
ភ្ញៀវទេសចរដើរទស្សនាប្រាសាទអង្គរវត្ត។ ហេង ជីវ័ន
ភ្នំពេញៈ ក្រុមហ៊ុន និងសហគ្រាសនៅក្នុងវិស័យទេសចរណ៍ចំនួន ១៩ បានទទួលការអនុម័តឥណទានដើម្បីយកទៅប្រើប្រាស់ក្នុងការស្តារអាជីវកម្មខ្លួន ខណៈមានប្រតិបត្តិករទេសចរណ៍មួយចំនួនស្នើឱ្យមានការបន្ធូរបន្ថយលក្ខខណ្ឌពីធនាគារពាណិជ្ជបន្ថែមទៀត។
លោក លឹម អូន អគ្គនាយកធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា (SME Bank) បានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃទី ២០ ខែកក្កដាថា ចាប់តាំងពីពេលនៃការចាប់ផ្តើមដាក់ឱ្យអនុវត្តគម្រោងហិរញ្ញប្បទាន ១៥០ លានដុល្លាររបស់រាជរដ្ឋាភិបាល ដើម្បីជួយស្តារវិស័យទេសចរណ៍កាលពីថ្ងៃទី ១ ខែកក្កដា ដល់ថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ២០២២ មានម្ចាស់អាជីវកម្មចំនួន ២១ ដែលបានដាក់ពាក្យស្នើសុំឥណទាន ប៉ុន្តែមានក្រុមហ៊ុន និងសហគ្រាសក្នុងវិស័យទេសចរណ៍ចំនួន ១៩ ប៉ុណ្ណោះត្រូវបានអនុម័តដែលស្មើនឹងទឹកប្រាក់ប្រមាណ ៣,៩ លានដុល្លារ ខណៈ ២ សហគ្រាសទៀតត្រូវបានបដិសេធ ដោយសារតែគោលបំណងនៃការកម្ចីរបស់ម្ចាស់អាជីវកម្មនោះខុសពីគោលដៅរបស់គម្រោង។
លោកបានបញ្ជាក់ថា៖ «ក្រៅពីនេះ យើងក៏បានណែនាំដល់ធនាគារដៃគូទាំងអស់របស់ SME Bank ឱ្យផ្តល់ការអនុគ្រោះខ្លះទាក់ទងនឹងការអនុម័តឥណទានដល់អតិថិជន។ ប៉ុន្តែទោះយ៉ាងណាក៏ធនាគារទាំងនោះនៅបន្តរក្សាអនុវត្តគោលការណ៍ផ្ទៃក្នុងរបស់គាត់ដែរ ដើម្បីឱ្យការផ្តល់ឥណទានរបស់គាត់អាចទទួលបានមកវិញ ព្រោះធនាគារពាណិជ្ជក៏មានថវិកាបដិភាគ ៧៥ លានដុល្លារ ក្នុងគម្រោងហិរញ្ញប្បទាន ១៥០ លានដុល្លារនេះដែរ»។
ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា លោក ធួន ស៊ីណាន បានឱ្យដឹងថា អ្វីដែលលោកបានទទួលព័ត៌មានពីអ្នកនៅក្នុងអាជីវកម្មទេសចរណ៍ គឺមានធនាគារពាណិជ្ជមួយចំនួនដែលទទួលបានសិទ្ធិពី SME Bank ហាក់ដូចជាមិនអនុវត្តតាមអ្វីដែលជាការលើកឡើងរបស់ក្រសួងសេដ្ឋកិច្ច និង SME Bank នោះទេ។
លោកបន្ថែមថា ប្រតិបត្តិករទេសចរណ៍ដែលចង់បានឥណទានពីធនាគារពាណិជ្ជទាំងនោះលុះត្រាតែមានអាជីវកម្មណាផ្សេងទៀតយកទៅដាក់ធានាលើការខ្ចីនោះ និងភាពសកម្មនៃប្រតិបត្តិការអាជីវកម្ម ទើបអាចទទួលបានកម្ចី។
លោកបញ្ជាក់ថា៖ «ការតម្រូវបែបនេះ គឺវាខុសពីនិយមន័យក្នុងការផ្តល់កម្ចីជួយស្តារវិស័យទេសចរណ៍ ព្រោះដោយសារវិបត្តិកូវីដ១៩ ស្ថានភាពអាជីវកម្មទេសចរណ៍ មិនអាចមានភាពមមាញឹកដូចកាលមុនកូវីដបានទេ។ យើងបានដឹងថា មុនទទួលបានឥណទាននេះ ទាល់តែទ្រព្យបញ្ចាំដែលមានតម្លៃលើសកម្ចីរបស់ខ្លួនច្រើន ទើបធនាគារទទួលយកបាន ដែលទាំងនេះគឺជាឧបសគ្គសម្រាប់យើងជាប្រតិបត្តិករ»។
យោងតាមលោក លឹម អូន ទឹកប្រាក់សរុបដែលទទួលបានពីគ្រឹះស្ថានហិរញ្ញវត្ថុទាំង ១៩ ដែលបានចូលរួមជាមួយគម្រោងសហហិរញ្ញប្បទានរបស់រាជរដ្ឋាភិបាលនេះមាន ៩៨ ៧៥០ ០០០ ដុល្លា ពោលគឺលើសពីតម្រូវការជាក់ស្តែងដែលចង់បានត្រឹម ៧៥ លានដុល្លារ បូកបន្ថែមនឹងថវិការបស់រដ្ឋាភិបាល ៧៥ លានដុល្លារទៀត ស្មើនឹង ១៥០ លានដុល្លារ៕