លាក់ចុះ ៣,១ ភាគរយកាលពីឆ្នាំ ២០២០។ ស្ថាប័ននេះបន្តថា កម្មវិធីចាក់វ៉ាក់សាំងរបស់កម្ពុជាគឺជាជោគជ័យគួរឱ្យកត់សម្គាល់ដែលជួយសម្រួលដល់ការបើកដំណើរការឡើងវិញ និងជំរុញការវិនិយោគបរទេស។
លោក Ivan Tan អ្នកវិភាគផ្នែកឥណទានប្រចាំនៅប្រទេសសិង្ហបុរី របស់ក្រុមហ៊ុន S&P ត្រូវបានដកស្រង់សម្ដីចេញពីរបាយការណ៍ដោយលើកឡើងថា៖ «យើងព្យាករថា កំណើន GDP របស់កម្ពុជាគឺមាន ៦,៣ ភាគរយសម្រាប់ឆ្នាំ ២០២២។ ឧបសគ្គខាងក្រៅ និងហានិភ័យភូមិសាស្ត្រនយោបាយបច្ចុប្បន្ននឹងធ្វើឱ្យប្រទេសនេះ ជួបបញ្ហាប្រឈមខ្លះៗក្នុងការសម្រេចបានកំណើនប្រចាំឆ្នាំជាមធ្យម ៨ ភាគរយនៅក្នុងរយៈពេល ២ ទសវត្សរ៍មកនេះ។ ប៉ុន្តែយើងជឿថា កំណើនរយៈពេលវែងរបស់កម្ពុជានៅតែរក្សាដដែល ដោយសាររចនាសម្ព័ន្ធតម្លៃប្រ-កួតប្រជែង និងចំនួនប្រជាជនវ័យក្មេង ដែលធ្វើឱ្យប្រទេសមួយនេះក្លាយជាប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើនរហ័សលើពិភពលោក»។
លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជាក្នុងឱកាសបើកសន្និបាតបូកសរុបលទ្ធផលការងារ ប្រចាំឆមាសទី ១ និងទិសដៅការងារឆមាសទី ២ ឆ្នាំ ២០២២ បានថ្លែងថានៅឆមាសទី ១ ឆ្នាំ ២០២២ នេះ ពិភពលោកបានប្រឈមនឹងបញ្ហាថ្មីៗក្រោយវិបត្តិកូវីដ ១៩ ធូរស្រាលដែលធ្វើឱ្យកំណើនសេដ្ឋកិច្ចពិភពលោកកើនឡើងយឺតជាងការរំពឹងទុក។ លោកបន្តថា ការអូសបន្លាយពេលនៃសង្គ្រាម និងការដាក់ទណ្ឌកម្មនានាលើប្រទេសរុស្ស៊ីបានធ្វើឱ្យថ្លៃប្រេងឥន្ធនៈ និងម្ហូបអាហារពិភពលោកកើនឡើងជាលំដាប់ខណៈរុស្ស៊ី និងអ៊ុយក្រែនសុទ្ធតែជាប្រទេសឈានមុខគេក្នុងការនាំចេញវត្ថុធាតុដើម។
លោកបញ្ជាក់ថា ក្នុងវិស័យកម្មន្តសាល ផលិតផលកម្មន្តសាលសម្រាប់នាំចេញបានកើនឡើងស្របពេលផលិតផលកម្មន្តសាលបម្រើឱ្យទីផ្សារក្នុងស្រុកកើនយ៉ាងរហ័ស។ វិស័យទេសចរណ៍មានភាពវិជ្ជមានឡើងវិញ។ ចំណែកវិស័យកសិកម្មបានបន្តកើនឡើងក្នុងល្បឿនយឺត និងបានរួមចំណែកកាត់បន្ថយសម្ពាធលើថ្លៃម្ហូបអាហារ និងទ្រទ្រង់កំណើនសេដ្ឋកិច្ច។
លោកបានថ្លែងថា៖ «ក្រោមឥទ្ធិពលការកើនឡើងថ្លៃប្រេង និងម្ហូបអាហារពិភពលោក អតិផរណានៅកម្ពុជាក៏បានកើនឡើងជាបន្តបន្ទាប់ដល់ ៧,២ ភាគរយនៅខែឧសភា ដែលជាកម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ១ ទសវត្សរ៍ចុងក្រោយ»។
លោកបន្ថែមថា៖ «ក្នុងស្ថានភាពនេះ ធនាគារជាតិនៃកម្ពុជាបានថ្លឹងថ្លែងការអនុវត្តនយោបាយរូបិយវត្ថុដើម្បីគ្រប់គ្រងសម្ពាធអតិផរណាផង និងគាំទ្រការស្តារសេដ្ឋកិច្ចផង។ ដើម្បីរួមចំណែកគ្រប់គ្រងសម្ពាធអតិផរណា អត្រាប្តូរប្រាក់ត្រូវបានបន្តរក្សាឱ្យមានស្ថិរភាពសំដៅការពារអំណាចទិញរបស់ប្រាក់រៀលក៏ដូចជាប្រាក់ចំណូលរបស់ប្រជាពលរដ្ឋដែលងាយរងគ្រោះ»៕