
លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៅក្នុងពិធីសម្ពោធពិព័រណ៍ពាណិជ្ជកម្មខេត្តកំពង់ស្ពឺ លើកទី១០ ឆ្នាំ២០២២នាថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ នៅឯខេត្តកំពង់ស្ពឺ។
កំពង់ស្ពឺៈ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានជំរុញឱ្យមន្ទីរពាណិជ្ជកម្មរាជធានី-ខេត្តទាំងអស់ សហការជាមួយអាជ្ញាធរមូលដ្ឋាន ស្ថាប័នពាក់ព័ន្ធរៀបចំផ្សារចុងសប្តាហ៍ ផ្សារណាត់ ឬពិព័រណ៍ពាណិជ្ជកម្មដូចដែលបាននិងកំពុងរៀបចំនេះឱ្យបានច្រើន ដើម្បីជួយជំរុញការប្រើប្រាស់ផលិតផលខ្មែរ និងការនាំចេញនៅហ្នឹងកន្លែង។
ការថ្លែងជំរុញ របស់លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ត្រូវបានធ្វើឡើងនៅក្នុងពិធីសម្ពោធពិព័រណ៍ពាណិជ្ជកម្មខេត្តកំពង់ស្ពឺ លើកទី១០ ឆ្នាំ២០២២នាថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ នៅឯខេត្តកំពង់ស្ពឺ។
លោក ប៉ាន សូរស័ក្តិ ក៏បានជំរុញឱ្យមន្ទីរពាណិជ្ជកម្មរាជធានី-ខេត្តទាំងអស់ចុះត្រួតពិនិត្យ អប់រំ ណែនាំដល់ក្រុមហ៊ុនឯកជនដែលបានរៀបចំពិព័រណ៍ពាណិជ្ជកម្មនៅតាមទីតាំងនានា ដែលមិនបានស្នើសុំច្បាប់អនុញ្ញាត ឱ្យពួកគាត់អនុវត្តតាមប្រកាសរបស់ក្រសួងពាណិជ្ជកម្ម ដែលកំពុងឋិតនៅជាធរមាន សំដៅពង្រឹងយន្តការកៀរគរចំណូលជូនរដ្ឋ ស្របតាមកម្មវិធីកែទម្រង់ និងគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់ក្រសួងពាណិជ្ជកម្ម។
លោកបន្តថា បន្ថែមពីនេះ ត្រូវចូលរួមដោះស្រាយភ្លាមៗនូវរាល់បាតុភាពនានា ដែលបណ្តាលមកពីការកកស្ទះកសិផលដែលកើតមានឡើងម្តងម្កាលនៅរដូវប្រមូលផល តាមរយៈយន្តការ និងកិច្ចសហការជាមួយអង្គភាពពាក់ព័ន្ធ ឱ្យបានទាន់ពេលេវេលា។
បើតាម រដ្ឋមន្ត្រីរូបនេះ ក្រសួងពាណិជ្ជកម្ម តែងតែយកចិត្តទុកដាក់ ក្នុងការជំរុញវិស័យពាណិជ្ជកម្មឱ្យកាន់តែរីកចម្រើន ដោយបានធ្វើកំណែទម្រង់ស៊ីជម្រៅជាច្រើន ដូចជា៖ ការកាត់បន្ថយចំណាយរដ្ឋបាល ពង្រឹងភាពប្រកួតប្រជែងនៅលើទីផ្សារ បង្កើតបរិយាកាសធុរកិច្ចឱ្យកាន់តែល្អប្រសើរ និងខិតខំផ្តល់សេវាសាធារណៈ និងបង្ខិតសេវាឱ្យមកកៀកនឹងដៃប្រជាពលរដ្ឋ ដើម្បីសម្រួលដល់វិស័យឯកជន ដែលត្រូវការបំពេញប្រតិបត្តិការអាជីវកម្ម៕